លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃចន្ទ​​ប្រកាស​ថា ​ ក្នុង​ឆ្នាំនេះ​​ពុំ​មាន​ការប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​នៅ​រាជធានី​ភ្នំពេញ​នោះទេ ប៉ុន្តែពិ​ធី​សំពះ​ព្រះខែ​នៅ​តាម​មូលដ្ឋាន និង​ការអនុវត្ត​ថ្ងៃ​ឈប់​សម្រាក​​នៅ​តែមាន​ដដែល​​។

លោក ហ៊ុន សែន ​លើកឡើង​បែប​នេះ​​ ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេបា​សាក់ ភ្ជាប់​ពី​ទី​ក្រុង​រណប​កោះពេជ្រ ទៅ​ទីក្រុង​រណប​កោះ​នរា និង​ពី​ទីក្រុង​រណប​កោះន​រា​តភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ១​ ដែលមានតម្លៃជិត៤០លានដុល្លា កាលពីថ្ងៃចន្ទ័ទី២៧ ខែតុលា ឆ្នាំ២០២០។​ លោកនាយករដ្ឋមន្រ្តី​ថ្លែង​ថា ក្នុង​ឆ្នាំ​២០២០​នេះ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ពិធី​បុណ្យ​អុំទូក អក​អំបុក​សំពះ​ព្រះខែ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​សុក្រ ទី៣០ ខែតុលា ដល់​ថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២០​។​ នេះ

លោក​ថា៖ «ដោយសារកូវីដយើងបាន​លុបចោល​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក​សំពះ​ព្រះខែ​នៅ​ទីក្រុង​ភ្នំពេញ […]​ យើង​គ្រាន់តែ​មិន​ចាត់​តាំង​អុំទូក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​រឿង​សំពះ​ព្រះខែ​​​នៅ​តា​ម​ផ្ទះ អក​អំបុក​នៅតាម​ផ្ទះ​គឺ​នៅ​តែ​ធ្វើ​ មន្រ្តី​រាជការ​របស់​យើង កម្មករ​កម្មការិនី​ដែល​ទទួល​បាន​ការសម្រាក​គឺ​នៅ​តែ​បន្ត​ការឈប់​សម្រាក​ដដែល»។

លោកនាយករដ្ឋមន្រ្តីបន្ថែម​ថា បើទោះបីជា​គ្មាន​ភ្ញៀវ​ទេសចរណ៍​មក​ពី​ក្រៅ​ក៏​ដោយ ក៏​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ដើរ ព្រោះ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ខាងមុខ​នេះ ជា​គោលដៅ​មួយ​ដែល​ភ្ញៀវ​ទេស​ចរណ៍​​ក្នុង​ស្រុក​នឹង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ចេញ​ពី​ខេត្ត​មួយ ឆ្លង​ទៅ​តាម​ខេត្ត​នីមួយៗ​ដើម្បី​កំសាន្ត។​

លោក​លើកឡើង​បន្ថែម​ថា ឆមាស​ទីមួយ​ កម្ពុជា​មាន​សាច់ប្រាក់​ប្រមាណ​ជិត​២០០​ដុល្លារ​វាង​ចំណូល និង​ចំណាយ ប៉ុន្តែ​នៅ​ត្រីមាស​ទី២​នេះ ចំណូល និង​ចំណាយ​មាន​ការថម​ថយ។

លោក​ថា៖ «បើទោះបី​ជា​សេដ្ឋកិច្ច​មាន​ការថមថយ​បន្តិច​មែន តែ​នៅ​តែ​អាច​ទ្រទ្រង់​បាន​នូវ​ថវិការ​សម្រាប់​ឱ្យ​រាជ​រដ្ឋាភិបាល​យក​មកបើក​ប្រាក់​បៀរវត្សរ៍​ឱ្យ​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ការចំណាយ​ដទៃ​ទៀត»។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ស្តីពី​ថ្ងៃ​ឈប់​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ជម្រាប​ជូន​ដំណឹង​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំង​អស់​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ទាំងអស់​ឈប់​សម្រាកដោ​យមា​នប្រាក់ឈ្នួល​ក្នុងរយៈពេល​បួន​ថ្ងៃគឺ៣០-៣១-០១ និង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ២០២០​ ជំនួស​ឱ្យ​ថ្ងៃទី០១ ដែល​ត្រូវ​ចំ​ថ្ងៃ​អា​ទិត្យ។

បើទោះជា​មាន​ការផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះខែ​នៅ​រាជធានី​ភ្នំពេញ​ក៏ដោយ ក៏​នៅតា​មបណ្តា​ខេត្ត ភូមិ-ឃុំ​ផ្សេងៗ អាច​នឹង​មាន​រៀបចំ​ពិធី​នៅ​តាម​មូលដ្ឋាន។ នេះ​បើ​តាម​ការផ្សាយ​ស្តីពី​ការពី​ការការពារ​ខ្លួន​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ-១៩​ របស់​ក្រសួង​សុខាភិបាល​នៅ​ពេល​មាន​ការប្រារ​ព្ធ​ពិធី​បុណ្យ​នៅ​តាម​មូលដ្ឋាន​នីមួយៗ៕