fbpx
Home Blog

ក្រសួងមួយចំនួន​បង្ហោះសកម្មភាពចុះជួយបក្សប្រជាជនកម្ពុ​ជា​លើហ្វេសប៊ុកផ្លូវការរបស់ខ្លួន

នៅមុនពេលការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្តអាណត្តិទី៧ ខែ​កក្កដា ឆ្នាំ២០២៣ កាន់តែជិតចូលមកដល់ គេសង្កេតឃើញថា ក្រសួង ស្ថាប័នខ្លះដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាន​បង្ហោះ​ពី​សកម្មភាពចុះមូលដ្ឋាន និងខ្លឹមសារនានា​ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែល​បង្ហា​ញ​ពីសមិទ្ធផលរបស់គណបក្សកាន់អំណាច និង​បាន​អំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។

ក្រសួង ស្ថាប័នរដ្ឋទាំងនោះ មានដូចជា ក្រសួងការពារជាតិ ដែលមាន លោក ទៀ បាញ់ ជារដ្ឋមន្រ្តី និង​ក្រសួងមុខ​ងារ​សាធារណៈ​ ដែលដឹកនាំដោយលោករដ្ឋមន្រ្តី ព្រុំ សុខា។

ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់ក្រសួងមុខងារសាធារណៈ បានបង្ហោះរូបភាពដែលបង្ហាញ​ពី​លោក ព្រុំ សុខា ដែលគេដឹងថាជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តក្រចេះ។ 

កំពុងឈរថ្លែងក្នុងពិធីដាក់បញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារនិងរបងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ រូបភាពដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងនោះ បានរំលេចនិមិត្តសញ្ញារបស់គណបក្សប្រជាជនកម្ពុជាលើផ្ទាំងប៉ាណូ អាវ និងមួករបស់អ្នកចូលរួមជាច្រើន។

សារដែលបង្ហោះសរសេរថា៖ «ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានក្រើនរំលឹកប្អូនៗ យុវវ័យជំនាន់ក្រោយថា បើទោះបីពេលវេលាបានកន្លងផុតទៅយ៉ាងយូរប៉ុណ្ណាក្តី ពោលគឺតាំងពីមុនកំណើតប្អូនៗទៅទៀតក៏ដោយក្តី ការចងចាំជាប់ជានិច្ចនូវព្រឹត្តិការណ៍សច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា នឹងក្លាយជាតម្លៃថ្លៃថ្លានៃគុណប្រយោជន៍សម្រាប់អនាគតរបស់ប្អូនៗ។ មនុញ្ញផលនៃម្លប់សុខសន្តិភាព និងការអភិវឌ្ឍដែលសង្គមជាតិ និងយើងទាំងអស់ទទួលបាននៅពេលបច្ចុប្បន្ន និងទៅអនាគត ច្បាស់ប្រាកដជាកើតចេញពីលទ្ធផលនៃការតស៊ូមុះមុត ប្រកបដោយវីរភាព និងពលីកម្មរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោជាប្រមុខ»។

ក្រៅពីការបង្ហោះរូបភាពជាមួយនឹងខ្លឹមសារដែលសំដៅលើសមិទ្ធផលរបស់បក្សកាន់អំណាច ក្រសួងមុខងារសាធារណៈ ថែមទាំងបង្ហោះជាឃ្លីបវីដេអូ រៀបរាប់ពីសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខប្រជា​ពលរដ្ឋទៀត​ផង។

ចំណែក​ ទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិ បានបង្ហោះរូបភាពមួយកាលពីថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២៣ ដោយបង្ហាញ​ពីវត្តមានរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំ​នាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានានៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សារដែលត្រូវបានបង្ហោះនោះបានសរសេរថា៖ «លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់បងប្អូនទាំងអស់គ្នាត្រូវ៖ […]ទី៦៖ រួមគ្នានាំជីដូន ជីតា ឪពុក ម្តាយ បងប្អូនញាតិសណ្ដាន អ្នកភូមិជាមួយទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ នៅថ្ងៃ២៣ កក្កដា ២០២៣ ខាងមុខនេះ»។

អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ លោក ឈឿន ប៊ុណ្ណារ័ត្ន ពុំបានថ្លែងបញ្ជាក់ជុំវិញមូលហេតុដែលក្រសួងមុខងារសាធារណៈ បង្ហោះសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជានេះ​ឡើយ គ្រា​ន់តែ​ឆ្លើយតបថា រាល់សកម្មភាពរបស់​លោក ព្រុំ សុខា រដ្ឋមន្រ្តីនៃក្រសួងមុខងារសាធារណៈ គឺមានគោលបំណងបម្រើប្រជាពលរដ្ឋ និង​ដោះ​ស្រាយ​បញ្ហាប្រឈម​នានាដែលកើតមានឡើងនៅតាមមូលដ្ឋាន។

ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា លោកពុំទាន់មានយោបល់អ្វីទាក់ទិននឹងការ​បង្ហោះរូបភាពគណបក្សប្រជាជនកម្ពុជា លើទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិឡើយ ដោយរង់ចាំការពិនិត្យមើល​ជាមុន។

លោក សុជាតិ បញ្ជាក់ថា៖ «ខ្ញុំអត់ទាន់បានមើលផេក [Page] ខ្ញុំផង ចាំខ្ញុំមើលសិន អត់ទាន់មានខមិន[យោបល់] អីចាំខ្ញុំមើលសិន»។

ទាក់ទិននឹងករណីនេះ អ្ន​កសិក្សាផ្នែកច្បាប់លោក វន់ ចាន់ឡូត ថ្លែងថា ជាគោលការណ៍នៃច្បាប់ពាក់ព័ន្ធនានាតម្រូវ​​ឱ្យមន្រ្តីរាជការនៅដាច់ដោយឡែកពីគណបក្សនយោបាយណាមួយ ដោយមិនត្រូវធ្វើសកម្មភាព ឬបង្ហាញការគាំទ្រជាសាធារណៈដែល​អាចប៉ះពាល់ដល់អព្យាក្រឹតរបស់មន្រ្តីរដ្ឋាភិបាល។

លោក ចាន់ឡូត មានប្រសាសន៍ថា៖ «ព្រោះវាប៉ះពាល់ដល់អព្យាក្រឹតភាព ហើយបើកាលណាអ្នកទាំងអស់ហ្នឹងមានទំនោរ​ទៅកាន់​បក្សណាមួយហើយ មានន័យថា វាពាក់ព័ន្ធនឹងការរើសអើង ឬប៉ះពាល់ទៅដល់គណបក្សដទៃឯទៀតដែលមិនកាន់អំណាច។ ចឹងវាប៉ះពាល់ដល់ដំណើរប្រជាធិបតេយ្យ ហើយនឹងការធានាបានអព្យាក្រឹតភាព ដូចជាការមិនរើសអើងផ្នែកនយោបាយ»។ 

អ្នកស្រាវជ្រាវ​ពីការអភិវឌ្ឍ​សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ​ ច្បាប់​បានកំណត់​យ៉ាងច្បាស់ពីអ្វីដែលហៅថារដ្ឋាភិបាល និង​គណបក្សនយោបាយ។ លោកបន្ថែមថា ការប្រើយុទ្ធសាស្ត្រដើម្បីកេងចំណេញ​ផ្នែកនយោបាយរបស់គណបក្សណាមួយ គប្បីធ្វើឡើងឱ្យស្របតាមច្បាប់។

លោកនិយាយថា៖ «នៅពេលយើងនៅជាគណបក្សនយោបាយ គឺយើងមានស មានខ្មៅ បានន័យថា យើងមានបក្សយើង បក្សគេ ក៏ប៉ុន្តែនៅពេលគណបក្សណាមួយឡើង​ទៅកាន់អំណាច គឺគណបក្សបក្សនោះដឹកនាំប្រទេស កាលណាយើង​ដឹកនាំប្រទេសយើងមានតួនាទីគ្រប់គ្រង»។ 

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកតស៊ូមតិនៅគណៈកម្មាធិការដើម្បីការ​បោះឆ្នោត​ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានប្រសាសន៍ថា ការប្រើប្រាស់ធនធានរដ្ឋដើម្បីគាំទ្រ និងឃោសនាឱ្យគណបក្សនយោបាយណាមួយ គឺជាការរំលោភលើច្បាប់។

មាត្រា ៣៧ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ចែងថា​ មន្រ្តីរាជការត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ ឋដើម្បីបម្រើសកម្មភាពនយោ​បាយ ដូច​ជា ​ធ្វើការ​ដើម្បីផលប្រយោជន៍ដល់បេក្ខជននយោបាយ ឬប្រឆាំងនឹងបេក្ខជននយោបាយណាមួយ ធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ ហើយការប្រព្រឹត្តផ្ទុយនឹងមាត្រានេះចាត់ទុកជាកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ៕

សេចក្តីរាយការណ៍ពិស្តារ៖ បទ​ល្មើស​ជួញដូរ​សាច់​សត្វព្រៃនៅតំបន់ព្រៃឡង​នៅបន្តកើត​មាន​ដោយ​បើក​ចំហ

នៅ​ម៉ោង​​ប្រមាណ​ជាជាង៨ព្រឹក​ ​ មាន​យុវជន​ប្រុស​ស្រីប្រមាណ​ពី៤​ ទៅ​ ៥នាក់​ កំពុង​ឈរ​ចាំកត់​វត្តមាន​អ្ន​​កចូលរួមនៅក្នុងសណ្ឋាគារប្រណិតមួយក្នុងរាជធានីភ្នំពេញ​​។ អ្នកចូលរួមគេសង្កេត​​ឃើញម្នាក់ៗហាក់ មាន​ទឹ​ក​​​​មុខញញឹមអមដោយបរិយាកាសស្រស់ត្រកាល។ ប៉ុន្តែជាអកុសល ពិធីដែលរៀបចំ​​ឡើងដោយ​​បណ្តាញយុវជនកម្ពុជា នៅទីនេះ មិនមែនស្រស់បំព្រងដូចដែលអ្នកចូលរួបានគិតនោះឡើយ។

លទ្ធផល នៃការស្រាវជ្រាវដែលបង្ហាញនៅក្នុងរបាយ​​កា​​រ​​ណ៍ស្តីពីការជួ​ញ​​ដូរ​​សាច់​សត្វ​ព្រៃនៅ​ជុំវិញ​តំ​​ប​ន់​​​​​ព្រៃឡង់ រកឃើញថាប្រភេទសត្វកម្រជាច្រើនប្រភេទ ត្រូវគេប្រមាញ់ជារៀងរាល់ថ្ងៃ ហើយប្រភេទ​​សា​​ច់​សត្វទាំងនោះ ត្រូវគេយកទៅធ្វើអាជីវកម្មបើ​​ក​​លក់ដូរដោយចំហ នៅលើទីផ្សារ​​ក្នុង​​ខេត្តមួយចំនួន ជុំ​​វិញ​តំបន់ព្រៃឡង។

​ដៃម្ខាងកំពុង​​កាន់​ម៉ៃក្រូហ្វូន ធ្វើ​បទ​បង្ហាញ​នៅក្នុង​អង្គ​ពិធី​ដែល​មាន​យុវជន​ចូលរួម​ប្រមាណ​ជា ​៤០​នាក់​​ លោក​​ ហេ​ង​ គឹម​ហុង​ ប្រធាន​កម្មវិធី​ស្រាវ​ជ្រាវ​ និង​​តស៊ូ​មតិ​ នៃស​មាគម​បណ្តាញ​យុវជន​កម្ពុជា​ដែល​មាន​វ័យ​ប្រ​មាណ​​ជា៣០​ឆ្នាំ ​លោក​មើលឃើញ​ថាប្រភេទ​សត្វងាយរង​គ្រោះ និង​ជិត​ផុតពូជ​នៅតែ​មាន​ការ​ជួញដូរ​ ទោះ​​បីជា​មាន​ការ​ហាម​ឃាត់​ការ​ប្រមាញ់​សត្វ​ព្រៃក៏​ដោយ​ ហើយ​លោក​​រំពឹង​ថាព័ត៌​មាន​ដែល​លោក​រក​ឃើ​ញ​នៅក្នុង​របាយការណ៍​នេះនឹង​បាន​ទៅដល់​ដៃ​អាជ្ងាធរ​មាន​សមត្ថ​កិច្ច​នៅក្នុង​ការ​ពង្រឹង​យន្ត​ការ​របស់​ខ្លួន​បន្ត​ទៀត​។​

ថ្លែងនៅព្រឹកថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៣ លោក ហេង គឹមហុង ឱ្យដឹងថា ក្រៅពីការស្រាវជ្រាវទាក់​​ទង​ការ​​ជួញដូរប្រភេទព្រៃកម្រជិតផុតពូជនេះ ក្រុមការងាររបស់លោកក៏ធ្លាប់ជួបប្រទះដែរ ត្រីបបែល​​មួយ​​ប្រ​​​​ភេទដែលមានទម្ងន់ជាង១០គីឡូក្រាម ដែលជាត្រីកម្រ និងជិតផុតពូជនៅតាមដងទន្លេមេគង្គ។

​លោក​បន្តថា​៖​ «មុន​​នឹង​​ខ្ញុំ​ធ្វើការ​​សិក្សាស្រា​វ​ជ្រាវ​​ទៅ​លើរឿង​​នេះ​ ​ខ្ញុំបាន​​បញ្ចប់​​ការ​សិក្សា​​មួយ​​ រឿង​ទន្លេ​មេគង្គ​ យើងរក​ឃើញ​រហូត​ទៅដល់បបែល បបែលជាង ១០គីឡូមាន​ការ​ជួញដូ​រ ហើយបបែលនេះដាច់ខាតគឺមិនឱ្យនេសាទទាល់តែសោះ​ មិន​​ឱ្យ​មាន​​ការ​ជួញដូរ​ទាល់​តែសោះ​ »។​

សមាគម​បណ្តាញ​យុវជន​កម្ពុជា​បានរក​ឃើញ​ការ​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​ និង​ត្រីអភិរក្ស​ខុស​ច្បាប់ចំនួន​៥​៧ សំណាក ​និង​ទីតាំង​​នៅ​ជុំវិញ​តំបន់​ព្រៃឡង់​ក្នុង​ចន្លោះថ្ងៃ​ទី២៥​ មិថុនា​ ដល់​២៥ ​សីហា​ ឆ្នាំ២០​​២​៣​

​​របាយការណ៍​​ការ​ដដែលបង្ហាញទៀតថា សាច់​សត្វ​ព្រៃត្រូវ​បាន​ដាក់លក់​ និង​ធ្វើអាជីវកម្ម​ដោយលួច​លា​​ក់​ និង​បើក​ចំហ​ទាំង​ប្រភេទ​ស​ត្វ​​កម្រ​ និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ដែលត្រូវ​បាន​អភិរក្ស​ និង​ហាម​ឃាត់​ដោយ​ច្បាប់​ស្តីពី​ព្រៃឈើ​ និង​ច្បាប់​ស្តីពី​តំ​​បន់​​ការពារ​ធម្មជាតិ​នៅកម្ពុជា​។​

ក្នុងពេល​​ធ្វើបទ​បង្ហាញ​អំពីរបាយការណ៍​អង្កេត​នេះ ​លោក​ ហេង​ គឹមហុង​ ​ក៏​​បាន​​បង្ហាញ​អំ​ពី​ក្តីព្រួយ​​បា​​រម្ភ​​​របស់​​ខ្លួន​ជុំ​វិញ​បញ្ហាការ​ប្រមាញ់​សត្វព្រៃនៅ​តែបន្ត​មាន​បែបនេះ​​។

លោក​បន្ត​ថា៖​ «ប្រើសនេះ​គឺត្រូវបានចាត់ទុក​ជាសត្វ​កម្រ​ ហើយ​ហានិ​ភ័យ​ ហើយ​យើង​មានការ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន​ ហើយ​នៅពេល​ដែល​យើង​រក​ឃើញ​ថាកា​រ​ប្រមាញ់​សត្វ​ប្រើស​នៅ​តែមាន​ ដូច្នេះ​អ​​នាត​ប្រើសនៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ជាពិសេស​នៅ​ភាគ​ខាង​ជើង​ហ្នឹង​ យើង​មាន​ការ​ព្រួយបារម្ភ​ »។​

ចំណែកឯ អ្នក​សម្រប​សម្រួល​បណ្តាញ​ព្រៃឡង់​ ខេត្ត​កំពង់ធំ​ លោក ​ហឿន​ សុភាព​ មាន​ការ​ព្រួយ​បារម្ភ​ទៅលើការជួញដូរ​សត្វព្រៃនេះ​ លោក​ថាពេល​ដែលលោក​ល្បាតព្រៃ​កាល​ពី១០​ឆ្នាំមុន​ ​លោក​តែងតែ​ជួប​សត្វព្រៃ ​ប៉ុន្តែបច្ចុ​ប្បន្ននេះ​សូម្បី​តែដានក៏​លោកមិន​ដែលបាន​ជួបដែរ។​

លោក​បន្ត​ថា៖ ​«មាន​ការព្រួយបារម្ភ​ខ្លាំង​ទៅលើការជួញដូរ​សត្វព្រៃ​ការបាត់បង់​ជម្រកព្រៃ ​[] ១០ឆ្នាំមុន​យើងធ្លាប់​ចុះល្បាត​នៅតំបន់​ព្រៃឡង់​ គឺវាអាច​ឃើញ​សត្វ​រត់​កាត់នៅ​ខ្លះ ​ជាពិសេស​គឺសត្វ​ជ្រូក​ដែលជា​សត្វ​ច្រើន​ជាងគេ​បំផុត​នៅក្នុង​ព្រៃឡង់​ []​ ប៉ុន្តែ​ឥលូវ​វិញសូម្បីតែ​ដាន​ជើង​ក៏យើង​មិន​បានឃើ​ញ​វាផង​»។

​ក្រៅពីនេះ បុរសម្នាក់ដែលមានសម្បុរ​សណ្តែក​បាយ​ពាក់​អាវ​ដៃវែងព​ណ៌​សអម​ជាមួយ​កន្សែង​បង់ក​ក្រ​​ឡា​​ការ៉ូ​ លោក​ ខាក់​ ភារិទ្ធិ​ម៉ាស៊ី​ អាយុ​ ២៣​ឆ្នាំជាជនជាតិ​ដើមភាគ​តិចកួយ​ និង​ជាយុវជន​ដែល​មក​ពីព្រៃ​ព្រះ​​រ​កា ​ខេត្តព្រះ​វិហារ​បាន​និយាយ​ថា​លោក​ព្រួយបារម្ភប្រសិន​បើការបរបាញ់​សត្វព្រៃនៅ​តែមាន​។​លើ​​ស​​ពីនេះទៀត ប្រសិន​​បើ​​​​​​របាយការណ៍ស្តីពីការអង្កេតនេះ បានផ្សព្វផ្សាយដឹងដល់ស្ថាប័នជំនាញ ហើ​​យស្ថាប័ន​​រដ្ឋទាំង​នោះ​​ចា​​ត់​​វិធានការ លោកសោមនស្ស ហើយក៏មានជំនឿថា​​បញ្ហា​​ដែ​លកំ​​​ពុង​តែ​​កើ​​ត​​ឡើ​​ងនេះ ក្រសួង​ដែ​​​​ល​​ពា​​ក់​​ព័ន្ធទំនងនឹងមិននៅស្ងៀមទេ។

​លោកបន្តថា​៖ «ប្រសិន​បើកា​របរ​បាញ់សត្វ​នៅតែ​មានទៀត​ ខ្ញុំពិតជា​ព្រួយបារម្ភ​មែនទែន​ ដោយសារ​បើសិន​ជាអស់​សត្វ​ហើយ​ព្រៃ ​ដូចថា​វាអត់មា​នជីវៈ​ចម្រុះនៅ​ក្នុង​ហ្នឹង​ បើមាន​ព្រៃទាល់​តែមាន​សត្វ ​កាលណាដែល​យើងដូច​ថាចង់ទៅ​ល្បាត ​ឬ​ក៏​ចង់​ទៅ​ទស្សន​កិច្ច​នៅក្នុង​ព្រៃ ​យើង​ចង់ឃើញ​ពីសត្វ​ពីរុក្ខជាតិ​ផ្សេងៗ​ដែល​នៅក្នុងព្រៃ​ហ្នឹង​ បាន​ជាខ្ញុំ​ព្រួយ​បារម្ភបើសិន​ជារបាយការណ៍​ស៊ើប​អង្កេត​នេះលេច​លឺ ​[​​បា​​លឺ]​ ដល់​ក្រសួង​ពាក់ព័ន្ធ​ខ្ញុំពិត​ជាសប្បាយ​ចិត្ត​ និយាយ​ត្រង់​សប្បាយចិ​ត្តមែន​ បើរបាយការណ៍​នេះចេញ​មែន​ខ្ញុំ​គិត​ថា​ក្រសួង​គាត់​នឹងធ្វើការ​រឹត​បន្តឹង​នូវ​ច្បាប់​បន្ថែម​ទៀត​ »។​​

គេហទំព័រ New​sroom Cambodia បាន​ព្យាយាម​ទាក់ទង​លោក ​ផៃ ​ប៊ុន​ឈឿន ​អ្នក​នាំពាក្យ​ក្រសួង​ប​រិ​​ស្ថាន​ផងដែ​រ​ ក៏ប៉ុន្តែ​បានបដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងដោយខ្លីថាទុកពេលវេលា​សិ​ក្សា​ស្រា​​វជ្រាវ​ជាមួយភាគីដែលពាក់ព័ន្ធ​ជាមុនសិន​។

​លោកបន្តថា៖​ «ខ្ញុំ​សុំធ្វើការ​សិក្សាស្រាវ​ជ្រាវ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​សិន​ ខ្ញុំនឹង​ឆ្លើយជម្រាប​ជូននៅ​ពេល​ខ្ញុំទទួល​បាន​ព័ត៌មាន​ជាក់លាក់ ​»។​

យ៉ាងនេះក្តី ​​របាយការណ៍​មួយ​ផ្សេងទៀត​​របស់ក្រសួង​បរិស្ថាន​​ ​ទាក់ទង​នឹង​យុទ្ធ​​នា​ការ​អន្ទាក់​សូន្យ បាន​បង្ហាញថា​នៅ​​​ក្នុងឆ្នាំ២០២៣​ អន្ទាក់ចំនួន​១៤.៣២៥​​ ត្រូវ​បាន​ដោះចេញ​ពីតំប​ន់​​ការពារធម្មជាតិក្នុង​ឆមាស​ទី១​​នេះ ហើយកាលពីឆ្នាំ ២០២២ ​អន្ទាក់​សរុបប្រមាណ​ជាង​៣៤.០០០ អន្ទាក់ ត្រូវ​បានដក​ចេញ​ពីតំបន់​ការពារធម្មជាតិ​

របាយការណ៍ដដែលបង្ហាញទៀតថា ​តួ​លេខនៃការដាក់​អន្ទាក់របស់ព្រានព្រៃបានថយចុះ​ ​បើធៀ​​ប​​នឹងលទ្ធផលនៃ​ការដោះ​អន្ទាក់​ក្នុង​ឆ្នាំ​២០២១ ដែលចំនួនអន្ទាក់ប្រមូល​បាន​ចំនួន៦១.៦១១​អន្ទា​​ក់​​​​។ ​

ដោយឡែក សមាគម​បណ្តាញ​យុវជន​កម្ពុជា រកឃើញថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៣ នេះ ​ក្រុ​​ម​ការងាររបស់សមាគមបានចុះល្បាតចំនួន៦លើក ហើយរកឃើញដោយចៃដន្យការជួញដូរ​​សត្វ​​ព្រៃ​ និ​​ង​​លក់សាច់សត្វ ខេត្តនៅជាប់តំបន់ព្រៃឡង់។ជាពិសេសខេត្តដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង បាន​​បើ​​ក​​​ល​​ក់​សាច់សត្វព្រៃដោយចំហ និងជាប្រចាំ។

ក្នុងនាមជាអ្នកការពារបរិស្ថាន នៃបណ្តាញយុវជនកម្ពុជា លោក​ ហេង គឹមហុង​ សង្ឃឹម​ថា​ក្រោយ​ពីចេ​​ញ​​​របាយការណ៍​នេះ អាជ្ញាធរ​នៅក្នុងតំបន់នឹង​ចូលរួមដោះស្រាយ​បញ្ហានេះឱ្យ​មាន​ប្រសិទ្ធភាព​ និង​បញ្ឈប់​គ្រប់រូបភាព ​នៃការ​ជួញដូរ​សាច់សត្វ​ព្រៃនេះ​។

​លោក​បន្តថា​៖ « យើង​ចេញរ​បាយការណ៍​នេះទៅ​ សង្ឃឹម​ថាអាជ្ងាធរ​ខេត្ត​ស្ទឹង​ត្រែង​លោក​យក​ចិត្ត​ទុក​ដា​​ក់​នៅក្នុង​ការ​ដោះស្រាយ​បញ្ហានេះ​ឱ្យ​មាន​ប្រសិទ្ធភាព​កុំឱ្យ​លក់​ជាចំហ​ពេក​ ធម្មតា​វាអត់​ល្អ​មើល​ [] កុំ​ឱ្យរូបភាព​នៃការ​ជួញដូ​រ​សាច់​សត្វ​ព្រៃហ្នឹង​វាទូលំ​ទូលាយ​បែប​នេះ ​ឬក៏​នៅតែបន្ត​កើត​មានបែ​បនេះ»​។

​តាមរយៈបទបង្ហាញរបស់ខ្លួន បណ្តាញយុវជនកម្ពុជា លើកឡើងថា លទ្ធផល​នៃការ​ប្រមូល​ទិន្នន័យ​រយៈ​​ពេល​ ៩០​ថ្ងៃនេះ ​ក្រុមកា​រងារ​ប្រមូល​សំណាក​ទិន្នន័យ​សាច់​សត្វព្រៃបានចំនួន​ ៣៤សំណាក​ ក្នុង​​ចំ​​ណោម​​​ភោជនីយដ្ឋានចំនួន១១កន្លែងផ្សេងៗគ្នា ​និ​ងរមណីយដ្ឋាន​ចំនួន​ ២​កន្លែង​ដែល​មាន​ដាក់​លក់​សាច់​សត្វ​ព្រៃ។

ក្រៅពីនេះ ​ប្រភេទ​ត្រីអភិរក្ស​ត្រូវបានរក​ឃើញ​ចំនួន​ ៥​ប្រភេទ​ មាន​ចំនួន​១២ក្បាល ​ភាគច្រើន​ស្ថិត​នៅក្នុង​ខេត្តតា​មបណ្តោយ​ដង​ទន្លេមេ​គង្គ​គឺខេ​ត្ត​ស្ទឹងត្រែង​ និង​ខេត្តក្រចេះ៕​​

សមាគមបណ្តាញយុវជនកម្ពុជា ស្នើឱ្យ​ក្រសួង​បរិស្ថាន​ និងក្រសួងកសិកម្ម​​ ​រក្ខា​​ប្រមាញ់ និងនេសាទ ឱ្យចាត់វិធានការដោយម៉ត់ចត់ តាមរយៈការរឹត​បណ្តឹង​លើ​សកម្ម​ភាព​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​ និងត្រី​អភិរក្ស​នៅតាម​តំបន់​ការពារ​ធម្មជាតិ​ នៅតាមភោជនីយដ្ឋាន​ សកម្មភាព​ដាក់អន្ទាក់  និងការ​នេសាទ​ប្រភេទ​ត្រី​អភិរក្ស​ឱ្យបាន​ម៉ឺន​ម៉ាត់៕​

ក្រសួងរ៉ែ និងថាមពល ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីសម្រាប់ផ្នែកឧស្សាហកម្ម និងកសិកម្ម

ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសពីការបញ្ចុះ​តម្លៃ​អគ្គិសនីចន្លោះ ១០ ដល់ ២០​ភាគរយ សម្រាប់​អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិ​កម្ម។

ការប្រកាសនេះ ​ធ្វើឡើងក្រោយមានការណែនាំពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាល​ពីថ្ងៃ​ម្សិល​មិញ ឱ្យ​បញ្ចុះតម្លៃអគ្គិសនីសម្រាប់រោងចក្រសហគ្រាសជាង ២ម៉ឺនកន្លែង ក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកសង្វាក់ផលិតកម្ម និងបង្កើតការងារបន្ថែមដល់​ពលរដ្ឋខ្មែរ។

យោង​តាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣​នេះ បានលើកឡើង​ថា ការបញ្ចុះថ្លៃអគ្គិសនី​ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងផ្នែកកសិកម្មនេះ ធ្វើឡើង​​ក្នុងគោលដៅ​ជំរុញការ​ពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលបន្ថែមជូនពលរដ្ឋ។

ក្រសួងបន្តថា ការបញ្ចុះតម្លៃនេះ សម្រាប់អ្នកប្រើប្រាស់​ប្រភេទឧស្សាហកម្ម និង​កសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងនោះបញ្ចុះ​អត្រាថ្លៃចំនួន ១០ភាគរយ សម្រាប់​ថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោង៧ព្រឹក​​ដល់ម៉ោង៩យប់ និង​បញ្ចុះអត្រាថ្លៃ​ចំនួន ២០​ភាគ​រយ សម្រាប់​ការប្រើប្រាស់​លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់​ថ្ងៃសៅរ៍ ចន្លោះម៉ោង៩យប់ ដល់ ៧ព្រឹក និង ២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។

សេចក្ដីប្រកាសព័ត៌មានដដែល បានលើកឡើងទៀត​ថា៖ «អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្ដាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់​ថា ខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្លៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន»

ចំណែករយៈពេលអនុគ្រោះថ្លៃ ដើម្បីលើកទឹកចិត្ត​ឱ្យបង្កើនការប្រើ​ប្រាស់នេះ ក្រសួងថា មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្ត​តាមរយៈការជូនដំណឹង​​មុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត ២ម៉ឺននាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានប្រាប់ឱ្យរដ្ឋមន្រ្តីក្រសួងរ៉ែនិង​ថាមពល ពិនិត្យមើលលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនីគ្រប់បណ្ដា​រោងចក្រ​សហគ្រាស ជាពិសេស​ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដែលមានតម្រូវការខ្ពស់ផ្នែកអគ្គិសនី។

លោកគូស​បញ្ជាក់ថា៖ «[រោងចក្រ]​ អាចមានលទ្ធភាពពង្រីកថែមទៀត នាំចេញច្រើន ការងារថែមទៀត បើមិនថែមម៉ោង ក៏រកបុគ្គលិកថែម [] ២ម៉ឺន១ពាន់សហគ្រាស ដែលអាចទទួលបានផលពីការគិតគូរការចុះភ្លើង[អគ្គិសនី]កម្រិតណាមួយចាប់ពីខែ១០[ខែតុលា]នេះ»

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ មានប្រសាសន៍ថា តំណាង​រោងចក្រ បានស្នើសុំការបញ្ចុះថ្លៃអគ្គិសនីនេះជារៀងរាល់ឆ្នាំ ហើយលោកអំពាវនាវឱ្យរដ្ឋាភិបាលចុះថ្លៃអគ្គិសនីសម្រាប់រោងចក្រសហគ្រាសទៅតាមលទ្ធភាព។ បើតាម លោក ខេនលូ បច្ចុប្បន្នរដ្ឋាភិបាល បានគិតថ្លៃអគ្គិសនីសម្រាប់​រោងចក្រ​​ជិត ០,១៤ដុល្លារ ក្នុងមួយគីឡូវាត់​ម៉ោង។

លោកបន្ត​ថា៖ «កាត់បន្ថយចំណាយមានន័យថាជួយទៅរោងចក្រ អាច increase [រោងចក្របន្ថែមផលិតកម្ម] ឬនឹងអាចរើសកម្មករបន្ថែម»

កម្មករម្នាក់ដែលរោងចក្រកំពុងព្យួរការងារ លោក ស្រស់ វុទ្ធី សាទរចំពោះការបញ្ចុះតម្លៃអគ្គិសនី​សម្រាប់ផ្នែកឧស្សាហកម្ម និងកសិកម្ម​នេះ ដោយលោកសង្ឃឹមថា រោងចក្រ​នឹង​កាត់បន្ថយការចំណាយ ហើយ​នឹងអាចមានលទ្ធភាពរើសកម្មករបន្ថែម។

លោក វុទ្ធី និយាយថា៖ «ខ្ញុំគិតថា បើមានការបញ្ចុះថ្លៃអគ្គិសនីតាមបណ្ដារោងចក្រ ខ្ញុំគិតថាប្រហែលជាអាចមានឥវ៉ាន់ដេរ សង្ឃឹមថា ការងារកម្មករមានការថែមម៉ោងអីចឹង»

ប្រធាន​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ ស្វាគមន៍ចំពោះចំណាត់ការររបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបន្ទុកលើថៅកែរោងចក្រដែល​អាចជះផលប្រយោជន៍ដល់កម្មករ។ យ៉ាងណា លោក​ថា ការបញ្ចុះថ្លៃអគ្គិសនី​នេះ គ្រាន់តែជួយឱ្យកម្មករទទួលបានផលប្រយោជន៍ដោយប្រយោលប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ លោក​ក៏បាន​ជំរុញឱ្យរដ្ឋាភិបាលងាក​មក​ទប់ស្កាត់ការឡើង​ថ្លៃជួលបន្ទប់ឱ្យកម្មករ និងការ​រក្សាស្ថិរភាពតម្លៃសាំង​និងអាហារលើទីផ្សារវិញ ដើម្បីជួយសម្រួលដល់​ជីវភាពរបស់កម្មករផងដែរ។

លោក គង់ អាទិត្យ ថ្លែងថា៖ «អ្វីដែលល្អសម្រាប់កម្មករមួយទៀត ឱ្យរដ្ឋាភិបាលមានចំណាត់ការមួយថ្លៃជួលផ្ទះ ហើយនឹងតម្លៃទំនិញលើទីផ្សារបន្ថែមពីលើនេះ ព្រោះជំហានទី១ វានៅឆ្ងាយ​ពី​កម្មករ​ពេក ថ្លៃភ្លើង[អគ្គិសនី]​អី​វាទៅជួយអីៗ​ តែវានៅប្រយោល»

កាលពី ឆ្នាំ២០២០ អគ្គិសនី​កម្ពុជាសម្រេច​បញ្ចុះ​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​សម្រាប់​កសិករ​បូមទឹក​ធ្វើ​កសិកម្ម នៅពេល​យប់ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៧ព្រឹក ​ក្នុង​អត្រា​​ ៤៨០រៀល​ ក្នុង​ ១គីឡូវ៉ាត់​ម៉ោង ​ដើម្បី​ចូលរួម​លើក​ទឹកចិត្ត​ដល់​​កសិករ​ក្នុង​ការលើក​កម្ពស់​ផលិតភាព​កសិកម្ម៕

ស្នងការនគរបាលរាជធានីភ្នំពេញអះអាងថាសំណុំរឿង លោក នី ណាក់ កំពុងបើកការស្រាវជ្រាវ

មន្រ្តីជាន់ខ្ពស់ នៃស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថាសមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីបើក​​កា​​រ​​ស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាអ្នកប្រើប្រាស់អំពើហិង្សា ប្រឆាំងអ្នកជំនាញផ្នែកកសិកម្ម លោក នី ណាក់ ដោយមិនបោះបង់ចោលឡើយ។

លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ​បានបញ្ជាក់​នៅថ្ងៃនេះថា រាល់បទល្មើស​ដែ​ល​​​បា​​នកើតឡើង គឺជាភារកិច្ចរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់។ជារួម សមត្ថកិច្ចនឹងអ​​នុវត្ដភារកិច្ចដោ​យ​គ្មា​​ន​កា​​ររឿ​​ស​អើងឡើយ មិនថារឿងរ៉ាវកើតឡើងលើភាគីណាមួយនោះទេ។

លោកបន្តថា ចំពោះករណីលោក នី ណា​ក់ ដែលបានប្រកាសពីការរងគ្រោះដោយអំពើហិង្សា ស្នងការដ្ឋាននគរបាលរា​​ជធានីភ្នំពេញកំ​ពុង​​ស្រា​​​វជ្រាវ និងស៊ើបអង្កេត ដើម្បីស្វែងរកជនដៃដល់មកអនុវត្ដតាមនីតិវិធីច្បាប់។

លោកបន្តថា៖«រាល់បទល្មើសដែលបានកើតឡើងគឺជាភារកិច្ចរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដោយឡែកចំពោះ​​ករណី​​លោ​​​​ក នី ណាក់ ដែលបានប្រកាសពីការរងគ្រោះដោយអំពើហិង្សានេះ ខ្ញុំក្នុងនាមជាស្នងកា​​រនគរបាលរា​ជ​​ធា​​​នី​​ភ្នំពេញគឺកំពុងតែស្រាវជ្រាវ និងធ្វើការជាមួយភាគីពាក់ព័ន្ធ »

ការប្រកាសជំហររបស់កម្លាំងនគរបាលនេះ នៅពេលនេះ ធ្វើឡើងក្រោយពីអ្នកជំនាញកសិកម្ម លោក ​នី ណា​​ក់ ជំរុញដល់មន្ត្រីនគរបាលយុត្តិធម៌ ​ឱ្យជួយពន្លឿននីតិវិធី​​ដើម្បីស្វែងរក​​​ជន​​ល្មើ​សដែល​​មិនស្គាល់អត្តស​​ញ្ញាណមួយក្រុម ដែលប្រើហិង្សាមកលើខ្លួន យកមកផ្តន្ទាទោស។

លោក នី ណាក់ ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមស្គាល់ថា ជាអ្នកដែលតែងតែរិះគន់​អំពីភាពអ​វិជ្ជ​មាន និងបញ្ហាផ្សេងៗនៅក្នុងសង្គមបានអំពាវនាវដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យជួយ​​​ពន្លឿននីតិវិធីក្នុងការស្រាវជ្រាវរកមុខជនល្មើស ដែលបានព្រួតគ្នាវាយលោក កាលរសៀលថ្ងៃ​ទី១២ ខែ​​កញ្ញា ឆ្នាំ២០២៣។ ក្នុងនោះលោក នី ណាក់ ក៏បានជំរុញឱ្យសមត្ថកិ​​ច្ចអនុវត្តវិជ្ជាជីវៈ​ឱ្យមានតម្លា​​ភាព​ដើ​​ម្បី​​ឱ្យ​សាធារណៈជនមានភាពជឿជាក់ទៅលើមន្ត្រីនគរបាលជាតិ។

លោកបន្តថា ៖«បន្ទាប់ពីរងគ្រោះនេះ ខ្ញុំសូមស្នើដល់អាជ្ញាធរដែលមានដូចជា ប៉ូលីស ប៉េអឹម ជួយពន្លឿននីតិវិធីក្នុង​​ការ​​ស្រា​វជ្រាវរក​​មុខជនល្មើសដែលពួកវាបានព្រួតគ្នាវាយខ្ញុំឱ្យឃើញ » ។

ដោយឡែក ចំពោះស្ថានភាពរបស់លោកនាពេលនេះវិញ គឺមានភាពល្អប្រសើរ ទាំងសតិស្មារតី ការ​​ហូ​​​​ប​​ចុក និងការធ្វើដំណើរដោយពុំមានអ្នកគ្រានៅពីក្រោយ ដូចមុនទៀតនោះទេ បន្ទាប់រូបលោក​​បានសម្រា​​ក​​ព្យា​​បាលនៅមន្ទីពេទ្យមួយរយៈ។

ជាអ្ន​កដែលធ្លាប់រិះគន់ដោយមិនសំចៃមាត់ លោក នី ណាក់ បន្ថែមថា រូបលោកបានរងការវាយ​​ប្រហារ​​ស្ទើ​​រ​​បាត់បង់ជីវិត និងបណ្តាលឱ្យរងរបួសជាច្រើនកន្លែង ដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម។

លោកបន្តថា៖«ចំពោះ​​ផ្ទៃមុខរបស់ខ្ញុំវិញ ដែលមានដូចជា៖ មាត់ ច្រមុះ ភ្នែក គុំត្រចៀក ថ្គៀម ចិញ្ចើម សុ​ទ្ធ​​តែ​​​​រងរបួស​​ទាំង​​​​អស់ »។ 

តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់លោក នី ណាក់ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានសរសេ​​ររៀ​បរាប់ថា«ក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំបាទ នី ណាក់ ចំពោះយុត្តិធម៌ នៃអំពើហឹង្សា មកលើរូបខ្ញុំបាទ សូ​​សម្តេច បវរធិបតី ហ៊ុន ម៉ាណែត ជួយពន្លឿនដល់ការស៊ើបអង្កេតរបស់ សមត្ថកិច្ច ដើម្បីរកមុខអ្ន​​កពាក់​​ព័ន្ធនិ​​ងអ្នកដៃដល់មកដាក់ទោស។ បើសម្តេចជួយបាន ខ្ញុំបាទ នឹង ប្រកាសចុះចូលបំរើរាជរដ្ឋាភិបាល ក្រោ​​​យពេលយុត្តិធម៌កើតមានចំពោះរូបខ្ញុំ »

សម្រាប់លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា រហូតមកដល់ពេលនេះ ចំ​​ពោះ​​​សំ​​ណុំ​​រឿង​​​​នេះ សមត្ថកិច្ចគ្រប់ជំនាញ គឺកំពុងតែពិនិត្យដោយម៉ត់​ចត់​ចំពោះបញ្ហានេះ ដោយ​​មិ​ន​​ប្រងើយកន្តើយនោះ​​​ទេ។លោកបន្តថា ស្ថាប័នជំនាញបំពេញការងាររបស់ខ្លួនដោយមិនមានការរើសអើង និងកំពុងប្រមូល​​ភ​ស្តុ​តាងនៅទីតាំងកើតហេតុជាដើម។

លោកបន្តថា៖« ក្នុងករណីនេះសមត្ថកិច្ចមិនអាចប្រាប់លំអិតបាននោះទេ ដោយខ្លាចបែកនូវសំណុំរឿង ក៏ប៉ុន្តែខ​​ណពេ​​លនេះ សមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ​ស្នងការនគរបា​​លរាជធានីភ្នំ​​​ពេញ​ និងអធិការដ្ឋាននគរបាលនៅកន្លែងកើតហេតុនោះគឺកំពុងតែធ្វើការចំពោះបញ្ហានេះ » ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) បានឱ្យ​​​​ដឹងថា ចំពោះបទល្មើសទៅលើលោក នី ណាក់ នេះ បើពិនិត្យឱ្យបានច្បាស់លាស់នោះ នេះគឺជាសកម្មភា​​ព​​មួយដែលធ្ងន់ធ្ងរ ដោយអាចចាត់ទុកករណីនេះជាការប៉ុនប៉ងមនុស្សឃាតក៏បានដែរ។

បើតាមលោក អំ សំអាត ក្រោយមានការសង្កេតបង្ហាញថាទម្រង់នៃអំពើហិង្សាពីសំណាក់ជនស​​ង្ស័យ​មួយក្រុមទៅលើលោកនី ណាក់ នេះគឺមានរបួសចំកន្លែងដែលត្រូវស្លាប់ជាច្រើនកន្លែង ជាពិសេសនោះគឺក្បាលតែម្តង។ក្នុងន័យនេះ លោកជំរុញឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ បើកការស៊ើបអង្កេតដោយតម្លាភាព ដើម្បីស្វែ​​ង​រកយុត្តិធម៌ជូនជនរងគ្រោះ។

លោកបន្តថា៖«ខ្ញុំយល់ករណីនេះមន្ត្រីប៉ូលីសគួរតែមានការស៊ើបអង្កេតឱ្យបានឆាប់រហ័ស ព្រោះនេះគឺជាក​​រណីព្រហ្មទណ្ឌ ដែលមិនទាមទារពេលយូរក្នុងការប្រមូលភ័ស្តុតាង » ។

ភរិយាលោក នី ណាក់ ប្រាប់គេទំព័រ Newsroom Cambodia ថា ក្នុងពេលដែលរូបគេ និងស្វាមី ជិះម៉ូតូចេញពីឃ្លាំងធ្វើជីកំប៉ុសនៅព្រែកថ្មី ជិតម្តុំវត្តចំពុះ​​ក្អែកត្រឡប់ទៅ​ផ្ទះវិញ ភ្លាមៗនោះ មានជនល្មើស មិនស្គាល់​​មុខមានគ្នាបួនប្រាំនាក់ បាន​​ជិះ​​ម៉ូតូទៅបុកម៉ូតូរបស់ខ្លួនចំពីក្រោយបណ្តាលអោយដួលនៅលើដងផ្លូវ ហើយជនបង្កទាំង​​នោះបានព្រួ​ត​គ្នាវាយដំលើស្វាមីរបស់ខ្លួនបណ្តាលអោយរបួសធ្ងន់ធ្ងរត្រង់ក្បាលជាពិ​​សេ​​​​ស​៕

លោក សម រង្ស៊ី ចោទប្រកាន់ថាសញ្ញាប័ត្របណ្ឌិតលោក ហ៊ុន ម៉ាណែត ក្លែងក្លាយ

អតីត​មេដឹក​នាំ​គណៈ​សង្គ្រោះ​ជាតិ ​លោក សម ​រង្ស៉ី​ ​ចោទ​ប្រកាន់ថាសញ្ញាប័ត្របណ្ឌិតរបស់ ​លោក ហ៊ុន​ ម៉ា​ណេត​ អាចមាន​មន្ទិល​សង្ស័យ​ជាសញ្ញាប័ត្រដែលមិនកើតចេញ​​ពីសមត្ថភាពពិត​​ប្រាកដ​​ទេ​​។

ការរិះគន់ចំៗដូចនេះរបស់អតីតមេបក្សជំទាស់រូបនេះ ធ្វើឡើងតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវ​​កា​រ​​រ​​បស់ខ្លួន កាល​ពី​ថ្ងៃ​ទី ១៨ ខែកញ្ញា ឆ្នាំ២០២៣។ប្រភពបន្តថា សញ្ញាប័ត្រដែលលោក ហ៊ុន ម៉ា​​ណែត ទទួលបានពីប្រទេសអង់គ្លេសនោះ គឺជាសញ្ញាប័ត្រក្លែងក្លាយ។

ក្នុង​គេ​ហ​ទំព័រ​លោក​បាន​និយាយ​ថា​មាន «ការ​មន្ទិល​សង្ស័យ​ អំពី​សញ្ញាប​ត្រ បណ្ឌិត ដែល​លោក​ ​ហ៊ុន ​ម៉ា​ណែត បាន​ទទួល កាល​ពី​ឆ្នាំ ២០០៩ ពីសាកលវិ​ទ្យាល័យ​មួយ​ដ៏ ចម្លែក​ ​នៃ​ប្រទេស​អង់គ្លេស​។ ប្រហែល​ជា​លោក​ ហ៊ុន​ ម៉ា​ណែត បាន ជួល​គេ​ឲ្យ​សរសេរ​និក្ខេប​បទ (thesis) ដ៏​ចម្លែក​មួ​​យ​ ដែល​គ្មាន​ពាក់​ព័ន្ធអ្វី​ពី​ប្រទេស​កម្ពុជា​ទាល់​តែ​សោះ »។

បន្ថែមពីលើនេះ លោក សម រង្ស៊ី បានបង្ហាញភស្តុតាំងថ្មីមួយទៀត តាមរយៈអត្ថបទ​​ជាភាសា​អង់​​គ្លេស The Diplomat ដែលគេហទំព័រនេះស្រាវជ្រាវអំពីនិក្ខេបបទ នៃការសិក្សារបស់លោក ហ៊ុន ម៉ាណែត។

បើតាមអតីតមេបក្សជំទាស់រូបនេះ សញ្ញាប័ត្របណ្ឌិតដែលលោក ហ៊ុន ម៉ាណែត ទទួលបានកា​​ល​ពីឆ្នាំ២០០៩ ពីសាកលវិទ្យាល័យមួយ គឺជាសញ្ញាប័ត្រដ៏ចម្លែក ពីប្រទេសអង់គ្លេស​​។ក្នុងន័យនេះ លោក សម រង្ស៊ី រិះគន់ថា ប្រហែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន រូបនេះបាន​​ជួល​​បរទេសឱ្យជួយសរសេរ និក្ខេបបទដែលលោក សម រង្ស៊ី ហៅថាជារឿងដ៏ចម្លែកមួយ ហើយ​​ក៏គ្មា​ន​​ពា​ក់ព័ន្ធអ្វីសោះពីប្រទេសកម្ពុជា។

ចំណែក អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ លោក ឯម សុវណ្ណារ៉ា បដិសេធក្នុងការផ្តល់ការ​​អត្ថា​​ធិ​​ប្បាយ ចំពោះ​ការ​ចោទ​ប្រកាន់​មួយនេះ​។លោកលើកឡើងថា​ នេះ​គ្រាន់​តែ​ជា​រឿង​បុគ្គល​ អ្ន​​ក​​​នយោយបាយ​ត្រូវ​គិត​អំពី​បញ្ហា​ជាតិ​ដែរ​ឈ​តំណាង​សារតី​ផល​ប្រយោ​​ជន៍​អោយ​ពលរដ្ឋ​។

លោក​បន្ត​ថា​៖«គាត់​មិន​ចង់​មាន​ការ comment (ការបញ្ចេញមតិ)ទៅ​លើ​បុគ្គល​នោះ​ទេ សំណូម​ពរ​ថា​អ្នក​នយោបាយ​មិន​គិត​ទៅ​ខាង​ណា​ទេ​គួរ​តែ​គិត​អំពី​បញ្ហា​រួម​បញ្ហា​ជាតិ​ដែរ​ឈ​តំណាង​សារតី​ផល​ប្រយោជន៍​អោយ​ពលរដ្ឋ​នឹង គិត​អំពី​ផល​ប្រយោជន៍​នឹង​ទៅ​ជា​រឿង​ធំ​យក​មក​ជជែក​យក​មក ​យក​មក​ប្រឈម​គ្នា​ប្រសើរ​ជាង​យក​មក​បុគ្គល​មក​គគូរ​គគាយ​ខ្ញុំ​មិន​គ្រាំទ្រ​ទេ »។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបំភ្លឺពីអ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៊ែន បូណា ​បានទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលហើយលោកបដិសេធថាជាប់ប្រជុំ មុននឹងផ្តាច់ទូរស័ព្ទ។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ កាលពីចុងឆ្នាំ២០២១៧ បានព្យាយាមចូលមកកម្ពុជាវិញជាច្រើនដង តែមិនបានសម្រេច។

អតីតមេបក្សជំទាស់រូបនេះ ចោទប្រកាន់ថា រដ្ឋាភិបាលបានព្យាយាមបិទទ្វារលោកមិនឱ្យចូ​ល​ប្រ​​ទេ​សកម្ពុជាវិញបាន ក្នុងពេលដែលរដ្ឋាភិបាលតែងអះអាងពីភាពស្អាតស្អំរបស់ខ្លួនថា មិនដែ​​លបានបិទជើ​​ងហោះហើររបស់សម្រាប់លោក សម រង្ស៊ី ម្តងណានោះទេ។

ជាអ្នកនយោបាយដែលហ៊ុំព័ទ្ធទៅដោយបណ្តឹងនៅតុលាការស្ទើរពេញមួយជីវិត កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ បានចេញលិខិតបង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការរំលាយ ចំនួន ៣៦នាក់ផ្សេងទៀត បង់ប្រាក់ពិន័យចន្លោះ​​ពី១០ លាន ទៅ ២០លានរៀល។

ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានលើកឡើងនៅក្នុងលិខិតបង្គាប់ការនេះថា អ្នកនយោបាយទាំ​ងនោះ បានប្រព្រឹត្តបទល្មើស ដោយញុះញង់មិនឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ជ្រើស​​តាំ​​ង​​​​តំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣៕

ស្ថាប័នទទួលពាក្យបណ្ដឹងប្រទេសហូឡង់ ពិនិត្យបន្ថែមលើបណ្ដឹងប្រឆាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាតាមរយៈកម្ចីឥណទាន

ស្ថាប័នទទួលពាក្យបណ្ដឹងថ្នាក់ជាតិរបស់ប្រទេសហូឡង់ ​ទទួល​យក​ពាក្យបណ្ដឹងមួយ​ របស់អង្គការសង្គមស៊ីវិលចំនួន ២នៅ​​កម្ពុជា ដែលបានចោទ​​ក្រុមហ៊ុនវិនិយោគសង្គមអន្តរជាតិ Oikocredit ថាបានរួមចំណែកធ្វើឱ្យមានការ​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា។

កាលពីខែធ្នូ ឆ្នាំ២០២២ អង្គការមិនមែនរដ្ឋាភិបាល​នៅកម្ពុជាចំនួន២ រួមមាន អង្គការ​សមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (អង្គការលីកាដូ) រួមទាំងអង្គការ​មួយទៀតនៅក្នុងប្រទេស​អាល្លឺម៉ង់ គឺអង្គការ FIAN អាឡឺម៉ង់ បានដាក់ពាក្យបណ្តឹងរួមគ្នា​មួយ​ទៅស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិហូឡង់ ដោយចោទក្រុមហ៊ុន Oikocreditដែលជាអ្នកវិនិយោគសង្គមអន្តរជាតិមានមូលដ្ឋានៅក្នុងប្រទេសហូឡង់ ថាបានរួមចំណែក​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​នៃការរំលោភសិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរបស់អង្គការទាំង២ នៅកម្ពុជា​ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា បានលើកឡើងថា​ ការដាក់ពាក្យបណ្ដឹងនេះ ក្រោយមាន​ភស្តុតាងជាសាធារណៈយ៉ាងច្រើន​ ស្ដីពីការរំលោភសិទ្ធិមនុស្សជាច្រើន​ និងជាលក្ខណៈប្រព័ន្ធនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងនោះក៏មាន​ពាក់ព័ន្ធនឹងការរំលោភបំពាន​ទៅលើ​អ្នកផ្ដល់កម្ចីឥណទានខ្នាតតូច ដែល​ទទួលបានមូល​និធិហិរញ្ញវត្ថុផ្ទាល់ពីក្រុមហ៊ុន Oikocredit។

ប្រភពដដែល សង្កត់ធ្ងន់ថា បណ្ដឹងនេះ បានចោទប្រកាន់ក្រុមហ៊ុន Oikocredit ថា បានដឹងពីរបាយ​ការណ៍នៃការផ្ដល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច ការប្រមូលឥណទានដោយបង្ខំ និងផលប៉ះពាល់​ផ្សេងទៀត​ចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែនៅតែបន្ត និងបង្កើនការវិនិយោគរបស់ខ្លួនកាន់​តែច្រើនទៀតក្នុង​ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍រួមបញ្ជាក់ទៀតថា ស្ថាប័ន​ទទួល​ពាកក្យបណ្ដឹងថ្នាក់ជាតិហូឡង់ សម្រាប់ការទទួលខុសត្រូវ​សកម្មភាពអាជីវកម្ម បានសម្រេចនៅក្នុងការវាយតម្លៃដំបូងរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣​ថា ពាក្យបណ្ដឹងនេះគឺ «សមហេតុផលសម្រាប់ការត្រួតពិនិត្យបន្ថែមទៀត»។

នាយិកា​ទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ អ្នកនាង ណាលី ពីឡូក បានលើកឡើង​​​នៅក្នុង​សេចក្ដីថ្លែងការណ៍រួមនោះ​ថា៖ «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា កើតមានកាន់តែខ្លាំងឡើងៗអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ខណៈដែលវិនិយោគិនបរទេសតែងមើលរំលងបញ្ហានេះ»។ 

អ្នកនាង​បន្តថា៖ «ក្រុមហ៊ុន និងវិនិយោគិនផ្សេងទៀត បានអះអាងពីការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់សហគមន៍ដែលមានចំណូលទាប ដូច្នេះយើងរំពឹងថា ពួកគេនឹងដោះស្រាយបញ្ហាប្រឈមទាំងនេះពិតប្រកដ សម្រាប់អ្នកខ្ចីប្រាក់ដែលរងគ្រោះជាច្រើនមកហើយ»។

ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការទាំង២ លើកឡើងបន្តថា ជំហានបន្ទាប់នៃដំណើរការទទួលពាក្យបណ្ដឹង គឺជាការជួបសន្ទនាគ្នារវាងភាគី​ ដូចជា ​សម្របសម្រួល ឬការផ្សះផ្សា ដែលស្ថាប័នទទួលពាក្យបណ្ដឹងថ្នាក់ជាតិហូឡង់ បានស្នើឱ្យមានការសម្របសម្រួល។

នាយក​កិច្ចការទូទៅ​​នៃ​អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កម្ចីបែបកេងប្រវ័ញ្ចបាន​បណ្ដាលឱ្យពលរដ្ឋកម្ពុជាធ្លាក់ចូលក្នុងបំណុលវ័ណ្ឌករ ហើយ​ពួកគេព្យាយាមសន្សំប្រាក់សម្រាប់​សងបំណុលទាំងនោះ។

លោក​បញ្ជាក់​ថា ក្រុមហ៊ុន Oikocredit មានការពាក់ព័ន្ធក្នុងការទទួលខុសត្រូវលើប្រជាពលរដ្ឋកម្ពុជា​ដែលបង្ខំចិត្តលក់ដី និង​ចំណាក​ស្រុក​ដោយ​បង្ខំ​ ដើម្បី​មាន​ប្រាក់​សង​ធនាគារ។

លោក សំអាត និយាយថា៖ «គេមិនឱ្យមានការបង្ខំឱ្យលក់ដីទេ តែយើងរកឃើញទៅមានការបង្ខំឱ្យលក់ដី មិនឱ្យមានពលកម្មកុមារ​ ដល់យើងរកទៅឃើញមានពលកម្មកុមារ មិនឱ្យមានប៉ះពាល់ដល់សុខភាព បើសិនជាគាត់កាត់បន្ថយអាហារ វាមិនប៉ះពាល់សុខភាពមិនឱ្យមានចំណាកស្រុកដោយបង្ខំ តែបើគាត់អត់លុយគាត់ធ្វើចំណាកស្រុកដោយមិនត្រឹមត្រូវដោយបង្ខំអានឹងក៏វាប៉ះពាល់ដែរការដាក់ប្លង់ដីធនា ក៏វាជាហានិភ័យក្នុងការបាត់ដីថ្ងៃមុខដែរ»

ពលរដ្ឋខ្មែរ​​ម្នាក់ ដែល​កំពុងដាក់លក់ដីដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ លោក អ៊ួច សុជាតិ ​អាយុ ៤៥ឆ្នាំ និយាយថា បច្ចុប្បន្ននេះ លោកបានធ្វើការងារចំនួន ២កន្លែង គឺជាសន្តិសុខវេនយប់និងថ្ងៃ។ លោក​បន្ថែម​ថា ជារៀងរាល់ថ្ងៃ លោកដាក់បាយពីផ្ទះ​ដើម្បីសន្សំប្រាក់បង់មីក្រូហិរញ្ញវត្ថុដែលលោកខ្ចីចំនួន ៣៥ ០០០​​ដុល្លារ សម្រាប់ចាក់ដីជុំវិញផ្ទះ និងរៀបការកូនស្រីកាល​ពីពេលកន្លងទៅ។ 

ជាពលរដ្ឋរស់នៅភូមិ ព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលរូបនេះ បន្តថា ប្រពន្ធរបស់លោកត្រូវបានរោងចក្រព្យួរការងារ ខណៈលោក​ធ្វើការចំនួន ២កន្លែង​នេះ អាច​រក​ចំណូល​បាន ៤០០​ដុល្លារ​ក្នុងមួយខែ ប៉ុន្តែត្រូវបង់ធនាគារចំនួន ៣០០ដុល្លារ។ លោក​បន្តថា លោកបានដាក់លក់ផ្ទះ ដើម្បីយកប្រាក់បង់ធនាគារអស់រយៈពេលរាប់ខែមកហើយប៉ុន្តែគ្មានអ្នកចាប់អារម្មទិញនោះទេ។  

លោក សុជាតិ និយាយ​ថា៖ «យើងធ្វើការយើងដល់ខែបានយើងបានបើកប្រាក់ខែ ហើយយកមកគ្រាន់ទូទាត់ឱ្យគេ ហើយរាល់ថ្ងៃយើងហូបប្រចាំថ្ងៃអត់មានរកអី យើងសន្សំសំចៃ ដាក់បាយយកទៅហូប ខ្សត់ខ្សោយតែមិនដឹងធ្វើម៉េចបើ​យើងខ្ចីគេ»

​អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ លោក​ កាំង តុងងី ទទួលស្គាល់ថា ពិត​ជាមាន​ករណីមន្រ្តីមីក្រូហិរញ្ញវត្ថុប្រព្រឹត្តខុស​ក្រមសីលធម៌លើអ្នកខ្ចីប្រាក់។ ប៉ុន្តែ លោក​ថា ករណីនេះមាន​ចំនួនតិចតួច ហើយលោក​ជំទាស់ទៅនឹងការរកឃើញថាមានផ្ដល់កម្ចីបែបកេងប្រវ័ញ្ចជាប្រព័ន្ធនៅកម្ពុជា។

លោក តុងងី ថ្លែង​ថា៖ «កន្លងមកអ្វីដែលសមាគមរកឃើញ គឺមិនមានលក្ខណៈកេងប្រវ័ញ្ច រំលោភ​​បំពាជាប្រព័ន្ធទេ គឺករណីដែលយើងរកឃើញគឺចំនួនតូច ដែលបុគ្គលប្រព្រឹត្តខុសក្រមសីលធម៌ ប្រព្រឹត្តខុសពីក្រមប្រតបត្តរបស់វិស័យ»

ចំណែក អ្នកនាំពាក្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិល​ស៊ី អ្នកស្រី ស្វឺយ សុឌីណា មានប្រសាសន៍​ថា ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី មាន​គោលការណ៍ក្នុងការការពារអតិថិជន ហើយ​ប្រសិនបើរកឃើញបុគ្គលិកប្រព្រឹត្តខុសនឹង​ក្រមប្រតិបត្តិ នឹងរងការបញ្ឈប់ពីការងារ។

អ្នកស្រីថា៖ «យើងមានការត្រួតពិនិត្យយ៉ាងតឹងរឹង និងទៀងទាត់ទៅលើការអនុវត្តតាមក្រមប្រតិបត្តិ និងគោលការណ៍ការពារអតិថិជន»

កន្លងមក មន្រ្តីសង្គមស៊ីវិល លើកឡើងថា កម្ចីបែបកេងប្រវ័ញ្ច គឺជា​ការ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្ចីប្រាក់​ដោយពុំបានសិក្សាគ្រប់ជ្រុងជ្រោយពីលទ្ធភាពបង់ប្រាក់ត្រលប់វិញ ដែល​ករណីនេះបណ្ដាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ ពុំមានលទ្ធភាពដោះបំណុល ដោយ​ពួកគេខ្លះត្រូវ​ចំណាក​​ស្រុក កាត់​បន្ថយ​របប​អាហារ​សម្រាប់សន្សំប្រាក់បង់ធនាគារ និងបង្ខំឱ្យកូនឈប់រៀនដើម្បី​ទៅ​បម្រើ​ការងារដែលជាទម្រង់ពលកម្មកុមារជាដើម។ មន្រ្តីឥណទានមួយចំនួន បានគំរាម​កំហែង និងបង្ខំពលរដ្ឋ ដាក់លក់ដីដើម្បីបង់ប្រាក់ធនាគារផងដែរ។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ ក៏បានដាក់ពាក្យបណ្ដឹងមួយ​ ក្នុងនាមពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ទៅកាន់​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ដោយចោទប្រកាន់គ្រឹះ​ស្ថានហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ថា​បាន​រួមចំណែកបណ្ដាលឱ្យពលរដ្ឋកម្ពុជាដែលជា​អ្នកខ្ចីប្រាក់ជួបប្រទះផលវិបាក។ បច្ចុប្បន្ន​ IFC កំពុងស្ថិតក្នុងដំណាក់កាល ស៊ើបអង្កេតអំពីអនុលោមភាព។

គ្រឹះស្ថានផ្ដល់ប្រាក់​កម្ចីនៅប្រទេសកម្ពុជា ដែលរងការស៊ើបអង្កេត​ទាំងនោះ មាន​ដូច​ជា ធនាគារ​​អេស៊ី​លីដា ​ធនាគារ​ហត្ថា ​ធនាគារ​ស្ថាបនា ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អម្រឹត ​អិល​អូអិល​ស៊ី ​និង​ប្រាសាក់។ គ្រឹះស្ថានទាំងនេះ រងការចោទ​​ពាក់ព័ន្ធនឹងការរំលោភបំពានស្តង់ដាអនុវត្តរបស់​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជុំវិញការគ្រប់គ្រងផលប៉ះពាល់ ហានិភ័យ បរិស្ថាន សង្គម សុខភាព និងលទ្ធភាព៕

មេដឹកនាំបក្សប្រឆាំងស្នើសុំទិដ្ឋាការចូលកម្ពុជា ដើម្បីបង់ប្រាក់ពិន័យតាមការបង្គាប់ពី គ.ជ.ប.

ក្រុមមេដឹកនាំនយោបាយគណបក្សជំទាស់ដែលកំពុងរស់នៅក្រៅប្រទេស ស្នើរដ្ឋាភិបាលកម្ពុជា​ប្រគល់​ទិដ្ឋាការឱ្យពួកគេ​ដើម្បី​ត្រលប់មកប្រទេសកម្ពុជាវិញ ហើយបង់ប្រាក់ពិន័យតាមការបង្គាប់​ពីស្ថាប័នរៀបចំការបោះឆ្នោត។

មនុស្សជំនិត លោក សម រង្ស៊ី និងជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែល​ត្រូវតុលាការ​រំលាយ លោក ម៉ែន សុថាវរិន្រ្ទ បញ្ជាក់ថាមេដឹកនាំ​នយោបាយបក្សប្រឆាំង មាន លោក សម រង្សី, លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខហួរ ជាដើម នឹង​ធ្វើដំណើរមកកម្ពុជាវិញ ប្រសិនបើរដ្ឋាភិបាលថ្មីក្រោមការដឹកនាំលោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ផ្ដល់ទិដ្ឋាការ​ដល់​ពួក​គេ។

លោកបន្តថា មនុស្សជិត ៤០នាក់ ជាថ្នាក់ដឹកនាំគណបក្សនយោបាយ​មួយនេះ និងជា​យុវជន ដែលកំពុងរស់នៅនិរទេស​ខ្លួន​នៅឯក្រៅប្រទេសបានរងការពិន័យជាប្រាក់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)។ តែយ៉ាងណា លោកថា ក្រុមអ្នកនយោបាយទាំងនេះ នៅពុំ​ទាន់​ដឹងទេ​ថាតើស្ថាប័នរៀបចំការបោះឆ្នោត រកឃើញថាពួកគេបានប្រព្រឹត្តកំហុសអ្វីនោះ។

លោក ម៉ែន សុថាវរិន្រ្ទ និយាយថា៖ «បើសិនជាឱ្យវីសា[ទិដ្ឋាការ]ពួកគាត់ចូល[កម្ពុជា] ពួកគាត់ទាំង០នាក់ហ្នឹង មានជាពិសេសលោក សម រង្សី អេង ឆៃអ៊ាង មូរ សុខហួរ ជាដើមហ្នឹង បើសិនរដ្ឋាភិបាលផ្ដល់ទិដ្ឋាការឱ្យគាត់ ពួកគាត់នឹងត្រលប់ទៅ[កម្ពុជា] ហើយបើដឹងថាពិន័យរឿងអី បើឱ្យវីសាពួកគាត់ចូល ពួកគាត់នឹងចូលទៅដើម្បីទៅបង់ ប្រសិនបើដឹងថាខុស យើងទៅបង់នៅស្រុកខ្មែរហ្នឹងហ្មង ចឹងបើបានវិសាពួកគាត់នឹងទៅភ្លាម»។

ក្នុងលិខិតបង្គាប់ឱ្យបង់ប្រាក់ពិន័យរបស់ គ.ជ.ប. ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា មាន​មនុស្ស ៣៧នាក់ រង​ការពិន័យជាប្រាក់ចំនួន​ ១០លាន​រៀល និង​ម្នាក់ទៀតគឺ លោក សម រង្ស៊ី រង​ការ​ពិន័យចំនួន២០លានរៀល។ ក្នុងលិខិតនោះ ឱ្យដឹងដែរថា អ្នកត្រូវរងពិន័យទាំងនោះមានដូចជា លោក សម រង្សី, លោក អេង ឆៃអ៊ាង, លោក គង់ សភា,លោក ឆាំ ឆានី និង លោក សេង ម៉េងប៊ុនរ៉ុង ព្រមទាំងមានឈ្មោះអ្នកវិភាគនយោបាយគឺ លោក គឹម សុខ ផងដែរ។

អ្នកនាំពាក្យ គ.ជ.ប. លោក សោម សូរីដា មានប្រសាសន៍ថា ស្ថាប័នរៀបចំការបោះឆ្នោតបានរកឃើញថា មនុស្សជិត៤០នាក់នេះ បានប្រព្រឹត្តខុសទៅនឹងច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្រ្តត្រង់មាត្រា១៤២ថ្មី ដែលដាក់ពិន័យជាប្រាក់ ព្រមទាំងអាចដកហូតសិទ្ធិបោះឆ្នោតយ៉ាងតិច ៥ឆ្នាំ លើបុគ្គលណាដែលញុះញង់ពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោតចោល។

លោកបញ្ជាក់​ថា៖ «នៅក្នុងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត គឺមានចែងអំពីការពិន័យលើបុគ្គលដែលប្រព្រឹត្តបទញុះញង់ ណែនាំពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត»។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀត​ថា ករណីស្នើសុំទិដ្ឋាការនេះ ជាដែនសមត្ថកិច្ចរបស់រដ្ឋាភិបាល ហេតុ​នេះ គ.ជ.ប. ពុំមានសិទ្ធិប្រគល់ទិដ្ឋាការឱ្យក្រុមអ្នកនយោបាយជំទាស់នេះនោះទេ។

នៅក្នុងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលបានកែប្រែនៅមុន​ពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមួយខែ បាន​កំណត់​ថា ជនណា ឬគណបក្សនយោ​បាយ​ណាដែ​ល​ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវលុប​ឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬគណបក្សនយោបាយ និងដក​សិទ្ធិឈរឈ្មោះបោះឆ្នោតរយៈពេល ៥ឆ្នាំ ឬគណបក្សនយោបាយ​ អាចត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោត ៥ឆ្នាំយ៉ាងតិច។

ពាក់ព័ន្ធនឹងការស្នើសុំទិដ្ឋាការរបស់មេដឹកនាំនយោបាយនៅក្រៅប្រទេសនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅកាន់ក្រសួងយុត្តិធម៌ជំនួស ក្រោមហេតុផលថា ករណីនេះពាក់ព័ន្ធនឹងផ្លូវច្បាប់។

ដោយឡែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ក្រសួង​គ្មានសិទ្ធិផ្ដល់​ទិដ្ឋាការនោះទេ។ លោក​ប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅកាន់ក្រសួងការបរទេស និងអ្នក​នាំ​ពាក្យរដ្ឋាភិបាលវិញ។

គេហទំព័រ Newsroom Cambodia ពុំអាចសុំ​ការ​អត្ថាធិប្បាយពី លោក អាន សុខ​ឃឿន អ្នកនាំពាក្យក្រសួងការបរទេសបាននោះទេ ដោយ​ទូរសព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។

ជុំវិញការប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍នេះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយលោក សម រង្ស៊ី ក៏បានប្រកាសពីគោលបំណងក្នុង​ការធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមសវនាការតាមដីកា​កោះរបស់តុលាការផងដែរ ប៉ុន្តែលោក​ទាម​ទារ​ឱ្យ លោក ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្រ្តីកម្ពុជាមានភាពក្លាហានក្នុងការបើកផ្លូវឱ្យលោកចូលកម្ពុជាវិញ ដោយគ្មានការរារាំង ជាពិសេសលុបចោលបម្រាមដែលធ្លាប់បិទផ្លូវលោកមិនឱ្យវិលចូលស្រុកកន្លងមក។ ​

​លោក សម រង្ស៊ី លើកឡើងថា ប្រសិនបើលោក ហ៊ុន សែន ចង់ឱ្យលោកចូលខ្លួនមកកម្ពុជាប្រាកដមែន អតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវលើកបម្រាម ៣ចំណុច ដល់រូបលោកជាមុនសិន។

បើតាមអ្នកនយោបាយចាស់វស្សារបស់បក្សប្រឆាំងរូបនេះ បម្រាមទាំង៣នោះ រួមមាន ការហាមឃាត់ មិនឱ្យក្រុមហ៊ុនអាកាសចរណ៍នានាដឹកលោកមកកាន់អាកាសយានដ្ឋានណាមួយនៅកម្ពុជា។ លុបចោលបម្រាមដែលលោក ហ៊ុន សែន បានស្នើទៅរដ្ឋាភិបាល​ថៃហាមឃាត់រូបលោកមិនឱ្យធ្វើដំណើរឆ្ពោះមកកាន់កម្ពុជា តាមផ្លូវគោក ដោយឆ្លងកាត់ដែនដីថៃ។ ចុងក្រោយ ត្រូវលុបចោលបម្រាមដែលរដ្ឋាភិបាលមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរទូទៅមកទទួលស្វាគមន៍លោក តាមការស្ម័គ្រចិត្ត នៅពេលមកដល់កម្ពុជា។ ​

តែយ៉ាងណា លោកហ៊ុន សែន ធ្លាប់ប្រកាសថា នឹង​មានការចាប់ខ្លួន បើលោកសម រង្ស៊ី ត្រឡប់ចូលស្រុក៕

តុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនសមាជិកបក្សភ្លើងទៀន៦នាក់ពីបទញុះញង់

សមាជិកគណបក្សភ្លើងទៀនចំនួន៦នាក់ នៅថ្ងៃទី១៥ ខែកញ្ញា ត្រូវបានតុលាការខេត្តបន្ទាយ​​មានជ័យស​​ម្រេច​​ចេញដីកាឱ្យឃុំខ្លួ​​ន​​បណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តពាក់ព័ន្ធនឹងបទចោទ «ញុះញង់» ខណៈស​​មា​​ជិក​​គណបក្សនេះចំ​​នួ​​ន១៧នាក់ផ្សេងទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយគ្នា តុលាការបា​​នប​​ង្គា​​​​​ប់ឱ្យដោះលែងវិញ ជា​​ថ្នូរនឹងការផ្ដិតមេដៃ។ 

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន មានប្រសាសន៍ ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថា មានសមាជិកគណបក្សចំនួន៦នាក់ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំនៅមូលដ្ឋាប្រចាំខេត្តប​​ន្ទា​យមានជ័យ មានដូចជា លោក ស៊ិន វត្ថា ប្រធានប្រតិបត្តិខេត្តជាដើម ត្រូវបានតុលាការឃុំខ្លួនជុំវិញបទចោទញុះញង់។

លោកបន្តថា៖ «គេដោះលែង១៧នាក់ នៅសល់៦នាក់ តុលាការបានបញ្ជូនគាត់ទៅពន្ធនាគារឃុំខ្លួនហើយ ចោទប្រកាន់ពីបទ ញុះញង់» ​

អនុប្រធានគណបក្សជំទាស់រូបនេះ ថា មានសមាជិកគណបក្សភ្លើងទៀនចំនួន២៣នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៩ និងទី១០ ខែកញ្ញាឆ្នាំ២០២៣។លោក រ៉ុង ឈុន បានបដិសេធការចោទប្រកាន់នានាលើមន្រ្តីក្នុងគណបក្សរបស់លោក និងចាត់ទុកថាអាជ្ញាធរកម្ពុជាកំពុងប្រើប្រាស់ការគំរាមកំហែងថ្មីមួយលើសកម្មជនបក្សប្រឆាំង ក្នុងពេលពួកគេដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដើម្បីគាំទ្របង្កើតគណប​​ក្ស​​ន​​យោបា​​យ​ថ្មី ដែលមានឈ្មោះថា «បញ្ញាទំនើប» ។ 

លោកបន្តថា៖ «វាមិនមានរឿងកំហុសឆ្គងអី រហូតឃាត់ខ្លួនដាក់ពន្ធនាគារទេ គ្រាន់តែការដើរយកស្នាមមេដៃបង្កើតគណបក្សថ្មីមួយដែលមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ បង្រ្គប់ចំនួន៤ពាន់នាក់»


ចំណែក អ្នកស្រី សួន សោម៉ាលី ដែលត្រូវជាភរិយាលោក ស៊ិន វត្ថា ជាសកម្មជនម្នាក់ក្នុងចំណោមអ្នកទាំង៦​​នាក់ដែលត្រូវបានតុលាការចេញដីកាឱ្យឃុំខ្លួនបានបដិសេធក្នុងការអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មានអំពីករណីនេះ។

លោក ស៊ិន វត្ថា  គឺជាអតីតគ្រូបង្រៀននៅវិទ្យាល័យសិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ។ លោក ត្រូវបានក្រ​​​​សួងអប់រំលុប​ឈ្មោះ​​ចេញ​ពី​ក្របខណ្ឌ​​ ក្រោម​ហេតុផល​ថា ​​ប្រព្រឹត្ត​ខុស​នឹង​វិជ្ជាជីវៈមន្ត្រីរាជការ​ កាល​ពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៣។ ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡា ពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់​​ចំ​​ពោះ​​ការលុបឈ្មោះនេះទេ។

យ៉ាងនេះក្តី លោក​ ស៊ិន វត្ថា ធ្លាប់អះអាងប្រាប់ Newsroom Cambodia ថា ក្នុងអាជីពជាគ្រូបង្រៀន លោកមិនធ្លាប់បានប្រព្រឹត្តអំពើពុករលួយ យកលុយសិស្សតាមរយៈការលក់ក្រដាសនោះទេ ហើយលោកក៏បានបែងចែកពេលវេលាច្បាស់លាស់រវាងការងារបង្រៀនសិស្ស និងការងារបក្សដែរ។ 

គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី លោក រឿន លីណា អ្នកនាំពាក្យតុ​​លាកា​​រខេត្តបន្ទាយមានជ័យ​ និងលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត។

ជុំវិញបញ្ហានេះ លោក ខៀវ សុ​​ភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់ប្រាប់ក្រុមបណ្តាញ​​ព័ត៌មា​នក្នុ​ង​​ស្រុ​ក​​ថា ការចាប់ខ្លួននេះ គឺសមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ ក្នុងការដាក់បន្ទុកដែលរកឃើញថាអ្នកទាំងនោះ ពិត​​ជាមានពិរុទ្ធភាពមែន។

ប្រភពដដែល បញ្ជាក់ថា កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែកញ្ញា អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​​ចំនួន១៧​នាក់ក្នុងចំ​ណោម​២៣នាក់ ​ត្រូវ​បាន​ដោះ​លែងវិញហើយដែល​ភាគ​​​​​ច្រើន​មាន​តួនាទី​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេ​ខា​លើ​ឯកសារ​កិច្ចសន្យា​ថា ពួកគេ​មិន​បាន​​​​​ពាក់ព័ន្ធនឹង​​បទល្មើស​នោះទេ​​។

បញ្ញត្តិ​មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្មជន​ក្នុង​ជីវភាព​ន  យោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។សេចក្ដី​ស្នើ​ទាំងឡាយ​ណា​ពី​ប្រ​​​ជា​ពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ​។

អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់បាន​អនុញ្ញាត​ឱ្យ​បង្កើត​គណបក្ស «​បញ្ញា​ទំនើប» នេះរួច​​ម​ក​​​ហើយ កាលពីថ្ងៃទី ១៨ ខែសីហាឆ្នាំ២០២៣ ដោយតម្រូវឱ្យស្ថាបនិកគណបក្សនេះ គឺលោក អ៊ឹ​ម សូ​និតស្វែងរកស្នាមមេដៃអ្នកគាំទ្រឱ្យបានគ្រប់ចំនួន ដូចដែលច្បាប់ស្តីពីគណបក្សនយោបាយ​បាន​​កំ​​ណ​​ត់​​។​ផ្ទុ​យទៅវិញ ស្ថាបនិក គណបក្សថ្មីថ្មោងទាំងនេះ ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួន និងចោទ​​ប្រ​​កាន់ពីបទ «ញុះញង »។

បើទោះជាបែបណា ក្រោយឃាត់ខ្លួនភ្លាមៗ គណបក្សភ្លើងទៀន បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ខែកញ្ញា ដោ​​​​យសម្ដែងការសោកស្ដាយចំពោះសកម្មជន និងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជាច្រើននាក់ នៅតែត្រូវ​​ទទួលរង់ការកៀបសង្កត់ និងគំរាមកំហែងពេលធ្វើសកម្មភាពរបស់ខ្លួនដែលស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ប្រទេសកម្ពុជា បើទោះបីជាគណបក្សនេះមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រ​​ជែង​ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ក៏ដោយ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc)លោក ស៊ឹង សែនករុណា ចាត់ទុកសកម្ម​​ភា​​ព​របស់អាជ្ញាធរនេះថាជាការធ្វើទុក្ខបុកម្នេញលើពលរដ្ឋដែលមាននិន្នាការប្រឆាំងបក្សកាន់អំណាចប្រសិន​​បើ​​ពួកគេប្រើប្រាស់សិទ្ធិ តាមរយៈដើរប្រមូលស្នាមមេដៃពលរដ្ឋ ដើម្បីបង្កើតគណបក្សនយោបាយមួយដែល​​ពួក​​គេពេញចិត្ត ហើយស្របទៅតាមច្បាប់ដែលបានកំណត់ទៀត។

លោកបន្តថា៖«ករណីនេះពិនិត្យមើលទៅបើសិនជាការចាប់ខ្លួនហ្នឹង គ្រាន់តែដើរផ្ដិតមេដៃ ដើម្បីបង្កើតគ​​បក្សនយោបាយ ហើយចោទប្រកាន់បទល្មើសហ្នឹង ខ្ញុំគិតថាវាហាក់ដូចជាមានការរឹតត្បិត ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើសកម្មជនគណបក្សជំទាស់។ ការចោទប្រកាន់ផ្លូវច្បាប់ទាំងអស់នេះគ្រាន់តែជាការរឹតត្បិតលើសេរីភាព» 

ច្បាប់ស្តីពីគណបក្សនយោបាយ បញ្ញត្តិមាត្រា៩ កំណត់ថា ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​៨០នាក់​ដែល​មាន​អា​​យុ​​ចាប់​ពី​១៨ឆ្នាំ​ឡើង​ទៅ និង​មាន​ទី​លំនៅ​អចិន្ត្រៃយ៍​នៅ​កម្ពុជា​មាន​សិទ្ធ​បង្កើត​គណបក្ស​នយោបាយ​មួ​​យ​បា​ន​ ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​ក្រសួង​មហា​ផ្ទៃ​។

ចំណែក មាត្រា១៩ នៃច្បាប់ដដែលនេះ ​ចែង​ថា​ ដើម្បី​ទទួល​បាន​សុពលភាព គណបក្ស​នយោបាយ​ត្រូវ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ ដោយ​ត្រូវ​មាន​សមាជិក​យ៉ាងតិច​៤ពាន់​នាក់​(៤,០០០) មក​ពី​តាម​បណ្ដា​ខេ​​​​​ត្ត​​​ក្រុង​មួយ​ចំនួន​៕  

សង្គមស៊ីវិលហៅការប្រកាស​ទ្រព្យ​សម្បត្តិ​ និងបំណុលដែលធ្វើឡើង​អសាធារណៈថានឹងមិនជោគជ័យ

ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើអភិបាលកិច្ច មានទុទិដ្ឋិនិយមថាប្រព័ន្ធប្រកាស​ទ្រព្យ​សម្បត្តិ​ និងបំណុលដែ​​ល​ធ្វើឡើងបែប​អសាធារណៈ​ដូចដែលកម្ពុជាធ្លាប់បានអនុវត្តកន្លងទៅនេះនឹងមិនអាចជោគជ័យបានដោយងាយទេ ដែ​​ល​​​​ផ្ទុយពីអ្វីដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ទុកថា ដំណើរការនៃប្រតិបត្តិការនេះ ប្រព្រឹត្តទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តិដោយគ្មានល្អៀងត្រង់ណានោះទេ។

នាយកប្រតិបត្តិ នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែងថា ការប្រឆាំងអំពើពុករលួយ​ជារឿ​​ង​អភិបាលកិច្ច ជារឿងស៊ើបអង្កេតលើបទល្មើសឧក្រិដ្ឋកម្ម និងការពិនិត្យលើប្រព័ន្ធដ៏ស្មុគស្មាញដែលមានការជំពាក់ជំពិ​​ន​​គ្នាទាំងទិដ្ឋភាពច្បាប់ និងគោលនយោបាយ។

លោកបន្តថា ពាក់ព័ន្ធគោលការណ៍នៃតម្លាភាពដើម្បីកាត់បន្ថយអំពើពុករលួយ ការប្រកាស​​​​ទ្រព្យ និង​បំណុលរបស់ក្រសួង-ស្ថាប័នជាតិជាសាធារណៈគឺជារឿងមួយល្អ ដោយសារដើម្បីផ្ទៀងផ្ទាត់​ស្ថានភាព​នៃការងារទៅនឹងប្រាក់ចំណូលរបស់បុគ្គលក្នុងស្ថាប័ន។ប៉ុន្តែដើម្បីឱ្យការប្រកាសទ្រព្យសម្បត្តិនេះ មានភាពជឿទុកចិត្តពីសាធារណៈ លុះត្រាដំណើ​​រកា​​រ​​នេះ ធ្វើឡើងដោយចំហ និងមិនលាក់លៀម។ផ្ទុយទៅវិញ ប្រសិនបើការប្រកាសនេះដោយគ្រាន់តែដាក់នៅក្នុង​ស្រោម​សំ​​បុត្រ ហើយពេលមានបញ្ហាទើបស៊ើបអង្កេតជាក្រោយនោះ គឺមិនបានធ្វើឱ្យមហាជនពេញចិត្តឡើយ។

លោកបន្តថា៖ «ការប្រកាសទ្រព្យសម្បត្តិរបៀបនេះ គឺមិនទាន់គ្រប់ជ្រុងជ្រោយទេ។ យើងចង់ឱ្យព័ត៌មាននៃការមាន​ទ្រព្យរបស់មន្ត្រីដែលត្រូវប្រកាសហ្នឹង គឺត្រូវបានដឹងឮជា​សាធារណៈ នៅក្នុងហេតុផលមួយ ពលរដ្ឋគេអាចប៉ាន់ប្រមាណ គេមើលមកថាឋានៈគាត់ប៉ុណ្ណឹង វាស័ក្តិសមនឹងមានទ្រព្យប៉ុណ្ណឹងដែរទេ? ហើយទ្រព្យហ្នឹង បើមាន ហើយមិនអាចពន្យល់បាន គឺជាទ្រព្យមួយដែលកើតពីអំពើពុករលួយ»

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ អង្គភាព​ប្រឆាំង​អំពើពុករ​លួយ (ACU) លើកយកបញ្ញត្តិមាត្រា១៨ នៃច្បាប់​​ស្តី​​ពី​​ប្រ​​​​ឆាំងអំពើពុករលួយ កំណត់ថា​ ​សមាជិកសភា​ ​សមាជិក​រដ្ឋាភិបាល​ ​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​ទីប្រឹក្សា​ ​និង​ជំ​​នួយ​​​ការ​ចាស់​ និង​ថ្មី ​មាន​ពេល​៣​០​ថ្ងៃ​យ៉ាង​យូរ​ ​ដើម្បី​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល​ ​ក្រោយ​​ចូលកាន់​តំណែង។

ទន្ទឹម​នឹងគ្នា​នេះ​ ​ សមាសភាពដែលជាប់កាតព្វកិច្ចនេះ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល​តាម​របប​ពីរ​ឆ្នាំ​ម្តង។ក្នុង​​ន័យ​​នេះ​ ​សម្រាប់​អ្នក​ដែល​បាន​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល​កាលពី​ឆ្នាំ​២​០​២​២​ ​គឺ​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល​ឡើង​វិញ​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤។ក្រៅពីនេះ​សម្រាប់​អ្នក​ដែល​បាន​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ក្នុង​ឆ្នាំ​២០២៣​ ​នឹង​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល​ឡើងវិញ​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​៥​។​

អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញនៅក្នុងរបាយការណ៍របស់​​ខ្លួន ដោយលើកឡើងថាមកដល់ពេលនេះ មានម​​​​​​ន្រ្តី​ចំនួន៣៦១នាក់បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ-ចូ​ល​​និវត្តន៍ និងចប់អាណត្តិ។

សម្រាប់នាយិកាប្រតិបត្តិ ​នៃ​អង្គការ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុករលួយ​លោកស្រី ម៉ម ស៊ីថា ស្វាគមន៍​ចំពោះ​ការប្រកាស​ទ្រព្យសម្បត្តិ ប៉ុន្តែ​អ្នកស្រីយល់ឃើញ​ថា ការប្រកាស​ជាសម្ងាត់​ដោយ​មិន​បង្ហាញ​ជា​សាធារណៈ​បែបនេះ ស្មើនឹង​មិន​បាន​ប្រកាស​ដដែល។លោកស្រីបន្តថា វិធី​នេះគឺគ្រាន់តែ​ជាផ្នែក​មួយ ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​កំពុង​ចាក់​​ស្រេះ​​​​​ជា​ប្រព័ន្ធ។

បើតាមលោកស្រី ម៉ម ស៊ីថា ​រដ្ឋាភិបាល​គួរ​​​ប្រើ​យន្តការ​បន្ថែម​ទៀត ​ដើម្បី​កាត់បន្ថយ​អំពើ​ពុករលួយ ជាពិសេស​បញ្ហា​បក្ខពួ​​ក​​​និយម និង​ការ​សូក​ប៉ាន់​ផ្សេងៗ។

លោកស្រីបន្តថា៖ «មិនមែន​តែ​អង្គភាព​មួយ​នេះ ប្រឆាំង​អំពើ​ពុករលួយ​មួយ​ប្រទេស​​បានទេ ទាល់តែ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ មន្ត្រី​រាជការ​ស៊ីវិល​ទាំងអស់ ចូលរួម​ក្នុង​ការ ប្រយុទ្ធ​ប្រឆាំង​​ បាន​ទៅរួច ។ចូលរួម​ផ្តល់​ព័ត៌មាន ឬ​ហៅថា ចូលរួម​លុបបំបាត់​វប្បធម៌​ស៊ីសំណូក ទៅ​ទាំង​អស់​បាន​មាន​ជំនឿ​ជឿជាក់។ធ្វើឲ្យ​គគ្រឹក​គគ្រេង ព្រោះ​អំពើ​ពុករលួយ​គគ្រឹកគ​​គ្រេង​​​​ណាស់ រឿង​អី​បាន​ជា​ការ​ប្រឆាំង​អំពើ​ពុករលួយ​មិន​គគ្រឹកគគ្រេង​ដូច​ពុករលួយ​សោះ»

រ​បា​យកា​​​​រ​​ណ៍​ថ្មីមួ​យ​​របស់​អង្គ​ការ​អន្ត​រ​ជាតិឃ្លាំ​មើល​អំពើ​ពុ​ករ​លួយ​ជាស​ក​ល ​​ដែលចេញផ្សាយកាលពីចុងឆ្នាំ ២០២២ រកឃើ​ញ​​​​ថា​ ៥ឆ្នាំ​ជាប់ៗ​គ្នាម​កនេះ​ ​កម្ពុ​ជាប​​ន្តជា​ប់​ចំ​ណាត់​ថ្នាក់​ជា​ប្រទេស​មា​ន​​​​​​អំពើពុករលួ​យជិតបា​តតា​​រា​ង បើទោះបី​ប្រទេ​ស​ក្រី​ក្រ​មួ​យ​នេះមាន​ច្បាប់​ប្រ​ឆាំង​អំពើ​ពុ​ករ​លួ​យសម្រាប់ទប់ស្កាត់​ក្ដី។

​ផ្ទុយពីនេះ ច្បាប់​ស្តី​ពី​​ប្រឆាំ​ងអំពើពុក​រលួ​យ ដែលដាក់ឱ្យប្រើកាលពីដើមខែ មេសា ឆ្នាំ២០១០ វិញ បាន​កំណត់ពីគោ​លបំ​ណងនៅក្នុងការលើ​កក​ម្ពស់​ប្រសិ​ទ្ធ​ភា​ព​នៃកា​រ​ដឹក​នាំ និងប្រឆាំងអំពើពុករលួយ​។

ជាងនេះទៀត បទដ្ឋានគតិយុត្តិនេះ តាក់តែងឡើងក្នុងន័យដើម្បី​ ពង្រឹង​អ​ភិបាល​កិច្ច​ នីតិរដ្ឋ​ នៅក្នុ​ង​ការដឹ​កនាំ​ និងការ​គ្រ​ប់គ្រងរ​ដ្ឋ ព្រមទាំ​ងរក្សា​ភាព​ស្អាត​ស្អំ និ​ង​យុ​ត្តិ​ធម៌​ជា​មូល​ដ្ឋាន​ចាំ​បាច់ ក្នុង​ការ​អភិវ​ឌ្ឍ​សង្គម​ជា​តិ ​ជាពិសេសកាត់ប​ន្ថ​យភា​ព​ក្រីក្រជាដើម។ក៏ប៉ុន្តែនៅ​ដើម​​ឆ្នាំ២០​២​៣នេះ​ ​ពោល​គឺ​​ជិត១៣ឆ្នាំ​ ​ក្រោយ​ច្បា​ប់​នេះ​ប្រកា​សឱ្យ​ប្រើ ​អង្គ​ការ​ត​ម្លាភា​ពអ​ន្តរ​ជាតិ ​(T​ra​​ns​parency Inte​rn​ation​al) ​បាន​ចេញ​ផ្សាយរ​បាយការ​ណ៍ថ្មីមួយ​ ដាក់​ចំណា​ត់​ថ្នាក់អំ​ពើពុករ​លួយនៅកម្ពុជា ឆ្នាំ​២០​២​២ ​ស្ថិត​នៅក្នុ​​​​​ងលេ​ខរៀង១​៥០ ​ក្នុងចំ​​ណោម​១៨​០ប្រទេ​ស ស្ថិ​តក្នុ​ងចំណាត់​ថ្នាក់ទី​២ ក្នុ​ងចំណោមប្រ​ទេស​ជា​ស​​មា​ជិ​កអា​ស៊ាន ​និង​​មានអំពើពុករលួយជាងគេលំដាប់លេខ៣ នៅតំបន់អា​ស៊ីប៉ាស៊ី​ហ្វិក​។​

ចំ​ណាត់ថ្នា​ក់​នេះធ្វើឱ្យ​ក​ម្ពុជា​ជាប់​​ក្នុងក​ម្រិត​ប្រ​ទេ​សមា​នអំពើ​​ពុករ​លួយធ្ងន់​ធ្ងរ​ ឬ​អា​ក្រក់​ ៥​ឆ្នាំ​ជា​ប់គ្នា​ ​បើទោះ​​​​​​បីជា​​ប្រទេ​​ស​​​​ក​ម្ពុជា​ទទួ​ល​បាន​ពិន្ទុ​កើ​នឡើ​ងពី ២​០ពិ​​ន្ទុ ក្នុ​ងឆ្នាំ​២​០​​១៨ ​​ដល់ ២​៤ពិ​ន្ទុ​ ក្នុង​ឆ្នាំ​២​​០​​២២ ​​ដែលពិ​ន្ទុ​១០០​ ជាចំ​ណា​ត់ថ្នា​ក់​​ពិ​ន្ទុ​ល្អ គ្មា​ន​អំពើពុករលួ​យយ៉ាងណាក្តី។

នាយកប្រ​តិប​ត្តិ នៃ​អ​ង្គកា​រ​ត​ម្លាភាព​កម្ពុជា  លោ​ក​ ប៉ិ​ច​ ពិសី ថ្លែងថា ការប្រកាសទ្រព្យសម្បត្តិ គឺជាឧបករណ៍មួយជួយធា​​នា​​គណនេយ្យភាពក្នុងការទទួលខុសត្រូវ និងតម្លាភាពនៃបុគ្គលសាធារណៈ ជាពិសេសគឺមន្ត្រីដែល​តែងតាំងដោយអា​ណ​​ត្តិដែលព​​លរដ្ឋបោះឆ្នោតជូន និងតំណែងមន្ត្រីសាធារណៈដែលមានការ​សម្រេចចិត្តកំពូលៗ។

ម្យ៉ាងវិញទៀត ការ​​ប្រកាសទ្រព្យសម្បត្តិនេះ អាចអនុញ្ញាតឱ្យពលរដ្ឋដឹងថាមន្ត្រីសាធារណៈ ឬបុគ្គលដែលបម្រើកា​​រងា​រជាតិ មានទ្រព្យសម្បត្តិអ្វីខ្លះក្នុងអំឡុងពេលដែលពួកគេបម្រើការងារ ឬមានប្រវត្តិច្បាស់លាស់ ដែលអាចឱ្យពលរដ្ឋជំរុញគណនេយ្យភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់បាន។ម្យ៉ាងវិញទៀត ដើម្បីប្រាកដថា អំពើពុករលួយអាចកាត់បន្ថយក្នុង​​កម្រិ​តអតិបរិមាទៅបាន គឺអាស្រ័យលើការសម្រេចចិត្តខាងនយោបាយ។ប្រសិនបើជំហរនយោបាយ មិនអាចធានា​​បា​​ន​​​ទេ មានន័យថាអំពើពុករលួយ នៅតែជាគ្រោះធំសម្រាប់ជាតិដដែល។

លោកបន្តថា«ការប្រកាសទ្រព្យសម្បត្តិគឺធ្វើឡើងតែចំពោះបុគ្គលសាធារណៈដែលមានអាណត្តិត្រូវប្រកាសប៉ុណ្ណោះ ឯគោលការណ៍ប្រកាសទ្រព្យសម្បត្តិជាសកលដែលថា ប្រកាសឱ្យត្រឹមត្រូវនិងមានគណនេយ្យភាពខ្ពស់នោះ គឺបុគ្គលអ្នកដែលត្រូវប្រកាសទ្រព្យសម្បត្តិនោះ ត្រូវប្រកាសខ្លួនឯងផង និងប្រកាសឱ្យក្រុមគ្រួសារផ្ទាល់ផងគឺមានន័យថា ជាប្រពន្ធឬប្តីនិងកូនបង្កើតត្រូវប្រកាសផងដែរ ហើយការប្រកាសត្រូវធ្វើឡើងជាសាធារណៈ។មានតែឆន្ទៈនិងការប្តេជ្ញាចិត្តផ្នែកន​​យោបាយដ៏មោះមុត ដើម្បីធ្វើកំណែទម្រង់នីតិរដ្ឋប៉ុណ្ណោះ ​ទើបអាចកាត់បន្ថយអំពើពុករលួយខ្នាតធំ ដែលនៅតែកើតមាន និងជាផលវិបាកបំផុតនៅក្នុងប្រ​ទេសកម្ពុជា »

បដិសេធនឹងការរិះគន់ចំពោះនីតិវិធី និងយន្តការនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលដែលធ្វើឡើងបែបអ​​សាធារ​​ណៈ​​នេះ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ទុកថាការនេះគឺបានដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយ និងទប់ស្តាត់អំពើពុករលួយ។លើសពីនេះទៅទៀត ការប្រកាសត្រូវអនុវត្តតាមច្បាប់ស្តីពីប្រឆាំងអំពើពុករលួ​​យ គឺការប្រកាសត្រូវធ្វើដោយសម្ងាត់ ហើយការប្រកាសដោយសម្ងាត់ ពិតជាមានប្រសិទ្ធភាព ព្រោះអង្គភាពប្រឆាំងអំពើពុករលួយ បានអនុវត្តការងារប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។   

លោកបន្តថា៖ «ការប្រកាសទ្រព្យសម្បត្តិ និងបំណុលគឺពិតជាមានសារៈសំខាន់ ដែលជាផ្នែកមួយនៃការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ បន្ថែមលើនេះការប្រកាសទ្រព្យសម្បត្តិ និងបំណុលជាកាតព្វកិច្ចដែលមានចែងក្នុងច្បា​​ប់ស្តីពីការប្រឆាំងអំពើពុករលួយ។ជាច្បាប់ដែលអនុម័តដោយសភា មិនមែនជាការជ្រើសរើសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ឡើយ »

បន្ថែមពីលើនេះ បញ្ញត្តិមាត្រា១៧ នៃច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ បានកំណត់ថាសំណុំ​ឯកសារ​ផ្ទាល់​ខ្លួន​ម្នាក់​ៗ​នៃ​អ្ន​​ក​​​ប្រកាស​ទ្រ​ព្យ​​ស​​ម្បត្តិ និងបំណុល​ត្រូវ​ទុក​ជាការ​សម្ងាត់​ខ្ពស់​បំផុត និងធ្វើ​ជាទម្រង់​អេឡិចត្រូនិក​ដោយ​មាន​លេខ​ស​​ម្ងាត់ ឬ​ធ្វើ​ជាលិខិត​​ពីរ​ច្បាប់​តាមគំរូ​ដែល​កំណត់​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​ដាក់​ក្នុង​ស្រោម​សំបុត្រ​ពីរ​ដាច់​ដោ​​យ​​​ឡែក​ពីគ្នា ដែល​មួយ​ច្បាប់រក្សាទុក​ដោយ​សាមី​ខ្លួន និង​មួយច្បាប់​ទៀត​រក្សាទុក​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

មិនតែប៉ុណ្ណោះ នៅក្នុងបញ្ញត្តិ នៃមាត្រាច្បាប់ដដែលនេះ បង្ហាញថា នីតិវិធីក្នុង​ការ​បើក​ស្រោម​សំបុត្របាន លុះត្រាតែប្រ​​ធា​​​ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បើកដើម្បីបុព្វ​ហេ​​តុ ​​នៃការ​ស៊ើប​អង្កេត​តាមការ​ចាំបាច់។

យ៉ាងនេះក្តី ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញផ្នេកច្បាប់នៅតែចាត់ទុកថា ការជ្រើសរើសនីតិវីធីប្រកាសទ្រព្យស​ម្បត្តិ​ និងបំណុលជាអសាធារណៈ និងសំងាត់នេះ មិនអាចទប់ស្កាត់អំពើពុករលួយបានទេ ព្រោះគ្មាននរណាដឹងថាមន្ត្រីទាំងនោះមានទ្រព្យសម្បតិ្តអ្វីខ្លះមុនពេលកាន់តំណែង កំពុងកាន់តំណែង និងក្រោយពេលកាន់តំណែងជាដើម។

អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថាកន្លងមកថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថាការជ្រើសរើសយកវិធីប្រកាសជាអសាធារណៈ គឺដើម្បីសុវត្ថិភាពចំពោះបុគ្គលដែលបានប្រកាសនោះ។ក៏ប៉ុន្តែលោកចាត់ ​​​​​ទុ​ក​ហេតុផលនេះថាមិនទាន់សមរម្យ ឬុរឹងម៉ាំប៉ុន្មាន​នោះទេ។

បើតាមលោក វ៉ន ចាត់ឡូត ព្រោះតែហេតុផលការពារ ការប្រកាសបែបអសាធារណៈដូចនេះហើយ ទើបគេធ្វើឱ្យមន្ត្រី​​កំ​​ពូ​ល​​ៗជាច្រើន ក្នុងពេលបច្ចុប្បន្ននេះ គេមិនដឹងមានទ្រព្យសម្បត្តិប៉ុន្មានមុនពេលចូលកាន់តំណែង ហើយក្រោយ​​លា​​ឈប់​ពី​​​​តួនាទីមានទ្រព្យសម្បត្តិប៉ុន្មាន។

ប្រភពដដែលបន្តថា ក្នុងពេលយន្តការកាត់បន្ថយអំពើពុករលួយ មិនអាចធានាបាន កត្តានេះបានជំរុញឱ្យមានអំពើជួួញ​​ដូរមនុស្ស គ្រឿងញៀន អសន្តិសុខ និងការបំផ្លិចបំផ្លាញនានានៅក្នុងសង្គមជាតិ ហាក់មានរូបភាពធំធាត់ទៅៗ។

លោកបន្តថា៖« អញ្ចឹងអសាធារណៈរបស់យើងហ្នឹងហើយ ដែលវាបង្តើតឱ្យទៅជាកម្សោយនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រោះមិនដឹងថាអ្នកណា ជាអ្នកណា ហើយអនុវត្តយ៉ាងមិច ការស៊ើបអង្កេតហ្នឹងយ៉ាងមិច យើងអត់ដឹង!។រដ្ឋាភិបាលត្រូវតែក្លាហានក្នុងការកែសម្រួល ឱ្យមាននូវការប្រកាសទ្រព្យសម្បត្តិជាសាធារណៈហ្នឹង ហើ​​​​​ដាក់ទៅជាច្បាប់តែម្តង។ អ្នកដែលកាន់តួនាទីក្នុងអាណត្តិហ្នឹង ត្រូវតែប្រកាស »

មិនខុសគ្នា និស្សិត យុន ធីតា ដែលសិក្សាជំនាញផ្នែកច្បាប់នៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ យល់ឃើញថា កា​​ប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត គួរតែមានការប្រកាសជាសាធារណៈ។ក​​ញ្ញា​​បន្តថា ប្រជាពលរដ្ឋគួរតែដឹងឮពីរឿងនេះ ដើម្បីឱ្យមានតម្លាភាពរវាងស្ថាប័នរដ្ឋជាមួយប្រជាពលរដ្ឋ។

កញ្ញាបន្តថា៖ «ខ្ញុំគិតថា គួរតែមានការប្រកាសជាសាធារណៈ។ ក្នុងនាមជាប្រជាពលរដ្ឋ យើងគួរតែដឹងឮពីរឿងនេះ ដើ​​ម្បី​​​ឱ្យមានតម្លាភាពរវាងស្ថាប័នរដ្ឋជាមួយប្រជាពលរដ្ឋក៏ដូចជាឱ្យប្រជាពលរដ្ឋបានដឹងឮនិងឈឺឆ្អាលពីបញ្ហាទាំងអស់នោះ​​​​ដែរ »

ដោយឡែក បញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានចែងថា ជនណាដែលមិនបានប្រកាស ទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធ​នា​គារ​​ពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លាន​រៀល ហើយត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ក្នុងករណីរឹងរូសមិនព្រម ប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕

ព័ត៌មាន​ពិស្ដារ៖ អ្នក​វិភាគ​​ថាការ​ចាប់​ខ្លួនមន្រ្តី​បក្ស​ភ្លើង​ទៀន​ថ្មីបន្ថែមទៀតជារូបភាពគំរាមកំ​​ហែ​ង​​ខា​​ង​​ន​​យោ​​បាយ

អ្នក​វិភាគ​នយោបាយ​ យល់ឃើញថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀនក្រោមបទចោទផ្សេងៗ​ជា​បន្ត​បន្ទា​​ប់ទៀត​នេះ​ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្រើប្រាស់ឥទ្ធិពលខាងនយោបាយ ប្រឆាំងបក្សជំទាស់ ហើយនេះ​​ក៏​​​​ជាយុទ្ធសាស្រ្តក្នុងការ​​កម្ទេច​​ដៃ​គូប្រកួតនៅក្នុង​សង្វៀន​នយោបាយ​​ ជាជាង​ការ​អនុវត្ត​ច្បាប់ដែរ។

មន្រ្តីគណបក្សភ្លើងទៀនចំនួន ២៣នាក់បន្ថែមទៀតនៅថ្នាក់មូលដ្ឋាន ត្រូវបានកម្លាំងនគរបាលនៃស្នង​​កា​​រ​​រ​​ដ្ឋា​​ននគរបាល ​​ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២៣។ការបន្តចាប់ខ្លួន​​ទៀត​​នេះ បានជំរុញឱ្យកំណើនអ្នកនយោបាយបក្សជំទាស់ បានកើនឡើងប្រមាណ៣០នាក់ហើយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណរ៉ា ហៅការចាប់​ខ្លួន និង​ការ​​យាយី រប​​ស់​​​មន្ត្រី​អាជ្ញាធរ​ប្រឆាំង​សកម្មជន​បក្ស​ភ្លើង​នៅ​តែ​បន្ត​កើត​មាន​នេះថា​ វាពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ​។

លោ​ក​​​សង្កេត​ឃើញ​ថា​ នេះ​គឺ​ជា​ចរន្ត​មួយ​នៃ​ការ​តាម​កម្ចាត់​ដៃគូ​​នយោបាយ ដើម្បី​ទប់ស្កាត់​​​កម្លាំង​ក្រុម​បក្ស​​ប្រ​​ឆាំង​​​ ដើម្បីក្តោបក្តាប់អំណាចរបស់​បក្ស​ប្រជាជនកម្ពុជា។​ក៏ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាល​​នៅបន្ត​​ធ្វើ​​ដូចនេះ​​ទៀ​ត​ ជាពិសេសការ​រឹត​ត្បឹត​មក​លើ​បក្ស​ក្រៅ​រដ្ឋាភិបាល​ វា​ពុំមែនជាជម្រើស​​ល្អប្រសើរឡើយ ផ្ទុ​​​យ​​​ទៅ​​​វិញ វា​​នឹ​​ងរុញ​ឱ្យ​ស្ថាន​ភាព​នយោបាយ​ជាប់​គាំង​ និងចេះតែបន្តបែកបាក់​ផ្ទៃ​ក្នុង​ជាតិ រកទីបញ្ចប់គ្មាន។

បើតាមអ្នកជំនាញផ្នែកគោលនយោបាយរូបនេះ ការចង់ឈ្នះចង់ចាញ់គ្នា ដោយមិនតម្កល់ផលប្រយោ​​ជន៍​​ជា​​តិជាធំនេះ កម្ពុជានឹងបាត់បង់​អ្នក​វិនិយោគ​មក​ពី​ក្រៅ​ប្រទេស ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​ សម្រាប់​អភិវឌ្ឍន៍​ប្រទេស។​​

លោកបន្ត​ថា​៖ «បើ​យើង​មើល​ជ្រុង​មួយ​ទៀត​ ជា​ទូទៅ​បក្ស​កាន់​អំណាច​ហាក់​ដូច​ជា​អត់​មាន​អ្វី​ត្រូវ​បារម្ភ​រឿ​ង​​​បក្ស​ក្រៅ​រដ្ឋាភិបាល ឬ​បក្ស​ប្រឆាំង​ទេ​។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​គួរ​តែ​រក​មធ្យោបាយ រក​វិធីសាស្ត្រ​ក្នុង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ បើក​លំហ​នយោបាយ​ឡើង​វិញ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​ដែល​កម្ពុជា​ផ្ដល់​សច្ចាប័ន​តាម​អនុសញ្ញា​អន្តរជាតិ​នានា​នោះ ដើម្បី​ឱ្យ​កម្ពុជា​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​ប្រជាធិបតេយ្យ​»។​​​

គេសង្កេតឃើញថា នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧មកដល់ សកម្មជនគាំទ្រ និង​​​​មន្រ្តី​​បក្សជំទាស់ ត្រូវរង់ចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់។ក្នុងចំណោមពួកគេទាំងនោះ មានទាំង​​ក្បា​​លម៉ាស៊ីនដឹកនាំរបស់បក្សជំទាស់នេះផង ត្រូវរង់ការចោទប្រកាន់តាមផ្លូវតុលាការ ក្រោមហេតុ​​ផល​​ផ្សេ​​​ងៗ ដែល​បង្ខំចិត្តឱ្យគេពួកគេ ត្រូវដើរចេញពីបក្សខ្លះ និងអ្នកខ្លះទៀតត្រូវបង្ខំចិត្តចុះ​​ចូ​លជាមួយ​​​គណ​​​បក្ស​ប្រ​​​ជា​​ជ​​ន​​​​ក​ម្ពុជា។

ការយាយី និងធ្វើទុកបុកម្នេញខាងនយោបាយនេះ លោក គង់ គាំ ដែលជាអតីតមន្រ្តីជាន់ខ្ពស់មួយរូប ក្នុងចំ​​​ណោមក្បាលម៉ាស៊ីនដឹកបក្សដទៃទៀត បានបង្ខំចិត្តលាលែងពីបក្ស ហើយដីផ្ទះរបស់លោកនៅសង្កាត់​​ទន្លេ​​បាសាក់​ ខណ្ឌចំការមន ត្រូវរដ្ឋាភិបាលរឹបអូស នៅក្នុងអាណត្តិរបស់លោក ហ៊ុន សែន ជាអតីតនាយករដ្ឋ​​មន្រ្តី​​។

លោក សុន ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀននេះ ក៏ត្រូវជាប់បណ្តឹងដែរ ក្រោយពីលោករិះគន់​ដំ​​​ណើ​​​រការ​​បោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។ក្រៅពីនេះ លោក ថាច់ សេដ្ឋា ដែល​​ជា​​អ​​នុ​​​ប្រធានគណបក្សមួយរូបទៀត ក៏ត្រូវរង់ការចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារព្រៃស ដោយរកឃើ​​ញ​​ថាលោកបានផ្តល់មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ឱ្យទៅម្ចាស់បំណុល ដែលជាមនុស្សស្និទ្ធនឹ​​ងគណ​​ប​​ក្ស​​​​ប្រ​​ជាជនកម្ពុជា។

​នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាកើតឡើង ភាពស្មុគស្មាញផ្នែកនីតិវិធីត្រូវបានគេ​​បង្កើត​​ឡើ​​ង រហូតកំណត់គោលការណ៍ខ្លះ ក្នុងន័យដើម្បីទប់ស្កាត់ អ្នកនយោបាយបក្សជំទាស់ មិនឱ្យចូលរួម​​បោះ​​ឆ្នោ​​ត​​បាន។ក្រៅពីនេះ គណបក្សភ្លើងទៀនក៏ត្រូវបានបិទទ្វារ មិនឱ្យចូលរួមបោះឆ្នោតបានដែរ ក្រោមហេតុ​​ផ​​ល​​​​ខុស​​នីតិវិធី។

នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបិទបញ្ចប់ទៅគេរំពឹងថារដ្ឋាភិបាលថ្មីអាច​​នឹងមាន​កា​​រ​​ប្រែ​​​​​​ប្រួ​លស្ថាន​​ការណ៍បានល្អប្រសើរជាងមុន ក៏ប៉ុន្តែបញ្ហានេះ ត្រូវបានក្រុមអ្ន​​កវិភាគស្ថានការណ៍​​នយោ​​បាយ មើលឃើញថា ភាពប្រសើរនេះនៅតែមិនអាចកើតមាន។នៅក្នុងអណត្តិទី៦ សេរីភាពខាងនយោបាយ សេ​​រី​​ភាព​ខាងការបញ្ចេញមតិ និងសិទ្ធិមនុស្សជាដើម ត្រូវរង់ការយាយី និងធ្វើបុកម្នេញមិនឈប់ឈរ។

មិនខុសគ្នាទេ សម្រាប់រដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី គេសង្កេតឃើញថាវិបត្តិនយោបាយនេះ នៅតែ​​ដោះ​​​​មិនចេញ។ទាំងនៅមុនការបោះឆ្នោត និងដំណាក់កាលបោះឆ្នោត មនុស្សប្រមាណ ៧នាក់ ត្រូវបានចាប់​​ខ្លួ​​ន​​​​​ដាក់ពន្ធនាគារ។ពួកគេរង់ការចោទប្រកាន់ថា មានចេតនាធ្វើឱ្យខូចសន្លឹកឆ្នោត និងប៉ះពាល់​​ដល់ដំ​​ណើ​​រ​​កា​​​របោះឆ្នោតថ្នាក់ជាតិ។

ការធ្វើទុកបុកម្នេញខាងនយោបាយនេះ ហាក់មិនខុសពីអាណត្តិមុនប៉ុន្មាន កាលពីថ្ងៃទី ៨ និងថ្ងៃទី៩ ខែ ក​​ញ្ញា ឆ្នាំ២០២៣ មន្រ្តីបក្សជំទាស់នៅថ្នាក់ក្រោមជាតិប្រមាណ ២៣នាក់ ត្រូវបានចាប់ខ្លួន​​ជាបន្ត​​បន្ទា​​ប់​​ទៀ​​ត​​។

 ការចាប់ខ្លួនដែលធ្វើឡើងដោយនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះ ត្រូវបាន​​សា​​ច់​​ញាតិនៃមន្រ្តីទាំងនោះ អះអាងថាធ្វើឡើងដោយគ្មានដីកា និងហេតុផលសមរម្យទេ។អតីត​​លេ​​ខា​​ធិ​​កា​​​​រ នៃគណបក្សភ្លើងទៀន ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ប្រព័ន្ធផ្សាយថា នៅចំពោះមុខការយក​​ច​​ម្លើយពីនគរបាល ពួកគេបានព្យាយាចោទសួរ ពាក់ព័ន្ធការប្រមូលស្នាមមេដៃ ដើម្បីបង្កើតគណ​​បក្សថ្មី​​ឈ្មោះ «បញ្ញទំនើប » និងសួររកអ្នកនៅពីក្រោយ នៃការបង្កើតបក្សថ្មោងថ្មីនេះ។ 

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ  លោក សេក  សុជាតិ មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ជា​បន្ត​បន្ទាប់​កាលពី​ពេលថ្មីៗ​នេះ​ បានបង្ហាញឱ្យឃើញពី​ការ​រំលោភ​សិទ្ធិ​មនុ​​ស្ស​ និង​សិទ្ធិ​នយោបាយ ដែលរដ្ឋាភិបាលមានកាតព្វកិច្ចមានតួនាទីត្រូវគោរព និងអនុវត្ត​។

លោក​បន្ត​ថា ការ​អះអាង​របស់​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​នេះ​ ហាក់​​​មិន​សម​ទំនង​ ដែល​ស្រប​នឹង​ស្មារតី​ច្បាប់​ដែ​ល​​​​​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។​​ លោក​ថា ​ប្រសិនបើ​​​​ការ​ឃាត់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​ក្រោម​ហេតុផល ​ប្រមូល​ស្នាម​មេដៃ​ពី​​ពលរដ្ឋ​ដើម្បី​បង្កើត​គណបក្ស​ថ្មី ក៏​គ្មាន​អ្វី​ដែល​ផ្ទុយ​នឹង​ច្បាប់​ដែរ​​ ខណៈ​ដែល​ក្រ​សួ​ង​​មហា​ផ្ទៃ​ក៏​បាន​ចេញ​លិខិត​អនុញ្ញាត​រួម​ហើយដែរ​។

លោកបន្ត​ថា៖«បញ្ហា​តុលាការ​ទៀត​សោត​​ក៏​ចូល​រួម​វាយ​តម្លៃ​ទៅ​លើ​ការ​អនុវត្ត​របស់​មន្រ្តី​អាជ្ញាធរ មាន​សម​​ត្ថ​​​​កិច្ច​នៅ​ក្នុង​មូលដ្ឋាន ថា​តើ​គាត់​សំអាង​លើ​អ្វី​បាន​ជា​ទៅ​ចាប់​ប្រជាពលរដ្ឋ ដោយ​ពុំ​មាន​ដីកា ​ឬ​ក៏​ពុំ​មាន​ច្បា​​ប់​ទម្លាប់​​ត្រឹម​ត្រូវ​អ៊ីចឹង? នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ក្នុង​ការ​ចូល​រួម ជីវភា​​ព​ន​​យោ​​បាយ របស់​សកម្មជន​នយោបាយ​នៅ​​កម្ពុជា »។

ជុំ​វិញ​រឿង​នេះ Newsroom Cambodia ពុំ​អាច​ទាក់ទង​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​លោក​ ឆាយ គឹម​ខឿន  និង​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​ នៅ​ថ្ងៃ​ទី​១៣​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។

យ៉ាងនេះក្តី​ អ្នក​នាំ​​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​នេះ​ ពុំ​មែ​​ន​​​ជា​​​ហេតុផល​នយោបាយ ​ដូច​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ទាំង​នោះ​ឡើយ​។លោក​បន្ត​ថា​ ការ​ចាប់​ខ្លួននេះ​​​គឺ ដោយ​សារ​តែ​អ្នក​ទាំង​នោះ​​ប្រព្រឹត្ត​ខុស​​ច្បាប់។

បើតាមលោក សុខ ឥសាន ប្រសិនបើពួកគេយល់ឃើញថា ការអនុវត្តនីតិវិធីនេះ មិនពេញចិត្ត ពួកគេអាច​​ប្រើ​​​​ប្រាស់សិទ្ធិដែលមានស្រាបទៅតុលាការ ដើម្បីតតាំងគ្នាក្នុងការស្វែងរកយុត្តិធម៌បាន។

លោក​បន្ត​ថា​៖ «ករណី​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​។​ បើ​សិន​ជា​អ្នក​ទាំ​​ង​​​នោះ​ គិត​ថា​ការ​ចាប់​ខ្លួន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ ដាក់​ពាក្យ​បណ្ដឹ​​ង​​ទៅ​ គ្មាន​នរណា​គេ​ហាម​យើង​ណា​​» ។​

បញ្ញត្តិ​មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្មជន​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។សេចក្ដី​ស្នើ​ទាំង​ឡា​យ​ណា​ពី​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ​។

ដោយឡែក អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ​​រ៉ុង ឈុន ប្រាប់ Newsroom Cambodia នៅថ្ងៃទី១៣ ខែ​កញ្ញា​ថា ការបន្តចាប់ខ្លួន មន្រ្តីបក្សក្រៅរដ្ឋាភិបាល ជាពិសេសនៅថ្នាក់មូលដ្ឋាននេះ វាជារូបភាពនៃកា​​រគំ​​រា​​ម​​កំហែងខាងនយោបាយសុទ្ធសាធ។

លោក​លើក​ឡើង​ថា​ ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ភ្លើង​ទៀន​នេះ ​​គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​បារម្ភ​ ក្នុង​ពេ​​លដែលលំហសេរីភាពខាងនយោបាយ នៅកម្ពុជាកាន់តែរួមតូចទៅៗ។មិនតែប៉ុណ្ណោះ មក​ដល់​ពេល​នេះ​ លោកអះអាងថា គេនៅមិនទាន់​ដឹង​ពី​ដើម​ហេតុ​នៅ​ពី​ក្រោយ​នៃ​ការ​ចាប់​ខ្លួននេះនៅ​ឡើយ​ទេ។តែ​យ៉ាងណា លោក​ថា​នេះ​​​គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ ព្រោះ​បក្ស​ភ្លើង​ទៀន​​ នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ​​​នេះ ក៏ទទួល​បា​​ន​​​ការ​គាំទ្រ​​ពី​ប្រជាពលរដ្ឋ មិនចាញ់តំបន់ដទៃទៀតប៉ុន្មានឡើយ។

លោក​បន្តថា៖ ការ​ចាប់​ខ្លួន​នេះ​គឺ​​ជា​ ​ន័យ​ថា​ ជា​ការ​គំរាម​កំហែង​ទៅ​ដល់​សកម្មជន​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ភ្លើង​ទៀន​កាន់​តែ​ខ្លាំង​។ យើង​គិត​ថា​ករណីនេះ ពុំ​​គួរ​ឱ្យ​កើត​មាន​សម្រាប់​សង្គម​កម្ពុជា​យើង​ដែ​ល​​​ប្រកាន់​គោល​ការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ដោយ​ឡែក ​ការ​ចាប់​ខ្លួន​នេះ ពុំ​មាន​កំហុស​ឆ្គង​ពុំ​មាន​ហេតុ​ផល​ជាក់លាក់» ។​

​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក (Adhoc)​ លោក​ ស៊ឹង សែន​ករុណា​ សង្កេតឃើញថា ការ​ចាប់​ស​​កម្មជន​បក្ស​ភ្លើង​ទៀន​នេះ មាន​ខ្លះ​ចាប់​ទាំង​យប់ និង​ខ្លះ​ទៀត​ត្រូវចាប់​ខ្លួន​ដោយ​ពុំ​មាន​ដីកា​ពីតុ​​លា​​ការក៏មានដែរ។

បើតាមលោក ស៊ឹង សែនករុណា ប្រសិនបើ​ការ​ចាប់​ខ្លួន​នេះ​មាន​ដីកា​កោះហៅ​ពីតុលាការ ​តាម​​​​​នីតិវិធី​ច្បាប់​ គឺ​ជា​រឿងដែល​ត្រឹម​ត្រូវ​។ដោយឡែក លោក​ថា​​ប្រសិនបើសកម្មជន​ទាំងនោះ​ ​ពុំ​បាន​ប្រព្រឹត្តកំហុស​ណា​មួយ​ទេ​ ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ដោះលែង​អ្នកទាំងនោះ ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក​បន្ត​​ថា៖«ការ​ចាប់​ខ្លួន​ដែល​ពុំ​មាន​ដីកា​ត្រឹម​ត្រូវ​ នេះ​ជា​ការ​កត់​សម្គាល់​មួយ​ថា​ បើ​បទល្មើស​នោះ​កើត​ឡើង​ដោយ​ពុំ​មាន​បទល្មើស​ជាក់​ស្ដែង​វា​គឺ​ជា​​អំពើ​បំពាន​នីតិ​វិធី​ផ្លូវ​ច្បាប់​ ទាក់ទង​នឹង​ក្រម​ព្រហ្មទណ្ឌ​នឹង​ហើ​​យ​​​។ ចំណុច​ទី​២​នោះ​បើ​សិន​ជា​ការ​ចាប់​ខ្លួន​ដោយ​តែ​ ការ​ធ្វើ​សកម្មភាព​ផ្នែក​នយោបាយ និង​ការ​ប្រមូល​ស្នា​​ម​​មេដៃ​នោះ​ក៏​រឹត​តែ​ខុស​ច្បាប់​ទៅទៀត​ ព្រោះ​នោះ​គឺ​ជា​សិទ្ធិ​ចូល​រួម​នយោបាយ​របស់​ពួក​គាត់»។

បើទោះបែបណា សម្រាប់អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ​ឯម សុវណ្ណារ៉ា មើលឃើញថា​ចរន្ត​នៃ​ការ​គំ​​រា​​​ម​កំហែង​របស់​បក្ស​កាន់​អំណាច​ តាម​រយៈ​ប្រព័ន្ធ​តុលាការ​​​មក​លើ​បក្ស​ភ្លើង​ទៀន​នេះ​ នឹង​ធ្វើ​ឱ្យ​សេរីភាព​​ខា​​ង​​​ការ​​បញ្ចេញមតិ និង​ការ​ចូល​រួម​ផ្នែក​​ន​​យោបា​​យ​របស់​បក្ស​ជំទាស់​​កាន់​តែ​ចង្អៀត​​។លើសពីនេះទៀត ​ស​​ហ​​គមន៍​​អន្តរជាតិ​ ក៏​ពុំ​សូវ​បាន​ចាប់​អារម្មណ៍​លើ​​បញ្ហា​នៅ​កម្ពុជាផង។

កត្តា​នេះ​លោក​ថា ​ជា​ហេតុ​​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ ហាក់​​ពុំ​សូវ​មាន​ឆន្ទៈ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​បាន​ល្អ​ប្រសើរ​ បើទោះត្រូវរង់ការរិះគន់ពីសហគមន៍អន្តរជាតិក្តី។

លោក​បន្តថា៖«អ្នកនយោបាយ រដ្ឋាភិបាល​ថ្មី ​ដែល​សុទ្ធ​តែ​ជា​អ្នក​នយោបាយ​វ័យ​ក្មេង​គួរ​តែ​ឈរ​លើ​គោលការណ៍​សហគមន៍​អន្តរជាតិ ព្រោះ​សម័យ​កម្ពុជា​ ជា​សម័យ​សកលភាវូបនីយកម្ម យើង​មិន​អាច​រស់​នៅ​តែ​ឯង​ទេ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​លើក​ឡើង​​ឱ្យ​បើក​លំហ​សេរីភាព​នយោបាយ ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើង​វិញ រដ្ឋាភិបាល គួរ​តែ​ឆ្លើយ​តប​នឹង​មតិ​របស់​លោក​ខាង​លិច​ជា​ពិសេស​សហភាព​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក ដើម្បី​យើង​អាច​រក្សា​បាន​ទំនាក់ទំនង​ការទូត ​និង​រក្សា​បាន​ផល​ប្រយោជន៍​ពាណិជ្ជកម្ម ជា​ជាង​ដែល​ផ្ដេកផ្ដួល​តែ​ទៅ​រក​ប្រទេស​កុម្មុយនីស្ត​ ដែល​មាន​ចិន​ជា​ដើម​»

ទាក់ទិនចរន្តនយោបាយនេះ ក្រុមអ្នកវិភាគ យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ មិន​​ដូរ​​ទម្លាប់ដឹកនាំ ដោយប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ​​ជាមូល​​ដ្ឋា​​​នទេ កម្ពុជាអាចនឹងបាត់បង់ឋានៈជាប្រទេសទទួលបានប្រព័ន្ធអនុគ្រោះពន្ធទាំងពីរគឺសហរដ្ឋអាមេរិក និ​ង​​​ស​​​​ហភា​​ពអ៊ឺរ៉ុប៕

ស្ថាបនិកគណបក្សអាយ៉ងខ្មែរបង្ហាញការសោកស្ដាយ ក្រោយក្រសួងមហាផ្ទៃបដិសេធចុះបញ្ជី

ស្ថាបនិកគណបក្សអាយ៉ងខ្មែរ បង្ហាញការសោកស្ដាយ ក្រោយពីក្រសួងមហាផ្ទៃបានសម្រេចបដិសេធក្នុងកា​​​​រចុះបញ្ជីគណបក្សនេះឱ្យស្របតាមច្បាប់ ក្នុងពេលលំហសេរីភាពខាងនយោបាយ នៅកម្ពុជារង់ការរិះ​​គ​ន់​​​​ពី​​សហគមន៍អន្តរជាតិថាកំពុងមានភាពចង្អៀត និងរួមតូច។

ស្ថាបនិកគណបក្សអាយ៉ងខ្មែរ និងជាអតីតអគ្គលេខាធិការគណបក្សយុវជនកម្ពុជា លោក ឯម សុខសុវណ្ណ ជំរុញឱ្យក្រសួងមហាផ្ទៃបង្ហាញពីកំហុសឆ្គងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយដែលឈាន់ដល់ការរារាំងគណបក្សលោកក្នុងការចុះបញ្ជីស្របច្បាប់។

លោកបន្តថា ខ្លួនបានដាក់ឯកសារគ្រប់គ្រាន់តាមច្បាប់ រួមមាន និមិត្តសញ្ញាគណបក្ស ប្រវត្តិរូបតំណាងស្ថា​​ប​​និក លិខិតបញ្ជាក់ទីស្នាក់ការគណបក្ស និងបញ្ជីឈ្មោះពលរដ្ឋចំនួន៨០នាក់ដែលគាំទ្របង្កើតថែមទៀត​​ផង​​​។

ជាមួយគ្នានេះ លោក សុខសុវណ្ណ បន្ថែមថា លោកនឹងជួបជាមួយក្រសួងមហាផ្ទៃនៅសប្ដាហ៍ក្រោយដើម្បីជជែកគ្នាជុំវិញករណីនេះ។ បន្ថែមពីលើនេះ លោកឱ្យដឹងថា​ ការបង្កើតគណបក្សដោយដាក់ឈ្មោះថា អាយ៉​ង​​ខ្មែរនេះ ដើម្បីបញ្ជាក់ថា គណបក្សលោកមានភក្ដីភាពចំពោះពលរដ្ឋកម្ពុជា។

លោកបន្តថា៖«បើសិនជាចំណុចណាមួយដែលក្រសួងមហាផ្ទៃលើកឡើងហ្នឹង ខ្ញុំនឹងជជែកជាមួយក្រ​​សួងមហាផ្ទៃឱ្យជាក់ច្បាស់យើងអត់ទាន់បានវាយតម្លៃថាម៉េចៗទេ។…យើងចង់ឱ្យមានការសម្របសម្រួលចឹង»

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានប្រកាសច្រានចោលការសុំចុះបញ្ជីគណបក្សអាយ៉ងខ្មែរ ដោ​យ​​​យោងតាមច្បាប់ស្ដីពីគណបក្សនយោបាយ។ ប៉ុន្តែក្រសួងមហាផ្ទៃមិនបាន​បញ្ជាក់ពីចំណុច​​ដែល​នាំឱ្យ​​ស្ថាប័នជំនាញមួយនេះ សម្រេចទាត់ចោលលិខិត​​ស្នើសុំបង្កើតគណ​​បក្សន​​យោ​​បាយថ្មោង​​ថ្មីនេះ​​ទេ​។

យ៉ាងនេះក្តី តាមរយៈលិខិតបដិសេធរបស់ក្រសួងមហាផ្ទៃនេះ បានបញ្ជាក់ថាតំណាងស្ថាបនិកគណបក្ស អា​​យ៉ងខ្មែរ មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនា​ម​ពលរដ្ឋខ្មែរទាំង៨០នាក់ដែលផ្គួចផ្ដើមបង្កើតគ​​ណបក្សនយោបាយនេះ។

​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ (Licadho) លោក ​អំ សំអាត មានប្រសា  ស​​ន៍ថា ប្រ​សិនបើ​តំណាងគណបក្សអាយ៉ងខ្មែរបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់ហើយនោះ មានន័យថាក្រសួ​ង​​​​មហា​​ផ្ទៃ​​កំពុងរំលោភលើសិទ្ធិពលរដ្ឋក្នុងការបង្កើតគណបក្សនយោបាយ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញ​​។

លោកបន្តថា៖ «ក្នុងរដ្ឋធម្មនុញ្ញ គេនិយាយអំពីពលរដ្ឋគ្រប់រូបមានសិទ្ធិនិងសេរីភាពក្នុងការបង្កើតសមាគម និងគណបក្សនយោបាយដោយផ្អែកតាមច្បាប់ជាតិ»។

គេហទំព័រ Newsroom Cambodia ពុំទាន់អាចសូមការអត្ថាធិប្បាយពីលោក ខៀវ សុភ័គ និង លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេនៅថ្ងៃនេះ ដោយទូរសព្ទចូលប៉ុន្តែគ្មានអ្នកទទួល។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ សម្រេចបដិសេធការស្នើសុំចុះបញ្ជីគណបក្ស «​បេះដូងជាតិ» ក្រោ​យ​រកឃើញថាការផ្ដិត​ស្នាម​មេដៃ​របស់​សមាជិកគណបក្ស​ដើម្បីគាំទ្រ​ក្នុងការសុំចុះបញ្ជី មានចេតនាទុច្ចរិត ដោយ​មានស្នាមផ្តិតមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និង​ការផ្ដិតធ្វើឱ្យ​ខូច​គុណភាព ដើ​​ម្បី​​បង្កើនបរិមាណចំនួនសមាជិកជាដើម។

ជុំវិញករណីនេះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តុលាការរាជធានីភ្នំពេញ សម្រេច​ឃុំខ្លួនស្ថាបនិកគណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ដាក់ពន្ធនាគារ​ព្រៃ​ស ក្រោម​បទចោទ​ប្រកាន់​ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» នៅបន្ទាប់មានពាក្យបណ្តឹងពីក្រសួងមហាផ្ទៃ។

ដោយឡែក មនុស្សចំនួន ២៣ នាក់ដែលជាអតីតមន្រ្តីគណបក្សភ្លើងទៀន នៅខេត្តបន្ទាយមានជ័យ កា​​ល​ពី​​ថ្ងៃទី៨ និងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានស្នងការរដ្ឋាននគរបាលខេត្តចាប់ខ្លួន ពាក់ព័ន្ធនឹ​ងកា​​​​​រ​​ផ្តិ​​ត​​​​​​មេ​​ដៃ ដើម្បីបង្កើតគណប្ស «បញ្ញាទំនើប»

ក្រុមអ្នកជំនាញផ្នែកគោលនយោបាយចាត់ទុការចាប់ខ្លួននេះថា គឺជារូបភាពនៃការគំរាមកំហែងខា​​ង​​ន​​យោ​​​​បាយ និងជាការធ្វើឱ្យលំហសេរីភាពនយោបាយ នៅកម្ពុជាកាន់តែបន្តធ្លាក់ចុះ៕

ក្រុមការងារចចារប្រាក់ឈ្នូលកម្មករមិនទាន់ឯកភាពគ្នាលើតួលេខដែលត្រូវដំឡើងសម្រាប់ឆ្នាំថ្មី

សហជីព និងកម្មករទាមទារឱ្យភាគីពាក់ព័ន្ធដំឡើងប្រាក់ឈ្នួលអប្បរមាស្របតាមការកើនឡើងនៃតម្លៃទំនិ​​ញ​លើទីផ្សារដើម្បីចៀសវាងកម្មករមានការហូបចុករឹតត្បិត និងសន្សំសំចៃ។

អ្នកគ្រប់គ្រង​កម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោ​ក ឃុន ថារ៉ូ មានប្រសាសន៍ថា កម្មករនិយោជិកបានចំណាយថវិកាក្នុងម្នាក់ លើម្ហូបអាហារសមរម្យចំនួន១៨០ដុល្លារក្នុងមួយខែ។ លោកបន្តថា កម្ពុជាមិនបានកំណត់យកប្រាក់ឈ្នួលរស់នៅសមរម្យនោះទេ ប៉ុន្តែជំនួសមកវិញគឺប្រាក់ឈ្នួលអប្បបរិមាដែលមិនឆ្លុះបញ្ចាំងពីតម្រូវការមូលដ្ឋានរបស់កម្មករ។

នេះគឺជាការរៀបរាប់

លោកបន្តថា៖ «ខ្ញុំមិនរំពឹងថាមានការកើនឡើងច្រើនទេ ទាក់ទងនឹងប្រាក់ឈ្នួល»

ប្រភពដដែលឱ្យដឹងទៀតថា ការចាយវាយមិនគ្រប់គ្រាន់នឹងដាក់សម្ពាធលើកម្មករឱ្យធ្វើការថែមម៉ោង និងកាត់បន្ថយការហូបចុកដែលបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។

កម្មកររោងចក្រម្នាក់ លោក ស្រស់ វុទ្ធី និយាយថា លោកចង់ឃើញរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់២៥០ដុល្លារទើបអាចឆ្លើយតបទៅនឹងការកើនឡើងនៃការចំណាយលើអាហារនិងបន្ទប់ជួលបាន។

បើតាមលោក ស្រស់ វុទ្ធី ក្រៅពីតម្រូវការជាមូលដ្ឋាន លោកថែមទាំងរ៉ាប់រងលើការសិក្សាកូន និងការឈឺស្កា​​ត់​​​​របស់ក្រុមគ្រួសារថែមទៀតដែរ។

លោកបន្តថា៖ «ស្ថានភាពអតិផរណាក៏៏វាឡើងថ្លៃ ការចំណាយយើងក៏ចំណាយច្រើនបាយទឹកម្ហូប អាហារ សាំងអីវិញឡើងថ្លៃ ផ្ទះជួលក៏វាឡើងថ្លៃ ដល់ចឹងវាពិបាក។ឆ្នាំហ្នឹង [បន្ទប់ជួល] មួយឆ្នាំឡើង៥ដុល្លារ ឆ្នាំ២០២៣នេះឡើង៥០ដុល្លារ។ ការចាយត្បិតការហូបចុកអី របស់ណាខានបានយើងអត់ទិញទេ»។

ដោយឡែក អគ្គលេខាធិការ នៃសមាគមវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TA​F​TAC) លោក ខេន លូ ត្អូញត្អែរថា កម្មករ និងសហជីពមិនគួរទាមទារការដំឡើងប្រាក់ឈ្នួលច្រើនលើ​សលប់នោះទេ ដោយសម្អាងថា រយៈពេល៧ខែក្នុងឆ្នាំ២០២៣ សម្រាប់រោងចក្រវាយនភណ្ឌកាត់ដេរ ការនាំចេញមានការធ្លាក់ចុះដល់២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ​​២០​​២​២​។

លោកបន្តថា៖ «យើងមើល ឆមាសទី២ ឆ្នាំ២០២៣ ឆ្នាំ២០២៤ក៏មិនល្អ ចឹងយើងត្រូវយកពិចារណាហើយសហជីព កម្មករត្រូវយកទៅពិចារណាមុនទាមទារឡើងប្រាក់ខែហួសហេតុពេក»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ អាត់ ​ធន់ គូសបញ្ជាក់ថា តម្រូវការជាក់ស្ដែងរបស់កម្មករក្នុងម្នាក់​​អា​ច​​​ទទួលបានប្រាក់ឈ្នួល២៥០ដុល្លារទៅ៣០០ដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាចំពោះមុ​ខ​​នៃការកើ​​នឡើងនៃតម្លៃទំនិញនៅលើទីផ្សារ។ប៉ុន្តែសហជីពដែលតំណាងឱ្យផលប្រយោជន៍កម្មករមិនទាមទារច្រើននោះ​​ទេ ដោយសារការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំមិនមានចំនួនច្រើនឡើយ។

លោកបន្តថា៖ «យន្តការមានហើយប៉ុន្តែអាស្រ័យលើអំណាច បើអំណាចកម្មករខ្លាំង គឺយើងទាមទារបាន។ បើអំណាចកម្មករយើងខ្សោយគឺយើងទាមទារអត់បានទេ។ អំណាចនេះគឺប្រើតាមរយៈចរចា។ ចរចាអត់បានយើងអាចធ្វើការតវ៉ាចឹងទៅ»។

សេចក្ដីថ្លែងការណ៍ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​​២០២៣ បញ្ជាក់ថាការច​​រ​​​ចាគ្នារវាងនិយោជក និងតំណាងកម្មករនិយោជិតបានប្រព្រឹត្តទៅចំនួន១៥លើ​​ករួចមកហើយ។ចំណែក ក្នុង​កិច្ចប្រជុំនៅថ្ងៃទី ១១ កញ្ញា កន្លងទៅនេះ ​ភាគីថៅកែរោងចក្របានដំឡើងប្រា​​ក់ឈ្នួល១ដុល្លារអាមេរិក ខណៈសហជីពទា​ម​ទា​របន្ថែម១៥ដុល្លារអាមេរិក លើប្រាក់ឈ្នួលបច្ចុប្បន្នដែ​ល​មានស្រា​​បចំនួន២០០ដុល្លារដើម្បីលើកកម្ពស់កម្មករអាចដោះបន្ទុកនៃការកើនឡើងតម្លៃទំនិញលើទី​​ផ្សា​​របានខ្លះ។

រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំចរចាប្រាក់ឈ្នួលបានបិទបញ្ចប់កាលពីថ្ងៃទី១១ កញ្ញាថាក្រសួងការងារបានត្រឹមសម្របសម្រួលក្នុងកិច្ចការចរចាដំឡើងប្រា​​​​ក់ឈ្នួលទេ ចំពោះការសម្រេចបែបណា អាស្រ័យលើភាគីម្ចាស់រោងចក្រ។

លោកបន្តថា៖ «រដ្ឋជាអាជ្ញាកណ្ដាលនឹងព្យាយាមសម្របសម្រួល»

ដោយឡែក លោក ឃុន ថារ៉ូ មានទុទិដ្ឋិនិយមថា កម្ពុជាអាចនឹងពិបាកក្នុងការបង្កើនប្រាក់ឈ្នួលកម្មករឱ្យដល់កម្រិតមួយដែលអាចទទួលយកទាំងនិយោជិត និងនិយោជក។ក្នុងន័យនេះ លោកបញ្ជាក់ថា រដ្ឋាភិបា​​លកម្ពុជា គួរកែប្រែគោលនយោបាយទាក់ទិននឹងតម្លៃអគ្គិសនី និងវត្ថុធាតុដើមដែលមានតម្លៃខ្ពស់ពីប្រ​​ទេ​​ស​​ជិតខាង។

លោកបន្តថា៖ «ពឹងផ្អែកវត្ថុធាតុនាំចូលពីចិន ម៉ាឡេស៊ី វៀតណាមជាដើម យើងអត់មានលទ្ធភាពក្នុងការផលិតនូវវត្ថុធាតុដើមក្នុងស្រុកទេ។ កត្តានេះក៏វានឹងជះឥទ្ធិពលទៅដល់ វិស័យដែរ»។

លោក បន្តថា រដ្ឋាភិបាលក៏ត្រូវធានាចំពោះការមិនបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធពីសហគមអឺរ៉ុបផងដែរ។ បើពុំនោះទេ លោកបញ្ជាក់ថា វិស័យវាយនភណ្ឌនឹងជួបប្រទះវិបត្តិផ្នែកការងារ ហើយកម្មករខ្មែរ១លាននាក់នឹ​​ង​​រងផលប៉ះពាល់ដោយផ្ទាល់ និងមនុស្សចំនួន២លាននាក់រងផលប៉ះពាល់ដោយប្រយោល។

បើតាមលោក ឃុន ថារ៉ូ នៅក្នុងឆ្នាំ២០២៣នេះ មានរោងចក្រចំនួន២០រោងចក្រហើយ បានបិទទ្វារ ព្យួរការងារកម្មករ និងបញ្ឈប់ការងារកម្មករក្នុងទ្រង់ទ្រាយធំ។ក្នុងនោះកម្មករជិត២ម៉ឺននាក់ទទួលរង់ផលប៉ះពា​​ល់ ពីវិបត្តិគ្មានការងារនេះ។ប្រភពដដែលបន្តថា រោងចក្របិទទ្វារភាគច្រើនជារោងចក្រដេរសម្លៀកបំពាក់ និងស្បែកជើងដែលមានទីផ្សា​​​រធំនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ក្នុងន័យនេះកម្ពុជាបានទទួលអត្ថប្រ​យោ​​ជ​ន៍​​ច្រើនពីប្រព័ន្ធអនុ​​គ្រោះ​​ពន្ធទាំង GSP របស់សហរដ្ឋអាមេរិក និងEBA របស់សហគមអឺរ៉ុប ដែលកម្ពុជាទទួលបានផលចំណេញសរុប១ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

ដោយឡែក ការកំណត់ប្រាក់ឈ្នូលក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផល​​ធ្វើដំ​​ណើរ រួមទាំងកាបូបសម្រាប់ឆ្នាំ២០២៤ ក្រសួងការងារបញ្ជាក់ថា នឹងចាប់ផ្តើមដំណើរការជាថ្មីទៀត នៅ​​ថ្ងៃ​​​ទី១៨ ខែកញ្ញា ខាងមុខនេះ។បើតាមក្រសួងការងារ មានសុទិដ្ឋិនិយមថា នឹងព្យាយាមរកចំណុចរួមមួយក្នុងការដំឡើងប្រាក់ឈ្នួលនេះឱ្យបាន ហើយអាចនឹងចេញលទ្ធផលនៅដំណាច់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០​​២​​៣​​៕

សង្គមស៊ីវិលដែលលើកកម្ពស់សិទ្ធិស្រ្តីបង្ហាញក្ដីបារម្ភពីចំនួនស្រ្តីក្នុងវិស័យនយោ​​បាយ​​នៅ​មានក្រិតទាប


ក្រុមអង្គការសង្គមស៊ីវិលដែលលើកកម្ពស់សិទ្ធិស្រ្តីបង្ហាញក្ដីបារម្ភថារដ្ឋាភិបាលថ្មីមិនអាចដោះស្រាយបញ្ហាស្រ្តីគ្រប់ជ្រុងជ្រោយបានទេ ស្របពេលដែលមន្រ្តីជាន់ខ្ពស់នៅក្នុងអាណត្តិទី៧នេះភាគច្រើនជាបុរសដែល​ពួ​​ក​គេទំនងនឹងមើលមិនឃើញពីសេចក្តីត្រូវការចាំបាច់ និងទុក្ខលំបាករបស់ស្រ្តីបានគ្រប់ច្រកល្ហក និងស៊ីជ​ម្រៅ​​នោះឡើយ។

ការព្រួយបារម្ភបែបនេះ ក្រោយរដ្ឋាភិបាលអាណត្តិថ្មីដឹកនាំដោយ លោក ហ៊ុន ម៉ាណែត បានតែងតាំ​​មន្រ្តីនយោបាយ​មាន​រដ្ឋលេខាធិការ​ និង​អនុរដ្ឋ​លេខាធិការ​សរុប​ចំនួន​​ ១​,៤៤៧នាក់​ ដែលមានស្រ្តី១៥ភាគរយ បើធៀបនឹងចំនួនបុរសនៅក្នុងវិស័យនយោបាយ និងកិច្ចការដទៃទៀតដែលមាននៅក្នុងស្ថាប័នរដ្ឋ។

អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃ ខុមហ្រ្វែល លោកស្រី សឺនកេត សិរីលក្ខណ៍ មានប្រសាសន៍ថា បញ្ហារបស់ស្រ្តីជាច្រើននឹងនៅបន្តកើតមានក្នុងសង្គម រួមមានអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំ​​ពា​ន​ផ្លូវភេទជាដើមក្រោយមន្រ្តីរដ្ឋាភិបាលស្ថិតក្នុងមុខតំណែងដែលអាចធ្វើការសម្រេចចិត្តគឺជាបុរសច្រើនលើ​​​​​​សលប់​។

បន្ថែមពីលើនេះ លោកស្រី ថា ការបង្កើតច្បាប់ និងគោលនយោបាយដែលការចូលរួមធ្វើសេចក្តីព្រាងច្បាប់ ឬក៏​​ការសម្រេចចិត្ត​​ដែ​​លសុទ្ធសឹងតែជាបុរស អាចនឹងមិនឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបញ្ហាប្រ​​ឈ​​មរបស់ស្រ្តី​​ឱ្យ​​បា​ន​គ្រប់ជ្រុងជ្រោយនោះទេ។

ជាក់ស្ដែង លោកស្រី សិរីលក្ខណ៍ លើកឡើងថា មានស្រ្តីមួយចំនួនបានរង់ការបៀតបៀនផ្លូវភេទនៅនឹង​ក​​ន្លែ​​ង​​ការងារ ដោយសារចំនួនស្រ្តីបម្រើការងារជាមួយគ្នាមានមិនសមាមាត្រ ហើយពួកគេមានភាពអៀនខ្មា​​ស​​ក្នុងការនិយាយ ឬពុំអាចលើកយកការបៀតបៀននេះទៅកាន់ថ្នាក់ដឹកនាំដែលជាបុរសបាន។

លោកស្រីបន្តថា៖ «ការមើលឃើញពីទុក្ខលំបាកស្រ្តី គេសិក្សាមើលឃើញថាមានតែស្រ្តីខ្លួនឯងទេ ដឹងថាបញ្ហាអ្វីខ្លះបើស្រ្តីនៅកន្លែងធ្វើការមាន៥០ភាគរយចឹងសកម្មភាពនេះនឹងកាត់បន្ថយដោយសារមានចំនួនស្រ្តីច្រើនគាត់(ស្រ្តី)អាចពិភាក្សានិងមិនមានរឿងនេះកើតឡើង។[]សុខភាពស្រ្តី ស្រ្តីមិនអាចពិភាក្សាជាមួយបុរសទេ គាត់អាចពិភាក្សាជាមួយថ្នាក់ដឹកនាំស្រ្តីច្រើនជាង»

លោកស្រី បន្តថា ការតែងតាំងមន្រ្តីនយោបាយភាគច្រើនជាបុរសនេះ អាចជារូបភាពមួយជំរុញឱ្យមានការបំ​​បាក់ទឹកចិត្តក្មេងស្រីជំនាន់ក្រោយហើយក៏កាត់ផ្តាចឱកាសការងាររបស់ពួកគេ ពាក់ព័ន្ធនឹងវិស័យនយោ​​បា​​​​យដែរ។

យ៉ាងណាក៏ដោយ មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ សង្ឃឹមថារដ្ឋាភិបាលថ្មីនឹងលើកកម្ពស់ការចូលរួមរបស់ស្រ្តីបន្ថែមទៀត ដោយការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងដែលអាចមានការសម្រេចចិត្តទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីឱ្យការអនុវត្តគោលនយោបាយទាក់ទិននឹងស្រ្តីប្រកបដោយប្រសិទ្ធិភាព។

មិនខុសគ្នាទេ នាយិកាប្រតិបត្តិ នៃអង្គការបន្ទាយស្រី លោកស្រី ស្ដើង ភារ៉ុង ក៏ឯកភាពដែរថា អំពើហិង្សានិងការចាប់រំលោភស្រ្តីនៅតែបន្តកើតមាននៅតាមមូលដ្ឋានដែលទាមទារឱ្យរដ្ឋាភិបាលថ្មីមានការយកចិត្តទុកដាក់ និងរកដំណោះស្រាយ។

លោកស្រី ភារ៉ុង ជឿថា ប្រសិនបើរដ្ឋាភិបាលមានស្រ្តីជាមន្រ្តីជាន់ខ្ពស់កើនឡើង នោះពួកគេនឹងយល់ដឹង​​ពី​​សុ​​ខទុក្ខចំពោះស្រ្តី បញ្ហាប្រឈម និងតម្រូវការដូចគ្នាបានច្រើនជាងបើធៀបទៅនឹងបុរស។

លោកស្រីបន្តថា៖«យើងឃើញថាផ្នត់គំនិតដាក់បន្ទុកថាបញ្ហារបស់ស្រ្តីនៅតែមាន មន្រ្តីមួយចំនួនថាជារឿ​​​​របស់ស្រ្តីទុកឱ្យស្រ្តីដោះស្រាយ» 

គេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ លោក ហ៊ុន ម៉ាណែត ដែលបង្ហោះកាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២​​០​​២៣ បានបង្ហាញពី​បញ្ជី​ឈ្មោះ​​មន្ត្រី​នយោបាយក្នុងមុខតំ​​ណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិកា​​​​រ​​នៅ​តាម​​​ក្រសួង​នានា​​របស់​​​រដ្ឋាភិបាល​ថ្មី​ ​​បង្ហាញថា​ ស្ថាប័ន​​ទាំង​​នោះ​​មាន​​​​បុរស​​ភាគច្រើន​​​​ស្ថិតនៅ​​ក្នុងមុខ​​តំ​​ណែង​​កំពូលៗ​​។

ប្រភពដដែល​ឱ្យដឹងថា​​​ នៅក្នុងចំណោមមន្រ្តីជាន់ខ្ពស់កំពូលៗទាំងនោះ គឺ​​ស្ត្រីមាន​​ប្រមាណ១៥ភាគរយ​​ បើ​​​ធៀបនឹងចំនួនបុរសដែលមានតួនាទី នៅតាមស្ថាប័នសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ​។

តាមគេហទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ដដែលក្នុងនោះសម្រាប់ក្រ​​សួងការពារជាតិ​មានស្រ្តី​​ប្រ​​មា​​ណ​​៤​​​,​​៧ភាគរយ បើធៀបនឹងក្រសួង និងស្ថាប័នដទៃទៀត ក្រសួងការពារជាតិនេះ មានចំនួនស្រ្តីបម្រើ​​កា​​រងា​​រ​​នៅ​​​​​​ទាបជាងគេនៅឡើយ​​។​ក្រៅពីនេះ

គេហទំព័រកំណត់ត្រា ដែលចេញកាលពីពាក់កណ្តាលខែ សីហាឆ្នាំ២០២៣ រកឃើញថា គ្រប់បណ្ដាក្រ​​សួ​ង ចំនួន​​ស្ត្រី​​ស្ថិតនៅ​ក្រោម​​២៥ភាគរយ​​លើកលែងតែ​ក្រសួង​​ពីរ​​ដែលមានស្រ្តីច្រើនជាង​​គេសម្រាប់​​អាណ​​​ត្តិ​​ទី​​៧នេះ រួមមាន​​ក្រសួង​​កិ​​ច្ច​​ការ​នារី ​និង​​ក្រសួង​ទំនាក់​ទំ​​នង​​ជាមួយ​​រដ្ឋ​​សភា​ ព្រឹទ្ធសភា​ និង​​អធិការកិច្ច ​​​។

ដោយឡែក ប្រធានអង្គភាព អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប៉ែន បូណា មានប្រសាសន៍ថា កង្វះធនធានមនុស្សជាស្រ្តីទើបជាហេតុនាំឱ្យរដ្ឋាភិបាលពិបាកក្នុងការបង្កើនចំនួនស្រ្តីជាមន្រ្តីជាន់ខ្ពស់ ហើយរដ្ឋាភិបាលក៏កំពុងជំរុញឱ្យមានការពង្រឹងសមត្ថភាពចំពោះស្រ្តីបន្ថែមទៀតដែរ។

យ៉ាងណា លោក បូណា កត់សម្គាល់ថា បើទោះបីជាចំនួនស្រ្តីក្នុងវិស័យនយោបាយមានតិចក៏ដោយ ក៏មានស្រ្តីជាច្រើនបានចូលរួមនៅក្នុងវិស័យផ្សេងទៀតដូចជាវិស័យជំនួញនៅកម្ពុជាដែរ។

លោកលោកថា៖ «ខ្ញុំគិតថាបញ្ហាធំ គឺធនធានមនុស្សរបស់ស្រ្តី យើងត្រូវពិនិត្យដើម្បីឱ្យធនធានមនុស្សស្រ្តីសម្បូរបែប គាត់មានប្រជាប្រិយភាពក្នុងចំណោម[មនុស្ស]ទទួលកិច្ចការងារ[ទូ]ទៅ ខ្ញុំគិតថាចំនួនស្រ្តីនឹងឡើងជាងនេះ» 

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ ប្រាប់គេហទំព័រ N​​e​​w​​​​sroom Cambodia ថ្ងៃនេះថានេះជាការបានបរាជ័យរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់់ស្រ្តីឱ្យកាន់មុខតំ​​ណែ​ងដែលអាចមានការសម្រេចចិត្តនៅក្នុងជួររដ្ឋាភិបាល។

លោកបន្តថាករណីនេះនឹងបណ្ដាលឱ្យគោលនយោបាយនានាលើកឡើងដោយរដ្ឋាភិបាលអាចមិនសូវឆ្លើ​​យ​តបទៅនឹងបញ្ហាស្រ្តីនោះទេ ដោយសារគ្មានតំណាងរបស់ពួកគេ។

លោកបន្តថា៖ «ការបាត់បងឪកាសនេះ វាអាចប៉ះពាល់ទៅដល់ការបង្កើតគោលនយោបាយ ការសម្រេចចិត្ត និងការអនុវត្តគោលនយោបាយ។ វាអាចមិនសូវលើកកម្ពស់ឬក៏ឆ្លើយតបទៅនឹងតម្រូវការរបស់ស្រ្តីនៅក្នុងសង្គមដែលមានចំនួនច្រើនជាងបុរស ក្នុងប្រទេសកម្ពុជាយើងផងដែរ »។

ការវិភាគទិន្នន័យដែលចេញដោយ គេហទំព័រកំណត់ត្រា កាលពីខែសីហា ឆ្នាំ២០២៣ បង្ហាញថាក្រសួងកិ​ច្ច​ការនារី​មាន​មន្ត្រី​ជាន់ខ្ពស់៩៣ភាគរយ​គឺ​​ជា​ស្ត្រី។​ប៉ុន្តែ​ក្រសួង​​នេះ​​ទទួល​​បាន​​ថវិកា​ប្រចាំ​​ឆ្នាំ​​កម្រិត​​ទាប​ទីពីរ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​​នៃ​ការ​​​ផ្ដល់តម្លៃលើស្ត្រី។​

ជាងនេះទៀត បើគេពិនិត្យពីតួនាទីស្រ្តីសម្រាប់ដំណែងដែលខ្ពស់បំផុត គឺឧបនាយករដ្ឋមន្រ្តី នៅក្នុងអា​​​ណ​ត្តិ​​​​ទី៧នេះវិញ មិនមានស្រ្តីណាម្នាក់ត្រូវបានតែងតាំងនៅក្នុងមុខតំណែងកំពូលនេះទេ ស្របពេលដែល​​រដ្ឋ​​មន្រ្តី​​ប្រ​​តិភូអមនាយករដ្ឋមន្រ្តីទាំង ២៩រូប គេសង្កេតឃើញមានតែស្រ្តីម្នាក់ទេ ត្រូវបានគេផ្តល់តួនាទី នៅ​​ក្នុង​​មុខតំណែងមួយនេះ។

បើតាមគេហទំពរកំណត់ត្រា ដដែលបង្ហាញថាសម្រាប់​សមាជិកសភា​ចំនួន១២៥​​រូប​​ មានតែ១៦នាក់​ទេ​ដែ​ល​​ជា​ស្ត្រី​ ឬ​ស្មើ​​ ១៣ភាគរយ​ នៅក្នុងអាណត្តិនេះ ​ខណៈ​ដែល​សមាជិក​​គណៈរដ្ឋ​មន្ត្រីទាំង៥៤​​រូប​​ មានស្រ្តី​​​៣​​​​នាក់​ ឬស្មើប្រមាណ៥​,៦ភាគរយ ជាស្រ្តីត្រូវបានគេផ្តល់មុខងារឱ្យ​​ នៅក្នុងតួនាទីមួយនេះ៕

ក្រុមហ៊ុនសន្តិសុខបន្តស្នើពន្យារពេលទូទាត់ប្រាក់ខែឱ្យបុគ្គលិកក្រោយរងការព្រមានប្តឹងតុលាការ

ក្រុមហ៊ុនសន្តិសុខ Honesty General Security ដែលបានបិទទ្វារកាលពីខែមិថុនាកន្លងទៅ បន្តសុំពន្យារពេលទូទាត់ប្រាក់ខែដល់អតីតបុគ្គលិកចំនួន៤នាក់ជាថ្មីម្តងទៀត ក្រោយរងការព្រមានប្តឹងទៅតុលាការពីសំ​​​​ណាក់សហជីព និងបុគ្គលិកទាំងនោះ ដោយសំអាងថាប្រធានក្រុមហ៊ុនសន្តិសុខ ព្យាយាមគេចវេះប្រមា​​ណ​​​​​​​៤ខែមកហើយ។

តំណាងក្រុមហ៊ុនសន្តិសុខ លោក សុន ពិទូ បានឱ្យដឹងនៅថ្ងៃទី ៧ កញ្ញាថា ក្រុមហ៊ុនមិនបានទូទាត់ប្រាក់ខែឱ្យអតីតសន្តិសុខទាំង៤នាក់ចាប់ពីតាំងពីមានបញ្ហាកើតឡើង ដោយបានស្នើសុំពន្យារពេលបន្ថែមទៀតយ៉ាងយូរត្រឹមថ្ងៃទី១១ ខែកញ្ញា ដោយសារតែប្រធានក្រុមហ៊ុនកំពុងមានបញ្ហាសេដ្ឋកិច្ច ខណៈក្រុមហ៊ុនក៏បានបិទទ្វារតាំងពីខែមិថុនាកន្លងទៅដែរ។

លោកបន្តថា៖«ខាងម្ចាស់ក្រុមហ៊ុនគេសុំពេលមួយអាទិត្យទៀត ព្រោះអីលុយគាត់អត់ទាន់បើក កន្លែងកា​​​​ងា​​រគាត់។ អ៊ឹចឹងសុំរយៈពេលគាត់មួយអាទិត្យទៀត ប្រហែលជាថ្ងៃទី១០ ឬថ្ងៃទី១១(ខែកញ្ញា)»។

ទន្ទឹមនឹងនេះ អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ លោក សៅ សុខសាន បានអះអាងថានឹងបន្តប្តឹងករណីនេះ ទៅតុលាការដើម្បីទាមទារប្រាក់ខែ៣០០ដុល្លារអាមេរិក ប្រសិនបើប្រធានក្រុមហ៊ុននៅតែមិនចូលទូទាត់ប្រាក់ខែដល់អតីតបុគ្គលិករបស់ខ្លួនទាំង៤នាក់ទៀត។ 

លោកបន្តថា៖«ខ្ញុំកំពុងតែប្រមូលឯកសារភស្តុតាងពាក់ព័ន្ធសំណុំរឿងរបស់ពួកគាត់ហ្នឹង ដើម្បីធ្វើពាក្យបណ្តឹងឱ្យគាត់ប្រឹងទៅសាលាដំបូងខេត្តកណ្តាល »។

បើទោះជាបែបណា តំណាងសហជីពសេរីកម្មករ និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២​​​០២៣ បានជួបពិភាក្សាគ្នា ដោយមានប្រធានការិយាល័យវិវាទការងារទី២នៃក្រសួងការងារ និងបណ្តុះ​​ប​ណ្តាលវិជ្ជាជីវៈ​ លោក ឡាំ សុវុត្ថា ជាអ្នកស​​ម្រ​​ប​​សម្រួល ជុំវិញករណីក្រុមហ៊ុនមិនបើកប្រាក់ខែម្នាក់៣០០ដុ​​ល្លា​​រអាមេរិកឱ្យបុគ្គលិកសន្តិសុខ៤នាក់ ដែលបា​​ន​អូ​​ស​​បន្លាយតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០​​២​​៣​។

ក្រោយជួបពិភាក្សានេះ ភាគីពាក់ព័ន្ធបានសម្រេចធ្វើកិច្ចសន្យាទូទាត់ប្រាក់ខែដល់អតីតបុគ្គលិកសន្តិសុខទាំ​​ង៤នាក់ មកត្រឹមម្នាក់១៧០ដុល្លារវិញ ដោយកំណត់យកនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ជាថ្ងៃទូទាត់ប្រា​​ក់ខែ។

ចំណែក តំណាងអតីតបុគ្គិលក្រុមហ៊ុនសន្តិសុខ លោក លឹម សុខងួន បារម្ភថាការពន្យារពេលរបស់ក្រុមហ៊ុ​ន​​បន្ថែមទៀតនេះអាចជាការសន្យាខ្យល់ ខណៈលោកធ្លាប់មានសង្ឃឹមខ្ពស់ថាទទួលបានប្រាក់ខែដែលកើ តចេញពីកម្លាំងពលកម្មរបស់ខ្លួនពេលដែលតំណាងក្រុមហ៊ុនធ្វើកិច្ចសន្យានៅក្រសួងការងារ ប៉ុន្តែជាក់ស្តែងបានត្រឹមខកខិត្ត។ 

លោកបន្តថា ក្រុមហ៊ុនដែលជាអ្នកយល់ដឹងពីច្បាប់ បែរជាបំពានលើសេចក្តីទុកចិត្តរបស់អតីតបុគ្គលិកដែ​​ល​​គ្មានការងារធ្វើ និងជីវភាពខ្វះខាតតាំងពីអំឡុងខែឧសភាមក។ អតីតសន្តិសុខវ័យ៦៧ឆ្នាំរូបនេះ ទ​ទូ​ច​ឱ្យស្ថាប័នរដ្ឋជួយពន្លឿនដំណោះស្រាយ ដើម្បីយកថវិកាទាំងនោះសងបំណុលគេ និងចាយវាយប្រចាំថ្ងៃ។

លោកបន្តថា៖«យើងអ្នកអត់ដឹងច្បាប់ ប៉ុន្តែគេអ្នកដឹងច្បាប់ហើយ គេបំពានលើយើងៗគ្រាន់បានតែតូចចិត្ត ។ ខ្ញុំ អត់ទាមទារអីទេ ទាមទារតែកម្លាំងពលកម្មខ្ញុំ ដែលខ្ញុំបម្រើឱ្យក្រុមហ៊ុន»។

គេហទំព័រ Newsroom Cambodia បានព្យាយាមសុំការបញ្ជាក់ពីប្រធានសន្តិសុខ Honesty General Se​​c​​​​u​rity ដែរ ប៉ុន្តែភាគីតំណាងសន្តិសុខរបស់ក្រុមហ៊ុន Honesty General Security បានបដិសេធរហូត មុ​​ន​​​​នឹងចុចផ្តាច់ទូរស័ព្ទ។

យ៉ាងនេះក្តី អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ លោក សៅ សុខសាន ចាត់ទុកថាការសុំពន្យារនេះអាច​គ្រាន់ជាចេតនាមិនចង់ទូទាត់ប្រាក់ខែឱ្យអតីតបុគ្គលិកសន្តិសុខដែលមានទាំងជនដែលមានពិការភាព និងមនុ​​ស្ស​​​​​​​​វ័យចំណាស់ទាំង៤នាក់ច្រើនជាង។លោកបន្តថា អ្វីដែលភាគីសន្តិសុខ លើកឡើងនេះ អាចជារឿង​​ដែ​​ល​​​​​​មិនចង់ទទួលខុសត្រូវចំពោះបញ្ហាដែលកំពុងកើតឡើងនេះ។

លោកបន្តថា៖«ខ្ញុំមិនទុកចិត្តអ្វីដែលគាត់និយាយទេ ពេលយើងមានក្រដាស្នាមហើយគាត់នៅតែក្រឡាសសម្តី អ៊ឹចឹងគាត់និយាយតាមទូរសព្ទខ្ញុំមិនជឿជាក់។ ខ្ញុំនៅតែមិនទាន់ជឿទេ ដរាបណាលុយមិនទាន់ដល់ដៃក្រុមសន្តិសុខទាំង៤នាក់ »។

ក្រុមហ៊ុនសន្តិសុខឈ្មោះ Honesty General Security ដែលធ្លាប់មានទីតាំងនៅរាជធានីភ្នំពេញនេះ ខក​​ខា​​ន​​បើកកប្រាក់ខែឱ្យអតីតបុគ្គលិករបស់ខ្លួនចំនួន៤​​​នា​​ក់ជាង១ខែមកមកហើយ ចាប់ពីថ្ងៃទី ១៦ ឧសភា ឆ្នាំ​​២០២៣មក។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃកំណត់ទូទាត់ប្រាក់ខែដែលភាគីក្រុមហ៊ុនសន្តិសុខ បានធ្វើកិច្ចស​​ន្យា​​​​នៅក្រសួងការងារ ប៉ុន្តែអតីតបុគ្គលិកនៃក្រុមហ៊ុនេះ បានអះអាងថាពួកគេនៅមិនទាន់ទទួលបាន​ដំណឹ​​ង​​​​ណាមួយច្បាស់លាស់ពីភាគីក្រុមហ៊ុននៅឡើយទេ​ ខណៈតំណាងភាគីក្រុមហ៊ុនក៏បានព្យាយាមគេវេះរ​​ហូ​​ត ​ហើយទូរស័ព្ទក៏បិទទៀត។

ក្នុងពេលជាមួយគ្នានេះ សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ ក៏បញ្ជាក់ដែរ អតី​​ត​បុគ្គលិកសន្តិសុខ បានទាក់ទងទៅការិយា​​​ល័យ​​​ដោះស្រាយវិវាទការងារ នៃក្រសួងការងារ​ដែរ ប៉ុន្តែត្រូវបានបដិសេធ ដោយលើកហេតុផល​ថាហួសពីស​​ម​​ត្ថកិច្ចរបស់ការិយា​ល័យដែលត្រូវដោះស្រាយ​ហើ​​យ។ 

ជុំវិញករណីនេះ Newsroom Cambodia មិនទាន់អាចសុំការបញ្ជាក់ពីប្រធានការិយាល័យវិវាទការងារទី២ លោក ឡាំ សុវុត្ថា បានភ្លាមៗនៅឡើយទេ។ 

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត និយាយថា ករ​​ណី​​ថៅកែគេចវេះបែបនេះ បានកើតឡើងជាបន្តបន្ទាប់នៅកម្ពុជា។ តែយ៉ាងណាលោកផ្តល់យោបល់ថា ដើ​​ម្បីគ្រប់គ្រងកុំឱ្យមានក្រុមហ៊ុនខិលខូចបង្កបញ្ហាដល់ពលរដ្ឋ រដ្ឋាភិ​បា​​លគួរតែត្រួតពិនិត្យលក្ខខណ្ឌ និងកិច្ចសន្យាបើកក្រុមហ៊ុនឱ្យបានច្បាស់លាស់ ជាការទប់ស្កាត់ការបើកក្រុមហ៊ុ​ន​​ខុសច្បាប់ រួមទាំងពង្រឹងវិធានច្បាប់​ និង​ត្រូវពិនិត្យលើការតម្កល់ថវិកានៅស្ថាប័នរដ្ឋ ដើម្បីបម្រុងទុកជូនបុគ្គលិក ក្នុងករណីក្រុមហ៊ុនមានបញ្ហា។

លោកបន្តថា៖«ក្រសួង ឬក៏ស្ថាប័នពាក់ព័ន្ធហ្នឹង គួរតែពង្រឹងយុន្ធការនៃការអនុវត្ត និងការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងការរងគ្រោះរបស់ប្រជាពលរដ្ឋ » ៕ 

ព័ត៌មានពិស្ដារ៖ ពលរដ្ឋវ័យ​ចំណាស់​សុំ​ទាន​តាម​ដង​ផ្លូវ​នៅ​ភ្នំពេញ​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​កិច្ច​គាំពារ​សង្គម

នៅ​ជាប់​នឹង​រង្វង់​មូល​ផ្លូវ​បែក​ជាប់​បួន​​ខាង​កើត​ផ្សារ​អូរឫស្សី ជា​ញឹកញាប់​​គេ​សង្កេត​​ឃើញ​​មាន​​ឡាន​​ម៉ូតូ​ ​បើក​បរ​យ៉ាង​មមាញឹក ស្ទើរ​តែ​គ្មាន​ផ្លូវ​សម្រាប់​​​ដើរ​​ដោយ​ថ្មើរ​ជើង​​ឡើយ។​​ កំឡុងពេល​មនុស្ស​ម្នា​​ធ្វើ​ដំណើរ​ច្រើន​​កុះករ​នៅ​លើ​ដងផ្លូវ​​​នៅ​ក្បែរ​នោះ គេ​​ឃើញ​មាន​ស្ត្រី​ម្នាក់​ មាន​មាឌធំ​ សក់​ស្កូវ​មួយៗ​ ហើយ​សាច់​ឈាម​ស្លេក​ស្លាំង ពេល​​​​ខ្លះ​ឃើញ​អង្គុយ ​និង​ពេល​ខ្លះ​ទៀត​ឃើញ​​​ក្រោក​ឈរដើរទៅសុំលុយពី​អ្នកដំណើរ។

ស្ត្រីម្នាក់នោះមានឈ្មោះថា នា ណាមេត មក​ពី​ខេត្ត​ព្រៃវែង​។ អ្នកស្រីបាន​និយាយ​ទាំង​ទឹក​ភ្នែក​ហូរ​ថា​​ លោកស្រីសម្រេច​ចិត្ត​មក​ទី​នេះ​ ដើម្បី​​សុំ​ទាន​គេ​ ​ដោយ​សង្ឃឹមថា​នឹងបាន​​ថវិកា​​​ខ្លះ​ទិញ​បាយ​ហូប​ ខណៈ​ដែល​អ្នកស្រីពុំមានមុខរបរ ហើយ​មានជំងឺឈឺ​សន្លាក់ ដើរច្រើន​​ពុំ​កើត ​លើក​អ្វី​ធ្ងន់​ពុំ​បាននិងមានសភាពឆាប់ហត់ និងអស់កម្លាំង​។ អ្នក​​ស្រី​​ថា បញ្ហា​នេះ​ ដោយ​សារ​តែអ្នកស្រី​​ពុំ​សូវ​មាន​អាហារ​បរិភោគ​គ្រប់​​គ្រាន់​ ហើយ​ពេល​ខ្លះ​​​​សុំ​លុយ​គេ​មិន​បាន​ ក៏​ដើរ​រើស​ចំណី​​ដែល​គេ​បោះចោល​នៅ​លើ​សំរាម​​​ យក​មក​​បរិភោគ​គ្រាន់​​បញ្ឈប់​ការ​ស្រេក​ឃ្លាន​មួយ​គ្រា​។

ស្ត្រី​វ័យ​​៥៨​ឆ្នាំ​រូប​នេះ រៀបរាប់ទៀតថា ជាញឹកញាប់​ ​អ្នក​​ស្រី​រស់​នៅ​តាម​សំយាប​ផ្ទះ​គេ​ខ្លះ និង​តាម​របង​វត្ត​ខ្លះ​ ព្រោះ​ពុំ​មាន​ទី​លំ​នៅ​ច្បាស់​លាស់​​​ហើយ​រា​ល់​​ថ្ងៃ​​រស់​​នៅ​ដោយ​​ពឹង​​លើ​​ការ​​ដើរ​​សុំ​ទាន​​គេ​ នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ទោះ​​ស្ថិត​​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​​ និង​ដំណក់​ទឹក​ភ្លៀង​​ក៏​ដោយ​។​ អ្នក​ស្រី​មាន​កូន​ចំនួន ៥នាក់​​​ ប៉ុន្តែ​កូន​ទាំង​នោះ​បាន​បែក​បាក់​គ្នា​អស់ ធ្វើ​ឱ្យ​អ្នក​​ស្រី​រស់​នៅ​តែ​ម្នាក់​ឯង​តែលតោល​គ្មាន​ទី​ពឹង។ ​​​​​​​​​​​​​​​​​​​​

​ស្របពេលដែលកំពុងមានជីវភាពក្រខ្សត់​ អ្នកស្រី នា ណាមេត ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​​គិត​គូរ​ដល់​ពួក​គាត់ដែលគ្មានមុខរបរ​ តាម​រយៈការ​​ផ្ដល់​​កិច្ច​​គាំពារ​​សង្គម​​ផ្សេងៗ ដូច​​ជា ​ផ្ដល់​​ប័ណ្ណ​ក្រីក្រ ទី​លំនៅ​សមរម្យ​ និង​ផ្ដល់​សេវា​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​​។ 

អ្នកស្រី​​រៀបរាប់​ទាំង​ទឹកភ្នែក​​ថា៖ ​«សព្វ​ថ្ងៃ​ ខ្ញុំ​មិន​ដឹង​ជា​អ្វី​ទេ​ដើម្បី​ចិញ្ចឹមជីវិត​​ ក្រៅ​ពី​ដើរ​សុំ​តាម​ដង​ផ្លូវ​។ អ៊ុំ​ពិបាក​ណាស់​ក្មួយ រក​ល្ងាច​ខ្វះ​ព្រឹក​រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​ខ្លួន​ក៏​ឈឺ​ដើរ​ពុំ​រួច​ មាន​តែ​ប្រឹង​សុំ​គេ​។ ខ្ញុំ​សូម​ឱ្យ​រដ្ឋាភិបាល​ជួយ​ពួក​ខ្ញុំ​ផង​ ផ្ដល់​ប័ណ្ណ​ក្រីក្រ និង​ទី​លំនៅ​សមរម្យ​នឹង​​គេ​ផង​»

ស្ទើរ​តែ​គ្រប់​កន្លែង​នៅ​ក្នុង​រាជធានី​​ភ្នំពេញ គេ​​តែង​សង្កេត​​​ឃើញ​មាន​កុមារ មនុស្ស​ពេញ​​វ័យ ស្ត្រី​មាន​កូនខ្ចី អ្នក​​​គ្មាន​កាយ​សម្បទា​គ្រប់​គ្រាន់ និង​មនុស្ស​វ័យ​ចំណាស់ជាដើម​ បាន​ដើរ​​សុំ​ទាន​​​នៅ​តាម​ដង​ផ្លូវ តាម​ផ្សារ​ និង​តាម​ភោជនីយដ្ឋាន​ផ្សេងៗ​។ អ្នក​​​សុំ​​ទាន​​ទាំង​នោះ​ ​ភាគ​ច្រើន​ជា​ក្រុម​មនុស្ស​ដែល​ពុំ​មាន​ទី​លំនៅ​ច្បាស់​​លាស់​​ ឬ​ជា​ក្រុម​​អនាថា​​​ដែល​សង្គម​ទុក​ចោល​។

​កំពុង​អង្គុយ​បញ្ឈរ​ជង្គង់​​ដោយ​ដាក់​ដៃ​ពី​​លើ ក្នុងទឹកមុខស្រពាប់ស្រពោនផងនោះ លោក ពៅ ផល ជាអ្នកសុំទាន​ម្នាក់ទៀត បាននិយាយថា លោកបានដើរសុំទានពីអ្នកដំណើរក្នុងរាជធានីភ្នំពេញនេះ អស់រយៈពេលជិត ២ឆ្នាំ​មកហើយ ដោយសារតែលោកមានវ័យចំណាស់ និងមានជំងឺប្រកាយ​ ដែលពុំអាចរកមុខរបរអ្វីផ្សេងក្រៅពីនេះ។​ ​​

បុរស​វ័យ​៥០​​ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង​​​រូប​នេះ​ លើក​ឡើងទៀត​​ថា​ លោក​​មក​អង្គុយ​សុំ​ទាន​គេ​នៅ​រង្វង់​មូល​ផ្លូវ​បែក​ជា​បួន​ នៅ​មុខ​​ផ្សារ​ថ្មី ចាប់​​​​​ពី​​ម៉ោង​៧ព្រឹក​ រហូត​ដល់​យប់​​ ដោយ​សារ​តែ​ជីវភាព​ខ្វះខាត​។ លោក​បន្ត​ថា ក្នុងមួយថ្ងៃ លោក​​​​ទទួល​​បានលុយ​​ពី​សប្បុរសជន​​​​​ដែលអាណិតរូបគាត់ ​​បានចន្លោះពី ​២ម៉ឺន​រៀល​​(២០ ០០០រៀល​​) ទៅ​ ៣ម៉ឺន​រៀល​(៣០ ០០០រៀល)​ ​ហើយថវិកា​ដែលទទួលបាន​នោះ លោកបានយកទៅទិញ​​បាយ​ហូប​ និង​ចិញ្ចឹម​ម្ដាយ​ឈឺ​​។

លោក​បន្ត​ថា​ ចាប់​តាំង​ពី​លោក​ដើរ​សុំ​ទាន​អស់​រយៈ​ពេល​ជិត ​២​ឆ្នាំ​នេះ​ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​មណ្ឌល​ព្រៃ​ស្ពឺ​ ដែល​ជា​មណ្ឌល​សង្គមកិច្ច​ស្ថិត​នៅ​​ខេត្ត​កណ្ដាល​ ចំនួន​ ២​​លើកមកហើយ​​ ហើយ​ក៏​បាន​ដោះលែង​វិញ ក្រោយធ្វើ​​​កិច្ច​សន្យា ​ហាម​ពួក​គេ​មិន​ឱ្យ​ដើរ​សុំ​ទាន​ទៀត​។ 

ទោះ​យ៉ាង​ណា​ លោក ពៅ ផល ថារូបលោក​ពុំ​អាច​បញ្ឈប់​សកម្មភាព​ដើរ​សុំ​ទាន​នេះ​​បាន​​ទេ ព្រោះ​លោក​ពុំ​មាន​ថវិកា​ទិញ​បាយ​ហូប​ ខណៈ​​រាល់​ថ្ងៃ លោក​ដើរ​​ដេក​តាម​​សំយាប​​ផ្ទះ​គេ​​​នៅ​ក្បែរៗ​ផ្សារ​ថ្មី​។​ 

បុរស​សម្បុរ​ខ្មៅ​​ស្រអែម​រូប​នេះ​ ស្នើ​​​អាជ្ញាធរ​ពាក់ព័ន្ធ​ ជួយ​គិត​គូរផ្តល់មុខរបរចិញ្ចឹមជីវិត​​ដល់រូបលោក និងអ្នកមានជីវភាពខ្វះខាត​ផ្សេងទៀត ព្រមទាំ​ងជួយ​​ព្យាបាល​ជំងឺដោយឥតគិតថ្លៃចំពោះ​ពលរដ្ឋក្រីក្រដូចរូបលោក​ផងដែរ។

លោក​លើក​ឡើង​ដោយ​សម្ដី​មួយៗថា៖ «សព្វ​ថ្ងៃ​មិន​សូវ​ហ៊ាន​ដើរ​សុំ​គេ ផ្ដេសផ្ដាស​ទេ​ ខ្លាច​អាជ្ញាធរ​គេ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​ឃាំង​។ តែ​ធ្វើ​ម៉េច បើ​មិន​មាន​អី​ហូប បើ​មិន​សុំ​គេ​មាន​តែ​ដេក​ស្លាប់។ ខ្ញុំ​ចង់​បាន​ឱ្យ​សម្ដេច ជួយ​ខ្ញុំ​ផង​ ជួយ​ព្យាបាល​ជំងឺ​ខ្ញុំ ដើម្បី​អាច​ធ្វើ​ការ​នឹង​គេ​ បាន​លុយ​ចិញ្ចឹម​ជីវិត​»

របាយការណ៍​ចេញ​ផ្សាយ​ដោយ​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme) ហៅកាត់​ថា អង្គការ UNDP និង​អង្គការ OxfordPoverty andHuman Development Initiative ហៅកាត់ថា OPHI កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា​ ឆ្នាំ២០២៣​បង្ហាញ​​ថា ប្រជាពលរដ្ឋ​ក្រីក្រ​នៅកម្ពុជា​​មាន​ជាង ១៦ភាគ​រយ​ ឬ​​គិត​ជា​តួ​លេខ​មាន​​ប្រមាណ​ជាង ​២លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង ​១៦លាននាក់ ( ១៦,៨លាននាក់)។ 

កាល​ពី​ថ្ងៃ​ទី០៧ ខែធ្នូ ឆ្នាំ២០២២ ​អង្គការ​លីកាដូ​​ ចេញ​របាយការណ៍​​រក​ឃើញ​ថា មនុស្ស​ ២​នាក់​​​ បាន​​​ស្លាប់​​បាត់​បង់​ជីវិត​ ​នៅ​ពេល​​​កំពុង​​​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​របស់​រដ្ឋ​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ហើយ​មាន​មនុស្ស​ជា​ង​ ​១​០​នាក់​ ​បាន​ស្លាប់​នៅ​ក្នុងមណ្ឌល​ ​នៅចន្លោះ​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​​ ​។​ 

របាយការណ៍​ដដែល​បង្ហាញ​ថា​ មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ភាគច្រើន​ គឺ​ជា​ក្រុម​​មនុស្ស​​ដែល​​មិន​​ត្រូវ​​បាន​គេ​អើពើ​ ដូចជា​ ​ជនអនាថា​ ​អ្នកសុំទាន​ ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ​និង​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ​ជាដើម​ ​ហើយ​​ពួកគេ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទល្មើស​ណា​មួយ​​ទេ។​ 

​តែយ៉ាងណា​ ​អ្នក​នាំ​​ពាក្យ​ក្រសួងសង្គមកិច្ច អតីតជន​យុទ្ធជន និង​យុវ​នីតិសម្បទា លោក តូច ចាន់​នី ប្រាប់Newsroom Cambodia យ៉ាង​ខ្លី​ថា ករណី​នេះ ​អាជ្ញាធរ​ពាក់ព័ន្ធ​​បាន​ដោះស្រាយ​រួច​ហើយ​។ លោក​បន្ត​ថា មាន​តែ​មនុស្ស​តិច​តូច​ប៉ុណ្ណោះ ដែល​ពួក​គាត់​ពុំ​ព្រម​ទៅ​នៅ​មណ្ឌល​សង្គម​​កិច្ច​​ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​។

លោក​មាន​ប្រសាសន៍​ថា៖ «បញ្ហា​[ករណីពលរដ្ឋដើរសុំទាន]នេះ មក​ពី​ពួក​គាត់​មិន​ព្រម​ទៅ​នៅ​មណ្ឌល​សង្គមកិច្ច​​ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​ខ្លួន​ឯង​ទេ។ យើង​ពុំ​ចង់​ឱ្យ​មាន​ករណី​ដើរ​សុំ​តាម​ទី​សាធារណៈ​បែប​នេះ​ វា​អាក្រក់​មើល»។ 

Newsroom Cambodia ​ពុំ​អាច​សុំការ​បញ្ជាក់បន្ថែមពីអ្នកនាំពាក្យរូបនេះថា​តើ​មក​ដល់ពេល​នេះ​ មាន​​មណ្ឌល​សង្គម​កិច្ច​​ចំនួន​ប៉ុន្មាន​ និងមាន​ចំនួនអ្នករស់នៅក្នុងមណ្ឌលទាំងនោះប៉ុន្មាននាក់​នៅឡើយទេ​ ដោយ​លោក​ចុច​បិទ​ទូរស័ព្ទ​​។​​ 

ចំណែក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថ្មី​ លោក​ ប៉ែន បូណា​ ពុំ​អាច​ទាក់ទង​ ដើម្បី​បកស្រាយ​រឿង​នេះ​បាន​ទេ​នៅ​នៅថ្ងៃទី៣១ ខែសីហា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក​ ពុំ​មាន​អ្នក​ទទួល​។​

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា បញ្ហា​នេះ​​ អាជ្ញាធរ​ពាក់ព័ន្ធ រួម​និង​​ក្រសួង​សង្គម​កិច្ច អតីតជន​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​ដោះស្រាយ​ជា​បណ្ដើរៗ​ហើយ។ជាមួយគ្នានេះដែរ លោក​ថា គណ​បក្ស​ប្រជាជនកម្ពុជា​ ដោយមាន​លោក​​​​​ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះ​ ក៏​​នឹង​​បន្ត​ប្រឹង​ប្រែង​កាត់​​បន្ថយ​​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ ​ឱ្យ​មាន​ជីវភាព​ប្រសើរ​ ​ជា​ពិសេស​​នៅ​តាម​ជន​បទ​។ 

លោក​បន្ត​ថា «ក្មួយ​ត្រូវ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​ក្រសួង​គេ​បាន​រៀបចំ​ហើយ លើ​ពលរដ្ឋ​មួយ​ចំនួន ​ដែល​ដើរ​សុំ​ទាន​តាម​ទី​សាធារណៈ​នោះ​។ ​ប៉ុន្តែ បញ្ហា​នៅ​ត្រង់​មាន​ក្រុម​ទុច្ចរិត​មួយ​ចំនួន​​ វា​ខូច ដើរ​សុំ​​​អាណា​ធិបតេយ្យ​​ បែរ​ជា​យក​មុខ​របរ​នេះ​ជា​អាជីព។ កន្លងទៅ អាជ្ញាធរ​គេ​បាន​រៀបចំ​ឱ្យ​ពួក​គាត់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ហើយ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ និង​មាន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ខ្លី​ផង​ដែរ»​​

ចំណែក​អ្នក​ឃ្លាំ​មើល​សង្គមវិញ សង្កេតឃើញ​​​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​ពុំ​បាន​គិតគូរ​ ក្នុងការផ្តល់​កិច្ចគាំពារ​សង្គម​មួយ​សមរម្យ​​ដល់​ពួក​គេ​ឱ្យ​មាន​​ប្រសិទ្ធភាពនៅឡើយ​ទេ​​។ អ្នកឃ្លាំមើលយល់ឃើញថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ អាជ្ញាធរ​គួរ​តែ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​មួយ​សមរម្យ​ជូន​​​ពួក​​គេ ដើម្បី​អាច​សង់​​​ទី​លំនៅ​បាន​ ហើយ​រៀបចំ​​​​វគ្គ​បណ្ដុះបណ្ដាល​​​ជំនាញ​ណា​មួយ​ដែល​ពួក​គាត់​អាច​រក​ចំណូល​ចិញ្ចឹម​ជីវិត​បាន​ ដូច​ជា​ ជំនាញ​កសិកម្ម​ និង​ជំនាញ​​ផ្សេងៗ​ ជា​​ដើម។

ជុំ​វិញ​រឿង​នេះ​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព លោក យ៉ង់ គិមអេង លើក​ឡើង​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​មាន​ដំណោះស្រាយ​មួយ​សមរម្យសម្រាប់ប្រជាពលរដ្ឋ​ក្រីក្រ និងគ្មានមុខរបរ​។ លោក​បន្ត​ថា រដ្ឋ​​ពុំ​អាច​ប្រើ​ប្រាស់​អំណាច​ដើម្បី​គាប​សង្កត់​ពួក​គាត់​ដោយ​ពុំ​មាន​តម្លាភាព​ ឬ​យុត្តិធម៌​នោះ​ទេ​ ​ព្រោះ​ថា​បញ្ហា​នេះ​បើ​សិន​ជា​អាជ្ញាធរ​រដ្ឋ​ពុំ​បាន​ដោះស្រាយ​ឱ្យ​ត្រឹម​ត្រូវ​ទេ ឬ​យក​ពួក​គាត់​ទុក​ចោល គឺ​ស្មើនឹង​ការ​រំលោភ​សិទ្ធិមនុស្ស​។

លោក​លើក​​​ឡើង​​ថា៖ «នៅ​ក្នុង​កតិកាសញ្ញា អនុសញ្ញា​ស្តី​ពី​សិទ្ធិមនុស្ស​អី​ហ្នឹង សិទ្ធិ​រស់​រៀន​មាន​ជីវិត​ទាំងនេះ គឺ​រដ្ឋ​ជា​អ្នក​ធានា។ អ៊ីចឹង​ចំពោះ​បញ្ហា​អស់​ហ្នឹង ការ​ធានា​របស់​រដ្ឋ អាច​គិត​គូរ​តាម​រយៈ​កិច្ច​គាំពារ​សង្គមកិច្ច ជា​ពិសេស​ការ​ធានា​ការ​ហូបចុក និង​ការ​រស់​នៅ​មាន​លំនៅ​ឋាន​សមរម្យ»

កាល​​ពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួង​ផែន​ការ បាន​ចេញ​របាយការណ៍​​មួយ​អំពី​​ខ្សែបន្ទាត់​​​​ភាព​​ក្រីក្រ​ ​និង​អត្រា​ភាព​ក្រីក្រ​ឆ្នាំ២០១៩-២០២០​​ ដោយរបាយការណ៍នោះ​ បង្ហាញថា ប្រជា​ពលរដ្ឋ​​​ខ្មែរ​ជាង ១៧​ភាគរយ (​១៧.៨%)​ ​​នៅ​ទូទាំង​ប្រទេស កំពុង​រស់​ក្រោម​​បន្ទាត់​​ភាព​​ក្រីក្រ ស្របពេល​ពលរដ្ឋ​នៅ​តំបន់ជនបទ​​មាន​អត្រា​ភាព​ក្រីក្រ​ខ្ពស់​ជាង​គេ។

របាយការណ៍​​នេះ​ ស្រដៀង​គ្នា​នឹង​ការ​វាយតម្លៃ​របស់​​កម្ម​វិធី​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ (UNDP) កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២០ ​ដែល​​ថា​ ​វិបត្តិ​ជំងឺ​​កូវីដ​-​១​៩​ ​​ធ្វើឱ្យ​​អត្រា​ភាព​ក្រីក្រ​​នៅ​កម្ពុជា​​​កើន​​ដល់​ ​១៧,៥​៨​​​​​ភាគរយ​ (១៧,៥​៨​%​)។ តែយ៉ាងណា​ អត្រានៃភាពក្រីក្រ បានធ្លាក់ចុះ បើ​​ប្រៀប​ធៀប​​កាល​ពី​​ឆ្នាំ​២០១៨ ដែលអង្គការនេះ​បាន​​រកឃើញ​​ថា ពលរដ្ឋ​​ខ្មែរ​រហូត​​ដល់​​​ទៅ​ ៣៥​​ភាគ​​រយ ឬ ៥,៦​លាន​នាក់ កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ក្រីក្រ​៕ 

សហគមន៍​ចាត់ទុកបទល្មើសព្រៃឈើ​នៅព្រៃឡង់​ជាជំងឺរ៉ាំរ៉ៃ​ក្នុង​សង្គម ខណៈ​អាជ្ញាធរ​ហាក់គ្មានវិធានការទប់ស្កាត់ឱ្យ​មានប្រសិទ្ធិ​​ភាព

បណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត ចាត់ទុកបទល្មើសព្រៃឈើនៅ​តំបន់ព្រៃឡង់ ​ជាជំងឺរ៉ាំរ៉ៃ​ក្នុង​សង្គម ខណៈពួកគេមើលឃើញថាបទ​ល្មើសព្រៃឈើនៅបន្តកើតមាន​ច្រើន ហាក់គ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ​។

បណ្តាញ​សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ និយាយ​ប្រាប់ Newsroom Camboida នៅថ្ងៃទី២ ខែកញ្ញា​នេះថា បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង បាន​នាំ​គ្នា​ចុះល្បាត​ព្រៃប្រទះ​ឃើញ​បទល្មើសកាប់ឈើ នៅសល់តែ​គល់​ ជាច្រើនកន្លែងនៅត្រង់ចំណុចក្បាលអូរពពែល ក្បាលអូរដំបង និងក្បាលអូរពណ៌ថ្លាន ស្ថិតនៅខាងត្បូងភូមិកេះ។ លោកបន្តក្តារបន្ទះច្រៀកហើយទាំងអស់ ត្រូវបានជនល្មើសដឹកចេញទៅក្រៅតំបន់ការពារព្រៃឡង់អស់ហើយ បន្សល់ទុកត្រឹមតែគល់ឈើដែលមានទំហំធំៗជាច្រើនដើម។

លោកបន្តថា៖ «ពេលយើងចុះល្បាតឃើញតែគល់ឈើទេ ឈើគេដឹកយកទៅអស់ហើយ។ យើងដើររាប់តែគល់ទេបើមើល​តាមគល់មិនក្រោមមុខ​ ពីរ​ទៅបីម៉ែត្រទេ[…] បទល្មើសដឹកឈើកើនឡើងជាលំដាប់ទាំងយប់ទាំងថ្ងៃជាច្រើន ឡានចេញពីភូមិដូង និងភូមិកេះបញ្ជូនតាមទូកកាត់អូរសៀមបូកទៅលក់នៅស្ទឹងត្រែង ខ្លះទៅលក់នៅក្រចេះ»។

បុរសវ័យ ៥០ឆ្នាំ ជាអ្នកភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រូបនេះ រៀប​រាប់ទៀតថា សហគមន៍តែងតែប្រទះឃើញបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការ​ពារ​ស្ទើរជារៀងរាល់ថ្ងៃ នៅពេលដែល​សហគមន៍ចុះល្បាតម្តងៗ។

លោកខេង​ ខូ និយាយថា៖ «សហគមន៍យើងឃើញគេដឹកឈើចេញពីតំបន់ការពារព្រៃឡងរាល់ថ្ងៃ អត់ឃើញអាជ្ញាធរណាចេញមកចាត់វិធានការទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធិភាពទេ។ ពួកខ្ញុំឃើញគេដឹកឈើចេញទៅប្រុយៗ(ហូរហែ)មិនដឹងអាជ្ញាធរទប់ស្កាត់ឬអត់ទេ តួនាទីគាត់ យើងសហគមន៍បានត្រឹមតែរាប់បទល្មើស»។

ព្រៃឡង់ ជាព្រៃដែលធំជាងគេនៅកម្ពុជា មានផ្ទៃដីជាង ៤៣​​ម៉ឺ​ន​ហិកតា លាតសន្ធឹងលើបីភូមិភាគ គឺភូមិភាគកណ្ដាល ភូមិភាគឧត្តរ និងភូមិភាគឥឦសាន ឬគ្របដណ្ដប់ខេត្តចំនួន៤ រួមមាន​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាជម្រកនៃជីវៈចម្រុះ និងមានឈើប្រ​ណិតៗ​ច្រើន​ប្រភេទ​ ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារតាំងពីឆ្នាំ២០១៦មក។

មិនខុសគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព បាន​ឱ្យ​ដឹង​ដែរថា ករណី​បទ​ល្មើស​​កាប់​បំផ្លាញព្រៃឈើនៅតំបន់​ការ​ពារ​ព្រៃឡង់​ទាំង៤ខេត្ត កើត​មាន​ជា​ហូរហែ និងស្ទើរតែជាប្រចាំ ហើយបានក្លាយជាជំងឺរ៉ាំរ៉ៃមួយនៅក្នុងសង្គមកម្ពុជា។ លោកបន្ថែមថារដ្ឋាភិបាលអាណត្តិមុន ក៏ធ្លាប់បានចាត់តាំងគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិដែរ ប៉ុន្តែនៅតែមិនទាន់ឃើញ​មានប្រសិទ្ធិភាពនៅឡើយ។

លោកថា៖ «យើងឃើញថា បទល្មើស​ព្រៃឈើកើត​មាន​រហូត​មិន​ដឹង​ត្រូវទប់ស្កាត់យ៉ាងម៉េចទេ វាជាជំងឺរ៉ាំរៃក្នុងសង្គមយើងទៅហើយ មិនដឹងតាំងពីជំនាន់ណា! កាលពីសម័យសម្តេច ហ៊ុន សែន ក៏ទប់ស្កាត់អត់បានផង»។

លោកបន្ថែមថា៖«ព្រៃឈើនៅតែមានការកាប់បំផ្លាញជាជំងឺរ៉ាំរ៉ៃជាបន្តបន្ទាប់ ទោះបីជាឯកឧត្តម សៅ សុខា ប្រឹង​ប្រែងយ៉ាងណាក៏យើងគិតថាហាក់ដូចជាសកម្មភាព វាមិនបាត់ទៅណានៅតែមានអ៊ីចឹងបទល្មើសព្រៃឈើ។ មិនដឹងយកថ្នាំអីមកព្យាបាលឱ្យបាត់ទេជំងឺនេះ»។

បុរសមានវ័យ ៤៦ឆ្នាំរូបនេះ លើកឡើងទៀតថា ក្រោយរកឃើញបទល្មើស​ សហគមន៍បាន​ព្យាយាម​បង្ហាញ​​ភស្តុតាង ទីតាំង និងបទល្មើស​ជាក់​ស្តែង ​ទៅ​ដល់​អាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែ​ជា​លទ្ធផលអាជ្ញាធរតែងតែធ្វើការ​បដិសេធ និង​លើកហេតុផលដដែលៗថា សហគមន៍មិន​បានចុះ​បញ្ជី​នៅក្រសួងមហាផ្ទៃ និងមិនអនុញ្ញាតឱ្យល្បាតនោះទេ។

លោកនិយាយថា៖ «យើង​ចេះ​តែឆ្ងល់បទល្មើសសហគមន៍​រកឃើញរហូតពេលចុះល្បាត តែមន្រ្តីគេថាអត់មានទេ។ យើង​ឱ្យតម្រុយគេ(កន្លែងបទល្មើស)គេថាចាំគេទប់ស្កាត់បទល្មើស តែជាក់ស្តែងនៅតែមានការកាប់បំផ្លាញព្រៃឈើ ឥឡូវយើងសង្ឃឹមអី»។

បន្ថែមពីនេះ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី អាយុ ៤០ឆ្នាំ អះអាងថា បញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ បានក្លាយជាជំងឺរ៉ាំរ៉ៃក្នុងសង្គមបាត់ទៅហើយ ព្រោះអាជ្ញាធរ​មូល​ដ្ឋាន​ហាក់​ធ្វេសប្រហែស និងបណ្តែតបណ្តោយឱ្យជនល្មើស អាចលួចចូលទៅកាប់និងដឹកឈើចេញបានយ៉ាងអាណាធិបតេយ្យ។

លោកថា៖ «ខ្ញុំគិតថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ប្រៀបដូចជាជំងឺមហារីកអ៊ីចឹង ព្រោះថាអាជ្ញាធរនៅជុំវិញព្រៃឡង់គាត់ហាក់ធ្វើការងារមិនពេញដៃពេញជើង ក្នុងការការពារ និងអភិរក្សព្រៃឈើសោះ។ និយាយពីបទល្មើសវិញ សហគមន៍​រកឃើញម្តងៗមិនក្រោមពី៥០ ទៅ១០០ករណីទេ ចុះបើម្លឹងៗ​ព្រៃឈើយើងមិនអស់ ហើយឯណាវិធានការទប់ស្កាត់បទល្មើសរបស់អាជ្ញាធរ»។

បើតាម លោក ខេម សុឃី ដើម្បីព្យាបាលជំងឺមហារីក ដែលជាជំងឺរ៉ាំរៃ​នៅតំបន់ព្រៃឡង់​ ឱ្យជាសះស្បើយ រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ ចាត់​វិធានការក្តៅចំពោះជនល្មើស និង​ដកចោល​នូវ​មន្រ្តីណាដែលរកឃើញថាមានជាប់ពាក់ព័ន្ធជាមួយជនល្មើស ជាពិសេសត្រូវដកអាជ្ញាប័ណ្ណក្រុមហ៊ុនមួយចំនួន​ដែលរកឃើញថាមានការកាប់បំផ្លាញព្រៃឈើខុសច្បាប់។

លោកមានប្រសាសន៍ថា៖ «និយាយទៅមិនមែនព្យាបាលមិនបានទេ សំខាន់រដ្ឋាភិបាលថ្មី ឬមន្រ្តីអាជ្ញាធរចង់ព្យាបាល​ជំងឺ​រ៉ាំរ៉ៃនេះអត់។ រឹត​បន្តឹង​ច្បាប់តិច​ទៅ ឬចាត់វិធានការខ្លាំង ក្តៅចំពោះជនល្មើស និងក្រុមហ៊ុនកាប់ឈើ ជាពិសេសមន្រ្តីមួយចំនួន បើដឹងថាពាក់ព័ន្ធដកចោលទៅ នោះបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់យើងអាចសល់ដល់ក្មេងជំនាន់​ក្រោយហើយ»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន នៅថ្ងៃទី៤ ខែកញ្ញានេះ បានបដិសេធឆ្លើយ​តប ដោយថា ជាទម្លាប់នៃការធ្វើការងាររបស់លោក លោកមិនឆ្លើយតបអ្នកសារព័ត៌មានតាមប្រព័ន្ធទូរស័ព្ទនោះ​ទេ។

លោកថា៖ «ប្អូនចង់ដឹងប្អូនធ្វើលិខិតផ្លូវការមកក្រសួងមក ខ្ញុំនឹងឆ្លើយផ្លូវការ​ជូនប្អូន​ជាលិខិត​ផ្លូវ​ការ»។

ចំណែក ប្រធានមន្ទីរបរិស្ថាន​ខេត្ត​ស្ទឹង​ត្រែង លោក អេង ភីរ៉ុង ឆ្លើយតបយ៉ាងខ្លី​ថា មន្រ្តី​ឧទ្យានុរក្ស​នៅ​តាម​តំបន់​ព្រៃឡង់​ធ្វើការ​ទាំងយប់ទាំងថ្ងៃ ទៅតាមភារកិច្ចរៀងៗខ្លួន ដើម្បីការពារ​ព្រៃឈើ​ និងសត្វព្រៃ។

លោកថា៖ «មន្រ្តីយើងធ្វើការគ្មានពេលសម្រាកផងពាក់ព័ន្ធនឹងបទល្មើស គឺធ្វើការងារទៅតាមតួនាទីភារកិច្ចរាល់ថ្ងៃហ្នឹង មន្រ្តីខ្ញុំធ្វើការរាល់ថ្ងៃ​»។

ដោយឡែក មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា ការចាត់ទុកបញ្ហាបទល្មើសនៅតំបន់ព្រៃឡង់ ជាជំងឺរ៉ាំរ៉ៃក្នុងសង្គម ជារឿងត្រឹមត្រូវហើយជារឿងពិតជាក់ស្តែង។ លោកបន្ថែមទៀត​ថា លោកធ្លាប់ធ្វើកិច្ចការ​ងារជាមួយ​សហគមន៍មូលដ្ឋានដោយ​ផ្ទាល់ និងបាន​ចុះទៅតំបន់ព្រៃឡង់នោះ ដោយរកឃើញ​ថាបទល្មើស​នៅតែបន្តកើតមាន ជាពិសេសការកាប់បំផ្លាញព្រៃឈើទាំងនោះ ពីសំណាក់កម្មករក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណកាន់កាប់ដីព្រៃនៅជុំវិញព្រៃឡង់នោះ​តែម្តង។

លោកថា៖ «បញ្ហាដែលកើតមានជាក់ស្តែង យើងចុះទៅក្នុងតំបន់ព្រៃឡង់ យើងឃើញថា តំបន់ហ្នឹងមានការកាប់ទន្រ្ទានកាន់កាប់ដី​ ហើយយើងចុះទៅឃើញមានគល់ឈើដែលក្រុមជនល្មើសកាប់ ជាពិសេសកម្មកររបស់ក្រុមហ៊ុនដែលនៅជុំវិញតំបន់ព្រៃឡង់ហ្នឹង ដូចជា ក្រុមហ៊ុនអង្គរហ្វ្រាយវ៉ូតក្តី និងក្រុមហ៊ុនម៉ាឃូលូជីស្ទឹក»។

យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ករណី បានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង៕

Asset declaration can help Cambodia fight corruption

Cambodia, which aspires to middle-income status by 2030, must do more to tackle corruption. While it has many tools at its disposal, asset declaration has proven an effective instrument at improving public-sector transparency.

What is asset declaration?

Asset declaration is a global best practice for fighting corruption that requires government officials to declare their wealth, including bank accounts, homes, cars and business. These declarations offer a public view into bureaucrat’s wealth, and they have proven an effective way for enhancing public-sector transparency and accountability and preventing corruption.

The public declaration of assets allows the public to track officials’ wealth over time. Moreover, it is a boundary to limit dishonest practices in the public sector. 

Cambodia requires a broad range of government employees to declare assets, including national assembly members, civil servants, police officers, and members of the judiciary. Regulations require them to declare assets and debt, including businesses, properties and sources of income. There are penalties for failing to submit declaration forms, including fines and jail.

Family members, however, are not required to submit declarations, which offers loopholes that experts say can be abused.

The effects of corruption are many, according to unodc.org, and cause numerous social and economic problems like increasing poverty, inequality, discrimination and crime; slowing social and economic development; lowering public participation in society; and reducing faith in government and public institutions.

Cambodia in 2021 received a score of 23 out of 100 points on the Transparency International Corruption Perception Index, ranking it 157 of 180 countries. 

Cambodia’s high perception of corruption hurts investment and economic growth. Do investors want to put their money into a corrupt state? Payment of small and informal fees are often required to carry out typical business requests, like filing official paperwork, registering for state licenses or clearing customs. Corruption favors the wealthy, who can more easily afford to pay bribes, and discourages small business owners and investors. An uneven playing field slows economic development by allowing inefficient business to thrive while hurting small players who struggle to pay informal fees.

Because the declaration of assets and liabilities is important in fighting corruption, we should work to promote this law and its benefits, especially to the younger generation. This will help ensure that future leaders understand the importance of fighting corruption, and help the country reach its goal of middle-income status.

As a youth of Cambodia, I promise to spread this idea. 

Latest News