សម្ព័ន្ធអ្នកសាព័ត៌មានកម្ពុជា ហៅ​កាត់​ថា​ខេម​បូចា នៅ​ថ្ងៃទី​២២ ខែ​ធ្នូ នេះ ​បង្ហាញ​ការ​​ព្រួយបារម្ភ​ចំពោះ​ការសម្រេច​របស់តុលាការ​​កាត់​ទោស​ លោក សុខ ឧត្តម ម្ចាស់​ស្ថានីយ៍​វិទ្យុ​ និងគេហទំព័ររិទ្ធីសែន ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ខែ ថា​ជាការ​ធ្វើ​ទុក្ខបុកម្នេញ​បន្ថែម​ទៀត​លើ​អ្នកសារព័ត៌មាន​​ បន្ទាប់ពី​លោក​បាន​ផ្សាយបន្ត​ផ្ទាល់​ពី​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ និងមន្ត្រីយោធា​ នៅ​ខេត្ត​កំពង់​ឆ្នាំង។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បង្ហោះ​​​លើ​ទំព័រ​ហ្វេសប៊ុករបស់សម្ព័ន្ធអ្នក​​សារព័ត៌មានកម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២០ សម្ព័ន្ធ​អ្នកសារព័ត៌​មាន​កម្ពុជា​បាន​ស្រង់​សម្តី​របស់​លោក ណុប វី នាយក​ប្រតិបត្តិ​​សម្ព័ន្ធ​អ្នកសារ​ព័ត៌មានកម្ពុជា​ថា ការសម្រេចឱ្យ លោក  សុខ ឧត្តម មានទោស​ ​បង្ហាញ​ថា អ្នកសារ​ព័ត៌មាន​ដែល​ហ៊ាន​ផ្សព្វផ្សាយ និង​រាយការណ៍​ព័ត៌មាន​ដែល​ប៉ះពាល់​ផល​ប្រយោជន៍​​របស់​មន្ត្រីយោធា និង​អ្នក​មាន​អំណាច គឺនៅ​តែ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាមរយៈ​ប្រព័ន្ធតុលាការ​ដែល​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ ជាជាង​ប្រើ​ប្រាស់​​ច្បា​ប់ស្ដីពី​របបសារព័ត៌មាន។

លោកបញ្ជាក់ថា៖ «យើងបារម្ភថា យន្តការតាមដាននឹងជំរុញយុត្តិធម៌សង្គម និងមិនត្រូវបានពង្រឹង»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ លើកឡើង​ថា ក្រសួង​គាំទ្រ​​​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​​ក្នុងការសម្រេច​ក្ដី​ទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ លោក​បន្ថែម​ថា ចំណាត់ការ​នេះគឺជា​ការអនុវត្ត​ច្បាប់ ​មិនមែន​ជា​ការគំរាម​កំហែង ​ឬ​បំភិត​បំភ័យ​ទៅ​ដល់​បុគ្គលណាម្នាក់នោះទេ។

លោកបន្ថែមថា៖ «ប្រសិនបើជនជាប់ចោទ ឬបុគ្គលដែលត្រូវបានគេអនុវត្តច្បាប់នោះ​យល់​ឃើញ​ថា ការអនុវត្ត​​នោះ​វា​មិន​ត្រឹមត្រូវ អយុត្តិធម៌​សម្រាប់​ខ្លួន ខ្លួន​អាច​ដាក់​ពាក្យ​ប្ដឹងជំទាស់​នឹង​ការសម្រេច​ហ្នឹង ទៅ​តាម​នីតិវិ​ធី​ផ្លូវច្បាប់ដែ​លមា​ន​ចែង​ជា​ធរមាន​ទៅ»។

លោក មាស សុភ័ណ្ឌ​បាន​បន្ថែម​ថា ​ប្រសិនបើ​ស្ថាប័ន ឬអង្គការ​ណា​មួយ​យល់ឃើញថា ការអនុវត្ត​ច្បាប់​របស់​​ស្ថាប័​ន​មានសមត្ថ​កិច្ច​​​លើបុគ្គលណាម្នាក់ ថា​មាន​ភាព​អយុត្តិធម៌ អង្គការ​នោះ​អាច​ជួយ​ជំនួយ​ផ្លូវច្បាប់​ទៅដល់​បុគ្គល​នោះដើ​ម្បីប្ដឹងតវ៉ាជំទាស់​។

លោក​បញ្ជាក់​ថា៖ «គាត់យល់ឃើញថាការអនុវត្តហ្នឹងមិនត្រឹមត្រូវទេ គឺគាត់អាចផ្ដល់ជាជំនួយផ្លូវច្បាប់ ដើម្បី​ប្ដឹងជំទាស់ទៅនឹងការសម្រេចនានារបស់ស្ថាប័នមានសមត្ថកិច្ចទៅតាមនីតិវិធីទៅ»។

លោក សុខ ឧត្តម ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា​ និងត្រូវបានឃុំខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅពន្ធនាគារខេត្តកំពង់ឆ្នាំង បន្ទាប់ពី​លោក​ផ្សាយ​បន្ត​ផ្ទាល់​ពី​ជម្លោះ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ និង​មន្ត្រី​យោធានៅ​ក្នុង​មូលដ្ឋាន ឃុំ​ជាប់ ស្រុ​ក​ទឹក​ផុស ខេត្ត​កំពង់ឆ្នាំងកាលពីទី១២ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅ ជាមួយនឹងក្រុមសាព័ត៌មានមកពីស្ថានប័នព័ត៌មានផ្សេងៗទៀតជាច្រើន។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី «បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»៕