(ភ្នំពេញ): របាយការណ៍ថ្មីមួយបានបង្ហាញថា ប្រជាជនកម្ពុជាជាង១លាននាក់កំពុងប្រឈមនឹងការកើនឡើងនូវទឹកជំនន់ និងមានមនុស្សជាងមួយពាន់គ្រួសារទៀតកំពុងប្រឈមនឹងការបណ្តេញចេញ បាត់បង់ប្រាក់ចំណូល និងអសន្តិសុខស្បៀងដោយសារគម្រោងអភវិឌ្ឍន៍ផ្សេងៗកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំពុន។
បើតាមរបាយការណ៍ស្រាវជ្រាវមានចំណងជើងថា «ការបាត់បង់បឹងទំពុន» ចេញនៅថ្ងៃទី២៧ ខែកក្កដានេះបញ្ជាក់ថា ប្រជាពលរដ្ឋជាងមួយលាននាក់ កំពុងប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់បឹងទំពុន ឬជើកឯក និងបង្កអសន្តិសុខ ខណៈដែលក្រុមហ៊ុនអាយ អិន ជីហូលឌីង (ING Holding) និងសាជីវកម្មឯកជនផ្សេងៗទៀតដូចជាក្រុមហ៊ុន ជីពម៉ុងអ៊ីអនម៉ល អ័រគីដេវីឡា និងគម្រោងផ្សេងៗទៀតកំពុងដំណើរការសាងសង់។
របាយការណ៍នេះធ្វើឡើងរួមគ្នាដោយ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បណ្តាញយុវជនកម្ពុជា (CYN) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត (STT)។
របាយការណ៍នោះបញ្ជាក់ថា តាមរយៈការស្ទង់មតិរបស់អង្គការសង្គមស៊ីវិលដែលធ្វើការលើសិទ្ធិមនុស្ស និងបរិស្ថានជាមួយប្រជាពលរដ្ឋចំនួន៤៦៩គ្រួសារ ដែលកំពុងរស់នៅ និងប្រើប្រាស់តំបន់បានបង្ហាញថា ផលប៉ះពាល់គួរឲ្យព្រួយបារម្ភក្នុងតំបន់បឹងទំពុន ក្នុងផ្ទៃក្រឡាប្រមាណ១,៥០០ហិកតា ដែលកំពុងជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកាកសំណល់ និងការពារទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ។
របាយការណ៍ខាងលើបញ្ជាក់ថា៖ «បើគ្មានតំបន់បឹងទាំងនោះទេ ប្រជាជនជាងមួយលាននាក់នៅរាជធានីភ្នំពេញនឹងប្រឈមការកើនឡើងទឹកជំនន់»។ របាយការណ៍ខាងលើបញ្ជាក់បន្ថែមថា៖ «បើការអភិវឌ្ឍរបស់ឯកជននៅតែបន្ត នឹងបណ្តាលឲ្យបាត់បង់នូវមុខរបរចិញ្ចឹមជីវិត និងមនុស្សជាងមួយពាន់គ្រួសារទៀតត្រូវបានបង្ខំឲ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លើកឡើងថា បច្ចុប្បន្នបឹងទំពុនជាកន្លែងមួយដែលជួយសម្រួលលូទឹកស្អុយពីរាជធានីភ្នំពេញ និងជាបឹងធម្មជាតិមួយដែលមានជីវៈចម្រុះ ដែលបានជួយសម្រួលជីវភាពដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ។ លោកបន្តថា លោកមានការព្រួយបារម្ភក្នុងការលុបបឹងជាបន្តបន្ទាប់ ថាអាចផ្តល់ផលប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «យើងចេញរបាយការណ៍នេះដើម្បីធ្វើយ៉ាងម៉េច ឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់គិតគូរពិចារណាឲ្យបានដិតដល់ ធ្វើម៉េចកុំឲ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ធ្វើយ៉ាងម៉េចការអភិវឌ្ឍគឺដើម្បីប្រទេស និងប្រជាពលរដ្ឋ អីចឹងបើសិនជាការអភិវឌ្ឍ ធ្វើយ៉ាងម៉េចកុំឲ្យប៉ះពាល់សម្រាប់ពួកគាត់»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងរដ្ឋាភិបាលមានប្រសាសន៍ថា ការចេញរបាយការណ៍របស់សមាគមធាងត្នោតថាការលុបបឹងនោះធ្វើឲ្យប៉ះពាល់ និងជនលិចមនុស្សរាប់លាននាក់ គឺមិនត្រឹមត្រូវ។ លោកថា សាលារាជធានីភ្នំពេញបានជីកប្រឡាយ ដើម្បីបញ្ជៀសទឹកទៅតាមប្រភពផ្សេងៗទៀត និងដាក់លូរួចរាល់ទើបមានការអភិវឌ្ឍតំបន់នោះ។ លោលបន្ថែមថា ការអភិវឌ្ឍនៅតំបន់បឹងទំពុនជារឿងប្រក្រតី ហើយថា បានជួយសេដ្ឋកិច្ចកម្ពុជា និងផ្តល់ពន្ធជូនរដ្ឋ។
លោកបញ្ជាក់ថា៖ «រឿងសេដ្ឋកិច្ចដូចជាមិនប៉ះពាល់អី ក្រៅពីយើងបង្កើតទឹកដីបឹងហ្នឹង ក្លាយជាដីដែលតម្រូវឲ្យមានការបង់ពន្ធចូលរដ្ឋ ហើយកាត់បន្ថយប្រជាពលរដ្ឋក្រីក្ររបស់យើង។ ដូច្នេះផលវាបានមកពីដីហ្នឹងច្រើនជាងការបាត់បង់ផលទៅវិញ។ ដូច្នេះកាលណាមានការអភិវឌ្ឍមានការបង់ពន្ធ ហើយកាលណាមានការបង់ពន្ធមានចំណូលដល់រដ្ឋ រដ្ឋនឹងកាត់បន្ថយអាចជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ »។
ក្នុងរបាយការណ៍របស់សមាគមធាងត្នោតចេញកាលពីខែធ្នូ ឆ្នាំ២០១៩ អំពីបឹងចុងក្រោយក្នុងរាជធានីភ្នំពេញ រកឃើញថា បឹងធម្មជាតិនៅរាជធានីភ្នំពេញ ចំនួន១៦ ត្រូវបានលុបទាំងស្រុង ហើយបឹងចំនួន ១០ទៀត កំពុងចាក់លុបខ្លះៗ។ ក្នុងនោះមានបឹងមួយចំនួន ដែលការពារដោយអនុក្រឹត្យ កំពុងប្រឈមការចាក់លុបដូចគ្នាដែរ។
របាយការណ៍នោះបញ្ជាក់ថា ការចាក់លុបបឹងធម្មជាតិទាំងនេះ បានបង្កផលប៉ះពាល់ផ្នែកបរិស្ថានធ្ងន់ធ្ងរ និងបង្ហាញនូវផលអវិជ្ជមានដ៏អាក្រក់ ដូចជាទឹកជំនន់ ការបំពុលបរិស្ថាន និងការថយចុះមច្ឆាជាតិ ជាពិសេស ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារត្រូវបានបណ្ដេញចេញពីលំនៅឋាន ឬប្រឈមការគំរាមកំហែងពីការបណ្ដេញចេញនៅថ្ងៃខាងមុខ៕