fbpx
Home Blog Page 96

បទយកការណ៍៖ ផ្លូវខូចខាតខ្លាំងមួយខ្សែ ក្នុងសង្កាត់កន្ទោក ជាយរាជធានី បង្កការលំបាកដល់ប្រជាពលរដ្ឋ

ប្រជាពលរដ្ឋមួយចំនួនរស់នៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ត្អូញត្អែរថាពួកគេពិបាកក្នុងការធ្វើដំណើរទៅមក ដោយសារតែផ្លូវនេះមាន សភាពហុយនៅពេលគ្មានភ្លៀង និងដក់ទឹកនៅពេលមានភ្លៀងខ្លាំងម្ដងៗ។ ទន្ទឹមនឹងការត្អួញត្អែរ ពួកគេក៏ព្រួយបារម្ភអំពីសុវត្ថិភាពផងដែរ ដោយសារវាហុយពិបាកក្នុងការប្រកបរបរលក់ដូរចិញ្ចឹមជីវិត ផ្លូវនេះក៏មានគ្រលុកធំៗ និងមិនបង្កភាពងាយស្រួលដល់យានយន្តគ្រប់ប្រភេទ ជាពិសេសនៅពេលត្រូវការសេវាសុខភាពនិងសេវាសង្គ្រោះបន្ទាន់ជាដើម។

ផ្លូវបេតុង ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ជាយរាជធានីភ្នំពេញ។ រូបភាព៖ មេង គ្រុយពន្លក

ផ្លូវបេតុងដែលមានសភាពខូចខាតខ្លាំងនេះមានប្រវែងប្រមាណជា ៤គីឡូម៉ែត្រ លាតសន្ធឹងឆ្លងកាត់ភូមិចំនួន ០៤គឺភូមិ កន្ទោកខាងត្បូង ភូមិកន្ទោកខាងជើង ភូមិត្រាំស្លឹក និងភូមិអង្គត្រកៀត ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ជាយរាជធានីភ្នំពេញ។

ផ្លូវនេះភ្ជាប់ផ្លូវជាតិលេខ០៤ ទៅនឹងផ្លូវជាតិលេខ០៣ ហើយផ្លូវនេះបច្ចុប្បន្នមិនមែនមានតែប្រជាពលរដ្ឋមូលដ្ឋានធ្វើដំណើរទៅមកប៉ុណ្ណោះទេ ប៉ុន្តែផ្លូវនេះហាក់មមាញឹកណាស់ ដោយសារតែមានឡានដឹកទំនិញធំៗ ឡានកុងទីន័រ និងឡានដឹកកម្មកររោងចក្រឆ្លងកាត់ជាហូរហែរចាប់តាំងពីព្រឹកព្រលឹម រហូតដល់ម៉ោងជិត ១០យប់។

អង្គុយលើគ្រែខាងមុខផ្ទះជួលតូចមួយ ដៃទាំងពីរតាមចាប់ចៅដែលកំពុងវារលេងនៅលើគ្រែ សម្បុរស្រអែមនិយាយមួយៗ  មានស្រុកកំណើតនៅខេត្តស្វាយរៀង លោកស្រីពេជ ប៊ន បានឲ្យដឹងថា ប្រជាពលរដ្ឋនិងអ្នកដំណើរតែងតែរអ៊ូរទាំរឿងផ្លូវហុយ គ្រលុកធំៗរួមជាមួយនឹងការបើកជែងពីសំណាក់ឡានធំ ឡានកុងទីន័រ ជាមួយនឹងម៉ូតូ រ៉ឺម៉កដែលស្ថិតនៅលើផ្លូវជាមួយគ្នា។

លោកស្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ «មាន​ប្រជា​ពល​រដ្ឋ​គេ​រអ៊ូរ​រឿង​ដី​ហ៊ុយ​ ប្រជាជន​រអ៊ូ​រហូត​ ម្សិល​មិញ​អ៊ី​លក់​សាច់​ជ្រូក​ដួល​ត្រឡប់​ត្រឡិន​ ដួល​ឡើង​ប្រលាក់​សាច់​ជ្រូក​អស់​ ឡាន​ធំហើយ​គាត់​ជែង​ទៀត​​មក​ដល់​ជិះ​អែប​អត់​ទាន់»។

ស្ត្រីចំណាស់វ័យប្រហែលជា ៦០ឆ្នាំរូបនេះបានឲ្យដឹងទៀតថា លោកស្រីមកភ្នំពេញនេះគឺមកតាមនៅជាមួយកូន និងជួយមើលចៅតូចៗជំនួសម្ដាយរបស់ពួកគេ  ដែលជាកម្មកររោងចក្រ ។ រៀបរាប់បណ្ដើរឆ្លៀតប្រលែងនឹងចៅបណ្ដើរ លោកស្រីពេជ ប៊នថា ក៏ចង់ប្រកបមុខរបរលក់នំបញ្ចុកនៅមុខផ្ទះនេះដែរ តែដោយសារផ្លូវមានសភាពហុយហើយមានឡានធំៗផងនោះ លោកស្រីក៏ផ្អាកគម្រោងនេះវិញ ហើយសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនក្នុងការជួសជុលផ្លូវនេះឲ្យបានឆាប់រហ័ស។

លោកស្រីថា៖ «ខ្ញុំមកពីខេត្តស្វាយរៀង​ មក​តាម​កូន​ គាត់​ធ្វើ​រោងចក្រ​​ ប្ដី​គាត់​ទៅ​បើក​ឡាន​នៅខេត្ត​ក្រចេះ​ ទៅ​យូរដែរ​ហើយ បើ​កុំ​ហ៊ុយ​ចៅ​ធំ​តិច​ដាក់​លក់​នំ​បញ្ចុក​ដែរ​ ​លើក​នំ​គេ​មក​លក់​។ ចង់​សំណូម​ពរ​ឱ្យ​ធ្វើ​ផ្លូវ​ថ្នល់​ ឱ្យ​ជិះ​ស្រួល​ចឹង​ហាស​អូន​ ពេល​ភ្លៀង​មក​លិច​ទៀត​»។

ប្រជាពលរដ្ឋមួយរូបទៀតដែលជាអ្នកលក់ដូរជាប់នឹងផ្លូវបេតុងមួយនេះគឺលោកស្រីមុំ បានឲ្យដឹងថា ផ្លូវនៅខាងមុខផ្ទះលោកស្រីនេះ រងការខូចខាតយូរណាស់មកហើយ ដោយមិនមានឃើញអាជ្ញាធរណាមកឈឺឆ្អាល ឬធ្វើការជួសជុលអ្វីនោះទេ ហើយប្រធានភូមិក៏ដឹងពីបញ្ហានេះដែរ ហើយនៅខែធ្លាក់ភ្លៀងវិញផ្លូវនេះមានសភាពលិចទឹកបង្កការលំបាកក្នុងការធ្វើដំណើទៅមកយ៉ាងខ្លាំង។

លោកស្រីបានបន្តថា ពេលខ្លះមានឡាន និងរ៉ឺម៉កធីងធោងរកកល់នឹងក្រឡាប់ ឬពេល​ខ្លះ​ក្រឡាប់តែម្ដង។

លោកស្រីថា៖ «ផ្លូវ​ហ្នឹង​ខូច​ខាត​យូ​ហើយ​អត់​មាន​អាជ្ញា​ធរ​ជួស​ជុល​ផង​។ ឥឡូវ​អត់​មាន​ទឹក​លិច​ អត់​អី​ទេ​ បើ​ខែ​ទឹក​លេចវិញ​ ឡើ​ង​លេច​ពេញ​ហ្នឹង​ចឹង​។ ប្រព័ន្ធ​ទឹក​វា​អត់​ទៅ​មុខ​ រ៉ឺម៉កក្រឡាប់​ច្រើន​ នៅ​ហ្នឹង​បើ​មាន​អី​ថត​ៗ ចាំតើ​មើល​ទៅ​​​​ ក្រឡាប់ភីងៗ​ សូម្បី ​ល្ងាច​តិច​រ៉ឺម៉ក​អ៊ី​លក់​ត្រី​ហ្នឹង​ លើក​សឹង​ពីរថ្ងៃ»។

មានមុខរបរជាអ្នកលក់សាច់គោអាំង ស្រ្តីវ័យ ៣៥ឆ្នាំរូបនេះបានបន្តទៀតថា លោកស្រីចង់បានផ្លូវល្អដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិត ហើយបើប្រធានភូមិដើររៃលុយដើម្បីជួសជុល ក៏លោកស្រីសុខចិត្តចូលរួមជួយដែរ។ លោកស្រីបានបន្តថា លោកស្រីនិងប្រជាពលរដ្ឋ ៣គ្រួសារផ្សេងទៀតមានបំណងសហការគ្នាទិញអាចម៏ដីមកចាក់បំពេញបរិវេណផ្លូវមុខផ្ទះដែរ តែទាល់តែសួរនាំមេភូមិសិន ហើយទទួលភ្លើងខៀវពីមេភូមិទើបហ៊ានធ្វើ។

លោកស្រីបាននិយាយថា៖ «បើជួលគេ​ចាក់​មួយឡាន​៥០ដុល្លារ​ ហើយមាន​លទ្ធភាព​ចាក់​តែ​កន្លែង​ហ្នឹង​ទេ (មុខផ្ទះ)​ ហើយ​តាម​ដំណើរ​ចឹង​សិន​ទៅ​ តែ​អត់មាន​លទ្ធភាពចាក់​ទាំងអស់ទេ ចង់ចាក់៣នាក់​ហ្នឹង​ តែមុន​ទៅ​ចាក់​ទាល់​តែ​ទៅ​សួរ​ប្រធាន​ភូមិសិន​»។

បន្ទាប់​ពី​ឆ្លងផ្លូវ​ក្រហូង ពោរពេញ​ទៅ​ដោយ​ទឹក​ដក់​ ពេល​ខ្លះ​សុំ​ឱ្យ​គេ​ជួយ​រុញ​ម្ដងៗ ​​អ្នក​បើក​រឺម៉ក​ដឹក​ធូប​ម្នាក់​ លោក​វាសនា លីន​ ​បាន​លើក​ឡើង​ថា​ផ្លូវ​ហ្នឹង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។

លោក​បានមាន​សំណូមពរថា​ «យូរៗជិះកាត់​ម្ដង់​ដែរ​ អត់ចង់​ហ៊ាន​មក​ដែរ​ឃើញ​ផ្លូវ​ពិបាក ផ្លូវ​កែង​ហ្នឹង​ពិបាក​ខ្លាំង​ដែរ​ ខ្ញុំចង់​ឱ្យ​ជួសជុល​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ស្រួល​ ក៏​វា​ល្អ​ម្យ៉ាង​ដែរ​ បើ​ពិបាក​ចឹង​អាច​ជា​បញ្ហា​គេច​គ្នា»​។

ប្រធាន​សមាគម​គណនេយ្យ​សង្គមកម្ពុជា​ លោក​សន ជ័យបានប្រាប់​ Newsroom Cambodia ថាការ​សាង​សងផ្លូវ​នៅ​ប្រទេស​កម្ពុជា​មានសភាព​យឺត​យ៉ាវ មិន​សូវគិត​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ហើយ​បញ្ហា​ផ្លូវ​នេះ​ដែរ​នឹង​បន្ថែម​ផល​វិបាក​លើ​សុខ​ភាព​ប្រជា​ពលរដ្ឋ​អំឡុងពេល​វិបត្តិជំងឺកូវិដដែលមានស្រាប់។

លោកបានលើកឡើង​ថា៖ ​«​ហើយ​ខ្ញុំ​យល់​ថា​បញ្ហា​នេះគួរ​តែ​មាន​ការ​ដោះ​ស្រាយ​រួច​រាល់​យូរ​ណាស់​មក​ហើយ​ អ៊ីចឹង​​រឿង​ដែល​សំខាន់​ដែល​សំខាន់​គឺ​ការ​ដាក់​បញ្ចូល​នៅ​ការ​ ការ​ពារ​សុខ​ភាព​ប្រជា​ពល​រដ្ឋ​»។

«នៅ​ក្នុង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ឡាយ​គួរ​តែ​ត្រូវ​បាន​ពិចារណា​ជា​ពិសេស​ បាទ​យើង​ដឹង​ហើយ​បើ​នៅ​ក្នុង​វិបត្តនេះ​ប្រសិន​បើ​ប្រជាពល​រដ្ឋ​រស់​នៅ​ប្រឈម​ជា​មួយ​បញ្ហា​កូវីដ​ផង​ ហើយ​ប្រឈម​ហ្នឹង​សុខមាល​ភាព​ផង​ ថា​តើ​ការ​ហ៊ុយ​ធូលី​ធ្ងន់​ធ្ងរ​បែបនេះ វា​អាច​ហ្នឹង​ធ្វើ​ឱ្យ​សុខមាល​ភាព​កាន់​តែ​រងគ្រោះ​»។

លោក​បន្តថា​រដ្ឋាភិបាល​គួរតែ​ដោះ​ស្រាយ​បណ្ដោះ​អាសន្ន​លើ​បញ្ហា​ ដើម្បី​កុំ​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពល​រដ្ឋធ្ងន់ធ្ងរ​។

លោកបាន​លើក​ឡើង​ថា​ «ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កាលណា​បើ​ផ្លូវ​ហ្នឹង​វា​មាន​បញ្ហា​នៅ​កណ្ដាល​ទី​បែប​នេះ​ អាជ្ញា​ធរ​គួរ​តែ​រក​មធ្យោបាយ​ថ្មី​ថែម​ទៀត​ដើម្បី​ផ្លូវ​ហ្នឹង​ហ៊ុយ​ ឬ​ក៏​រំខាន​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ បើ​វាមិន​អាច​ទៅ​មុខ​រួច​គេ​ត្រូវ​រក​មធ្យោបាយ​ដោះ​ស្រាយ​អន្តរកាល​ហ្នឹង​មិន​មែន​ទុក​ឱ្យ​ហ៊ុយ​តាម​តែ​យថាកម្ម​អ៊ីចឹង​ទេ​»។

មេភូមិ​កន្ទោកជើង​ លោកលឹម តូច បានប្រាប់​ Newsroom Cambodia ថាផ្លូវ​​បាទ​សាង​សង​រយៈពេល​ ៦​ឆ្នាំ​ និងមានសភាពខូចខាតធ្ងន់ធ្ងរ ពិសេសមាន​ឡាន​ធំ​ច្រើន​ឆ្លងកាត់។ លោកបន្តទៀតថា​ គម្រោង​ជួសជុលផ្លូវមាន​រួច​មក​ហើយ​តែ​ដោយ​​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ​ទើប​មាន​ការ​ផ្អាក​មួយរយៈ។

លោកលើកឡើងថា៖ «​គម្រោង​ពី​ភូមិ​តាកៀប​មក​ គម្រោង​មាន​ហើយ​មក​ដល់​ភូមិ​អង្គ​ ប៉ុន្តែ​គម្រោង​ពង្រីក​ផ្លូវ​អស់​ហើយ​ប៉ុន្តែ​កូវីដ​មក​អាក់​ខាន​មក​វិញ​ មិន​មែន​រដ្ឋា​ភិបាល​អត់​ធ្វើ​ទេ​​ គម្រោង​មាន​តែ​កូវីដ​នែក​ វាអត់​មាន​ថវិកា»។

អភិបាលខ័ណ្ឌកំបូល លោក​ឃឹម ស៊ុនសូដា បានប្រាប់​ Newsroom Cambodia ថាអាជ្ញាធរកំពុងតែជួសជុលផ្លូវនេះផងដែរ៕

Q & A យល់ដឹងអំពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព

ប្រជាជនកម្ពុជារាប់លាននាក់បានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើដើម្បីជីវិតប្រសើរ ហើយពួកគាត់ខ្លះ ក៏បានទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ចផងដែរ។ នេះយោងតាមលោកសារុន​ កី ប្រធានប្រតិបត្តិគម្រោងសិទ្ធិការងារ របស់អង្គការវីវើល ជីវីស៊ី (WeWorld GVC) ជាអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការការពារពលករចំណាកស្រុក ជាពិសេសស្ត្រី និងកុមារ។

លោកសារុន កី បានផ្តល់បទសម្ភាសន៍ជាសំណួរ ចំលើយដល់សិក្ខាកាម Newsroom Cambodia កញ្ញាគង់ រស្មី អំពី ការយល់ដឹងបន្ថែមអំពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព ទោះបីស្ថិតក្នុងកាលៈទេសៈណាក៍ដោយ   ​ជាពិសេសស្ត្រី និង​កុមារ។

លោកសារុន កី

Q: តើលោកយល់យ៉ាងណាដែលចំពោះការចំណាកស្រុកនៅក្នុងប្រទេសកម្ពុជា?

A: ការធ្វើចំណាកស្រុករកការងារ គឺជាកត្តាជម្រុញយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រទាំងនៅក្នុងប្រទេសកំណើត និងប្រទេសគោលដៅនៅក្នុងបណ្តាប្រទេសអាស៊ាន។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាជាងមួយលាននាក់ធ្វើការក្រៅ ប្រទេស ដូចជាប្រទេសថៃ ម៉ាឡេស៊ី កូរ៉េ និងជប៉ុន។ ទោះបីជាជនចំណាកស្រុកកម្ពុជាមិនមែនជាក្រុមដែលមានចំនួនច្រើនជាងគេក៏ដោយ ក៏ពួកគេជាក្រុមដែលងាយរងគ្រោះជាងគេក្នុងចំណោមជនចំណាកស្រុកមកពីបណ្តាប្រទេសអាស៊ាន។

ដោយសារតែខ្វះព័ត៌មាន ការផ្តល់សេវារបស់រដ្ឋាភិបាលកម្ពុជានៅមានកម្រឹត (រួមទាំងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ) ការត្រួតពិនិត្យមិនបានដិតដល់ចំពោះទីភ្នាក់ងារជ្រើសរើសពលករ និងនិយោជក និងទំនោរស្ទាក់ស្ទើរក្នុងការទាក់ទងអាជ្ញាធរដើម្បីជួយជនចំណាកស្រុកកម្ពុជាភាគច្រើនដែលទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ច។

ដោយសារការចំណាយខ្ពស់ រយៈពេលយូរ និងភាពស្មុគស្មាញក្នុងការឆ្លងកាត់បណ្តាញទ្វេភាគី ដែលមានស្រាប់សម្រាប់ការធ្វើចំណាកស្រុក ពួកគេភាគច្រើនត្រូវបានជួលឱ្យធ្វើការក្នុងស្ថានភាពមិនប្រក្រតី។

Q: តើអ្វីជាបញ្ហាប្រឈមនៃជនចំណាកស្រុក ដែលពួកគាត់បានជួបប្រទះ?

A: ដោយសារតែការរីករាលដាលនៃជំងឺកូវិដ ១៩ ពលករចំណាកស្រុកកម្ពុជារាប់ម៉ឺននាក់ ភាគច្រើននៅក្នុងប្រទេសថៃ បានបាត់បង់ការងារ ហើយបង្ខំចិត្តវិលត្រឡប់មកស្រុកកំណើតទាំងគ្មានប្រាក់ ដោយសារតែអត់មានការងារធ្វើ និងការរឹតបន្តឹងរបស់រដ្ឋាភិបាលថៃ ដើម្បីទប់ស្កាត់ការរីករាលដាល។

Q: តើធ្វើយ៉ាងណាដើម្បីធ្វើការចំណាកស្រុកប្រកបដោយសុវត្ថិភាព?

A: បើអ្នកចង់ធ្វើចំណាកស្រុកទៅក្រៅប្រទេស អ្នកត្រូវទៅដោយស្របច្បាប់ បើមិនដូច្នោះទេ អ្នកអាចនឹងមានគ្រោះថ្នាក់។ វិធីសំខាន់តែមួយគត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងនោះ គឺការធ្វើចំណាកស្រុកដោយស្របច្បាប់ហើយដើម្បីធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពអ្នកត្រូវមានអាយុ ១៨ ឆ្នាំឡើងទៅ ទៅកាន់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងខេត្តព្រះអ្នករស់នៅ ដើម្បីពិភាក្សាជាមួយនឹងមន្ត្រីមជ្ឈមណ្ឌលការងារ អំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។

ប្រើប្រាស់សេវាក្រុមហ៊ុនជ្រើសរើសពលករ ដែលណែនាំដោយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ មន្ទីរការងារអាចដឹងថាក្រុមហ៊ុនជ្រើសរើសពលករមួយណាដែលល្អ ត្រឹមត្រូវ មិនបោកប្រាស់។

ធ្វើលិខិតឆ្លងដែន។​ លិខិតឆ្លងដែនគឺជាឯកសារអត្តសញ្ញាណមួយដ៏សំខាន់សម្រាប់ពលករចំណាកស្រុកទាំងឡាយ ដូច្នេះអ្នកត្រូវទៅធ្វើលិខិតឆ្លងដែនជាដាច់ខាតមុននឹងសម្រេចចិត្តធ្វើចំណាកស្រុក។

សម្របសម្រួលជាមួយក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ដើម្បីប្រាកដថាអ្នកមានឯកសារគ្រប់គ្រាន់ អ្នកត្រូវមានឯកសារដូចជា សំបុត្រធ្វើដំណើរ កាតពលករកម្ពុជាធ្វើការក្រៅប្រទេស លិខិតអនុញ្ញាតឲ្យធ្វើការងារ លិខិតឆ្លងដែន ទិដ្ឋាការការងារ កិច្ចសន្យាការងារ។

ទទួលការបណ្ដុះបណ្ដាលអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព មុនពេលចេញដំណើរទៅធ្វើការនៅក្រៅប្រទេស អ្នកគួរទទួលបាននូវវគ្គបណ្ដុះបណ្ដាលអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ពីភ្នាក់ងាររកការងារឱ្យធ្វើរបស់អ្នក។

Q: យើងបានដឹងហើយថា ស្ត្រី និងកុមារមានបញ្ហាប្រឈមខ្លាំង តើលោកគិតថា តើត្រូវធ្វើយ៉ាងណាដើម្បី កាត់បន្ថយបញ្ហានេះទៅលើស្ត្រី?

A: ជាការពិតណាស់ហើយថាស្ត្រី និងកុមារ គឺជាជនងាយរងគ្រោះចំពោះការធ្វើចំណាកស្រុក ប្រសិនបើការធ្វើចំណាកស្រុករបស់ពួកគាត់ ដោយមិនស្របច្បាប់។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យ សម្រាប់ស្ត្រីនិងកុមារ ស្ត្រីទាំងឡាយដែលមានបំណងធ្វើចំណាកស្រុក ដាច់ខាតត្រូវតែប្រាកដថា ធ្វើចំណាកស្រុកដោយស្របច្បាប់ ដោយមានឯកសារគ្រប់គ្រាន់។ ពីព្រោះនៅពេលដែលពួកគេទៅដោយស្របច្បាប់ ដោយសុវត្ថិភាព មានន័យថាពួកគេនឹងទទួលបាននូវសេវាផ្សេងៗដែលអាជ្ញាធរថៃ ក៏ដូចជានិយោជក នឹងផ្ដល់ឱ្យ ក្នុងពេលដែលពួកគាត់ស្នាក់នៅ និងធ្វើការនៅតាមក្រុមហ៊ុននៅក្នុងប្រទេសថៃនោះ។

Q: តើអ្វីជាសំណូមពរ និងជាសារចុងក្រោយរបស់បងទៅកាន់ អ្នកដែលកំពុងអាន អំពីការធ្វើចំណាកស្រុក ក៍ដូចជាការការពារខ្លួន?

A: ចំពោះយោបល់របស់ខ្ញុំ និងជាសារចុងក្រោយរបស់ខ្ញុំ ខ្ញុំសូមផ្ដាំផ្ញើថាប្រជាពលរដ្ឋទាំងឡាយដែលមានបំណងធ្វើចំណាកស្រុកទៅធ្វើការងារក្រៅប្រទេស ដាច់ខាតត្រូវតែទៅដោយស្របច្បាប់ មានន័យថាមានឯកសារគ្រប់គ្រាន់ដូចដែលបានរៀបរាប់ខាងលើ៕

បទយកការណ៍៖ ជីវភាពអ្នកនេសាទតាមបណ្តោយទន្លេមេគង្គកាន់តែយ៉ាប់យឺន ខណៈទិន្នផលត្រីស្រុតចុះខ្លាំង

ប្តីប្រពន្ធនេសាទមួយគូ ​មានញើសពេញផ្ទៃមុខ ដៃកំពុងប្រញាប់វេញមងស្របជើងកំពុងកន្រ្តាក់ទាញខ្សែមង​ដែល​ជា​ទង្វើរ​នៃ​ការ​រំដោះ​មង​ដែល​ជំពាក់​គ្នា​បន្ទាប់ពី​នេសាទត្រី​រួច​។ ការប្រមូលផលត្រីឆ្នាំនេះមិនសូវល្អទេសម្រាប់ពួកគាត់ដោយសារតែទឹក​ទន្លេ​រាក់ជាងមុន​ ​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​ច្រាំង​ទន្លេបានបាក់ជា​ដើម​។

អ្នកស្រី​ណាត់​ ត្រី​​ឌី​យ៉ាស​ ៤០ឆ្នាំ និងលោក​ឌិន​ ស្គាលលេះ អាយុ៤២ បាន​និយាយថា​ទិន្ន​ផល​ត្រី​ចាប់​ផ្ដើម​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដោយ​​កាល​ពី​ប្រមាណ​ជិត​ដប់​ឆ្នាំ​មុន ​អាច​រក​បាន​ក្នុង​មួយ​ថ្ងៃ​ខ្ទង់ ​១០០​គីឡូ​ ប៉ុន្តែ​ឥឡូវ​អាច​រក​ត្រី​បាន​សឹង​តែ​មិន​បាន​ ១០​គីឡូផង។

អ្នក​​ស្រី​ណាត់​ ត្រី​​ឌី​យ៉ាស​ និងលោក​ឌិន​ ស្គាលលេះ កំពុង​វេញ​ខ្សែរ​មង​លើ​ទូក​នៅ​ត្រើយ​ម្ខាង​ នៅថ្ងៃទី​៣០​ ខែ​កក្កដា ឆ្នាំ​២០២១។ រូបភាព​៖ ឆន​ រស្មី​

លោក​ស្គាលលេះ​ បាន​និយាយ​មួយៗភ្ជាប់​ជាមួយ​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា៖​ «ឥឡូវ​តាំង​ពី​ខែ​ទឹក​ឡើង​មក​នេសាទ​មួយ​ថ្ងៃ​មិន​ដល់​១០​ម៉ឺន​ផង​ហ្នឹង​ កាល​ពី​មុន​រក​បាន​១០០​គីឡូ​យ៉ាង​​តិច​ តែ​តម្លៃ​វា​ក៏​ថោក​ដែរ​ខ្ទង់​១០០០ ហើយ​ថ្លៃ​អស់​ហើយ​៣០០០​ហ្នឹង​»។

គ្រួសារនេសាទមួយនេះគឺស្ថិតក្នុងចំណោមអ្នកនេសាទជាច្រើនផ្សេងទៀតដែលត្រូវបានសម្ភាសនាពេលថ្មីៗនេះថា ពួកគាត់បានជួបការលំបាកក្នុងការនេសាទ ហើយអ្នកផ្សេងទៀតក៏បានពិចារណាថាឈប់ធ្វើនេសាទផងដែរដើម្បីរកការងារសំណង់ និងលក់បន្លែ។

ព្រះ​អាទិត្យ​រៀប​នឹង​អស្ដង្គតចាំង​លើ​ផ្ទៃ​ទឹក​ទន្លេ​បញ្ចេញ​នូវ​ពន្លឺ​ព្រិច​ៗ​ ពណ៌​លឿង​ឆ្អិន​ឆ្អៅ​ គួរ​ជា​ទី​គយគន់​ ​មនុស្ស​ម្នា​នាំគ្នា​មក​ធ្វើលំហាត់​ប្រាណ​ លំហែអារម្មណ៍​​ គយ​គន់​ទិដ្ឋភាព​ស្រស់​ត្រកាល​តាម​បណ្តោយ​សួន​ច្បារទល់​មុខអគារ​ខ្ពស់​ស្កឹម​ស្កៃ​ពណ៌ពងមាន់​កំពុង​ឈរ​បង្អួត​ខ្លួន​នៅ​ខាង​ត្រើយ​ម្ខាង។

​​មនុស្សជាច្រើនស្គាល់កន្លែងនេះ​ថា​ជា​សណ្ឋាគារសុខា ដែល​ជា​លំដាប់​ផ្កាយ​ប្រាំ​ ព័ទ្ធទៅ​ដោយ​មនុស្ស​ម្នា​ជាច្រើន​ ខ្លះ​កំពុង​ធាក់​កង់​ ខ្លះ​កំពុង​ហាត់​ប្រាណ​ ដោយ​ដើរ​ដាក់​កាស​ស្តាប់​តន្រ្តី​បណ្តើរ​ ភ្នែក​សំឡឹង​មើល​ទេសភាព​តាម​បណ្តោយ​ទន្លេ​មេគង្គ​ ខណៈទូកនេសាទតូចៗជាង ១០​​ ​ចត​ប្រប​នឹង​ច្រាំង​ទន្លេ។

អ្នក​ខ្លះ​កំពុង​ជជែក​គ្នា​លេងក្នុងទូក​ ខ្លះ​កាន់​មង​ ទាំង​ដែល​ទូក​កំពុង​យោល​យោគ​ចុះ​ឡើង​តាមកម្លាំង​នៃ​រលក​ទឹក​ដោយ​ខ្យល់​បក់​ខ្លាំង​ៗ​។ ​ពួកគាត់​ហាក់​មិន​​ពុល​នឹង​រលក​នោះ​ទាល់តែ​សោះ​។

លោក​ស្គាលលេះ​បាន​លើក​ឡើង​ថា​មូល​ហេតុ​ចំបង​ដែល​ធ្វើ​ឱ្យ​ផល​ត្រី​ធ្លាក់​ចុះ​នេះ​មាន​ដូច​ជា​ ផ្ទៃ​ទឹក​ទន្លេ​រាក់​ និង​មាន​ការ​បាក់​ចាំង​ទន្លេជា​ដើម​។​

លោក​បាន​បញ្ជាក់​​ថា​៖ «តាម​ខ្ញុំសង្កេត​មើល​ទឹក​ហ្នឹង​រាក់​ កាល​ណា​តែ​ទឹក​នេសាទរាក់​ត្រី​ចុះ​អត់​ទៅ​ដល់​ទន្លេសាប អ៊ីចឹង​វា​រស់​នៅ​តាម​ៗ​ហ្នឹង​ចឹង​គេ​នេសាទ​អស់​ហើយ​ ទឹក​រាក់​មែន​ទែន​អាច​ឈរ​ដល់​»​។​​

ស្រដៀង​គ្នា​នេះ​ដែរ​ លោក​ងួត​ វុធ្ធី​ មាន​អាយុ​៣០ឆ្នាំ ដែល​ជា​អ្នកនេសាទ​តាំង​ពីតូចដោយ​​រៀន​ចេះ​ពី​ឪពុក​​ បាន​ប្រាប់​ Newsroom Cambodia ថាប៉ុន្មាន​ឆ្នាំ​មក​នេះ​ទិន្នផល​ត្រី​មាន​ការ​ធ្លាក់​ចុះ​ហើយ​ ក្នុង​ស្ថាន​ភាព​មិន​ប្រាដកប្រជា​បែប​នេះ​លោក​ជ្រើសរើស​ការ​ស៊ីឈ្នួល​ឱ្យ​គេ​ដើម្បី​ដោះ​ស្រាយ​ជីវភាព​។

លោក​ងួ​ត​ វុធ្ធី ជា​អ្នក​នេសាទ​ជនជាតិ​ខ្មែរ​នៅ​កោះ​អរិក្សត្រ​ កំពុង​យោងអង្រឹង​កូន​ស្រី​នៅ​ក្រោម​ផ្ទះ​ ថ្ងៃទី​៣០ កក្កដា ឆ្នាំ​២០២១​។ រូបភាព៖ មាស មល្លិកា

លោកបាននិយាយ​បណ្ដើរ​ យោលអង្រឹងកូនបណ្ដើរថា​ «មួយ​រយៈ​ហ្នឹង​អត់​សូវ​មាន​ត្រី​មាន​តិចតួច​ បាន​តែ​មួយ​ហូប​ៗ​ចឹង​វា​អត់​សូវ​បាន​ច្រើន​ មួយ​ថ្ងៃ​ពីរ​ បី​គី​ឡូ​ប៉ុន្នឹង​ អត់​ដែល​បាន​ច្រើន​ដូច​មុន​ ប៉ុន្មាន​ឆ្នាំ​មុន​ត្រី​ច្រើន​កាល​មុន​រាយ​មង​ ១០ ទៅ ​១៥​ម៉ឺន ឥឡូវហ្នឹងរក​តែ​មួយ​ខែ ​ពីរ​ខែ​ ដើរ​បាញ់​ថ្នាំ​ស្វាយ​គេ​ កាត់​ស្មៅ​ឱ្យ​គេ​ យើង​រក​បាន​មួយ​ឆាវ​ៗ​តិច​តួច​ មិន​មែន​រក​បាន​ រក​បាន​រហូត»។

លោកដដែល​ ដែលជា​អ្នក​ស្ថិតនៅ​ឃុំស្វាយជ្រំ  ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លើក​ឡើង​ថា​មូល​ហេតុ​ដែល​ទិន្នផល​ត្រី​ថយ​ចុះ​បែប​នេះ​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ដូចជា​ មានកប៉ាល់ឆ្លងកាត់​ច្រើន​ដែល​ធ្វើ​ឱ្យ​រហែក​មង​ និង​មាន​កំណាត់​ឈើ​ សម្រាម​នៅ​ពេញ​ទន្លេ​។

អ្នក​ស្រីរស់ ម៉ាស់ ដែល​ជា​ជន​ជាតិ​ឥ​ស្លាម​​ ហើយ​ក៏​អ្នក​នេ​សាទ​ត្រី​ដែល​ស្ថិត​នៅ​ផ្សារ​​ច្រាំង​ចម្រេះ​ ខណ្ឌឬស្សីកែវ បានប្រាប់ Newsroom Cambodia ថាអ្នក​ស្រី​រស់​នៅ​ជា​មួយ​មុខ​របរ​នេ​សាទ​ត្រី​នេះ​តាំង​ពី​អ្ន​កស្រី​ធំ​ដឹង​ក្ដី​មកម្លេះ​។

អ្នក​ស្រី​បាន​បញ្ជាក់​ថា មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​កាន់​​តែ​មាន​ភាព​លំ​បាក​ជា​ខ្លាំង​ក្នុង​ការ​នេ​សាទ​ ដោយ​សារ​តែ​ខ្សត់​ត្រី​​ធ្លាប់​​តែ​​រដូវ​​នេះ​​មាន​​ទូក​នេ​សាទ​​ចេញ​ច្រើន​​បែរ​​មក​ឆ្នាំ​​នេះ​គ្មាន​អ្នក​ណា​ចេញ​នេ​សាទ​ទៀត​នោះ​ទេ ហើយ​ការ​ខ្សត់​ត្រី​នេះ​ប្រ​ហែល​មក​ពី​ការ​​ប្រែ​ប្រួល​អា​កាស​ធាតុ​។

អ្នក​ស្រី រស់ ម៉ាស់ ដែល​ជាអ្នក​នេសាទ​​ជន​ជាតិ​ឥ​ស្លាម​នៅ​​ផ្សារច្រាំង​ចម្រេះ ខណ្ឌឬស្សីកែវ​ ថ្ងៃទី​៣១ កក្កដា ឆ្នាំ​២០២១។ រូបភាព​៖ ឆន រស្មី​

អ្នកស្រីបានបន្តថា៖ «សម្រាប់តែឆ្នាំនេះទេដែលពិបាករកត្រីកូន​ចេញ​ទៅ​រករាល់ថ្ងៃរកមួយថ្ងៃពេញពេល​មកវិញរកត្រីបានត្រឹម៤-៥ត្រីតែប៉ុណ្ណោះស្ទើតែរកមួយ​សម្លមិនបាន​ផង​ តែបើប្រៀបធៀបទៅ៥-៦ឆ្នាំមុនខុសគ្នាឆ្ងាយណាស់ពីមុនសម្បូរហើយរកបានសម្រាប់លក់ដូរទៀតផង ភ្ញៀវវិញមកយកដល់ៗកន្លែងម៉ង់»។

អ្នកស្រីវ័យ៥៨ឆ្នាំរូបនេះបានបន្ថែមថា ក្រៅពីរកក្នុងភូមិសាស្ត្ររបស់អ្នកស្រីមិនបានអ្នកស្រីក៏ហ៊ានទៅនេសាទកន្លែងណាផ្សេងទៀតគ្រប់​ជន​ជាតិ​ចាម​ដែល​រស់​នៅ​ទី​នោះបាន​​ត្រឹម​រាយ​មងក្នុង​បរិ​វេណ​នេះ​​ដោយសារ​តែមិនស្គាល់ពីទីតាំងកន្លែង​ផ្សេង​ច្បាស់ហើយបានត្រឹមតែធ្វើការនេសាទជុំវិញដែលខ្លួនឯងកំពុងរស់នៅ។

អ្នកស្រីបានលើកឡើងថា៖​ «បើនៅ​តែពិបាកនេសាទដូចសព្វថ្ងៃនេះ ខ្ញុំប្រហែលឈប់នេសាទហើយដើរធ្វើការសំណង់ ឬបះបន្លែបន្តិចបន្ទួចលក់វិញដើម្បីដោះស្រាយបញ្ហាក្នុងការរស់នៅ»។

អ្នកស្រីញែម ផល្លី អាយុ៣៨ឆ្នាំ ជាអ្នកនេសាទនៅ ភូមិផ្សារព្រែកក្ដាម ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្តាល បានប្រាប់ Newsroom Cambodia ពីមូលហេតុការនេសាទត្រីក្នុងឆ្នាំនេះថាមិនបានគឺដោយសារខ្យល់ខ្លាំង និងទឹកឡើងជាលំដាប់។

អ្នក​ស្រី​​បាន​បន្យល់​ថា បញ្ហា​ទឹក​ឡើង​ខ្យល់​ចាប់​ផ្ដើម​បក់​ខ្លាំង ​ចក​ កំ​ប្លោក ​អណ្តែត​ ធ្វើឲ្យ​មាន​ការ​លំបាក​ក្នុងការ​នេសាទ​ ពិសេស​សម្រាប់​​រាយ​មង ទោះ​ខែ​នេះជា​ខែ​ដែល​គេ​បិទ​នេសាទក្ដី ​តែ​បិទ​សម្រាប់​តែ​ត្រី​តូចៗ​ប៉ុណ្ណោះ សម្រាប់​ត្រី​ធំ​គេ​បន្តនេសាទតាមធម្មតា​ ហើយ​វា​ក៏​អាច​ប៉ាន់​ស្មាន​បាន​ថា​បរិមាណ​ត្រី​ឆ្នាំ​នេះ​ឡើង​ឬក៏​ចុះ​។

អ្នកស្រី ញែម ផល្លី ជា​អ្នក​ប្រកប​របប​នេសាទ​ស្ថិត​នៅ​ជិត​ស្ពាន​ព្រែក​ក្តាម​ ខេត្ត​កណ្តាល​ កំពុង​ផ្តល់​បទសម្ភាសន៍​ជា​មួយ​ក្រុម​ការងា​រ​Newsroom Cambodia ថ្ងៃទី​៣១ កក្កដា ២០២១។ រូបភាព​៖ ​ ធឹម សុភក្រ

អ្នកស្រីបានបន្តថា «ឆ្នាំនេះរកមួយថ្ងៃបានត្រីត្រឹមតែ ២គីឡូហ្នឹងអស់ បើប្រៀបធៀបទៅឆ្នាំមុនៗមួយថ្ងៃ រកបានប្រហែល១ ០គីឡូ បញ្ហារកត្រីមិនបានមិនមកពីខ្សត់ត្រីខ្លាំងពេកនោះទេតែបញ្ហាធំរបស់ ខ្ញុំមកពីខ្យល់ខ្លាំងធ្វើឲ្យចេញទូកទៅនេសាទពុំបាន ក្នុងឆ្នាំមុនកាលដែលសម្បូរត្រីក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលបានជិត ២០ម៉ឺន តែសម្រាប់ឆ្នាំនេះគឺចប់ហ្មង រកតែ ៥ម៉ឺនក្នុងមួយថ្ងៃ មិនបានផង»។

ជា​ស្រ្តី​ដែល​មាន​កូន​ ៦​នាក់​នៅ​ក្នុង​បន្ទុក​បាន​បន្ថែម​ថា «ដំណោះស្រាយក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារពឹងផ្អែកលើការនេសាទនេះតែឥឡូវកាន់តែពិបាក ខ្ញុំនិងសម្រេចឱ្យកូនៗច្បង ២នាក់ ទៅដើរធ្វើការនៅខាងក្រៅដើម្បីដោះទាល់»។

លោក​វេង សាខុន ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​​ រុក្ខា​ប្រ​មាញ់​ និង​នេសាទ​ បានលើក​ឡើង​ថា អ្នក​នេ​សាទ​មាន​ការ​​កើន​ឡើង​រួម​ជា​មួយ​វិ​ធី​សាស្រ្ត​នៃ​ការ​ចាប់​ត្រី​មាន​បច្ចេក​ទេស​ខ្ពស់​ ​និង​បទ​ល្មើស​ច្រើន​​។

លោកបាន​​បន្ថែម​ថា ការ​ប្រែ​ប្រួល​បរិយា​កាស​ របប​ទឹក​ជំ​នន់​​ និង​ការ​ប្រែ​ប្រួល​នៃ​ការ​ប្រើ​​ប្រាស់​ដី​ និង​លំ​នៅ​ដ្ធាន​និង​កក្ដា​មួយ​ចំ​នួន​ទៀត​។

លោក​បាន​បញ្ជាក់​ថា​៖ «​តម្រូវ​ការ​ត្រី​មាន​ការ​កើន​ឡើង​ដោយ​សារ​កំ​ណើន​ប្រ​ជា​ជន​ សុខ​សន្តិ​ភាព​ និង​កំ​ណើន​សេដ្ធ​កិច្ច​ល្អ​ក្នុង​រយះ​ពេល​ជាង​២០​កន្លង​ទៅ​»។

លោកឱម សាវ៉ាត នាយកប្រតិបត្តិ​សម្ព័ន្ធ​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ បាន​បញ្ជាក់​ប្រាប់​ Newsroom Cambodia ថាការ​នេសាទ​ដែល​ប្រើ​ប្រាស់​ឧបករណ៍​ខុស​ច្បាប់ ​ធ្វើ​ឱ្យ​ស្ទះ​ផ្លូវ​របស់​ប្រភេទ​ត្រីមួយ​ចំនួន​​ទៅ​ពង​​បាន​​ ​​គម្រោង​អភិវឌ្ឍន៍នានារួមមាន​ ការ​បូម​ខ្សាច់ គម្រោង​ទំនប់​វារី​អគ្គិសនី​។

បូក​រួម​ទាំង​ ​ភាព​មិន​ប្រក្រតី​នៃ​លំហូរទឹក​ ដោយ​នៅ​រដូវ​ប្រាំង​បែរ​ជា​មាន​ទឹក​ច្រើន​ ផ្ទុយ​មក​វិញ​នៅ​រដូវ​វស្សាបែរ​ជា​មាន​កម្រិត​ទឹក​តិច​ទៅ​វិញ​​ ដោយសារការ​ប្រើ​ប្រាស់​​ទំបន់​វារី​អគ្គិសនីដែល​ត្រូវ​ការ​ទម្លាក់​ទឹក​នារដូវ​ប្រាំង​ ទាំង​នេះ​សុទ្ធសឹង​ជា​ដើម​ចម​នៃ​ការ​ខ្សត់​ត្រី​ធម្មជាតិ​។ នេះយោងតាមការអះអាងរបស់លោក​លោក​ឱម សាវ៉ាត។

​លោក​ឱម សាវ៉ាត បាននិយាយថា «កាលណាមាន​ទំនប់​ច្រើន​ គឺ​ស្ទាក់​ទឹក កាលណាស្ទាក់ទឹក​វា​ធ្វើ​ឱ្យ​បម្រែបម្រួល​កម្ពស់ទឹក​។ ធម្មតា​នៅ​ក្នុង​ខែ​កក្កដា ឬ ខែ​សីហា កញ្ញា គឺ​ជា​ពេល​វេលា​ដែល​រលាយទឹក​កក​នៅ​ភ្នំទីប៉េ ហូរធ្លាក់​មក​តំបន់​ទំនាបទន្លេមេគ្គង​ខាង​ក្រោម​ បឹង​ទន្លេសាប​យើង​»។

ពី​ដើម​ឡើយ​អត់មានទំបន់​វារី​អគ្គិសនី​ច្រើន​ទេ​ ប៉ុន្តែ​ឥឡូវ​នេះ​វាមាន​ច្រើន​។ អញ្ចឹង​ហើយ​មាន​ការ​ប្រែ​ប្រួលហើយ​កម្ពស់​ទឹក​ […] ខ្មែរយើង​ យើង​ធ្វើ​(ទំបន់​វារីអគ្គិសនី​) តែ​១ ទេ​ ប៉ុន្តែ​វៀត​ណាម​ធ្វើដល់​ទៅ​៦​ »។ នេះ​យោងតាម​លោក​ឱម សាវ៉ាត ​។

អ្នក​ជំនាញ​រូប​នេះបាន​យល់​ឃើញ​ថា​ ការ​ធ្លាក់​ចុះ​​ទិន្នផល​ត្រី​នារដូវ​កាល​នេះ​ថា ក៏ដោយសារជា​រដូវ​បិទ​នេសាទ​ផងដែរ ពីព្រោះ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​នេសាទ​ដោយ​ប្រើ​មង ​មាន​សំណាញ់​ត្រឹម​ ២ ទៅ​ ៣សង់ទីម៉ែត្រ​ រហូត​ដល់​ថ្ងៃ១ ខែ​តុលា​ ទើប​មាន​ការ​បើក​ឱ្យ​មាន​ការ​នេសាទ​ជា​ធម្មតាវិញ​។

​លោក​ឱម សាវ៉ាត បាននិយាយថាមាន​កំណើន​បទល្មើស​នេសាទ​ ហើយវាចេះ​តែ​បន្ត​កើត​មាន​ឡើង​ដែល​សកម្មភាព​ទាំង​អស់នោះ​រួម​មាន​ ការ​ប្រើ​សំណាញ់​ចាប់​ត្រី​លើស​ពី​ ៥០ម៉ែត្រ ការ​ប្រើ​ប្រាស់​សន្ទូចលើស​ពី​ ១ផ្លែ​ឡើង ដែល​លើស​ពី​ចំនួន​កំណត់ ព្រមទាំង​ការប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​បែប​ក្ តៅ​និង​ត្រជាក់មាន​ការកើនឡើង​។​

លោកម៉ៅ​ ហាក់​ អគ្គនាយករង​ទទួល​បន្ទុក​កិច្ចការបច្ចេកទេស​និង​ជា​ប្រធាននាយក​ដ្ឋាន​ជលសាស្រ្ត​ក្រសួង​ធនធានទឹក​បាន​បញ្ជាក់​ថា​យោងតាមព្រឹត្តិបត្រព្យាករណ៍​ ​ទឹក​នឹង​​ស្រក ស្រកមែន​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ទាបនោះទេ ហើយបានបន្តថាទឹក​ទន្លេ​  ​បើ​ធៀបនឹង​ឆ្នាំ​មុន ​វា​ខ្ពស់​ជាង​​។

លោក​បាន​បន្ត​ថា ស្ថានភាព​កម្ពស់ទឹក​មិន​អាច​គ្រប់គ្រង​បាន​ទេ​ ពី​ព្រោះ​អាស្រ័យទៅ​នឹង​របាយណ៍ទឹក​ភ្លៀង​។ «កម្ពស់ទឹក​នេះ​វា​ឡើង​វា​ចុះ​អញ្ចឹង​ហើយ តិច​វា​ឡើង​វិញ​ហើយ​។ កាលណា​មាន​ភ្លៀង​នៅ​អាង​ទន្លេ​មេគង្គ​ ទឹក​វា​ឡើង​ហើយ​»៕

បទយកការណ៍៖ ពលរដ្ឋកំពង់ភ្លុកមួយចំនួននៃខេត្តសៀមរាប មិនមានទឹកស្អាតប្រើប្រាស់

បើទោះបីដឹងថា ការប្រើប្រាស់ទឹកស្រះខ្វះអនាម័យ ប្រឈមនឹងជំងឺផ្សេងៗក៏ដោយ លោកគង់ សំបាន នៅតែបង្ខំចិត្តប្រើប្រាស់វាដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ដោយសារតែគ្មានជម្រើសអ្វីផ្សេង។

លោកបាននិយាយដូច្នេះថា៖ «ខ្ញុំប្រើទឹកស្រះសម្រាប់ហូបចុក ទឹកអណ្ដូងសម្រាប់ដាំបាយ​ស្លរ»។

លោកគង់ សំបាន ជាប្រជានេសាទម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដទៃទៀតដែលបានបរិហូបទឹកស្រះនេះនៅឃុំកំពង់់ភ្លុក ស្រុកសូទ្រនិគម ចម្ងាយប្រហែល៣០គីឡូម៉ែត ពីទីរូមខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយ។

លោកគង់ សំបាន និងគ្រួសាររបស់គាត់ នាថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២១។ រូបថត៖ ម៉ិច ជូឡាយ

ប្រជាពលរដ្ឋមួយចំនួនបានអះអាងថាពួកគាត់ធ្លាប់មានរោគសញ្ញាមួយចំនួនដូចជាចុកពោះបន្តិចបន្តួច ស្បែកស្ងួតហួតហែង ធ្មេញមិនសូវស ខណៈដែលសម្រាប់អ្នកខ្លះ ពួកគាត់ថាបានហូរឡើងសាំហើយ។

ឃុំកំ​ពង់ភ្លុក មានពលរដ្ឋរស់នៅជិត ១ពាន់គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបរបរនេ​សាទត្រី។

អ្នកជំនាញឯកទេសទឹកស្អាត និងអនាម័យនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លោកហង់ ហ៊ីប៊ុណ្ណា ផ្តល់ជាយោ​​ប​ល់ថា អាជ្ញាធរថ្នាក់ក្រោមជាតិ គួរតែចុះទៅសិក្សានៅតំបន់នោះឡើងវិញ ហើយរកលទ្ធភាពដោះស្រា​យ ជាបណ្តោះអាសន្ន ដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះបញ្ហានេះ។

លោកបាននិយាយថាយ៉ាងហោចណាស់ ផ្តល់ជាធុងចម្រោះជាដើម ឱ្យពលរដ្ឋប្រើប្រាស់ជាបណ្តោះអា​ស​ន្ន ក្នុងដំណាក់កាល ដែលរដ្ឋាភិបាលមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតបាន។

លោ​កបានគូសបញ្ជាក់ថា៖ «ការប្រើប្រាស់ទឹកខ្វះអនាម័យ ងាយប្រឈមនឹង​ជំងឺរាគ ជំងឺផ្លូវដង្ហើម ជំងឺសើរ​ស្បែ​ក ជំងឺភ្នែក ព្រូន និងជំងឺគ្រុនពោះវៀនជាដើម»។

យោងតាមមន្ត្រីអង្គការភ្លែនអន្តរជាតិកម្ពុជាដដែល ខេត្តសៀមរាបមានកុមារអាយុក្រោម ៥ឆ្នាំ កើតជំងឺរាគជាមធ្យម មួយដងក្នុងមួយឆ្នាំ ហើយវាបង្កឱ្យកុមារខ្វះ​អាហារូបត្ថម្ភកាន់តែខ្ពស់ ក្នុងប្រទេសកម្ពុជា។ 

លោកវេជ្ជបណ្ឌិតណៅ តូច វិញបានពន្យល់ថា អំឡុងពេលដែលពលរដ្ឋពុំទាន់មានទឹកស្អាតប្រើប្រាស់ ពួកគេគួរតែយកទឹកស្រះ ឬទន្លេនោះ ទៅដាំឱ្យបានឆ្អិនល្អជាមុនសិន មុនយកទៅពិសារ ដើម្បីជៀសវាងកើតជំងឺរាគរូស និងប្រព័ន្ធសេរីរាង្គ។

លោកណៅ តូច បាននិយាយថា៖ «បើមិនដាំទេ គាត់នឹងប្រឈមជំងឺច្រើនណាស់ រាគ ចង្អោរ ក្អួត ឬអ្វីផ្សេងៗទៀត។ ទឹកនឹងអាចមានមេរោគអីណាមួយ បង្កក្នុងនឹងដែរ បើកន្លែងនឹងវាមានពួកអាសេនីច [AS] ពួកភ្លុំ [Pb] ពួកអីអាចធ្វើឱ្យពួកគាត់ខូចប្រព័ន្ធសេរីរាង្គដែរ»។

ត្រឡប់មកប្រជានេសាទ លោកសំបានវិញ គាត់បានអះអាងថាគ្រួសារគាត់ រួមទាំងអ្នកភូមិ ទាន់មិនមានទឹកស្អាតប្រើប្រាស់ទេ។

ដោយបានប្រកបរបរនេសាទនេះជិត២០ឆ្នាំមកហើយ  បុរសអាយុ៣៨ឆ្នាំរូបនេះ មានកូន ៥នាក់ក្នុងបន្ទុក បានរៀបរាប់បន្តថា បើទោះបីគាត់ដឹង​ថា ទឹកដែលគ្រួសារគាត់ កំពុងទ​ទួលទា​នសព្វថ្ងៃ អាចបង្កឱ្យមានជំងឺក៏ដោយ តែគាត់គ្មានជម្រើស ក្រៅពីបង្ខំចិត្តប្រើទឹកនេះទេ ដើម្បីដោះស្រាយជីវភាព។

​ដោយមានការងារជាប្រជាការពារភូមិផង លោកសំបាន ចង់ឱ្យរដ្ឋាភិបាលរៀបចំឱ្យមានបណ្តាញទឹកស្អាត ឱ្យពួកគា​ត់​បានប្រើប្រាស់ ដើម្បីកាត់បន្ថយជំងឺផ្សេងៗ ខណៈពួកគាត់កំពុងជួបការលំបាកផ្នែកជីវភាព។ 

លោកបាននិយាយ​ថា៖ «យើងនៅឃុំកំពង់ភ្លុក យើងប្រើប្រាស់ទឹកទន្លេ វាអត់ល្អទេ ហើយមួយទៀត ទឹកលូទឹកអីធ្លា​ក់​ចូលក្នុងទឹកទន្លេ គឺទឹកនឹងអាចមានមេរោគ ប្រើនឹងវាប៉ះពាល់ដល់សុខភាព ព្រោះយើងរាល់ថ្ងៃយើងប្រើប្រា​ស់ ពេលណាភ្លៀងទៅ វាមានលាមកសត្វវាហូរចូលចឹង ចឹងហើយវាអត់មានអនាម័យល្អទេ»។

ប្រជានេសាទម្នាក់ទៀត អ្នកស្រីជុំ ឡាយ អាយុ៣២ឆ្នាំ បាននិយាយថា ចាប់ពីគាត់ដឹងក្តីមក គ្រួសារគាត់ប្រើប្រាស់ទឹកស្រះរហូតនៅរដូវប្រាំង ហើយពេលខ្លះត្រូវទិញទឹកគេប្រើ ទាំងលំបាកដោយសារតែជីវភាពក្រីក្រ។

អ្នកស្រីបាននិយាយថា៖ «​​ខ្ញុំជួប​ការលំបាកដូចជា ប្រសិនជាខ្ញុំទិញទឹកគឺមានតំលៃ ៣០០០រៀល ក្នុងមួយធុង ប៉ុន្តែពេ​លខ្លះ​​​សូម្បីតែ ៣០០រៀលហ្នឹង​ ក៏ខ្ញុំមិនមានផង»។

អ្នកស្រីជុំ ឡាយ កំពុងហូបទឹកដែលបានយកមកពីស្រះខាងលិចដោយមិនបានចម្រោះ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ ម៉ិច ជូឡាយ

ជំទប់ទី១ ឃុំកំពង់ភ្លុក លោកឈន  គុជស៊ាក់ បាននិយាយថា កាលពីខែមករា ឆ្នាំ២០២១ មន្ត្រីជំនាញនៅក្រ​សួ​ង​ធនធានទឹក បានចុះមកសិ​ក្សាបញ្ហានេះដែរ ប៉ុន្តែថា ម​ក​ដល់​ពេលនេះ មិនទាន់ទទួលបានព័ត៌មានពីការបង្កើតប្រព័ន្ធទឹកស្អាតនៅតំបន់នេះនៅឡើយទេដោយលោកបានអះអាងថា ប្រហែលដោយសារជំងឺកូវីដ-១៩។

មន្ត្រីឃុំរូបនេះ បានឃើញយល់ថា បើទោះគ្មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ តែពលរដ្ឋនៅតំបន់នោះ មានប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃបាន ដូចជា ទឹកទន្លេ និងទឹកស្រះជាដើម ហើយថាប្រជាពលរដ្ឋខ្លះ ក៏មានលទ្ធភាពទិញទឹកបរិសុទ្ធ សម្រាប់បរិភោគ​ផងដែរ។

 តែយ៉ាងណាមន្ត្រីឃុំដដែលអះអាងបាននិយាយថា ប្រជាពលរដ្ឋនៅឃុំនេះ ចន្លោះ​ពី ៨០ទៅ៩០ភាគរយ មានការយល់ដឹងជុំវិញការប្រើប្រាស់ទឹក ដោយមានអនាម័យ ក្នុងចំណោមពលរដ្ឋ ៩៩០ គ្រួសារ ដែលមានសមាជិក ៣ ៨៤១​នាក់។

ជំទប់ទី១ ឃុំកំពង់ភ្លុក លោកឈន គុជស៊ាក់ ឈរនូវពីមុខស្រះសហគមន៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១។ រូបភាព៖ ម៉ិច ជូឡាយ

លោកបាននិយាយថា៖ «ក្នុងនាមរដ្ឋបាលឃុំ យើងក៏ព្យាយាមដោះស្រាយដែរ បញ្ហាខ្វះទឹកស្អាតហ្នឹង​ តាមរយៈទាក់​​ទ​ងក្រសួងធនធានទឹក អង្គការដៃគូរ។ តែជម្រើសដែលយើងមិនទាន់ទទួលបាននោះ គឺ​មិនទាន់មានការឆ្លើ​យតបពិតប្រាកដជាក់លាក់ណាមួយ ប៉ុន្តែគម្រោងយើងសរសេររួចអស់ហើយ»។​

ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តសៀមរាប លោកជា វុធឡុង បានមានប្រ​សា​សន៍ថា ខេត្តមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ទៅដល់តំបន់ជនបទនៅឡើយទេ។

លោកបាននិយាយថា៖ «រដ្ឋអត់ទាន់មានលទ្ធភាពធ្វើទេ ព្រោះរដ្ឋធ្វើតែក្រុងសៀមរាបបំពេញមិនគ្រប់ផង ហើយដល់ពេ លចង់បានទឹកស្អាតប្រើដល់ទីជនបទទាល់យកឯកជនមកជួយ។[…] ព្រោះវិស័យទឹកស្អាតគេវិនិយោគទៅ​រ​បស់ របរសម្ភារៈមិនមែនដើមទុនតិចទេ គឺកន្លះលានទៅមួយលាន[លានដុល្លារ]អី។ អាហ្នឹងខ្នាតតូចផ​ង ដល់ពេលចឹងវាអត់មានអ្នកវិនិយោគធ្វើទេ»។

ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រ៊ិន ពុទ្ធី បានឱ្យដឹងថា បញ្ហាប្រ​ឈ​​មនៃការខ្វះខាតទឹកស្អាតនៅកំពង់ភ្លុកនេះ លោកនឹងទាក់ទងទៅកាន់មន្រ្តីឱ្យចុះពិនិត្យ។

លោ​កបានបញ្ជាក់ថា ការតបណ្ដាញទឹកស្អាតនៅទូទាំងប្រទេសសម្រេចបាន ៧៥,១២ភាគរយ ខណៈជា​ង ​២៤ភាគរយទៀត នៅមិនទាន់តបណ្តាញទឹកស្អាតទៅដល់ទេ។

លោ​កបាននិយាយថា៖ «ចំពោះបញ្ហា និងការប្រឈមនៃការខ្វះខាតទឹកស្អាតប្រើប្រាស់នៅតំបន់កំពង់ភ្លុកនេះ ក្រសួងមិនទាន់ទទួលបានព័ត៌មានទេ។ ខ្ញុំនឹងឱ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទចុះពិនិត្យមើល»។

តែយ៉ាងណា លោកពុទ្ធី បានបញ្ជាក់ថា ក្រសួង​បានកំណត់​ត្រឹម ឆ្នាំ២០២៥ ខាងមុខនេះ ពលរដ្ឋកម្ពុជាទាំងអ​ស់នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា។

របាយការណ៍ អង្គការយូនីសេហ្វ អំឡុងឆ្នាំ២០១៩ បាននិយាយថា ប្រជាពលរដ្ឋកម្ពុជាម្នាក់ ក្នុងចំណោមបីនាក់ ប្រើប្រាស់ទឹកពីប្រភពដែលពុំត្រូវបានកែលម្អ  ហើយពួកគេមិនបានបែងចែកសំណល់រប​​ស់មនុស្ស ឱ្យនៅដោយឡែកពីមនុស្ស ប្រកប​ដោយអនាម័យនោះឡើយ។

 អង្គការនេះ បានរកឃើញទៀតថា ក្នុងចំណោមសាលាមត្តេយ្យសិក្សាចំនួន១០ មាន​ ៧សាលា ដែលពុំមានបរិក្ខា​​រអនាម័យ  និងទឹកស្អាត ហើយក្នុងចំណោមមណ្ឌលសុខភាព នៅតំបន់ជនបទចំនួនពីរ មានមួយកន្លែង​ដែលពុំមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។

បញ្ហានេះ យូនីសេហ្វបានបញ្ជាក់ថា កុមារបន្តជួបបញ្ហាក្រិសក្រិន និងបាត់បង់ជីវិត ដោយសារមូលហេតុពាក់ព័ន្ធ​នឹងទឹ​កស្អា​ត និងអនាម័យ ដែលគេអាចបង្ការជាមុនបាន កន្លែងលាងដៃនៅក្នុងសហគមន៍ និងសាលារៀន​រ​បស់​ពួ​កគេ។ ជាពិសេសនៅតាមតំបន់ជនបទ ប្រជាពលរដ្ឋមានចំណេះដឹងតិចតួច អំពីសារៈសំខាន់នៃ​អនាម័យ​​ត្រឹមត្រូវ៕

បុគ្គលិកសុខាភិបាល៨នាក់ឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី Delta

ក្រសួង​សុខា​ភិបាល​កម្ពុជា​នៅ​ថ្ងៃ​ពុធ​​នេះ ​បាន​ប្រកាស​​​រក​ឃើញ​ករណី​ឆ្លង​វី​រុស​កូវីដ-១៩​បម្លែងថ្មី​ប្រភេទ​ B.1.617-2 (Delta) ចំនួន​៣៦​ករណី​ ក្នុង​នោះ​មាន​៨​ករណី​ឆ្លង​លើ​បុគ្គលិក​សុខាភិបាល ​​ក្រោយ​ទទួល​លទ្ធផល​ធ្វើ​វិភាគ​ដោយ​វិទ្យា​​ស្ថាន​ប៉ា​ស្ទ័រ​​កម្ពុជាកាល​ពី​ថ្ងៃ​ទី​៣ ​ខែ​សីហា ​ឆ្នាំ​២០២១​។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​កាល​ពី​ថ្ងៃនៅ​ទី​៤ ខែ​សីហា​ ​ឆ្នាំ​២០២១​នេះ​បាន​ឱ្យ​ដឹង​ថា ករណី​ឆ្លង​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី​​ប្រភេទ​ B.1.617-2 (Delta) ទាំង​៣៦​នាក់​នោះ រួម​មាន​​បុគ្គលិក​សុខាភិបាល​ចំនួន​ ៨ ​នាក់​​ភេទ​ស្រី​ចំនួន​២នាក់ និងអ្នក​ភូមិ​ក្នុង​សហគមន៍​ចំនួន​២៨នាក់​​ ភេទស្រី​១៤នាក់​នៅ​រាជធានីភ្នំពេញ​ ឧត្តរមានជ័យ សៀមរាប និង​កំពង់​ធំ។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​បញ្ជាក់ថា​ការ​ចម្លង​ជំងឺ​កូវីដ-១៩​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​សន្ទុះ​ខ្លាំង​លើ​យុវវ័យ ដោយសារ​ក្រុម​នេះ​បាន​ដើរ​ចេញ​ក្រៅ​ផ្ទះ​ច្រើន ឬ​មាន​ការ​ជួប​ជុំ​មិត្តភ័ក្រ្ត​។

គួរ​បញ្ជាក់​​​ថា កម្ពុជា​​បាន​រកឃើញ​​អ្នក​មាន​វិជ្ជមាន​វីរុស​កូវីដ​-១៩​ប្រភេទ​ដែល​តា (Delta) លើ​ពល​ករ​ត្រឡប់​​ពី​ប្រទេស​ថៃ​ អ្នក​ដំណើរ​តាម​យន្តហោះ បុគ្គលិក​សុខាភិបាល និង​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍​​សរុប​ទាំង​អស់​ចំនួន២៦០នាក់ ក្នុង​នោះ​ស្រ្តី​ចំនួន​១២៥​នាក់។ នេះបើតាម​សេចក្តី​​ជូន​ព័ត៌មាន​ខាងលើ​ដដែល៕​

ស្ថានទូតកម្ពុជានៅឡាវឲ្យពលរដ្ឋខ្មែរប្រយ័ត្នជំងឺកូវីដ១៩ ខណៈឡាវបន្តបិទខ្ទប់ចំនួន១៥ថ្ងៃទៀត

ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​ឡាវ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ជូន​ដំណឹង​ដល់​ប្រជា​ពល​រដ្ឋ​ ពលករ និង​និសិ្សត​ខ្មែរ​ដែល​កំពុង​រស់​នៅ​ប្រកប​អាជីវកម្ម ធ្វើ​ការងារ ​និង​សិក្សា​នៅ​ប្រទេស​ឡាវ ឱ្យ​ប្រុង​ប្រយ័ត្ន​​​ជំងឺ​ឆ្លង​កូវីដ-១៩​ព្រោះ​ប្រទេស​ឡាវ​សម្រេច​បន្ត​វិធាន​ការ​បិទ​ខ្ទប់​ប្រទេស​ចំនួន​១៥​ថ្ងៃ​បន្ថែម​ទៀត។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​​ប្រជា​មានិត​ឡាវ​នៅថ្ងៃ​ទី​០៤ ​ខែ​សីហា​ ឆ្នាំ​២០២១​នេះ​បាន​ឱ្យ​ដឹង​ថា​ រដ្ឋា​ភិបាល​ឡាវ​បាន​សម្រេច​បន្ត​វិធាន​ការ​​បិទ​ខ្ទប់​ប្រទេស​ចំនួន​១៥​ថ្ងៃ​បន្ថែម​ទៀត ដោយ​សារ​តែ​​​ករណី​ជំងឺ​ឆ្លង​កូវីដ-១៩​​ក្នុង​សហគមន៍​នៅតែ​បន្ត​រក​ឃើញ​ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​រដ្ឋ​ធានី ខេត្ត​ ក្រុង​ទូទាំង​ប្រទេសលើ​ពលករ​ឡាវ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

រយៈ​ពេល​នៃ​ការ​បន្ត​បិទ​ខ្ទប់​ប្រទេស​១៥​ថ្ងៃ​នោះ​រាប់​ចាប់​ពី​ថ្ងៃ​ទី​០៣​​-១៨​ ខែ​សីហា ឆ្នាំ​២០២១​តទៅ​។​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឺង​ខាង​លើ​បាន​បញ្ជាក់។

បើ​តាម​សេចក្តី​ជូន​ដំណឹង​​​ខាងលើ​បន្ថែម​​ថា៖ «​មិន​ឱ្យ​​បងប្អូន​ប្រជា​ពល​រដ្ឋ ពលករ​ និស្សិត​ខ្មែរ​ទាំង​អស់​​ទៅ​កាន់​កន្លែង​ដែល​មាន​ហានិភ័យ​ បន្ត​រក្សា​អនាម័យ៣កុំ​ ៣ការពារ​ឱ្យបាន​ល្អ និង​អនុវត្តតាម​​សេចក្តី​ណែនាំ​របស់​រដ្ឋា​ភិបាល​ឡាវ​​ និង​វិធាន​ការ​រាជ​រដ្ឋាភិបាល​កម្ពុជាឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់»។

​តាម​ខ្លឹម​សារ​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​នោះ បាន​បញ្ជាក់​ថា​រដ្ឋា​ភិបាល​ឡាវ​បន្ត​ហាម​ឃាត់​កន្លែង​ផឹកស៊ី កាស៊ីណូ ការ៉ា​អូខែ ក្លឹប​កម្សាន្ត ល្បែង​គ្រប់​ប្រភេទ រោង​ភាព​យន្ត ហាម​ជួប​ជុំ​កុះករ ហាម​លក់​គ្រឿង​ស្រវឹង​ និង​ហាម​មិន​ឱ្យ​ធ្វើ​ដំណើរ​តាម​រថ​យន្ត​និង​យន្ត​ហោះ​ចំពោះ​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចាក់​ថ្នាំ​បង្ការ​​កូវីដ-១៩។

សេចក្តី​ជូន​ដំណឹង​ដដែល​នោះ​ក៏​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការ​នូវ​ផ្សារ​ទំនើប ផ្សារលក់​ដុំ និង​លក់​រាយ ផ្សាររាត្រី ផ្សារ​លក់​ម្ហូប​អាហារ កន្លែង​ហាត់​ប្រាណ ការ​នេសាទ ភោជនីយដ្ឋាន ហាង​កាហ្វេ រមណីយដ្ឋាន​ទេសចរ ហាង​កាត់​សក់ និង​ហាង​កែ​សម្ភស្ស រៀប​ចំ​កិច្ច​ប្រជុំ​ក្រៅ​តំបន់​ក្រហម បើកសាលា​រៀន​នៅ​កន្លែង​ដែល​ពុំ​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ខ្ពស់។

សូម​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ថ្នាំ​បង្ការ​ជំងឺ​កូវីដ-១៩​ត្រូវ​បាន​គេ​បើក​យុទ្ធ​នាការ​ចាក់​ទូទាំង​សាកល​លោក​ដើម្បី​ទប់​ស្កាត់​កម្រិត​ឈឺ​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​នេះយ៉ាង​ណា​ក្តី​ ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​បំប្លែង​ថ្មី​ប្រភេទ ដែលតា (Delta) កំពុង​តែ​គម្រាម​កំហែង​សុខភាព​សាធារណៈ ដោយ​បង្កឱ្យ​ឈឺ​ និង​ស្លាប់​ដោយ​សារ​ជំងឺ​កូវី-១៩​នៅ​តែ​ជា​ក្តី​បារម្ភ ​និង​គ្រោះ​ថ្នាក់​មិន​ទាន់​អាច​គ្រប់​គ្រង​បាន​នៅឡើយ៕

អ្នកកាសែតជើងចាស់មួយរូប ជួយបង្រៀនក្មេងៗជនបទ ដែលខកខានរៀនដោយសារវិបត្តិកូវីដ

វាគឺជាថ្ងៃអាទិត្យ ទី២៣ ខែមិថុនា វេលាម៉ោង ៧យប់ នៅក្នុងស្ថានភាពមេឃងងឹតអមដោយសំឡេងសត្វចង្រិត និងកង្កែប មានទូរសៀវភៅតូចមួយនៅក្រោមផ្ទះឈើ ដែលអ្នកភូមិហៅថាជាបណ្ណាល័យផ្តួចផ្តើមដោយលោកមិន ពៅ អ្នកកាសែតជើងចាស់មួយរូប។

លោកមិន ពៅអង្គុយនៅក្រោមអំពូលភ្លើងខណៈពេលដែលវាបញ្ចេញពន្លឺចាំងជាមួយនឹងក្តារខៀនក្រោមផ្ទះឈើប្រក់ក្បឿងដែលទ្រុឌទ្រោម ដោយទឹកមុខញញឹមជាមួយក្មេងពីរ បីនាក់ឈរនៅជុំវិញតុឈើចាស់ដែលជាថ្នាក់រៀនរបស់គាត់ នៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

បុរសម្នាក់មានវ័យជាង ៣០ឆ្នាំរូបនេះ ដែលពាក់អាវយឺតដៃខ្លីពណ៍ប្រផះ កំពុងបង្រៀនក្មេងៗ ក្នុងភូមិរបស់គាត់ជាយូរមកហើយ និងបានលើកទឹកចិត្តឱ្យក្មេងៗចូលចិត្តអានសៀវភៅក្នុងគោលបំណងឱ្យពួកគេផ្តោតលើការអប់រំ និងជៀសវាងការប្រើប្រាស់គ្រឿងញៀន។ ក្មេងៗទាំងនោះមកពីជិតៗផ្ទះរបស់គាត់ ហើយសប្បាយចិត្តពេលបានមករៀនម្តងៗ ព្រោះពួកគាត់អាចរំលឹកមេរៀន ហើយអាចលេងសើចសប្បាយជាមួយមិត្តភក្តិផងដែរ។

ក្មេងៗក្នុងភូមិរបស់លោកមិន ពៅជួបជុំគ្នាកាលពីពេលថ្មីៗនេះ។ រូបភាព៖ Newsroom Cambodia

ខណៈដែលកូវីដ ១៩​​​ បានរាតត្បាតជិត ២ឆ្នាំមកហើយ បង្ខំឲ្យសាលារដ្ឋ និងសាលាឯកជនផ្អាកបង្រៀនផ្ទាល់ មករៀនតាមប្រព័ន្ធអនឡាញវិញ លោកមិន ពៅ​ ក៏បានជួយបង្រៀនក្មេងៗទាំងនោះខ្លះ បន្ទាប់ពីមានការបារម្ភខ្លាំងថាសិស្សជនបទដាច់ស្រយាល​គ្មានលុយក្នុងការទិញទូរសព្ទ័ ឬកុំព្យូទ័រ ដើម្បីរៀនតាមអនឡាននោះទេ គ្មានថវិកាបញ្ចូលលុយទូរសព្ទ័ដែរ និងគ្មានសេវាអ៊ិនធើណែត។

លោកបាននិយាយថា៖ «​ខ្ញុំមានការអាណិតក្មេងៗណាស់ មិនថាក្មេងម្នាក់ ពីរនាក់ រឺបីនាក់នោះទេ វាសឹងតែគ្រប់កន្លែង ប៉ុន្តែយើងមិនអាចជួយបានគ្រប់កន្លែងនោះទេ អ្វីដែលខ្ញុំអាចជួយបានក្មេងៗនៅជិតផ្ទះ ហើយខ្លះជាសាច់ញាតិ ដូចជាក្មួយៗ ប្អូនៗរបស់ខ្ញុំ និងនៅក្នុងភូមិជាមួយគ្នា។ ក្នុងអំឡុងកូវីដនេះ បានផ្អាកមិនអោយទៅរៀននៅសាលា ដោយប្តូរមករៀនតាមអនឡាញវិញ ហើយឃើញថាកាលនៅមិនទាន់កូវីដ ពួកគាត់រៀននៅសាលាផ្ទាល់ផង ការសិក្សារបស់គាត់នៅខ្សោយ ចុះទំរាំតាមអនឡាញនេះទៀត ត្រូវអោយពួកគាត់ចំនាយលុយទិញទូរសព្ទ៏»។

លោកមិន ពៅ ធ្លាប់ជាអ្នកសារព័ត៌មាន និងជាអ្នកវិភាគអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅស្ថាប័នសម្លេងប្រជាធិបតេយ្យ (វីអូឌី) មុននឹងលាឈប់កាលពីពេលថ្មីៗនេះដើម្បីក្លាយជាអ្នកសារព័ត៌មានឯករាជ្យមួយរូប។ លោកមិន ពៅ ក៏ជាស្ថាបនិកមួយរូបនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថាខេមបូចា ផងដែរ។

អ្វីដែលជាបញ្ហារបស់ក្មេងៗដែលលោក មិន ពៅ បានមើលឃើញគឺជាបញ្ហាអ៊ិនធើណែត ដោយសារអត់មានសេវា ដោយត្រូវដើរទៅរកទីកន្លែងដែលសេវាទើបអាចប្រើបាន ពេលខ្លះក្មេងៗទាំងអស់នោះត្រូវដើរទៅខាងក្រោយផ្ទះ ក្រោមដើមឈើ ពេលខ្លះត្រូវអង្គុយហាលថ្ងៃទៀតក៏មានដែរ ពេលណាមានភ្លៀងធ្លាក់ខ្លាំង គឺបានធ្វើអោយគាត់ខកខានក្នុងការរៀនតែម្តង។

លោកបានរៀបរាប់ថា៖ «យើងឃើញថា ពេលដែលយើងប្រជុំម្តងៗ គឺពិបាកក្នុងការនិយាយផង ចុះទំរាំក្មេងៗវិញ ពេលខ្លះកំពុងរៀនៗស្រាប់តែមានភ្លៀងក៏មាន ស្រាប់តែដាច់សេវាអីធើណែតក៏មាន ហើយម្យ៉ាងទៀតការប្រើប្រាស់ទូរសព្ទ៏ដៃរបស់ពួកគាត់នៅមិនទាន់ចេះប្រើទៀត។ អ្វីដែលខ្ញុំជួបប្រទះ គឺខ្ញុំឃើញក្មួយរបស់ខ្ញុំ គាត់ឈររៀនហាលថ្ងៃ ព្រោះនៅទីនោះមានសេវា ពេលខ្លះគាត់ដើរចុះដើរឡើង ដើររកកន្លែងមានសេវាអ៊ិនធើណែត  ព្រោះកន្លែងដែលមានសេវាគឺវាមិនមែននៅក្នុងផ្ទះនោះទេ»។

លោកបាននិយាយថាការបង្រៀនរបស់លោកក៏ជួបមានបញ្ហាខ្លះដែរ​ពេលលោកមានធុរៈឡើងទៅភ្នំពេញ ពេលដែលមកវិញគាត់មិនហ៊ានក្នុងបង្រៀនក្មេងៗទេព្រោះគាត់ខ្លាចក្នុងការចម្លងកូវីដទៅក្មេងៗក្នុងករណីណាមួយដូចនេះ ធ្វើអោយក្មេងខកខានក្នុងរៀនក៏មានដែរ។

លោកបាននិយាយថា៖ «ផលលំបាកក្នុងការបង្រៀនទៅពួកគាត់គឺមិនសូវជាមានប៉ុន្មានទេ តែអ្វីដែលលំបាកនោះគឺការសំរេចគោលដៅក្នុងការអោយគាត់ចេះ ម្យ៉ាងទៀតពេលដែលខ្ញុំចុះឡើងភ្នំពេញម្តងៗ គឺមានការខកខានក្នុងការបង្រៀនពួកគាត់ខ្លះដែរ មិនអត់ទេ ហើយខ្ញុំក៏ខ្លាចក្នុងការនាំកូវីតទៅដល់គាត់ដែរ ពេលខ្លះខកខានរៀន២ ទៅ៣ថ្ងៃក៏មានដែរ ទាំងអស់នេះហើយដែរជាឧបសគ្គរបស់ខ្ញុំ បើនិយាយថាហត់នឿយនោះគឺសឹងតែគ្មានហើយសម្រាប់ខ្ញុំនោះ»។

លោកមិន ពៅបាននិយាយថា ការបង្រៀនរបស់លោកពិតជាតិចតួចណាស់ក្នុងការជួយពួកគាត់ តែបើសិនជាគាត់មិនបានធ្វើនោះទេ តើក្មេងៗទាំងនោះនឹងទៅជាយ៉ាង ទោះបីជាលោករវល់យ៉ាងណាក៏ដោយ ក៏លោកមិនដែលគិតថាបោះបង់ចោលដែរក្នុងពេលនេះ ព្រោះឪពុកម្តាយរបស់គាត់រវល់រកស៊ី មិនមានពេលគ្រប់គ្រាន់នៅជួយបង្រៀនក្មេងៗទាំងអស់នោះបាននោះទេ ដូចនេះមានតែលើកទឹកចិត្តពួកគាត់តាមរយះការងារនេះ។

ពេលខ្លះដើម្បីអោយគាត់មករៀន លោកបានរៀបចំការលេងល្បែងកំសាន្តសប្បាយ ហើយពេលខ្លះគាត់ក៏បានចំនាយថវិកាផ្ទាល់ខ្លួនរបស់គាត់អោយទៅក្មេងដែលបានធ្វើលំហាត់ល្អជាងគេ អានបានល្អនោះ នឹងត្រូវបានការលើកទឹកចិត្ត ធ្វើដូចនេះពួកគាត់នឹងមករៀនទៀងទាត់។

លោកមិន ពៅ បាននិយាយថា៖ «មិនថាតែការបង្រៀនទេ ពេលខ្លះខ្ញុំអោយលុយពួកគាត់ថែមទៀតផង អ្នកខ្លះអានបានល្អខ្ញុំអោយគាត់៥០០រៀល រឺ១០០០រៀន ក៏មានដែរ ព្រោះគាត់សប្បាយចិត្តពេលគាត់អានបានល្អហើយទទួលរង្វាន់ពីខ្ញុំទៀត»។

លោកមិន ពៅបាននិយាយថាបណ្ណាល័យរបស់លោកមានសៀវភៅជាង ២០០ ទៅ ៣០០ក្បាលសម្រាប់ក្មេងៗជាច្រើន  ដែលទទួលបានទទួលបានមកពីកូនរបស់មិត្តភក្តិគាត់ ហើយខ្លះទៀតបានមកពីអ្នកមកទស្សនាបណ្ណាល័យ។

លោកបាននិយាយថាក្មេងៗសំខាន់ណាស់គឺអនាគតរបស់គាត់ ពួកគាត់ជាអនាគតរបស់សង្គម បើពួកគាត់មិនបានទទួលការអប់រំអោយបានល្អនោះទេ ហើយឱពុកម្តាយមានតួនាទីសំខាន់ក្នុងការជួយលើកទឹកចិត្តគាត់ ជួយណែនាំដាស់តឿនក្នុងការរៀនសូត្រព្រោះពេលដែលមានបញ្ហា គឺគ្រួសារនេះ​ជាអ្នកប្រឈមមុនគេ។

ក្នុងទឹកមុខដ៏មាំរបស់លោកមិន ពៅ លោកបាននិយាយទាំងអួលដើមកថា៖ «​ក្មេងៗសំខាន់ណាស់គឺអនាគតរបស់គាត់ ព្រោះពួកគាត់ជាអនាគតរបស់ប្រទេសជាតិ អ្វីដែលពួកគាត់កំពុងជួបគឺបញ្ហាក្នុងការរៀនសូត្ររបស់គាត់ ហើយចំណែកឪពុកម្តាយត្រួវតែជួយលើកចិត្តកូន ព្រោះសាលានៅឆ្ងាយ មិនដឹងថាត្រូវចូលរៀនវិញនៅពេលណា»។​

«ពួកគាត់គួរមកវិនិយោគលើកូនខ្លះ កុំវិនិយោគតែការរកស៊ី ភ្លេចមើលកូននៅផ្ទះ កូនយើងពេលដែលយើងវិនិយោគខុស គឺឪពុកម្តាយត្រួវទឹកភ្នែក មិនថាតែរូបខ្ញុំទេ សូមអោយយុវជនដែលមានចំនេះដឹង រឺក៏ទំនេរពីធ្វើការ គួរជួយបង្រៀនរឺដាស់តឿនអោយកូន ក្មួយ រៀនសូត្រ នេះក៏ជាចំណែកមួយជួយសង្គមផងដែរ»៕

សាលារាជធានី​ភ្នំពេញអនុញ្ញាត​ឱ្យ​​ម្ចាស់​ភោជនីយដ្ឋាន ដំណើរ​ការ​អាជីវកម្មទទួល​អតិថិជន

សាលារាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​​ម្ចាស់​ភោជនីយដ្ឋាន អាហារដ្ឋាន​​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួនបាន​​ជា​ប្រក្រតី ​និង​អាច​ទទួល​អតិថិជន​ឱ្យ​មក​ទទួល​ទាន​អាហារ​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​បាន​​ក្នុង​កំឡុង​ពេល​អនុវត្ត​វិធាន​ការរដ្ឋបាល​រយៈពេល​​ ​​​១៤​ថ្ងៃ ​ដើម្បី​ប្រយុទ្ធ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​​។

អភិបាល​រាជធានីភ្នំពេញ លោកឃួង ស្រេង នៅ​ថ្ងៃ​ទី​៣ ​ខែ​សីហា ​ឆ្នាំ​២០២១​នេះ ​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​មួយ​បន្ថែមទៀត​​លើ​​វិធាន​ការ​រដ្ឋ​បាល​​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​សម្រាប់​រយៈពេល​ ១៤​ថ្ងៃ​ដើម្បី​ប្រយុទ្ធ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ដោយ​បាន​កែ​សម្រួល​ខ្លឹម​សារ​ឡើង​វិញ​ថា​អនុញ្ញាត​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​-​អាហារដ្ឋាន​​បើក​ដំណើរ​ការ​អាជីវកម្ម ​និង​ទទួល​ភ្ញៀវ​ក្នុង​បរិវេណ​ទី​តាំង​បាន​ តែ​ថា​ត្រូវ​ធានា​នូវ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដោយ​រក្សា​គម្លាត​បុគ្គល​និង​សង្គម ក្នុង​រយៈពេល​អនុវត្ត​វិធាន​ការ​រដ្ឋបាល​​ ១៤​ថ្ងៃ​​រហូត​ដល់​​ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ​២០២១។

​សេចក្តីណែនាំបានអះអាងបន្តថា ការសម្រេចនេះបានកើតមាន ក្រោយ​ពិនិត្យ​ឃើញ​ថា​ម្ចាស់​ភោជនីយដ្ឋាន-អាហារដ្ឋាន​ដែល​មាន​ស្តង់​ដារ​​អនាម័យ បាន​ចូល​រួម​អនុវត្ត​លើ​ការ​ងារ​នេះ​បាន​ល្អ​ប្រសើរ ​និង​ដើម្បី​ជម្រុញ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​កំឡុង​ពេល​វិធានការ​រដ្ឋបាល។

អភិបាល​រា​ជ​ធានី​ភ្នំពេញ​រូប​នេះ​បាន​ណែននាំ​​ថា​៖ «​ភោជនីយដ្ឋាន​-អាហារដ្ឋាន​ក្នុង​សណ្ឋាគារ និង​ភោជនីយដ្ឋាន​-អាហារដ្ឋាន​ដែល​អាច​ធានា​បាន​នូវ​វិធាន​​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជា​ពិសេស​ការ​រក្សា​បាន​នូ​វ​គម្លាត​សុវត្ថិភាព​បុគ្គល​ និង​សង្គម ​អាច​ដំណើរ​ការ​អាជីវកម្ម​ជា​ប្រក្រតី​ និង​ទទួល​អតិថិជន​ឱ្យ​ចូល​​មក​ទទួល​​ទាន​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​របស់​ខ្លួន​បាន​»។

លោក​ឃួង​ ស្រេង​​ បាន​បន្ត​ទៀត​ថា៖ «ប៉ុន្តែ​ចាំ​បាច់​ត្រូវ​កំណត់​ចំនួន​អតិថិជន ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង ដើម្បី​រក្សា​​ឱ្យ​បាន​ដាច់​ខាត​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល-សង្គម និង​ដើម្បី​ធានា​ឱ្យ​មាន​ខ្យល់​ចេញ​-​ចូល​គ្រប់​គ្រាន់ ដោយ​ត្រូវចៀស​វាង​ការ​ប្រជៀត​គ្នា ឬ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន ដែល​ជា​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​កូវីដ-១៩ ​ក៏ដូច​ជា​ត្រូវ​គូស​គំនូស​សម្រាប់​អតិថិជន​ដើម្បី​រក្សា​គម្លាត ​១,៥​ម៉ែត្រ​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​នីមួយៗ»។

នៅ​ក្នុង​សេចក្តី​ណែនាំ​ខាងលើ​នោះ​បាន​បន្ថែម​ទៀត​ថា​ភោជនីយដ្ឋាន​-អាហារដ្ឋាន​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​ជា​ប្រក្រី​ទាំងនោះ ដាច់​ខាត​មិន​ត្រូវ​លក់​គ្រឿង​ស្រវឹង ឬ​អនុញ្ញាត​ឱ្យ​អតិថិជន​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទក្នុង​អាជីវកម្ម​ដ្ឋាន​របស់​ខ្លួន​ឡើយ ជាពិសេស​ត្រូវ​អនុវត្ត​បម្រាម​គោចរដោយ​ផ្អាក​សកម្មភាព​​អាជីវកម្ម​​នៅ​ចន្លោះ​ម៉ោង ​២១ដល់​ម៉ោង ​៣​រហូត​ដល់​ថ្ងៃ​ទី​១២​ខែ​សីហា​ឆ្នាំ​២០២១​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពីថ្ងៃ​ទី​២៩ ​ខែ​កក្កដា ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​វិធាន​ការ​​រដ្ឋបាល​​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​សម្រាប់​រយៈពេល​ ១៤​ថ្ងៃ​ដោយ​បាន​ចែង​ថា ​«​គ្រប់​ផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ​ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ផ្នែក​អាហារ​-ភេសជ្ជៈគ្រប់​ប្រភេទ​អាច​ដំណើរ​ការជា​ប្រក្រតី​តែ​ជា​លក្ខណៈវេជ្ជ​ខ្ចប់​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​​អតិថិជន​ចូល​មក​​ទទួល​ទាន​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​របស់​ខ្លួន​ឡើយ។ ​នេះ​បើ​តាម​សេចក្តី​ដដែល​បាន​បញ្ជាក់យ៉ាង​ដូច្នេះ​៕

ក្រសួងប្រកាសពីអាកាសធាតុត្រជាក់រហូតដល់ ២៤អង្សារសេ ចាប់ពីសប្តាហ៌នេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការប្រែប្រួលនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដោយអាកាសធាតុនឹងត្រជាក់រហូតដល់ ២៤អង្សារសេ ចាប់ពីថ្ងៃទី៤ ដល់ទី១០ ខែសីហា ដោយសារទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ពីប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម។

ជាមួយគ្នានឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ សេចក្តីជូនដំណឹងខាងលើ ក៏បានបញ្ជាក់ថាតំបន់វាលទំនាបកណ្តាល បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាមានពី ២៣អង្សារសេដល់ ២៦អង្សារសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០អង្សារសេដល់ ៣៤អង្សារសេ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវអោយប្រជាជនពរដ្ឋនៅតាមតំបន់ទំាងនោះ ធ្វើការប្រុងប្រយ័ត្នចំពោះខណៈដែលអាចនឹងមានភ្លៀងក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ និងនៅតាមបណ្តាតំបន់មាត់សមុទ្រ​ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង លាយឡំនិងខ្យល់បក់ខ្លាំង នឹងរលកសមុទ្រខ្ពស់៕

Q & A អំពីស្ថានភាពព្រៃ​ឈើនៅប្រទេស​កម្ពុជា

តាម​រយៈ​​អង្គ​ការ​​ទិន្ន​ន័យ​នៅ​អំពី​​ការ​​អភិវឌ្ឍ​ ព្រៃ​ឈើនៅប្រទេស​កម្ពុជា​​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ទៅ​លើ​គម្រប​ព្រៃ​ឈើ​សរុប​ និង​គម្រប​ព្រៃ​ស្ដុក ក្នុងកំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​។​ មន្រ្តី​​នៃ​បណ្ដាញផ្សព្វ​ផ្សាយ​ នៃ​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោកម៉ា ចិត្រា​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាសំណួរ ចំលើយដល់​សិក្ខា​កាម​ Newsroom Cambodia ​លោក​ មេង​ គ្រុយ​ពន្លក​ អំពី​ស្ថានភាព​ព្រៃ​ឈើ​នៅ​កម្ពុជា​។

លោកម៉ា ចិត្រា

Q: តើអ្វីទៅជាបទល្មើសព្រៃឈើ?​

A: បើ​ជា​ទូទៅ​ បើ​ដឹក​ចេញ​ពី​ព្រៃ​ការពារ​គឺ​ខ្ញុំ​ចាត់​ទុក​ជា​បទ​ល្មើស​ ការ​ដឹក​ចេញ​បើ​មិន​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ មិន​មាន​លិខិត​ត្រឹម​ត្រូវ​​ ព្រោះអី​ខ្ញុំ​គិត​ថាទោះ​បី​ជា​​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ ក៏​ពិត​មែន​ ប៉ុន្តែ​អ្នក​មូលដ្ឋានគាត់​​អាច​មាន​សិទ្ធិ​ក្នុង​ការ​ស្នើសុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ សាង​សង់ជា​ផ្ទះ​មិន​មែន​ជា​បទ​ល្មើស​ទេ​ មាន​ន័យ​ថា​​​គាត់​អាច​ស្នើសុំ​ជា​ផ្ទះ​សម្រាប់​រស់​នៅ​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចាត់​ទុក​ថា​ជា​បទ​ល្មើសនោះ​ គឺ​ការ​លួច​កាប់​ឈើ​ហើយដឹក​ឈើ​ចេញ​ពី​ក្នុង​ព្រៃ​យក​ទៅ​លក់​បន្ត ​​នេះ​បទ​ល្មើសព្រៃឈើ។​

Q: តើ​ប្រភេទ​ព្រៃ​ណា​ខ្លះ​ដែល​អាច​ទាញ​យក​អនុ​ផល​ពី​ព្រៃ​ឈើ​បានដោយមិន​ខុស​ច្បាប់​​? ​

A: បាទ​ ពាក់ព័ន្ធ​នឹងប្រភេទ​ការ​ប្រមូល​ផល​អនុ​ផល​ព្រៃ​ឈើ​ដែល​មិន​ខុស​ច្បាប់​ហ្នឹង​ វា​មាន​ដូច​ជា​ការ​ដងជ័រ​ទឹក​ យើង​ដុត​គល់វា​យក​ជ័រ​ទឹក​មាន​ដូច​ជា​ឈើទាល​អី​ជា​ដើម ​ហ្នឹង​វា​ជាការ​ដក​ហូត​ការប្រមូលផល​ដែល​មិន​ខុស​ច្បាប់​ ហើយ​ទន្ទឹម​ហ្នឹង​មាន​ផ្សេងៗទៀត​ មាន​ដូច​ជា​ការ​ទៅរក​វល្លិ ផ្ដៅ​ ទៅ​បេះ​គុយ​ យក​មក​លក់​អី​ដើម​ហ្នឹង​ វាមិន​មែន​ជា​ការ​ប្រមូល​ផល​ដែល​ខុស​ច្បាប់​ទេ​។

Q: តើលោក​យល់​យ៉ាងណាដែរចំពោះ ស្ថានភាពព្រៃឈើនៅប្រទេសកម្ពុជា?​

A: សម្រាប់​ខ្ញុំ​យល់​ឃើញ​ថា​អំពី​ព្រៃ​ឈើ​នៅ​កម្ពុជា​ ខ្ញុំ​គិត​ថា​វិ​នាស​សកម្ម​ហ្នឹង​វា​នៅ​តែ​មាន​ជា​បន្ត​បន្ទាប់​ ហើយ​វា​ជា​ជំងឺ​ដែល​ពិបាក​ព្យាបាល​ណាស់​ប្រសិន​ជា​ថ្នាក់​ដឹក​នាំ​រដ្ឋ​ ឬ​អ្នក​ដឹក​នាំ​ស្ថាប័ន​ក្រសួង​ដែល​ធ្វើការ​ពាក់​ព័ន្ធ​ហ្នឹង​ដែល​មិន​ប្ដេជ្ញា​ចិត្តក្នុង​ការ​ទប់​ស្កាត់​ទេ​ ខ្ញុំ​មិន​រំពឹង​ថា​ព្រៃ​ឈើ​ដែល​នៅ​ក្នុង​តំបន់​ការ​ពារ​ហ្នឹង​នៅ​សល់​ទេ​ ព្រោះ​អី​យើង​មើលឃើញ​កន្លង​មក​ហ្នឹង​គាត់​តែង​តែ​និយាយ​ថាការ​ពារ​មិន​បាន​មួយ​រយ​ភាគរយ​ទេ​ ផ្ទៃ​ដី​ព្រៃ​ហ្នឹង​វា​ធំ​ធេង​ណាស់​រហូត​ទៅ​ដល់​រាប់​លាន​ហិច​តា ហើយ​ឧទ្យាន​នុរក្ស​ហ្នឹង​មាន​តែ​ប៉ុន្មាន​ពាន់​នាក់​ទេ។​

ខ្ញុំ​មិន​ដឹង​ថា​គាត់​យក​ជា​ហេតុ​ផល​ត្រឹម​ត្រូវ ​ឬក៏​ជាលេស​ដោះ​សារ​ដើម្បី​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​ទេ​ ព្រោះ​កន្លង​មក​គាត់​ថា​ឧទ្យាន​នុរក្ស​គាត់​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើការ​ ខិតខំ​ល្បាត​អី​ជា​ដើម​ហ្នឹង​ ប៉ុន្តែ​វា​មិន​អាច​ទប់​ស្កាត់​បាន​មួយរយ​ភាគរយ​ហ្នឹង​ ដោយ​សារ​តែ​ផ្ទៃ​ដី​ហ្នឹង​វា​ធំ​ធេង​ជា​ដើម​ហ្នឹង​ ដែល​គាត់​ធ្លាប់​លើក​ឡើង​ ហើយ​គាត់​ធ្លាប់​លើក​ឡើង​ថា​ព្រៃ​ឈើ​ស្រុក​ខ្មែរ​ហ្នឹង​មាន​តែ​បទ​ល្មើស​ទ្រង់​ទ្រាយ​តូច​ទេ​។

អ្វី​ដែល​ជា​ការ​គត់​សម្គាល់​ហ្នឹង ​យើង​មិន​ដែល​ឃើញ​ក្រសួងបង្ហាញថា​អ្វី​ទៅទ្រង់​ទ្រាយ​តូច អ្វី​ទៅ​ហៅ​ថា​ទ្រង់​ទ្រាយ​ធំ​ បើ​មែន​ទែន​ទៅ​ដឹក​ចេញ​ពី​តំបន់​ព្រៃ​ដូច​គ្នា​ ទោះ​បី​តូច​ ឬ​ធំ​នៅ​តែ​ជា​បទ​ល្មើសដដែល​​ទេ​ ហើយ​រហូត​មក​ដល់​ថ្ងៃ​​នេះ ​បើ​តាម​សហគមន៍​នៅ​មូល​ដ្ឋាន ​ក៏​នៅ​បន្ត​ឃើញ​មាន​ការ​ដឹក​ចេញ​ពី​តំបន់​ព្រៃ​ការ​ពារ​ដែរ​មាន​ព្រៃ​ឡង់​ ព្រៃ​ព្រះ​រកាអី​ជា​ដើម​ ចឹង​ចង់​មិន​ចង់​ព្រៃ​ឈើ​យើង​អាច​នឹង​នៅ​បាន​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ទេ​បាទ​ ហើយ​វា​អាច​ថា​នៅ​ក្នុង​ថ្ងៃ​អនាគតទៅ​ព្រៃ​ហ្នឹង​រិច​រឹល​ទៅ​វា​អាច​ថា​ដក​ព្រៃ​ហ្នឹង​ចេញ​ពី​តំបន់​ការ​ពារ​អ៊ីចឹង​ អាច​ជា​យក​ហេតុផល​ថា​ជា​ព្រៃ​សឹក​រឹច​រឹល​ទៅ​ គេ​អាច​វិនិយោគ​តំបន់​ព្រៃ​ណា​មួយ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​អី​ជា​ដើម​ហ្នឹង​។

Q: តើ​កត្តា​អ្វី​ខ្លះ​ដែល​ជា​មូលហេតុ​នៃ​ការ​បាត់​បង់​ព្រៃ នៅ​ប្រទេសកម្ពុជា​?​

A: បើ​មែន​ទែនអាច​ពាក់​ព័ន្ធ​រឿង​សំខាន់​បំផុត​​ខ្ញុំ​អាច​ចាត់​ទុក​ថាមាន​អំ​ពើរ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​ព្រៃ​ឈើហ្នឹង​ទី​មួយ​ ហើយ​ទី​ពីរ​អាច​ថា​កត្តា​សេដ្ឋ​កិច្ច​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​ក្រី​ក្រ​ដែល​គាត់​អត់​មាន​គំនិត​ថា​ទៅ​រក​ស៊ី​អី​ អ្វី​ដែលគាត់​ធ្វើ​ គឺ​គាត់​ទៅ​កាប់​ព្រៃ​ លក់​ដើម្បី​ជីវភាព​គ្រួសារ​ពួក​គាត់​អី​ជាដើម​ហ្នឹង​ ហើយ​មូល​ហេតុ​ចម្បង​ទៀត​នោះ​គឺ​ពាក់​ព័ន្ធ​ទៅ​នឹងការ​មិន​យក​ចិត្ត​ទុក​ដាក់ និង​ទទួល​បាន​លុយ​កាក់​ពី​ការ​កាប់​ព្រៃ​ឈើ​អី​ហ្នឹង​ជា​មូល​ហេតុ​សំខាន់។​

ហើយ​មួយ​ទៀត​សោតហ្នឹង ​គឺ​ថា​មន្ត្រី​ថ្នាក់​ក្រោម​ហ្នឹង​អត់​មាន​អំណាចគ្រប់​គ្រាន់​ មានន័យ​ថា​គាត់​មិន​មាន​សិទ្ធិ​ក្នុង​ការ​ចាប់​ជន​ល្មើស​ណា​ដែល​ អាច​មាន​ករណី​ជន​ល្មើស​មាន​ខ្នង​បង្អែក​ជា​មន្រ្តី​រាជ​ការ​ ឬក៏​ជា​ទាហាន​អី​ជា​ដើម​ទៅ។​

Q: តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​មាន​ការ​ធានា​ថា​មិន​មាន​ការ​កាប់​ព្រៃឈើ​ដោយ​ខុស​ច្បាប់​ត​ទៅ​ទៀត?

A: បើ​យើង​និយាយ​ពី​ប្រទេស​នីតិរដ្ឋ​ មិន​បាច់​ទៅ​ធ្វើ​អី​វែង​ឆ្ងាយ​ទេ​ ឱ្យ​តែ​រដ្ឋ​ខ្លួន​ឯង​ហ្នឹង​មាន​ស្មារតី​ មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ទប់​ស្គាត់​ជា​ចំណុច​មួយ​សំខាន់ ហើយ​មួយ​ទៀត​រដ្ឋ​ខ្លួន​ឯង​ហ្នឹង​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ឱ្យ​សាធារណជន​ហ្នឹង​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​ពារ ​បើ​ទោះ​ជា​ច្បាប់​មាន​ចែង​មែន ​ក៏ប៉ុន្តែ​អ្វី​ដែល​យើងឆ្លងកាត់​​កន្លង​មក​ហ្នឹង​មិន​បាន​មាន​ចែង​ក្នុង​ច្បាប់​ទេ។​

នៅ​ក្នុង​ច្បាប់​ គាត់សរសេរ​​ឱ្យ​សាធារណៈ​ជន​ការពារ ​ក៏ប៉ុន្តែ​នៅពេល​ដែល​សាធារណជន​ចូលរួម​ការ​ពារ​ ក៏ប៉ុន្តែ​នៅ​សាធារណជន អង្គការ​សង្គម​ស៊ី​វិល​អី​ ឬក៏​សហគមន៍​ចូលរួម​ការ​ពារ​គាត់​បែរ​ជា​ហាម​ឃាត់​​ គាត់​ព្យាយាម​រក​ហេតុ​ផល​ដើម្បី​ចុះ​អនុស្សរណៈយោគយល់(MOU) ជាមួយ​ក្រសួង​បរិស្ថានមុន​ទៅ​ល្បាត​ ឬក៏​ទៅ​ធ្វើ​ការ​ចូល​ព្រៃ​អី​ជា​ដើម​ទៅ ព្រោះ​អី​យើ​ង​មិន​មែន​មិន​ទុក​ចិត្ត​មន្រ្តី​រដ្ឋា​ភិបាល​ទាំងស្រុង​ទេ​ប៉ុន្តែ​អ្វី​​ដែល​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ កាល​ណា​ដែល​យើង​ចុះ​​អនុស្សរណៈយោគយល់(MOU) ទៅ​វា​អត់​មាន​អី​ចំណេញ​ទេ​វា​មាន​តែ​ខាតពេល​​នៅ​ក្នុង​ការចុះ​ទៅ​ល្បាត​ទេ​ ការ​ចុះអនុស្សរណៈយោគយល់(MOU)​​​ហ្នឹង​ទៀត​សោត​មិន​ដែល​សាធារណ​ជន​ទៅ​ធ្វើអនុស្សរណៈយោគយល់(MOU)ជាមួយ​ក្រសួង​ទេ​ នេះ​ជា​ហេតុ​ផល​អត់សម​រម្យ​ទេ។

​អ៊ីចឹង​ក្រសួង​ពិចារណា​ឡើង​វិញ​ ស្ថិត​នៅ​ក្នុង​បុព្វហេតុ​នៃ​ការ​ពារ​ព្រៃឈើ​ដូច​គ្នា​ ក្រសួង​គួរតែ​បើក​ទូ​លាយ​ឱ្យ​សាធារណ​ជន​ ក៏​ដូច​ជា​សហកគមន៍​មូល​ដ្ឋាន​ឱ្យ​ពួកគាត់​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​ក្នុង​ការ​ទប់​ស្កាត់​ក្នុង​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​យើង​។​

Q: តើលោក​យល់​ថាស្ថាន​ភាព​​ព្រៃ​ឈើនឹង​មាន​ភាព​ល្អ​ប្រ​សើ​រទេ​ក្នុង​ថ្ងៃ​អនាគត?

A: នា​អនាគត​ យើង​​មិន​អាច​មើល​ឃើញ​ទេ​ ប៉ុន្តែ​បើ​យើង​ពេល​បច្ចុប្បន្ន​​ ប្រសិន​ជា​បច្ចុប្បន្ន​នេះ​ ​អ្វី​ដែល​រដ្ឋា​ភិបាល​នៅប្រកាន់​ចរិក​ដដែល​ ការ​ធ្វើការ​ដដែល​ថ្ងៃ​ក្រោយ​ព្រៃ​ឈើ​មិន​ស្ថិតថេរទេ​ នឹង​កាន់​តែ​សឹក​រិចរឹល​បន្ថែម​ទៀត​ ហើយ​ប្រសិន​ជា​គាត់​មាន​ការ​កែ​ប្រែ​មាន​យុត្តិសាស្រ្ត​ថ្មី​ គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​ពិត​ប្រាកដ​ បំបាត់​នៅ​អំពើរ​ពុករលួយ​ បក្សពួក​និយម​អ៊ី​ចឹង​ជា​ដើម​ ហើយ​បើក​ចិត្ត​ទូ​លាយ​ឱ្យ​សាធារណជន​ចូល​រួម​ ទោះ​បី​ជា​មាន​កាប់​តិច​តួច​បំផុត​ ហ្នឹង​ខ្ញុំ​គិត​ថា​អាច​ទប់​ស្កាត់​បាន​​​ប្រសិន​បើរដ្ឋា​ភិបាល​គាត់​យក​គំនិត​ហ្នឹង​ទៅ​ពិចារណា​។

Q: តើ​លោកមាន​អនុសាន៍បាន​ណា​ដើម្បី​មិន​មាន​បទ​ល្មើស​ព្រៃ​ឈើ​តទៅ​ទៀត?​​

A: ជា​យោបល់​ខ្ញុំ​ ក្នុងនាម​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ​ ខ្ញុំ​មាន​គំនិត​បែប​សាមញ្ញ​ មាន​តែ​មាន​ការ​បើក​ឱ្យ​ពលរដ្ឋ​ចូល​រួម​ការ​ពារ​ហើយ​ហ្នឹង​ ហើយ​រដ្ឋាភិបាល​ហ្នឹង​មាន​ឆន្ទៈ​ពិតប្រាកដ​ កុំ​ឱ្យ​មាន​អំ​ពើ​ពុក​រលួយ​ក្នុង​វិស័យ​ព្រៃ​ឈើ​ហ្នឹង​ យើង​ការ​ពារ​ទ្រព្យ​សម្បត្តិ​យើង​ទាំង​អស់​គ្នា​ ប៉ុន្តែ​ប្រសិន​បើ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​តែ​មាន​គំនិត​លោភលន់​ចង់​បាន​តែ​ឯង​ ចង់​បាន​ការ​កេង​ចំណេញ​ពី​តួនាទី​របស់​គាត់​ បើក​ដៃ​ឱ្យ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ហ្នឹង​វា​បាត់​បង់​ហើយ​។

ហើយ​មួយ​ទៀត​ សាធារណ​ជន​ទាំង​អស់​គ្នា​ ទោះ​បី​ជា​យើង​មិន​មែន​ជា​អ្នក​នៅ​ស្រុក​ព្រៃ​ ក៏​ពិត​មែន​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​យើ​ង​អត់​មាន​ផល​ប៉ះ​ពាល់​ដែរ​ដូចទស្សនៈលោក​បណ្ឌិតកែម ឡី​ដែល​គាត់​លើក​ឡើង​ថា​ «បើយើង​មិន​ធ្វើ​អ្វី​សោះ​ក៏​រង​គ្រោះ​ដែរ»​ ហើយ​ពាក្យ​ដែល​គាត់​លើក​ឡើង​ហ្នឹង​មាន​ន័យ​ទូ​លំ​ទូ​លាយ​ណាស់​ ដែល​គ្រប់​ស្ថាន​ការ​ដែល​យើង​អាច​មក​សិក្សា​បាន​ ចំណុច​នេះ​។

ខ្ញុំ​ចង់​រំលេច​ត្រង់​ហ្នឹង​ដែល​ខ្ញុំ​ចង់​និយាយ​ថា​ទោះ​បី​ជា​យើង​នៅ​ក្នុង​ទី​ក្រុង​ក៏​ដោយ​ យើងមិន​មែន​នៅ​ព្រៃ​ក៏ដោយ ​តែ​ប្រសិន​ជា​នៅ​តំបន់​ព្រៃ ​វា​បាត់​បង់​ព្រៃ​ឈើ​ទៅ ​អ្នក​នៅ​ក្រុង​ក៏​រស់​មិន​បាន​សុខ​ដែរ​ ដោយ​សារ​តែ​អស់​ព្រៃ​ឈើ​ទៅ​ អាកាសធាតុ​ប្រែប្រួល​ វា​អាច​ថា​ខែ​វស្សា​ទៅ​ទឹកជំនន់​ ហើយ​ខែ​ប្រាំង​ទៅ​គ្រោះ​រាំងស្ងួត​អ៊ីចឹង​ជា​ដើម​ វាមិន​មែន​ប៉ះ​ពាល់​តែ​នៅ​ស្រុក​ព្រៃ​ទេ​ អ៊ី​ចឹង​ហើយ​បាន​ជា​ខ្ញុំ​លើក​ទឹក​ចិត្ត​ថា​ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ​​នេះ​ត្រូវ​តែ​ចូល​រួម​ឱ្យបាន​សកម្ម​ដើម្បី​ ទោះ​បី​ជា​មិន​បាន​ចុះ​ទៅ​ព្រៃ​ផ្ទាល់​។

សាធារណជន​ យុវជន​ហ្នឹង​ត្រូវ​តាម​ដាម​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធសង្គម​អី​ជា​ដើម​ យើង​ចូល​រួម​​ចែក​រំលែក​គ្នា​share ដើម្បី​ឱ្យ​ដំណឹង​នេះបាន​ទៅ​ដល់​ប្រមុខ​រដ្ឋា​ភិបាល​ឱ្យ​គាត់​បាន​ឃើញ​បាន​ដឹង​ ថា​សាធារណជនក៏បាន​ចូល​រួម​ដឹង​លឺ​ដែរ​អំពី​ការ​បាត់​បង់​ព្រៃឈើ​ហ្នឹង​ កុំឱ្យមាន​ការលើក​ឡើង​ថា​អ្នក​តវ៉ាមួយ​ចំនួន​មក​ដល់​ផ្ទះ​គាត់​អី​ហ្នឹង​ ជំនាន់​ហ្នឹងគាត់​និយាយ​ថា​គាត់​អត់​បាន​ដឹង​អីផង​ អាច​ដឹង​ថា​លើក​មុន​គាត់​អត់​ដឹង​អី​មែន​ ប៉ុន្តែ​ឥឡូវ​ហ្វេស​បុក​វា​មាន​ប្រ​ជា​ប្រិយ​ភាព​ប្រជា​ពលរដ្ឋ​តាម​ដាន​ច្រើន​ ខ្ញុំ​គិត​ថា​ពេក​គាត់​ចែក​រំលែក​ច្រើន​គាត់​បាន​ឃើញ​បាន​ដឹង​ចឹង​៕

កម្រិតទឹកទន្លេមេគង្គក្រោម កើនឡើងដោយសារភ្លៀងធ្លាក់និងការបញ្ចេញទឹកពីទំនប់

គណៈ​កម្មា​​​​ការ​ទន្លេ​មេ​គង្គ ​(MRC) នៅ​ថ្ងៃ​ទី​២៨ ខែកក្ដដា ឆ្នាំ​ ២០២១ បាន​លើក​ឡើង​ថា​កម្រិត​ទឹក​ដែល​បាន​កត់​ទុក​នៅ​ក្នុង​អាង​ទន្លេ​មេ​គង្គ​​ក្រោម​ (LMB) មាន​​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​អំ​ឡុង​ពេល​ ៧ ថ្ងៃ​ចុង​ក្រោយ​នេះ​ ដោយ​សារ​​មាន​ភ្លៀង​​ធ្លាក់​​ខ្លាំង​ និង​ការ​បញ្ចេញ​ទឹក​ភ្លាម​ៗ​ពី​ទំ​នប់វារីអគ្គីសនី​​ ក៏ប៉ុន្តែកំរិតទឹកទន្លេឆ្លងកាត់ស្ថានីយ៍ត្រួតពិនិត្យទាំងអស់នៅតែទាបជាងកំរិតប្រកាសអាសន្ន ឬចំនុចគ្រោះថ្នាក់។

លោក​​ឡាំ​ហុង ​សុន ​ប្រ​ធាន​លេ​ខា​ធិ​ការ​ដ្ឋាន​តំ​បន់​ទឹក​ជំ​នន់ ​និង​គ្រោះ​រាំង​ស្ងួត​​បាន​មាន​ប្រ​សាសន៍​ថា ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​ទំ​នប់​វា​រី​អគ្គិស​នី​នៅ​ទន្លេ​មេ​គង្គ​ក្រោម​ រួម​ទាំង​ទំ​នប់​ទឹក​បាន​បញ្ចេញ​បរិ​មាណ​ទឹក​យ៉ាង​ច្រើន​ក្នុង​កំ​ឡុង​ថ្ងៃ​ទី​២៤-២៥ ខែ​កក្ក​ដា​ ដែល​​បណ្តាល​ឱ្យ​ក​ម្ពស់​ទឹក​ហក់​ឡើង​យ៉ាង​លឿន។

លោកបានបន្ថែមទៀតថាគេមិនទាន់ដឹងច្បាស់ថាតើការកើនឡើងទាំងនេះបណ្តាលឱ្យមានការខូចខាត ឬយ៉ាងណានោះទេ។

លោកឡាំ​ ហុងសុនបានមានប្រសាសន៍ថា៖ «ការបញ្ចេញទឹកភ្លាមៗពីទំនប់វារីអគ្គិសនីបង្កជាបញ្ហាប្រឈមចំពោះការព្យាករណ៍កម្ពស់ទឹកទន្លេ» ដោយកត់សម្គាល់ថា

គណៈកម្មការទន្លេមេគង្គបានដំឡើងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិចំនួន ៦៧ នៅតាមដងទន្លេមេគង្គ និងដៃទន្លេ ដើម្បីប្រមូលទិន្នន័យទឹកភ្លៀង និងកម្រិតទឹក។

នៅប្រទេសកម្ពុជា កំរិតទឹកនៅលាតសន្ធឹងចាប់ពីខេត្តស្ទឹងត្រែង ដល់អ្នកលឿងក្នុងខេត្តព្រៃវែង ត្រូវបានគេរាយការណ៍ថាបានកើនឡើង ០,៨៥ម ក្នុងរយៈពេលដូចគ្នា។ក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់ កម្រិតត្រូវបានព្យាករណ៍ថានឹងកើនឡើង ២,៦០ម ទៀត៕

សាលារាជធានី​ចេញបម្រាមផ្អាកសកម្មភាពនានា ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ ទៀបភ្លឺ រយៈពេល១៤ថ្ងៃ

រដ្ឋបាលរាជធានី​​ភ្នំពេញ បាន​ចេញ​បម្រាម​គោចរ​​​មិន​ឱ្យ​មាន​ការ​ធ្វើ​ចរាចរណ៍ និង​សកម្មភាព​​ផ្សេងៗ ចាប់​ពីម៉ោង​ ៩ យប់​រហូត​ដល់​ម៉ោង​៣ ទៀប​ភ្លឺ​ ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​រយ:ពេល​១៤ ថ្ងៃ​រាប់​ចាប់​ពី​ម៉ោង​២៣:៥៩ នាទី​រំលងអធ្រាត​ឈាន​ដល់​ថ្ងៃទី​៣០ ខែ​កក្កដានេះ​ រហូត​ដល់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១​ ដើម្បទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ ចេញ​នៅ​ថ្ងៃ​​ទី​២៩ ខែ​កក្កដា​​នេះ​​បញ្ជាក់​ថា ​ត្រូវ​​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្មភាព​ការងារ​ ឬអាជីវកម្ម​ដែល​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ នានា​រួម​មាន​ សាលារៀន​ទាំង​រដ្ឋ ​និង​ឯកជន​ អាជីវកម្ម​ ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ រមណី​យដ្ឋាន​នានា អាជីវកម្ម​ម៉ាស្សា​គ្រប់​ប្រភេទ ហាង​លក់​គ្រឿង​ស្រវឹង​ ព្រម​ទាំង​រោង​ភាព​យន្ត​ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ។

សាលារាជធានី​ក៏​បា​ន​ហាម​ការ​ជួប​ជុំ​ដែល​មាន​ចំនួន​មនុស្ស​លើស​ពី​ ១០ នាក់​ នៅ​ទី​សាធារណ: លើក​លែង​ចំពោះ​ការ​ជួប​ជុំ​ក្នុង​សមាជិក​គ្រួសារ​ ពិធី​បុណ្យ​សព​ ស្ថាប័ន​សាធារណ:  ការ​ជួប​ជុំ​របស់​បុគ្គលិក​សុខាភិបាល​ក្នុង​ការ​បំពេញ​ភារកិច្ច​ដូចជា​ការ​យក​សំណាក​ និង​ការ​ចាក់​វ៉ាក់​សាំង​កូវីដ១៩ ការ​ជួប​ជុំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​បំពេញ​ការងារ ការ​ជួប​ជុំ​ក្នុង​សាលាជម្រះក្តី​ និង​ការ​ជួប​ជុំ​ដែល​ចាំបាច់​ក្នុង​គោល​បំណង​បម្រើ​ផល​ប្រយោជន៍​សាធារណ: ត្រូវ​បានលើក​លែង​។

ក្នុង​សេចក្តីប្រកាស​ដដែល​នោះ​បញ្ជាក់​ថា៖ «ក្នុង​ករណី​រកឃើញ​ថាបុគ្គល​ ឬ នីតិ​បុគ្គល​ទាំង​ឡាយ​ណា​ ដែល​បំពាន​វិធាន​ការ​នេះ​ ត្រួវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល​ និង​ទណ្ឌកម្ម​ច្បាប់​ រួម​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណ:ចំពោះ​បុគ្គល​ល្មើស​ ស្របតាម​ច្បាប់​ស្តី​ពី​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ថរ​ផ្សេង​ទៀត​ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ជា​ធរមាន​ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ​»។

ករណី​លើក​លែង​ក្នុងអំឡុង​ពេល​អនុវត្ត​បម្រាម​គោចរ​នេះ​ មាន​ដូចជា ការ​ធ្វើ​ដំណើរ​របស់​មន្រ្តី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ មន្រ្តី​ការទូត អ្នក​សារព័ត៌មាន អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ បុគ្គលិក​បម្រើ​ការ​នៅ​អាកាសយានដ្ឋាន​ ការ​ធ្វើ​ដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាប់​ (មិន​លើស​ពី​សមាជិក​៤ នាក់)​ ការ​ធ្វើ​ដំណើរ​ទៅ​លំនៅ​ដ្ឋាន​របស់​បុគ្គល​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​ អ្នកជំងឺ​ចេញ​ពី​មន្ទីរពេទ្យ​ ការ​ដឹក​ជញ្ជូន​ទំនិញ​ និង​គ្រឿង​បរិភោគ​គ្រប់​ប្រភេទ​ក៏​ត្រូវ​បាន​លើក​លែង​ ប៉ុន្តែ​មិន​ត្រូវ​លើស​ពី​២ នាក់​ ព្រម​ទាំង​ការ​ដឹក​ជញ្ជូន​ទំនិញ​យុទ្ធសាស្រ្ត​របស់​រដ្ឋក៏​ត្រូវ​បាន​លើក​លែង​ សេវា​សង្គ្រោះ​បន្ទាន់​សុខាភិបាល​ទាំង​រដ្ឋ​និង​ឯកជន និង​ករណី​ចាំ​បាច់​ដទៃ​ទៀត​នៃ​សេវា​សាធារណ:​រួម​មាន​ ឱសថស្ថាន សេវាពន្លត់​អគ្គីភ័យ​ សេវា​ផ្គត់​ផ្គង់​អគ្គិសនី​ និង​ទឹក​ស្អាត​ជាដើម​ ដែល​រួច​​ពី​បម្រាម​គោចរ​នេះ​បាន៕

បទយកការណ៍៖ ជីវភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែទាល់ច្រក ខណៈតម្លៃប្រេងឥន្ធនៈបន្តកើនឡើងក្នុង​វិបត្តិកូវីដ

នាថ្ងៃ​ត្រង់​បើក​ថ្ងៃ​ចែស​ លាយ​ខ្យល់​បក់​តិច​ៗ​ផង​ ​នា​ថ្ងៃ​ព្រហស្បតិ៍​​សមជា​ថ្ងៃ​មាន​មនុស្ស​អ៊ូអរដោយ​អ្នក​ដំណើរ​ទៅ​មក​ច្រើន​តាម​ដង​ផ្លូវ​។ មាន​កង់​បី​សារី​ថ្មី​ដែល​គេ​និយម​ហៅ​ថា​ Passapp បរ​​​ចុះ​ឡើង​គ្មាន​អ្នក​ដំណើរដើម្បី​រក​ភ្ញៀវ​ អ្នករត់​កង់បី​ខ្លះ​ទៀតសំចត​នៅ​តាម​របង​សាលា និង​ផ្ទះ​គេនៅ​ក្នុង​បុរី​ពិភពថ្មី​​ និងខ្លះទៀតចតសរសៀរតាម​ចិញ្ចើម​ផ្លូវ។

​បុរស​វ័យ​កណ្តាល់​ជាង​ ពាក់​អាវ​ពណ៌​លឿង​ឆ្នូត​ស​ដៃ​វែង​ កំពុង​អង្គុយ​សំកុក​លើ​រ៉ឺម៉ក​​កង់​បី​ខ្មែរ ហើយនិយាយ​ជា​មួ​យ​មិត្ត​រួម​វិស័យ​ដឹក​អ្នក​ដំណើរ​ដូច​គ្នា​។ ​ខុស​ពី​​គាត់ មិត្ត​របស់​គាត់​មាន​ម៉ូតូ​កង់​បី​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​កង់បី​ឥណ្ឌានោះ​។ កំពុង​តែ​និយាយ​គ្នា​ ស្រាប់​តែ​កង់​បី​ឥណ្ឌា​បរ​ចេញ​ទៅ​ នៅ​សល់​តែបុរស​វ័យ​ជាង​ពាក់​កណ្តាល​​​ សម្បុរ​សណ្តែក​បាយ​ ជាមួយ​សក់​រួញ​អង្គារដី​ពណ៌​ខ្មៅរូប​នេះ ​មិន​ចេញ​ម៉ូតូ​កង់​បី​ខ្មែរ​របស់​ខ្លួន​ទៅ​ណា​ដូច​កង់​បី​ឯទៀតទេ។ ​ ​​ដោយ​ឡែក​លោក​បែរ​ជា​​ចុច​ទូរស័ព្ទ​ចុះឡើង​ ហាក់​កំពុង​ឆែក​មើល​ទូរស័ព្ទ​ដៃ​ខ្លួន​​បណ្តើរដែល​ទំនង​ជា​កំពុង​ទន្ទឹង​រង​ចាំ​នរណា​ខល​មក​​ រីឯភ្នែកទាំង​គូឆ្លៀត​​​រំពៃ​រក​មនុស្ស​ម្នា​ឆ្លង​កាត់​ទី​នោះ​ក្រែង​​មាន​អ្នក​​ហៅដើម្បី​ជិះ​​។

បុរស​ម្នាក់​នោះ​គឺ​ជា​អ្នក​ប្រកបរបរ​រត់​កង់​បី​ខ្មែរ​ដើម្បី​ចិញ្ចឹម​ជីវិត​ ដែល​តែង​​ចាំ​ម៉ូយ​នៅ​ម្តុំ​បរិវេណ​បុរី​ពិភព​ថ្មី​ ផ្សារ​ឈូក​មាស។ លោក​មាន​ឈ្មោះ​ថា សុខ​ វណ្ណនី​ ​ជា​អ្នក​ស្រុក​ខេត្ត​បាត់​ដំបង​ ​លោក​បាន​ប្រាប់ ​Newsroom Cambodia ថា​ លោកចិញ្ចឹម​ជីវិតលើ​សេវា​ដឹក​ជញ្ជូន​អាស្រ័យ​ទោចក្រយានតាំង​ពី​ឆ្នាំ​១៩៩១ មក​ម្ល៉េះ​ បើ​គិត​មក​ទល់ឆ្នាំ​២០២១​នេះ​អស់​រយ:ពេល​៣០​ឆ្នាំ​មក​ហើយ​។

លោកសុខ សុវណ្ណនី

លោក​បាន​ត្អូញ​ត្អែរ​ពី​បញ្ហា​ខ្សត់​​ភ្ញៀវ​ដឹក​​ ​ក្នុង​រយ:ពេល​២ ទៅ​៣ ថ្ងៃ​នេះ​  ហើយលោក​បាននិយាយ​ថា ​មក​ទល់​ថ្ងៃ​ត្រង់​នេះ​ រកបានតែលុយចំនួន ​​៧០០០រៀលប៉ុណ្ណោះ​ពី​ការ​ដឹក​អតិថិជន​បាន​តែ​ម្នាក់​តាំង​ពីព្រឹក​មក​​។ ខណ:ដែល​ម៉ូតូ​របស់​លោក​ វណ្ណនី​ជា​ប្រភេទ​ម៉ូតូ​ដែល​អាច​ចាក់​បាន​តែ​ប្រេង​ស៊ុបពែ​​តែ​ប៉ុណ្ណោះ​ដែល​ជា​ប្រភេទ​ប្រេង​កំពុង​មាន​តម្លៃ​ឡើង​ដល់​ ៤៦០០រៀលក្នុង​មួយ​លីត្រ​ លើស​ពី​តម្លៃ​ប្រភេទ​ប្រេង​ឥន្ធន:ដទៃ​ទៀត​ ដោយ​ប្រេង​សាំង​ធម្មតា​មាន​តម្លៃ​ស្មើ​៤១០០ រៀល​ក្នុង​មួយ​លីត្រ លោក​មិន​​បាន​តំឡើង​ថ្លៃ​ដឹក​ពី​ភ្ញៀវ​របស់​លោក​នោះទេ​។

ហេតុ​បែប​នេះ​ បាន​​ធ្វើ​ឱ្យ​​លោក​និយាយ​ទាំង​ជ្រួញ​ចិញ្ចើម​ចេញ​ជា​ផ្នត់​ៗ​ ដោយ​​ទឹក​មុខ​តាន​តឹង​ផង​​ថា​ ៖ «តម្លៃ​ធម្មតា​ ធ្លាប់​យក​ប៉ុនណាយក​ប៉ុណ្ណឹង អត់​ហ៊ាន​ឡើង​ថ្លៃ​ផង។ ហើយ​រាល់​ថ្ងៃ​អត់​មាន​ទេ! អត់​មាន​ម៉ូយ​ដឹក​ រក​ពីរ បី​ ថ្ងៃហើយ​ អត់​ម៉ូយ​អ្នកជិះ! ហើយ​សាំង​ឡើង​ថ្លៃ​ ប្រសិន​បើ​មាន​ម៉ូយ​ដឹក ​ក៏​នៅ​តែ​យកតម្លៃ​ដដែល​ អត់​បាន​ឡើង​ (តម្លៃ​) ទេ​»។  ​  ​

គាត់​បានអះអាងថា រក​បានអតិថិជន​កាន់​តែ​តិច​ទៅ​ៗ ដោយ​ភ្ញៀវ​របស់​គាត់​ភាគ​ច្រើន​ខ្លាច​ឆ្លងកូវីដ​​ និង​ចាប់​ផ្តើម​លែង​សូវ​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ញឹកញាប់​ដូច​កាល​ពី​មុន​។

បុរស​ដែល​មាន​គ្រួសារ​ក្នុង​បន្ទុក​ចំនួន​ ៤នាក់​ ជា​មួ​យ​កូន​តូច​ៗ​២​នាក់​ បាន​អះអាង​ថា​​លោក​ត្រូវ​ចំណាយ​លើ​ថ្លៃប្រេង​ស៊ុប​ពែ ៤៦០០រៀលក្នុង​១លីត្រ ជា​អចិន្រ្តៃ​យ៍​ទោះ​បី​ជា​មួយ​ថ្ងៃ​នោះ​មិន​ទទួល​បាន​ភ្ញៀវ​ដឹក​សូម្បី​តែ​ម្នាក់​ក៏​ដោយ​ ​។

«អត់​មាន​ភ្ញៀវ ១ថ្ងៃ​១លីត្រ ! គ្រាន់​តែ​ជិះ​ទៅ​នឹង​មក​កន្លះ​លីត្របាត់​ហើយ​ទៅ​ឈូក​វ៉ា (ទីតាំង​ផ្ទះ​ជួល​របស់​លោក​ វណ្ណនី​)​ ជួន​កាល​បាន​តែ​មក​ហើយ​ ល្ងាច​ឡើង​ទៅ​វិញ​» នេះ​ជា​សម្តី​ដែល​លោក​​ វណ្ណនី​ អង្គុយ​លើ​កង់​បី​របស់​ខ្លួន​ផ្ទាល់​។

«កាន់​តែ​ស្ងាត់​ទៅ​ៗ ហើយ​! បើ​ឥណ្ឌាគេ​ត​ផាសអ៊ែប (Pass app) គេមាន​ខ្លះ​។ ហើយ​យើង​អត់​មាន​តផាសអ៊ែប​ (Pass app) នឹង​គេ​ទេ​។ សំខាន់​គ្មានម៉ូយ​ បើ​ម៉ូយអត់​តេ (ខល) អត់​ហើយ​។ ឥឡូវ​ម៉ូយ​អត់​មាន​ដើរ​ទៅ​ណា​ទេ​ គេ​ខ្លាច​កូវីដ​ […] តែ​យើង​ខ្លាច​ដែល​ធ្វើ​ម៉េច​បើ​យើងត្រូវ​តែ​មក​រក បើ​​អត់​រក អត់​ (ចំណូល) !  កាន់​តែ​យ៉ាប់​ទៅ​ៗហើយ​…មួយ​ថ្ងៃ​បាន​លុយ ​៧០០០ (រៀល) ធ្វើ​អី​គ្រប់​? ចាក់​តែ​សាំង​!»។

លោក​បានបញ្ជាក់​ថា​ទោះ​បី​ជា​​ក្រោយ​ការ​បិទខ្ទប់ទី​ក្រុង​ លោក​នៅ​តែ​ពិបាក​ក្នុង​ការ​រក​អ្នក​ដំណើរ​ជិះ​កង់​បី​របស់​លោកជា​ខ្លាំង​ដោយ​យល់​ថា​មនុស្ស​ម្នា​មិន​សូវ​ហ៊ាន​ចេញ​ក្រៅ​ច្រើន​ដូច​សព្វ​មួយ​ដង​ ហើយ​តម្លៃ​ប្រេង​ស៊ុប​ពែ​ឡើង​ថ្លៃ​បែប​នេះ​ទៀត​ ​រឹត​តែ​មិន​អាច​រក​ផល​ចំណេញ​ពី​ការ​ដឹក​ភ្ញៀវ​បាន​បន្ថែម​ទៅ​ទៀត​។ អ្នក​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​បាន​រៀប​រ៉ាប់​ទាំង​ក្តី​អស់​សង្ឃឹម​ថា​៖ «ហើយ​ឥឡូវ​ឈប់​រត់​ម៉ូតូ​កង់​បី​ទៅ​រក​អី​? យើង​អត់​មាន​តម្រិះ​វិជ្ជា​ក្នុង​ខ្លួន​ ហើយ​រត់​ម៉ូតូ​ឡើង​ចង់​ស្លាប់​​ទៅ​វិញ​ហើយ»។ ​​​

ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​អ្នក​ប្រកបរបរជា​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បានសម្តែង​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ទ្រាំទ្រ​ជីវភាព​របស់​ខ្លួន​ក្នុងគ្រា​លំបាក​ចំ​​ពេល​ទំនិញ​កំពុង​ឡើង​ថ្លៃ​​ ដើរ​ទទឹម​គ្នា​នឹង​ពេល​​តម្លៃ​ប្រេង​ឥន្ធន:នៅ​ប្រទេស​កម្ពុជា​ ចាប់​ផ្តើម​កើន​ឡើងនៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ ឆ្នាំ​២០២១​​ ដោយ​តម្លៃ​ប្រេង​សាំង​ធម្មតា​ឡើង​ដល់ ៤១០០រៀល​/លីត្រ ប្រេង​ស៊ុបពែថ្លៃ ៤៦៤០រៀល/លីត្រ​ និង​ ប្រេង​ម៉ាស៊ូត​ថ្លៃ​ ៣៦៥០រៀល/លីត្រ។

ក្រឡេក​មក​មើល​អ្នក​រត់​កង់បី​ឥណ្ឌា​​ ដែល​​ប្រើ​ប្រាស់​កម្មវិធី​អនឡាញ​ក្នុង​ការ​រកភ្ញៀវ​ដឹកវិញ​ម្តង​ ដែល​កំពុង​អង្គុយ​សំកុក​ចាំ​ភ្ញៀវ​និង​ការ​ហៅ​ចូល​របស់​អតិថិជន​តាម​ទូរស័ព្ទ​ដៃ​​ក្នុង​កង់បី​របស់​ខ្លួន​ បាន​បញ្ជាក់​ថាទោះ​បី​​ជា​កង់បី​ឥណ្ឌា​ល្បី​ថា​មិន​ចាក់​សាំង​ក្តី​ ប៉ុន្តែ​​កង់បី​ប្រភេទនេះ​នៅ​តែ​ត្រូវ​ការ​ចាក់​ទាំង​ប្រេង​សាំង​ធម្មតា និង​ហ្គាស​ទើប​អាច​ដំណើរ​ការ​បាន​។

លោក​ចន្ទ​ ពិសី អាយុ​៤០​ឆ្នាំ​ ដែល​ជា​អ្នក​ចាប់​របរ​រត់​កង់បី​ឥណ្ឌាក្នុង​រយ:ពេល​ ២ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ប្រាប់​ទាំង​ភ្នែក​ក្រហម​ចេញ​សរសៃ​ ដោយ​នឿយ​ហត់​​ថា​៖ «វា​ប៉ះពាល់​ហើយ​ ដោយសារ​អី​ វា​អត់​មាន​មនុស្ស​ដើរ​ទេ​ រាល់​ថ្ងៃ​អត់​មានភ្ញៀវ​ទេ​ បើ​រយ:ពេល​តាំង​ពី​ព្រឹក​ដល់​ស្មើ​នេះ​ […] បើ​និយាយ​ពី​ Booking Pass app [ការ​កក់​] វិញ​ អត់​រកអាលីញ អត់​មានភ្ញៀវ​រក​ ដល់​អញ្ចឹង​ពិបាក​ដែរ​ ព្រោះ​អីណាមួយ​សាំងក៏​ឡើង​ថ្លៃ ហ្គាស​ក៏​ថ្លៃ​ ប៉ុន្តែ​ពួក​ខ្ញុំ​ប្រើ​ហ្គាស​ទេ​ ប៉ុន្តែ​ហ្គាស​ក៏​ថ្លៃ​ដែរ។ […] ប៉ុន្តែ​ឥឡូវ​ឡើង​មែន​ទែន​អត់​ចុះ​ទេ ណាមួយ​សម័យ​នេះ​អត់​មាន​មនុស្ស​ទៀត។ ដល់​អញ្ចឹង​ ពួក​ខ្ញុំ​ពិបាក​ខ្លាំង​ម៉ង​ហ៎ា ប៉ុន្តែ​យើង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ​អានឹង»។

តម្លៃ​ហ្គាស​កាលពី​មុន​ត្រឹមតែ ​១២០០រៀល​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​នេះ​ចាប់​តាំង​ពី​តម្លៃ​ប្រេង​សាំង​ឡើងដល់​ ៤១០០រៀល មក​ ថ្លៃ​ហ្គាស​ដែល​លោក​ចាក់​ក៏​មាន​ការ​កើន​ឡើង​ដូច​គ្នា​ដែរ ពោល​ហក់​ដល់​ចន្លោះ​ពី ​២០០០ ទៅ​ ២២០០រៀល​ក្នុង​មួយ​លីត្រ​។ នេះ​ជា​ការ​បញ្ជាក់​ផ្ទាល់​ពី​លោក​ពិសី។

លោក​ពិសី​ បាននិយាយ​ថា​លោក​នឹងផ្លាស់ប្តូរ​របរ​នេះ ទៅ​រក​ការ​ដឹក​ជញ្ជូន​ទំនិញ​អនឡាញ​វិញ​ព្រោះ​លោក​គិត​ថា​មិន​អាច​ទប់ទល់​ការ​ចំណាយ​ថ្លៃ​បង់​កង់​បី​នេះ​ឱ្យ​ក្រុមហ៊ុន​បាន​ ស្រប​ពេល​ដែល​​អតិថិជន​ក៏​ស្រុត​ចុះ​ខ្លាំង​ជា​លំដាប់​ គួប​ផ្សំ​នឹង​ការ​ឡើង​ថ្លៃ​ហ្គាស​ និង​សាំងថែម​ទៀត។​ លោក​បានបន្តថាមាន​តែ​បង្ខំ​ចិត្ត​ទាំង​ដែល​កាល​ពី​មុន​លោក​ធ្លាប់​លក់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ចោល​ ហើយ​ប្តូរ​មក​បញ្ចាំ​កង់​បី​ឥណ្ឌា ប៉ុន្តែ​លោក​មិន​នឹក​ស្មាន​ថា​មាន​វិបត្តិ​កូវីដ ទន្ទឹម​នឹង​ការ​តំឡើង​ថ្លៃ​សាំង​ផង​នោះ​ការ​ខិត​ខំ​រកចំណូល​លើ​កង់បីឥណ្ឌា​បែប​ឌីជីថល​នេះ​ ត្រូ​វ​បាត់​បង់នាពេល​ឆាប់ៗ​នេះ​។

​​អ្នក​ស្រីស្រី​ អូន ដែល​ជា​អ្នក​លក់​បន្លែ​នៅ​ផ្សារ​អូរឬស្សី បាន​ពន្យល់​ពី​បញ្ហា​ថ្លៃសាំង​ឡើង​ថ្លៃ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់​បន្លែ​របស់​អ្នកស្រី​ធ្លាក់​ចុះ​ខ្លាំង​ ព្រម​ទាំង​ធ្វើ​ឱ្យ​អ្នក​ស្រី​បង្ខំ​ចិត្ត​ដំឡើង​តម្លៃ​បន្លែ​ដែល​ធ្លាប់​លក់​ក្នុង​តម្លៃ​សមរម្យ​រហូត​ដល់​ពេល​នេះ​​បរិមាណ​នៃ​ការ​លក់​ចេញ​ចេះ​តែ​ថយ​ចុះ​ទៅ​ៗ ដោយ​អតិថិជនមាន​ការ​រអ៊ូរទាំ​ពី​ការ​រក​ចំណូល​មិន​សូវ​បាន​ហើយ​បន្លែ​ឡើង​ថ្លៃ​ទៀត​។

«​សាំង​ឡើង​ថ្លៃ ប្រេង​ឡើង​ថ្លៃ​ អ្នក​ភ្ជួរដី​ឱ្យ​យើង​​ក៏​ឡើង​ថ្លៃ។ ឧទាហរណ៍​ថា ១ម៉ោង​ ៤ម៉ឺន​ (រៀល) ឥឡូវ​ឡើង​ ៥ ម៉ឺន​ (រៀល​) »។

អ្នកស្រីស្រី អូន

អ្នកស្រី​បានបន្ត​ថា ដោយ​ត្រាក់ទ័រ​សម្រាប់​ប្រើ​ក្នុងការ​ភ្ជួរ​ដី​ដាំដំណាំ​ប្រើ​ប្រេង​ម៉ាស៊ូត ដោយ​កាល​ពី​មុន​អ្នកស្រី​ចំណាយទ្វេ​ដង​ដល់​ ៩ម៉ឺនរៀលក្នុង​មួយ​កាន ដោយ​កាល​ពី​មុន​​វា​មាន​តម្លៃ​ ​ ៧ម៉ឺន​រៀល ក្នុង​មួយ​កានដែល​កើន​ឡើង​ប្រមាណ​ជា ​២ម៉ឺន​រៀល ឬ ​៥ដុល្លារ។ ហើយ​ថ្លៃ​ឈ្នួល​កម្មករ​ករឡើង​ថ្លៃ​ទទឹម​គ្នា​ដែរ គឺ​មាន​ការ​ឡើង​គុណ នឹង​២ដង បើ​ធៀប​ទៅ​នឹង​ថ្លៃ​ឈ្នួល​ដាំដំណាំ​កាលពី​មុន​ត្រឹម​ ១៥០០០​រៀល ឡើង​ដល់​ ៣០០០០រៀល។

អ្នកស្រី​បានយល់​ថា​ការ​លក់​ដូរ​បន្លែ​របស់​អ្នកស្រី​មិន​មាន​ផល​ចំណេញ​នោះ​ទេ​ គឺ​បាន​តែ​មួយ​ហូប​តែ​ប៉ុណ្ណោះ​ក្នុង​កាល:ទេស:ថ្លៃ​សាំង​ឡើង​នេះ​។ «គ្មាន​ដែល​គិត​ថា​ឱ្យ​សល់​ (​ប្រាក់​) ទេ​! រាល់​ថ្ងៃ​នេះ​! បើ​ថា​ស៊ី​មិន​ឱ្យ​ជំពាក់​គេ​ នៅ​តែ​ជំពាក់​គេ​ទៀត​»។​

លោក​ កៀត​ សាយ ដែល​ជា​អ្នក​លក់​ទឹក​អំពៅ​នៅ​ទល់​មុខ​ផ្សារ​អូរឬស្សី​បាន​ប្រាប់​ Newsroom Cambodia ថាការ​លក់​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់បើ​ធៀប​នឹង​​​ការ​លក់​នៅ​២ ទៅ​៣ ខែ​មុន​។ លោក​យល់​ថា​នេះ​ប្រហែល​មកពី​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​ ហើយ​លោក​ក៏​បាន​ត្អូញត្អែរ​ពី​ការ​ឡើង​ថ្លៃ​សាំង​ដែរ​​ថា ៖ «មិន​ងាយ​ទេ ហើយ​យើង​ត្រូ​វ​ការ​សាំង ហើយ​សាំង​ឡើង​ម្លឹង​ៗ»។ 

លោក និង​ភរិយា​ក៏​បាន​អំពាវ​នាវ​ឱ្យ​រាជរដ្ឋា​ភិបាល​ទម្លាក់​ថ្លៃ​សាំង​ក្នុង​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កំឡុង​ពេល​ជំងឺ​កូវី​ដ-១៩ បន្ត​វាយ​លុក​។ ទាំង​លោក​សាយ ព្រមទាំង​ភរិយា​​​បាន​និយាយ​ព្រម​គ្នា​ថា​៖ «កាល​លើក​មុន​បា​ន​គាត់ (​លោក​នាយក​រដ្ឋមន្រ្តី​)​ស្រែក​ទៅ​ បាន​ចុះ​ (​ចុះ​ថ្លៃ​សាំង​) ខ្លះ​។ ឥឡូវ​ឡើង​ដល់​ ៤០ជាង​ជិត ​៥០​ (​៤០០០ ជិត​៥០០០ រៀល) ហើយ។ ដល់​ពេល​ទៅណា​មក​ណា​ក៏​ពិបាក​ដែរ សាំង​ឡើង​ថ្លៃ»។ ​

លោកកៀត សាយ

ដោយ​ម៉ាស៊ីន​កិន​អំពៅ​ និង​ម៉ូតូ​ភ្ជាប់​នឹង​ធុង​អំពៅ​សុទ្ធ​តែ​ត្រូវ​ការ​ប្រើប្រាស់ប្រេង​​សាំង​ អ្នក​ប្របករបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដោយ​ធ្វើ​ការ​លក់​អំពៅ​ចល័ត​ទី​តាំង​ចុះ​ឡើង​រអ៊ូ​ថា​​ការ​លក់​​ចាប់​ផ្តើម​ខាត​ចំណូល​ច្រើន​ ស្របពេល​ដែល​តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ​ដូច​គ្នា​នោះ ហើយ​ការ​លក់​អំពៅ​ក្នុង​មួយ​កែវ​ ២០០០រៀល ដែល​ជា​តម្លៃ​យូរ​មក​ហើយ​ក៏​មិន​បាន​ដំឡើង​តាម​ថ្លៃ​សាំង​នោះ​ទេ​។

លោក​វន់​ ពៅ ជា​ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បា​ន​បញ្ជាក់​ពី​ផលប៉ះពាល់ធ្ងន់​ធ្ងរ​​ដល់​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​នៅ​កម្ពុជាថា​ ផ្នែក​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ចំពោះ​អ្នក​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ មាន​ដូចជា​អ្នក​លក់​ដូរតូច​តាច​ មាន​អ្នក​​លក់​ចំណី​អាហារតាម​រទេះ អ្នក​លក់​បន្លែ​​ ព្រមទាំង​អ្នក​ប្របករបរ​ផ្នែក​វិស័យ​ដឹក​ជញ្ជូន​ដូចជា​ អ្នក​រត់​ម៉ូតូ​ឌុប កង់បី តាក់ស៊ី ជាដើមត្រូ​វ​ប៉ះពាល់​ដោយ​ផ្ទាល់​។

សព្វ​ថ្ងៃ​អ្នកប្រកបរបរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ជាង​ ៨​លាននាក់ ដែល​ស្មើ​នឹង​ជាង​ ៨០% ក្នុងចំណោម​កម្លាំង​ពលកម្ម​នៃ​ប្រជាជន​កម្ពុជា​ជាង​ ១០លាន​នាក់ ​​ក្នុង​ប្រទេស។​ នេះយោង​តាម​លោក​ វន់ ពៅ​ ដដែល​បាន​បញ្ជាក់​ប្រាប់​ Newsroom Cambodia តាម​ទូរស័ព្ទ​ដៃ​កាលពី​ថ្ងៃ​ទី​២៤ កក្កដា​។

«អ្នក​ដែល​ប្រកប​របរ​តូច​តាច ស្ថានភាព​កូវីដ​ ប្រាក់​ចំណូល​ធ្លាក់​ចុះ​ស្ទើរ​តែ​ដល់កម្រិត​​សូន្យ អ្នកមួយ​ចំនួន​ដល់​កម្រិត​សូន្យ​ទៅ​ហើយ។ ហើយ​ឥឡូវ​ប្រេង​ឥន្ធន:ឡើង (តម្លៃ​)​ ​ថែម​ទៀត​នោះ វាជា​បញ្ហា​ធ្ងន់​ធ្ងរ​មែន​ទែន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ មិន​ថា​មុ​ខ​របរ​តូច​ឬ​មុខ​របរ​ធំទេ គឺ​ប៉ះពាល់​ទាំង​អស់​ ជាពិសេស​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ពីព្រោះ​ប្រាក់​ចំណូល​បាន​តិច​ហើយ​ អត់​មាន​តុល្យ​ភាព​ទៅ​នឹង​តម្លៃ​សាំង​ដែល​យើង​ត្រូវ​ចំណាយ​ទៅ​វិញ​ទេ»។

លោក​បណ្ឌិត​គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ បាន​ផ្ញើ​សារ​ជា​សំឡេង​តាម Telegram ​ថា​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ទន:នេះ​ ជា​កត្តា​មួយ​ដែល​រុញ​ច្រាន​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ ដោយ​ហេតុ​ថា មាន​ការ​កាត់បន្ថយ​ការ​ធ្វើ​ដំណើរ​ និង​ការ​បង្កើន​ការ​ចំណាយ​លើ​ថ្លៃ​ប្រេង​ច្រើន​ដែល​ជា​ហេតុនាំឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ទំនិញ​ផ្សេង​ៗ។

«ការ​ឡើង​ថ្លៃ​ប្រេង​ហ្នឹងគឺ​ជា​ការ​ធ្វើ​ឱ្យ​​មាន​អតិ​ផរណា​ (​ការ​កើន​ឡើង​នៃ​ថ្លៃ​ទំនិញ ឬ​សេវាកម្ម​ទូទៅ​ក្នុង​ទី​ផ្សារ​ ក្នុង​ពេល​ជាក់​លាក់​ណាមួយ​)​ ខណ:ពេល​ដែល​​សកម្មភាព​​សេដ្ឋកិច្ច​នានា​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សារ​វិបត្តិ​កូវីដ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោកស៊ាង​ ថៃ​ បាន​ឆ្លើយ​តប​តាម​ Telegram បាន​រំឮក​ពី​បញ្ហា​ថ្លៃ​សាំង​កើន​ឡើង​កាល​ពី​ ៦ ទៅ​ ៧​ឆ្នាំ​មុន ហើយ​ដំណោះស្រាយ​ពេល​នោះ​គឺ​ ក្រសួង​ពាណិជ្ជកម្ម​រួ​មជាមួយ​ក្រសួង​រ៉ែ និង​ថាមពល បាន​បើក​កិច្ច​ប្រជុំជា​មួយក្រុមហ៊ុននាំចូលប្រេងទាំងអស់នៅកម្ពុជា ដោយ​ចង់ឲ្យតម្លៃប្រេងក្នុងប្រទេសឡើងចុះតាមទីផ្សារអន្តរជាតិ។ ដើម្បីដោះស្រាយបញ្ហានោះ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល បានអញ្ជើញក្រុមហ៊ុននាំចូលប្រេងទាំងអស់នៅកម្ពុជា មកប្រជុំ ពិភាក្សារកដំណោះស្រាយ គឺចង់ឲ្យតម្លៃប្រេងក្នុងប្រទេសរលាស់ ឡើងចុះតាមទីផ្សារអន្តរជាតិ។

«រហូតមកដល់ពេលនេះ ប្រេងឥន្ទន:ដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែនាំចូលពីបរទេសទាំងអស់ ដូច្នេះតម្លៃលក់រាយប្រេងឥន្ធន: គឺវាអាស្រ័យទាំងស្រុងទៅនឹងថ្លៃប្រេងលើទីផ្សារអន្តរជាតិ»។

«ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះពន្ធចំនួន ២សេនដុល្លាក្នុងសាំងមួយលីត្រ ហើយក្រុមហ៊ុនប្រេងក៏ជួយសម្ដេចតេជោ ដោយបញ្ចុះតម្លៃ ២សេនដុល្លាក្នុងសាំងមួយលីត្រដូចគ្នាដែរ។ បានន័យថា ប្រជាពលរដ្ឋទូទាំងប្រទេស ពេលចាក់សាំងមួយលីត្រ ត្រូវបានទទួលការជួយពីរាជរដ្ឋាភិបាល ចំនួន ៤សេនដុល្លារ»។ នេះ​ជាសំដី​លោក ស៊ាង​ ថៃ​ ដែល​បានប្រាប់ ​Newsroom Cambodia។

​សេចក្តី​ប្រកាស​ស្តីពី​ថ្លៃ​លក់​រាយ​ប្រេងឥន្ធន:នៅ​តាម​ស្ថានីយ៍​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា​ ២០២១ កន្លងទៅ​នេះបាន​បញ្ជាក់​ថា​ តម្លៃ​លក់រាយប្រេង​ឥន្ធន:ចាប់​ពី​ថ្ងៃទី​១៦ ដល់​ទី​៣១​ កក្កដា​នេះ​ត្រូវ​លក់​ក្នុង​តម្លៃ​ ៤៦៥០ រៀល/លីត្រ សម្រាប់​ប្រេង​ធម្មតា និង ៣៨១០ រៀល​/លីត្រ សម្រាប់​ប្រេង​ម៉ាស៊ូត​ ដែល​ជា​តម្លៃមធ្យម​​តាម​ទី​ផ្សារអន្តរជាតិ​។ ក្រោយ​​​ពី​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន ​សម្រេច​បញ្ចុះ​ថ្លៃ​ប្រេង​ឥន្ធន:លក់​រាយ​ចំនួន ៤ សេន​ដុល្លារ/លីត្រ តម្លៃ​សាំង​ប្រេង​ធម្មតា​លក់​ចេញ​ក្នុង​តម្លៃ​ ៤១០០ រៀល/លីត្រ និង​ ៣៦៥០ រៀល​/លីត្រសម្រាប់​ប្រេង​ម៉ាស៊ូត​៕

ខេត្តចំនួន៨ នឹងត្រូវបិទខ្ទប់ជាបណ្តោះអាសន្តដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដប្រភេទដែលតា

កម្ពុជា​បានសម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន ​៨​ជាបណ្តោះ​អាសន្ន​នៅតាម​​​ព្រំដែន​កម្ពុជា​-ថៃ​ក្នុង​រយៈពេល​ ១៤​ថ្ងៃ​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មក​ពី​មេរោគ​កូវីដ-១៩​បំប្លែងថ្មី​ប្រភេទ​ដែល​តា (Delta)។

យោង​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​២៨​ ខែ​កក្កដា ឆ្នាំ​២០២១​នេះ ការ​បិទខ្ទប់​ជាប​ណ្តោះ​អាសន្ននេះនឹង​គិត​ចាប់​ពី​ម៉ោង​ ២៣:៥៩នាទីនាថ្ងៃ​ទី​២៩ ​ខែ​កក្កដា ​ឆ្នាំ​២០២១ ​រហូត​ដល់​ថ្ងៃទី​១២ ​ខែ​សីហា ​ឆ្នាំ​២០២១​។

សេចក្តី​សម្រេច​ដដែល​​នោះ​បាន​បញ្ជាក់​ថា​ខេត្ត​ទាំង​៨ ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ជាបណ្តោះ​អាសន្ន​នោះ​រួម​មាន​ ខេត្តកោះ​កុង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​ឧត្តរមានជ័យ ខេត្ត​ព្រះ​វិហារ និង​ខេត្ត​សៀម​រាប។​

ភូមិ​សាស្ត្រ​ដែល​ត្រូ​វបាន​បិទ​ខ្ទប់​អាច​ត្រូវ​បាន​បែក​ចែក​ជា​តំបន់ក្រហម បញ្ជាក់​ពី​ការ​ឆ្លង​រាលដាលជំងឺកូវីដ​-១៩កម្រិត​​ធ្ងន់​ធ្ងរ តំបន់​លឿង​ទុំ​បញ្ជាក់​ពី​ការ​ឆ្លង​រាល​ដាល​កម្រិត​មធ្យម​ និង​តំបន់​លឿង​បញ្ជាក់​ពី​ការ​ឆ្លង​រាល​ដាល​កម្រិត​ស្រាល​នៅក្នុង​សហគមន៍ ដោយ​​សេចក្តី​សម្រេច​របស់​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ដែល​ត្រូវ​បាន​បិទខ្ទប់។ នេះ​យោង​តាម​សេចក្តី​សម្រេច​ខាងលើ​ដដែល។

សេចក្តី​សម្រេច​ដដែល​បាន​បញ្ជាក់ថា៖ «​គណៈអភិបាល​ខេត្ត​នៃ​ខេត្ត​ដែល​ត្រូវ​បាន​បិទ​ខ្ទប់មាន​ភារកិច្ច​ដើម្បី​ដាក់​ចេញ​នូវ​វិធាន​ការ​ហាម​ឃាត់ ​ឬ​វិធាន​ការ​រឹត​ត្បិត​ ជាអាទិ៍ ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​ក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់ ឬ​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ឆ្លង​កាត់​ព្រំ​ប្រទល់​ភូមិសាស្ត្រ​ខេត្ត​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ ការ​ជួប​ជុំឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស សកម្មភាព​ការងារ​ មុខ​របរ ឬ អាជីវកម្ម​ និង​បម្រាមគោចរ​ស្រប​តាម​ច្បាប់​ដែល​មាន​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កំឡុង​ពេល​បិទ​ខ្ទប់​នេះ សកម្មភាព​ពាក់​ព័ន្ធ​នឹងវិស័យ​អាកាសចរណ៍​ស៊ីវិល​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​ជា​ធម្មតា​ រួម​ទាំង​ការ​ធ្វើ​ដំណើរ​ពាក់​ព័ន្ធ​នឹង​វិស័យ​នេះ៕

កម្ពុជាពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដប្រភេទដែលតា(Delta) រយៈពេល១៤ថ្ងៃ

រាជរដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃ​ពុធ​នេះ​បាន​ដាក់​ចេញ​នូវ​សារាចរ​ឱ្យ​អនុវត្ត​បន្ទាន់​ស្តី​ពី​យុទ្ធ​នា​ការពង្រឹង​វិធាន​ការ​ប្រយុទ្ធ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ប្រភេទ​ដែល​តា​(Delta) នៅ​ទូ​ទាំង​ប្រទេស​ចំនួន ​១៤​ថ្ងៃ​ទៀត​គិត​ចាប់​ពី​ថ្ងៃទី​២៩ ​ខែ​កក្កដា ​ឆ្នាំ​២០២១ ​រហូត​ដល់​ថ្ងៃទី​១២​ ខែ​សីហា ​ឆ្នាំ​២០២១។

យោង​តាម​សារាច​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃពុធទី​២៨​ ខែ​កក្កដា​ឆ្នាំ​២០២១នេះ នាយករដ្ឋ​មន្ត្រី​កម្ពុជា លោកហ៊ុន សែន​បាន​បញ្ជាក់​ក្នុង​សារាចរ​នោះ​ថា៖​ការ​ពង្រឹង​វិធាន​ការ​ទាំង​ផ្នែក​រដ្ឋបាល​ ទាំង​ផ្នែក​សុវត្ថិភាព​សុខាភិបាល ទាំង​ផ្នែក​ផ្លូវ​ច្បាប់​គឺ​ជា​កត្តា​សំខាន់​ដ៏​ចាំ​បាច់ បន្ថែម​ពី​លើ​វិធាន​ការ​អប់​រំ និង​ណែនាំ​នានា​កន្លង​មក ដែល​មិន​ត្រឹម​តែ​អាច​កាត់​បន្ថយ​បាន​នូវ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​បាន​នូវ​លក្ខណៈ​សម្បត្តិ​ ដើម្បី​ឈាន​ឆ្ពោះ​ទៅរក​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការ​រស់​នៅ​ជាមួយ​ជំងឺ​កូវីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​បន្ទាប់​ពី​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នឹង​ត្រូវ​បញ្ចប់​ដោយ​ជោគជ័យ​នា​ពេល​ខាង​មុខ​នេះ។

លោក​ហ៊ុន សែន​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ចាំ​បាច់​មួយ​ចំនួន​ និង​បន្ទាន់​ក្នុង​យុទ្ធនាការ​នេះ​ឱ្យ​គណៈអភិបាល​រាជធានី​-ខេត្ត​ទាំងអស់ ចេញ​វិធាន​ការ​រដ្ឋបាល​ និង​វិធាន​ការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ ពង្រឹង​ការអនុវត្ត​វិធាន​ការ​ច្បាប់ តាម​ភូមិ​សាស្ត្រ​រៀង​ខ្លួន​ ប្រ​កប​ដោយ​ភាព​ម៉ឺង​ម៉ាត់​ តឹងរ៉ឺង ព្រមៗ​គ្នា​កំឡុង​ពេល​យុទ្ធនាការនេះ។

លោក​ហ៊ុន សែន​បាន​បញ្ជារ​ឱ្យ​ឃាត់​ការ​ធ្វើ​សកម្មភាព​ មុខរបរ និង​អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ហាម​ជួប​ជុំ​ ឬប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈឯកជន​លើ​សពី ​១០​នាក់ ហាម​ជួប​ជុំ​គ្នា​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ អនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​ជាលក្ខណៈវេចខ្ចប់ និង​ចេញ​បម្រាម​គោចរ​ពី​ចន្លោះ​ម៉ោង ​២១(ម្ភៃមួយ)​ដល់​ម៉ោង ៣(បី) ​សម្រាប់​ភូមិសាស្ត្រ​ទាំង​មូល ​ឬ​ផ្នែក​ណាមួយ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន​ជាពិសេស​ រាជធានីភ្នំពេញ ទីរួម​ខេត្ត និង​ទីប្រជុំ​ជន​នានា។ នេះ​យោង​តាម​សារាចរខាងលើ​​។

នៅ​ក្នុង​កំឡុង​ពេល​នៃ​យុទ្ធនាការ​នេះ​ លោកហ៊ុន សែន បានលោក​ទឹក​ចិត្ត​ដល់​​ក្រសួង​-ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន ព្រម​ទាំងបុគ្គល​ឯកជន​​ប្រើ​ប្រាស់​ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​-១៩​ដើម្បី​ស្វែង​រក​អ្នក​វិជ្ជមាន​កូវីដ-១៩​គោល​បំណង​បង្ការ​និង​រក​ឃើញ​ឆាប់​រហ័ស​ គ្រប់​គ្រង​បាន​លឿន និង​កាត់​ផ្តាច់​ខ្សែ​ច្រវាក់​កា​រ​ឆ្លង​រាល​ដាល​បាន​ទាន់​ពេល​៕

បុគ្គលិកតវ៉ាឲ្យក្រុមហ៊ុនព្រលានយន្តហោះសៀមរាបដោះស្រាយ ក្រោយត្រូវបានបញ្ឈប់ដោយសារវិបត្តិកូវីដ

បុគ្គលិកជាង​ ១០០នាក់ កាលពីពេលថ្មីៗនេះ​បាន​​ស្នើរឲ្យក្រុមហ៊ុនព្រលានយន្តហោះនៅខេត្តសៀមរាប ឈ្មោះ VINCI/ CAMS/ SCA និងអាជ្ញាធរអាកាសចរស៊ីវិលព្រមទាំងមន្ទីរ និងក្រសួងការងារ ជួយដោះស្រាយបញ្ហាក្រោយពួកគាត់ត្រូវបានបញ្ឈប់ពីការងារដោយ​សារ​​វិបត្តិ​ជំងឺកូវីដ។

តាម​រយៈ​ទំព័រ​ហ្វេស​បុក​របស់​បុគ្គលិកម្នាក់​​ឈ្មោះ​ហួរ សុខសំណាង (Hour Soksamnang) បាន​លើក​ឡើងថា ​តាមរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនមិនបានខាតទេ នឹងមានតែចំណេញ ហើយបានអះអាងថា ការ​បញ្ឈប់​នេះ​គឺ​ជា​គឺ​ជា​អំពើ​អ​យុត្តិធម៌​។

លោកហួរ សុខសំណាង

លោកបាន​លើក​ឡើង​ថា​ «​ការបញ្ឈប់បុគ្គលិក ១៣១នាក់នៅព្រលានយន្តហោះខេត្តសៀមរាបនេះជាការឆ្លៀតឱកាសក្នុងវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យបុគ្គលិកទទួលទុក្ខយ៉ាងធ្ងន់ធ្ងរពីអំពើអមនុស្សធម៌របស់ក្រុមហ៊ុនមួយនេះ»។

បុរស​ម្នាក់​ក្នុង​ចំណោម​បាតុ​ករ​ដ៏ទៃ​ទៀត​ដែល​ជា​បុគ្គលិក​បាន​ឈរ​បាតុកម្ម​ដោយ​លើក​បដា​ស្នើ​រឱ្យ​ក្រុម​ហ៊ុន​ (VINCI/ CAMS/ SCA) និង​ក្រសួង​ការ​ងារ​ជួយ​​ដោះ​ស្រាយ​ការ​បញ្ឈប់​បុគ្គលិក​ឱ្យ​បាន​ឆាប់​ចប់។

ស្រដៀង​គ្នា​នេះ​ ស្រ្ដី​ម្នាក់ក្នុង​ចំណោម​បាតុ​ករ​ដ៏ទៃ​ទៀត​ដែល​ជា​បុគ្គលិកបាន​ឈរ​បាតុ​កម្ម​នៅ​មុខ​ក្រុម​ហ៊ុន​ថា ​«ខ្ញុំស្នើរ​ឱ្យ​ក្រុម​ហ៊ុន​ (VINCI/ CAMS/ SCA) ​ក្រសួង​ការ​ងារ​ អាជ្ញាធរអាកាស​ចរណ៍ជួយ​​ដោះ​ស្រាយ​ការ​បញ្ឈប់​បុគ្គលិក ​១៣១នាក់​ឱ្យ​បាន​ឆាប់​ចប់ មិនត្រូវ​ពន្យា​ពេល​ទៀត​ទេ​»។

បុគ្គលិក​ផ្នែក​បម្រើអតិថិជន​ លោក​មុំ​ សឹម​សីហា បានផ្ដល់​កិច្ច​​សម្ភាសន៍​មក​កាន់​Newsroom Cambodia ​ថា​ការ​បញ្ឈប់​នេះ​ផ្ទុយ​ច្បាប់​ទាំង​ស្រុង​ ដោយ​សារ​ក្រុម​ហ៊ុន​មិន​បាន​ជូន​ដំណឹង​ជា​មុន​ ជា​ពិសេស​បញ្ឈប់​តែ​បុគ្គលិកណា​ដែល​មាន​ប្រាក់​អតី​ត​ភាព​ការ​ច្រើន​។

លោក​លើក​ឡើង​ថា ​«​ជាក់​ស្ដែង​ខ្ញុំ​មាន​អតី​តភាព​ការ​ងារ ​១៩​ឆ្នាំ​មក​ហើយ​ តាម​មាត្រា​៩៥​នៅ​ពេល​គេ​បញ្ឈប់​បុគ្គលិក​​​​​ ពេល​គេ​កាត់​បន្ថយ​បុគ្គលិក​ហ្នឹង​ អ៊ីចឹង​អ្នក​ដែល​មាន​អតីតភាព​ការងារ​យូរ​ គេ​អត់​បញ្ឈប់​ទេ​ គេ​បញ្ឈប់​តែ​អ្នក​មាន​​អតីតភាព​ការងារតិច​ជាង​»។​

ដូចគ្នា​នេះ​ដែរ​ លោក​ស្រីថុល ណាមុន្នី​ បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​សេវាកម្ម​រថយន្ត​សម្រាប់​ភ្ញៀវចេញ​ចូល​ប្រលាន​យន្តហោះ​ ដែល​មាន​អតី​តភាពការងារ​ចំនួន ​១៦ឆ្នាំ​ បានលើក​ឡើង​ថា ការ​បញ្ឈប់​នេះ​ខុស​ច្បាប់​ទាំង​ស្រុង​ ដោយ​សារ​ក្រុម​ហ៊ុន​មិន​បាន​ជូន​ដំណឹង​ជា​មុន​ ជា​ពិសេស​បញ្ឈប់​តែ​បុគ្គលិកណា​ដែល​មាន​ប្រាក់​អតី​ត​ភាព​ការ​ច្រើន​។ លោក​ស្រី​ក៏​បាន​លើក​ឡើង​ដែរ​ថា​ក្រុមហ៊ុន​ក៏​បាន​ទូ​ទាត់​សំណង​ តែ​អ្នកស្រី​បាន​យល់ថា​​​ក្រុមហ៊ុន​មិន​បាន​ទូរទាត់​បាន​គ្រប់​ចំនួន​នោះ​ទេ។​​

ប្រធាន​នាយ​ក​ដ្ឋាន​ដោះ​ស្រាយ​ទំនាស់​នៅ​ខេត្ត​សៀម​រាប​ លោក​ផេង​ ឈាងលី​ បានផ្ដល់​កិច្ច​​សម្ភាសន៍​មក​កាន់​ Newsroom Cambodia ថាលោក​មិន​ដឹង​ថា​ក្រុម​ហ៊ុន​រកស៊ី​ដោយ​វិធី​ណានោះ​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ក្រុម​ហ៊ុន​នោះ​ចំនេញ​ ឬ​ខាតនោះ​ដែ​រ ប៉ុន្តែ​ទាំង​កម្មករ​និយោជិត និង​និយោជក​ ត្រូវ​តែ​គោរព​ច្បាប់​។

លោក​ផេង​ ឈាងលី​ បាននិយាយថាលោក​យល់​ថា​ក្រុម​ហ៊ុន​ដូចជា​បាន​ធ្វើ​ស្រប​តាម​ច្បាប់​ការ​ងារ​ហើយ​។ លោកបាននិយាយ​ថា ​«ក្រុម​ហ៊ុន​បាន​ទូ​ទាត់​ប្រាក់​បំណាច់

​អតី​តភាព​ការ​ងារ​ទៅតាម​ការ​ណែ​នាំ​ដែល​មាន​តាម​ការ​បញ្ចាំង​ស្លាយ​ កម្ម​ករ​និយោជិត​ក៏​បាន​ចូលរួម​ក្នុង​កម្ម​វិធី​នេះ​ នេះ​ជា​ការ​ធ្វើបទ​បង្ហាញ​ដោយ​ក្រសួង​ការ​ងារ​រួច​ហើយ​ បើ​មាន​បញ្ហាអី​គួរតែ​ជជែក​គ្នា​ពេល​ហ្នឹង​ទៅ​»។

នាយក​ប្រតិបត្តិទំនាក់​ទំនងសាធារណៈ​លោក Khek Norinda បាន​ប្រាប់​ Newsroom Cambodia ថាដោយ​សារ​តែ​វិបត្តិ​ជំងឺកូវីដ​នេះ​ ទើប​ក្រុម​ហ៊ុន​បានបង្ខំ​សម្រច​ចិត្ត​បញ្ឈប់​បុគ្គលិក​ និង​ក្រុម​ហ៊ុន​ក៏​បាន​ផ្ដល់​កញ្ចប់​សំណង​ដែល​ស្រប​ទៅ​តាម​ច្បាប់​ការងារ​រួចហើយដែរ​។

លោក​ក៏បាន​បន្ដែមថា​សូម​ឱ្យ​មាន​ការ​យក​យល់​ទាំងអស់​គ្នាក្នុង​ស្ថាន​ភាព​បែប​នេះ​ ហើយ​ការ​ទ្រង់ទ្រងក្រុមហ៊ុន​ និងរក្សា​បុគ្គលិក​ គីជា​រឿង​សំខាន់ដែរ​​។ លោកបាន​លើក​ឡើង​ថា «វាជាការពិតដ៏ក្រៀមក្រំនៃវិបត្តិដោយសារជំងឺរាតត្បាតកូវីដ ១៩ ដែលបានបង្ខំឱ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិករបស់ខ្លួនខ្លះនៅឯព្រលានយន្តហោះខេត្តសៀមរាប»។

លោកបាននិយាយថាក្រុមហ៊ុនបានបញ្ឈប់និយោជិកចំនួន ១៣០នាក់ កាលពីខែធ្នូឆ្នាំ ២០២០ បន្ទាប់ពីចំនួនអ្នកដំណើរនៅព្រលានយន្តហោះសៀមរាបបានធ្លាក់ចុះ ចំនួន ៨៤ ភាគរយសម្រាប់ឆ្នាំ ២០២០។

លោក Khek Norinda  បាននិយាយថា «យើងបារម្ភថាឆ្នាំ ២០២១ រឹតតែពិបាកថែមទៀត។ ស្ថានភាពនេះកាន់តែអាក្រក់ទៅៗ ហើយ ៦ខែដំបូងក្នុងឆ្នាំ ២០២១ ឃើញថាចរាចរណ៍បានធ្លាក់ចុះ ៩៩,៩% ហើយភាពមិនប្រាកដប្រជាជាច្រើននៅខាងមុខ»៕

Latest News