ភ្នំពេញ៖ លោកមាន ព្រហ្មមុនី តំណាងអ្នកដឹកនាំបាតុកម្មដោយអហិង្សា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមបទចោទថា «ញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីបានប្រកាសបន្តបាតុកម្មអហិង្សា ទាមទារយុត្តិធម៌សង្គម។
អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានប្រាប់អ្នកយកព័ត៌មាន Newsroom Cambodia នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០នេះថា សមត្ថកិច្ចបានឃាត់ខ្លួនលោកមាន ព្រហ្មមុនី បន្ទាប់ពីមានការប្រកាសគំរោងធ្វើបាតុកម្មនៅថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅទីលានប្រជាធិបតេយ្យ ទោះបីជា មិនមានការអនុញ្ញាតិពីសាលារាជធានីភ្នំពេញក៏ដោយ។
លោកសាន សុខសីហា បញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីហ្នឹង នៅវេលាម៉ោង២ជាង មានការចាប់ខ្លួនតែម្នាក់ទេ តាមដីការបស់តុលាការ ចាប់ខ្លួន ឈ្មោះ មាន ព្រហ្មមុនី ។ ជាក់ស្ដែង ជាធម្មតា ពេលយើងចុះអនុវត្ត គឺតែងមានដីកា របស់តុលាការហើយ»។
សមាគមន៍សម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ បាននិយាយក្នុងទំព័រហ្វេសប៊ុកថា ការចាប់ខ្លួនរបស់លោកមាន ព្រហ្មមុនី បានធ្វើឡើង ដោយពុំមានដីកាចាប់ខ្លូនពីតុលាការនោះទេ។
គួររម្លឹកថា ក្រុមយុវជនថាវរៈ បានប្រកាសតាមរយៈហ្វេសប៊ុកកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ថានឹងធ្វើបាតុកម្មរយៈពេល៩ថ្ងៃ ដើម្បីទាមទារយុត្តិធម៌សង្គម បន្ទាប់ពីអាជ្ញាធរបានច្រានចោលសំណើរធ្វើបាតុកម្មនេះ ដោយសំអាងថាមិនមានកំណត់សមាសភាពអ្នកចូលរួមច្បាស់លាស់ អាចប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព និងសណ្នាប់ធ្នាប់សាធារណៈ និងថាការអំពាវនាវមានចរិតញុះញង់។
ក្រុមយុវជនថាវរៈ បាននិយាយក្នុងលិខិតប្រកាសជំហររបស់ខ្លួននៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ ដែលមានហត្ថលេខារបស់លោកមាន ព្រហ្មមុនីដែរនោះ ថា បាតុកម្មដែលគ្រោងនោះ គឺអនុលោមទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងសេចក្ដីប្រកាសជាសកលស្តី ពីសិទ្ធមនុស្ស និងកតិកសញ្ញាអន្តរជាតិ ស្តីពីសិទ្ធពលរដ្ឋ និងសិទ្ធនយោបាយ។
ការចាប់ខ្លួនលោកមាន ព្រហ្មមុនី បានកើតឡើងបន្ទាប់ពីការចោទប្រកាន់ផ្លូវតុលាការមកលើ អ្នកនយោបាយមួយរូប និងយុវជនមាតាធម្មជាតិ បីនាក់ផ្សេងទៀត ពីបទញុះញង់ អំពីបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម។
ស្ថានទូតស៊ុយអែត ប្រចាំនៅកម្ពុជា តាមរយៈបណ្ដាញសង្គមធ្វីតធឺ (Twitter) បានសម្ដែងនូវការព្រួយបារម្ភអំពី ការចាប់ខ្លួន និងចោទប្រកាន់លើសកម្មជនបរិស្ថានវ័យក្មេង នាពេលថ្មីៗនេះផងដែរ។
មន្រ្តីសិទ្ធមនុស្សពីររូប មកពីអង្គការអាដហុក លោកស៊ឹង សែនករុណា និងអង្គការលីកាដូ លោក អំ សំអាត មិនបានធ្វើការស្រាយបំភ្លឺលើបញ្ហានេះទេ ពេលអ្នកសារព័ត៏មាន Newsroom Cambodia បានទាក់ទងទៅ កាលពីថ្ងៃទី៦
ខែកញ្ញា ឆ្នាំ២០២០នេះ ដោយលោកទាំងពីរ បាននិយាយថា មិនទាន់បានទទួលព័ត៌មានពេញលេញនៅឡើយទេ។