លោកស្រី Mary Lawlor អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លើក​ឡើង​ថា រដ្ឋា​ភិបាល​កម្ពុជា​មិន​ទាន់​បាន​ផ្តល់​ជូន​ព័ត៌មាន​បន្ថែម​ ពាក់ព័ន្ធ​​នឹង​ការ​ចាប់ឃុំ​​ខ្លួន​​​មេសហជីព​មួយ​រូប គឺ​លោក រ៉ុង ឈុន ​ តាម​ការ​ស្នើ​​​​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​​​​នៅ​ឡើយ​​ទេ​ ក្នុង​រយៈពេល​ជាង​៦០​ថ្ងៃ​មក​នេះ។

ក្រុមអ្នកជំនាញ​ខាង​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ចំនួន​៥​រូប បាន​ផ្ញើ​លិខិត​​រួមគ្នា​​មួយ​​ទៅ​​កាន់​​រដ្ឋមន្ត្រី​​ការបរទេស​​កម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ និង​ទើប​ត្រូវ​បាន​បង្ហោះ​ជាសាធារណៈ​​នៅ​ថ្ងៃ​ទី​១៧​ ខែ​តុលា​នេះ​។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្សទាំង​៥​រូប​នោះ​រួមមា​ន អ្នក​រាយការណ៍​ពិសេស​ស្តីពី​ការលើក​កម្ពស់ និង​ការការពារ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​គំនិត និង​មតិ​ក្រុម​ការងារ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​សេរីភាព​ក្នុង​ការជួបជុំ​ដោយ​សន្តិវិធី និង​បង្កើត​សមាគម និងអ្នក​រាយការណ៍​​ពិសេស​ស្តីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

ក្នុងលិខិត​​នោះ ​ក្រុម​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​​​នៃ​​អង្គការ​​សហប្រជាជាតិបាន ស្នើសុំ​ព័ត៌មាន​បន្ថែម​អំពី​មូលដ្ឋាន​ពិត និង​មូលដ្ឋាន​ច្បាប់​លើ​ការចាប់​ និង​ឃុំខ្លួន លោក រ៉ុង ឈុន និង​របៀប​នៃ​​ការចាប់ខ្លួន និងឃុំខ្លួននេះស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ទាក់ទង​នឹង​សិ​ទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ និង​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ។

ក្រៅពី​ករណី​លោក រ៉ុង ឈុន ក្រុម​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​នៃអង្គការ​សហ​ប្រជា​ជាតិ​ក៏​បាន​ស្នើសុំ​ព័ត៌មាន​បន្ថែម​ពី​ភាព​ត្រូវ​គ្នា​នៃ​ការចាប់​ខ្លួន ជាមួយ​នឹង​សិទ្ធិ​សេរីភាព និង​សន្តិសុខ​បុគ្គល រាប់​ទាំង​ការទទួល​បាន​ការជូន​ដំណឹង​នៅ​ពេល​ចាប់​ខ្លួន និង​អំពី​មូលហេតុ​នៃ​ការចាប់​ខ្លួន​ផង  ដែរ​។

ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញ​សិទ្ធិ​មនុស្ស​ទាំងនោះ​ក៏​បាន​ស្នើ​សុំ​ព័ត៌មាន​បន្ថែម​ពី​របៀប​នៃ​ការបំបែក​ការជួប​​ជុំដោយ​សន្តិវិធី​កាលពីថ្ងៃទី៣ និងទី៥ ខែសីហា ឆ្នាំ២០២០ នៅ​​ក្រៅ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ដែល​ក្រុម​អ្នក​ជំនាញអះអាង​ថា ការតវ៉ា​នោះ​គឺ​ស្រប​តាម​កាតព្វកិច្ច​ផ្លួវ​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា២១​នៃ​កតិកា​សញ្ញា​អន្តរ​ជាតិ​​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​ច្បាប់​របស់​កម្ពុជា​ផង​ដែរ ដែល​បាន​ធានា​នូវ​ការជួបជុំ​ដោយ​សន្តិវិធី។​​

ថ្លែងប្រាប់ Newsroom Cambodia តាមរយៈ​បណ្តាញ​សង្គម Signal លោកស្រី Mary Lawlor អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​ស្នើ​សុំ​ព័ត៌មាន​បន្ថែម​ករណី​លោក រ៉ុង ឈុន មក​គឺ​អស់​​​​រយៈពេល​ជាង​៦០ថ្ងៃ​មក​ហើយ​ដែល​រដ្ឋាភិបាល​មិន​បាន​ធ្វើការឆ្លើយ​តប តែ​លោកស្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​ក៏​នៅតែអាច​ឆ្លើយ​តប​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោកស្រីបន្ថែមថា​ ទោះបីជា​បាន​ទទួល ឬ​មិ​​នបាន​ទទួល​ការឆ្លើយ​តប​ក្តី ក្រុម​អ្នក​ជំនាញ​នឹង​នៅ​តែ​បន្ត​ការតាម​ដាន និង​ឃ្លាំមើល​លើ​ករណី​ទាំងនេះ​​។​

លោកស្រីថា៖ «អ្នករាយការណ៍​ពិសេស​នឹង​នៅ​តែ​បន្ត​ឃ្លាំមើ​ល​ទោះ​បីជា​មាន ឬ​មិនមាន​ការឆ្លើយ​ក៏​ដោយ ហើយ​ដោយ​ផ្អែក​ទៅ​លើការវិវត្ត និង​ព័ត៌មានថ្មីៗ​ដែល​ខ្ញុំ​ទទួល​បាន និង​អាច​បញ្ជាក់​បាន»។

តំណាងកម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ កាលពីខែកញ្ញា​​បាន​លើក​ឡើង​​ថា    កម្ពុជា​ពុំ​មាន​ការអនុញ្ញាត​ឲ្យ​​មា​ន​​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើយ ហើយថា ការចាប់​ខ្លួន​សកម្មជន​នានា​ដែល​តវ៉ា​កន្លង​មក គឺជា​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា។​​​​​​​

Newsroom Cambodia មិនអាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​ពី​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បានទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រសហ្បតិ៍​នេះ។​

យ៉ាងណា​មិញ​សមាជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កត្តា អ៊ន បាន​ប្រាប់ Newsroom Cambodia កាលពី​រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០​នេះ​ថា ​ក្រសួង​ការ​បរ​ទេស និង​​ក្រសួង​​ដែល​​ពាក់ព័ន្ធ នឹង​​ធ្វើ​​បច្ចុប្បន្ន​ភាព​​ជុំវិញ​​ករណី​​នេះ ហើយ​ក្រសួង​នឹង​ពិនិត្យ​ពិចារណា​ថា នឹង​ត្រូវ​ឆ្លើយ​តប ឬ​មិន​ឆ្លើយ​តប​ក្នុង​ពេល​ខាង​មុខ។​

លោកថា៖ «តាមរយៈ​ក្រសួង​ការបរទេស គឺ​យើង​បាន​ប្រមូល​ព័ត៌មាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​នឹង​ធ្វើ​បច្ចុប្បន្នភាព​លើ​ករណី​នេះ ដោយ​សារ​ករណី​នេះ​បាន​ផុត​ពី​ដៃ​រដ្ឋាភិបាល​ទៅ​ដល់​តុលា​ការ​ហើយ ហើយ​ក្រ​សួង​ការបរទេស​នឹង​ពិនិត្យ​ពិចារណា​ថា នឹង​គួរ​ឆ្លើយ​តប​តាម​វិធី​ណា ឬ​ក៏​មិន​ឆ្លើយ​តប ពីព្រោះ​ករណីនេះយើង​បានឆ្លើយ​តប​ជាច្រើន​ដងម​កហើយ»។​

លោក រ៉ុង ឈុន ប្រធាន​​សហភាព​​សហជីព​កម្ពុជា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ២០២០ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ក្រោម​ការចោទ​ប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវ​រដល់​សន្តិសុ​ខ​សង្គម» បន្ទាប់ពី​លោ​ក​បាន​​ចេញ​សេចក្តី​ថ្លែង​ការណ៍​​មួយ​​ក្នុង​​នាម​​​ជាតំណាង​​ក្រុមប្រឹក្សា​​ឃ្លាំ​មើល​​កម្ពុជា កាល​ពីថ្ងៃ​ទី២១​ ខែកក្កដា ដោយ​លើកឡើង​ថា ការបោះបង្គោល​ព្រំដែន​លេខ​១១៤​ ដល់​១១៩​ មាន​ភាព​មិន​ប្រក្រតី​​ច្រើន ​ដែល​ធ្វើ​​ឲ្យ​​ពលរដ្ឋ​​បាត់បង់​​ដី​​​ទៅ​ភាគីវៀតណាម​​ជាច្រើន​​រយ​​ហិកតា​ ក្នុង​​ខេត្ត​ត្បូងឃ្មុំ៕