បណ្តាញសង្គមហ្វេសប៊ុកបានក្លាយជាកន្លែងសម្រាប់ការចែកចាយព័ត៌មានយ៉ាងសំខាន់នៅប្រទេសកម្ពុជា​​​ ដែលក្នុងនោះមានទាំងព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ក៏ដូចជាព័ត៌មានមិនពិត ដែលនេះជះឥទ្ធិពលមិនល្អដល់សង្គម។

យោងទៅតាមស្ថិតិ មនុស្សប្រមាណ​ជិត ១០​ លាននាក់ក្នុងចំណោមប្រជាជនសរុប ជាង ១៦ លាននាក់ សព្វថ្ងៃកំពុងប្រើ បណ្ដាញសង្គមហ្វេសប៊ុក។​

កាលពីថ្ងៃពុធ ទី២៣​​ ខែធ្នូ ឆ្នាំ២០២០ Newsroom Cambodia បានធ្វើការសម្ភាសន៍ទៅលើប្រជាពលរដ្ឋមួយចំនួននៅក្នុងទីក្រុងភ្នំពេញអំពីព័ត៌មានដែលគាត់បានឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយពួកគាត់ក៏បានផ្ដល់ជាមតិចម្រុះដូចតទៅ៖

អ្នកស្រី សុន​ រតនៈ

អ្នកស្រី សុន​ រតនៈ វ័យ៣៣ឆ្នាំ ជា​អាជីវករ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​តែង​តែ​មើល​ព័ត៌​មាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ញឹក​ញាប់​ ហើយ​ព័ត៌មាន​ដែល​អ្នកស្រី​តាម​ដាន​ភាគ​ច្រើន ​ជា​ព័ត៌មាន​ទាក់​ទង​នឹង​ការ​រកស៊ី​ និង​ព័ត៌មាន​ពី​ជម្ងឺ​កូវីដ ​១៩​។​

អ្នកស្រី​បាន​និយាយ​ថា៖​ «ព័ត៌មាន​ទាក់​ទង​នឹង​កូ​វី​ដ​ហ្នឹង ​ក៏​ឧស្សាហ៍​មើល​ដែរ​ គេ​ឆ្លង​នៅ​ថៃ​នៅ​អី​ចឹង ​យើង​តាម​ដាន​គេ​ទៅ​។ ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​ដែរ​ កូវីដ​ចឹង​យើ​ង​រក​អត់​បាន​ យើង​ជួល​ផ្ទះ​គេ​ ត្រូវ​បង់​ធនាគារ​អីសព្វគ្រ​ប់​ទាំងអស់​​​វា​ពិបាក​ណាស់​ ហើយ​ណា​មួយ​គិត​ដល់​កូន​ដែរ​ ត្រូវ​ចូល​រៀន​ខ្លាច​តែ​មិន​បាន​រៀន​។»

ក្រៅ​ពី​ចូល​អាន​ព័ត៌​មាន​ទាំង​នោះ​ អ្នកស្រី​ សុន​ រតនៈ​បាន​បញ្ជាក់​ថា​ ជានិច្ចជាកាល ​អ្នក​ស្រីក៏​ធ្វើ​ការ​ចែករំលែកបន្ត​ព័ត៌មាន​ទាំង​អស់​នោះ​ផង​ដែរ​។

អ្នកស្រី​ថ្លែង​ថា​៖ «ព័ត៌មាន​មួយ​ចំនួន​ខ្ញុំស៊ែ​រត​។ ​ព័ត៌មាន​ពី​កូវីដ​ខ្ញុំស៊ែរ​ត​ ពី​គេ​បង្រៀន​យើង​រក​ស៊ី​អី​ខ្ញុំ​ស៊ែរ​ត​។ ក្នុង​ចិត្ត​ខ្ញុំ​ចេះ​តែ​ចង់​រៀន​ដែរ​ ចំពោះ​ព័ត៌មាន​ដែល​គេ​បង្រៀន​យើង​រកស៊ី​ ហើយ​យើង​ស៊ែរ​ទុក​ដើម្បី​មើល​ថ្ងៃ​ក្រោយ​ ដល់​ពេល​យើង​ចង់​ដឹង​ថា​គេ​រៀន​នៅ​ណា​អី ​នៅ​ណា​ យើង​ចុច​មើល​ផុស​ហ្នឹង​វិញ​ទៅ​»។

អ្នកស្រី​បាន​បន្ត​ថា៖​ «ចំពោះ​ព័ត៌មាន​កូវីដ​ ខ្ញុំ​ស៊ែរ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ទាំងអស់គ្នាថាជម្ងឺកូវីដបានកើនឡើងនៅក្នុងប្រទេសថៃ ឬប្រទេសកម្ពុជាយើង។ យើងស៊ែរចឹងទៅចង់ឲ្យមនុស្សមួយចំនួនដឹងហើយចេះការពារខ្លះចឹងទៅ»។

លោក​ឈាង ហ៊ាង​

លោក​ឈាង ហ៊ាង​ វ័យ៦៤ឆ្នាំ ជាអ្នករត់កង់​បី​ខ្មែរ​ បានមានប្រសាសន៍ថារូបលោកមិនសូវតាមដានព័ត៌មានលើបណ្ដាញសង្គម​នោះទេ។ មួយវិញទៀតទោះបីជា​លោកចុចចូលមើលព័ត៌មាន​ទាំងនោះតែលោកមិនដែលចុចស៊ែរបន្តឡើយ។

លោក​ឈាង​ ហ៊ាងក៏​បាន​ឲ្យ​ដឹង​ថា​លោក​មាន​ការ​ព្រួយ​បារម្ភ​ដែរ​នៅ​ពេល​លោក​មើល​ព័ត៌មាន​ទាក់​ទិន​នឹង​ការ​រីករាល​ដាល​នៃ​ជម្ងឺ​កូវីដ​ ១៩​។

លោក​និយាយ​ថា៖​ ​«ពេល​ឃើញ​ព័ត៌មាន​ពី​កូវីដ​កើន​ឡើង​អី ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ វា​បាត់​​បង់​ចំណូល​ ដូច​ថា​រាល់​ដង​ធ្លាប់​រក​បាន​មួយ​ថ្ងៃ​៤ ​​ទៅ​៥​ម៉ឺន​ នៅ​សល់​១​ម៉ឺន​​២​ម៉ឺន​ ភ្ញៀវ​អត់​មាន​ចេញ​ដើរ​ម៉ង​»។​

យុវជនធឿន​ សុផានិត

យុវជនធឿន​ សុផានិត វ័យ​១៧​ឆ្នាំ ជាសិស្សថ្នាក់ទី១២ បានយល់ឃើញថាព័ត៌មាននៅលើបណ្ដាញហ្វេសប៊ុកព័ត៌មានខ្លះជា​ព័ត៌មាន​ដែលល្អសម្រាប់អ្នកមើលអ្នកអានតែព័ត៌មាន ខ្លះទៀតជា​ព័ត៌មានបំផុសបំផុលដែលអាចបង្ករការយល់ច្រឡំដល់អ្នកអានបាន។

យុវជនរូបនេះបានក៏បញ្ជាក់ថាមុននឹងរូបលោកសម្រេចចិត្តស៊ែរព័ត៌មានបន្តនៅលើហ្វេសប៊ុក​​ លោកតែងពិនិត្យមើលចំណងជើង(caption) ថាតើវាល្អ និងមានប្រយោជន៍រ ឬអត់។ លោកបន្តថា​បើព័ត៌មានខ្លះដែលគេសរសេរ​អត់​បង្ខូច​ឈ្មោះអ្នក​ដទៃ ទើបលោកចុចស៊ែរត ​តែបើព័ត៌មានខ្លះដែលសរសេរមកប្រើចំណងជើង(Caption)ធ្វើឲ្យអ្នកដទៃភ័យ ឬបំផុសបំផុល លោកមិន​ដែលស៊ែរបន្តទេ។

លោកបានលើកឡើងថា៖​ «មុនពេលខ្ញុំស៊ែរព័តមានអីមួយគឺខ្ញុំមើលច្បាស់លាស់ណាស់ ខ្ញុំចូលមើលសិនថាគេសរសេរអ្វើខ្លះបានខ្ញុំចុចស៊ែរ។​ ចឹងខ្ញុំគិតថាព័ត៌មានដែលខ្ញុំស៊ែរហ្នឹង អត់​អីទេហើយអាចផ្សព្វផ្សាយដល់អ្នកនៅជុំវិញខ្លួនដូចជាហ្វេនក្នុងហ្វេសប៊ុកបាន។»

កញ្ញា ង៉ែត សុវណ្ណបូរមី

កញ្ញា ង៉ែត សុវណ្ណបូរមី ស្ថិតក្នុងវ័យ២០ឆ្នាំ ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ បាននិយាយថានាងចូលចិត្តតាមដានព័ត៌មាននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងតែងតែចែករំលែកបន្តនូវព័ត៌មានមួយចំនួនដែលនាងគិតថាមានប្រយោជន៍។

កញ្ញាយល់ឃើញថាថ្វីត្បិតតែព័ត៌មាន ក្នុងហ្វេសប៊ុកមានចំនួនច្រើន ក៏ពិតមែន តែព័ត៌មានទាំងអស់នោះមិនសុទ្ធតែជាព័ត៌មាន ល្អទាំងអស់ទេ​ ដោយវាអាស្រ័យលើព័ត៌មានដែលគេផុស និងអ្នកស៊ែរដែរថាតើពួកគេផុសក្នុងបំណងអ្វី ក្នុងបំណងបរិហារកេរ្តិ៍ ឬដើម្បីកំសាន្តឬចង់ចែករំលែកបន្ត។

និស្សិតឆ្នាំទី៤រូបនេះបានបន្ថែមថា៖ «មុននឹងសម្រេចចិត្តស៊ែរ ខ្ញុំមើលលើប្រភពព័ត៌មាន ឬអ្នកផុសព្រោះអីជួនកាលអ្នកផុសមានបំណងមិនល្អ fake accountអី អញ្ចឹងប្រសិនបើប្រភពព័ត៌មានអត់ច្បាស់លាស់ខ្ញុំក៏អត់ស៊ែរដែរ​ដោយសារ​ខ្លាចបង្ករជាជម្លោះប្ដឹងផ្ដល់អីតទៀត»។

កញ្ញាង៉ែត សុវណ្ណបូរមី បាននិយាយបន្តថា «បើព័ត៌មានទាក់ទងកូវីដ ខ្ញុំស៊ែរច្រើន។ កូវីដ យើងអាចនិយាយបានថាវាជាជម្ងឺសកលលោកចឹង ​ខ្ញុំស៊ែរព័ត៌មានទាក់ទងនឹងវាព្រោះខ្ញុំគិតថាក្នុងអាខោនហ្វេសប៊ុកខ្ញុំមានហ្វេនប្រហែល៣ពាន់នាក់ចឹង ខ្ញុំអាចចែករំលែកព័ត៌មានហ្នឹងទៅអ្នកទាំងអស់នោះទោះបីអត់បានទាំងអស់គ្នាតែគិតថាបានមួយភាគធំដែរ»។

«អាចនិយាយបានថាមាន ៥០០នាក់ដែលបានឃើញការស៊ែររបស់ខ្ញុំហើយអ្នកទាំងអស់នោះស៊ែរបន្តទៀតទៅ ចឹងយើងដឹងស្រាប់ហើយព័ត៌មានកូវីដ វាជាព័ត៌មានជម្ងឺសកលលោក យើងម្នាក់ៗគួរតែយល់ដឹងថា​ថ្ងៃនេះមានមនុស្សកើតប៉ុន្មាននាក់ហើយ ឆ្លងថែមប៉ុន្មាននាក់ហើយ តេស្តវិជ្ជមានប៉ុន្មាននាក់ អវិជ្ជមានប៉ុន្មាននាក់ហើយយើងគួរការពារខ្លួនឯងបែបមិចខ្លះ»។

យុវជន ភី ភារ៉ូ

យុវជន ភី ភារ៉ូ វ័យ ២១ឆ្នាំ ដែលជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្រ្តខ្មែរ បានលើកឡើងអំពីបញ្ហាព័ត៌មានមិនពិតមួយចំនួន ដែលអ្នកសរសេរ អាចមានបំណងមកបោកបញ្ឆោតដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុងការចែករំលែកព័ត៌មានបន្ត និស្សិតឆ្នាំទី ៣ ផ្នែកអក្សរសាស្ត្រខ្មែរមួយរូបនេះបានលើកឡើងថា៖ «ទី១ ខ្ញុំមើលទៅលើផេកសិន តើផេកហ្នឹងវាច្បាស់លាស់អត់ ហើយផេកហ្នឹងវាធ្លាប់មានសម្ភាសន៍ទៅមានទិដ្ធភាពពិតជាក់ស្តែង រឺអត់បានខ្ញុំស៊ែរ»។

«ជួនកាលដូចផេកមួយចំនួនចឹង គាត់ចេះតែរឿងខ្លះមិនពិត ក៏ផុស ហើយខ្ញុំអត់ហ៊ានស៊ែរបន្តទេ ព្រោះខ្លាចកាលណាយើងស៊ែរបន្ត យើងចូលរួមក្នុងការបោកបញ្ឆោតអ្នកលេងផ្សេងៗ»។

លោកបានបន្តថា៖ «ខ្ញុំស៊ែរតែព័ត៌មានណាដែលមានប្រយោជន៍សម្រាប់ជួយដល់សង្គម ចឹងបានខ្ញុំស៊ែរ។ ពេលដែលយើងស៊ែរទៅ លក្ខណៈថាយើងបានចែករំលែកនូវចំណេះដឹង ក៏ដូចជាផលប្រយោជន៍ហ្នឹងទៅកាន់អ្នកផ្សេងផងដែរ»៕