អ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជានៅតែប្រឈមនឹងការរើសអើង បើទោះបីជាអ្នកស្រលាញ់ភេទដូចគ្នាត្រូវបានទទួលស្គាល់ដោយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ថាមានសិទ្ធិស្មើគ្នាដូចប្រជាពលរដ្ឋជាទូទៅក្តី។
ក្នុងឆ្នាំ២០០៤សម្តេចព្រះបរមរតនកោដ្ឋនរោត្តមសីហនុក៏បានគាំទ្រចំពោះអ្នកស្រលាញ់ភេទដូចគ្នា បន្ទាប់ពីទ្រង់ទតទូរទស្សន៍ចុះផ្សាយអំពីការរៀបអាពាហ៍ពិពាហ៍ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីឆ្នាំ២០១២ក៏បានស្នើកុំឲ្យមានការរើសអើងចំពោះសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា បន្ទាប់ពីដឹងថា កូនស្រីចិញ្ចឹមរបស់លោកក៏ជាអ្នកស្រលាញ់ភេទដូចគ្នា។
មិនតែប៉ុណ្ណោះការផ្តល់សិទ្ធិរៀបអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ក៏ត្រូវបានថ្នាក់ដឹកនាំនយោបាយលើកយកមកពិភាក្សាផងដែរ។
ខាងក្រោមនេះ គឺជាការយល់ឃើញរបស់ប្រជាពលរដ្ឋមួយចំនួន លើការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់របស់អ្នកស្រលាញ់ភេទដូច៖
លោក រឹទ្ធិ បូរីស វ័យ១៨ឆ្នាំ និស្សិតដែលត្រៀមប្រឡងចូលរៀននៅសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ប្រាប់Newsroom Cambodia ថា ការស្រលាញ់ភេទដូចគ្នាមានការកើនឡើងច្រើនជារៀងរាល់ឆ្នាំនៅកម្ពុជា ហើយថា លោកគាំទ្រឲ្យអ្នកស្រលាញ់ភេទដូចគ្នា អាចរៀបការបានដោយស្របច្បាប់។
«ខ្ញុំគិតថាវាគួរតែមានច្បាប់ ហើយមិនគួរឲ្យមានការរើសអើងគ្នាទេ ហើយក្តីស្រលាញ់រវាង ស្រី និងស្រី ប្រុស និងប្រុស ក៏ជាការស្រលាញ់មួយដែរ។នៅលោកខាងលិច និងអឺរ៉ុបឃើញមានការអនុញ្ញាត និងគាំទ្រឲ្យមានសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ហើយអាចរៀបការនឹងគ្នាបាន ចឹងមិនខុសពីកម្ពុជា ក៏គួរតែអនុញ្ញាតដើម្បីឲ្យមានការឃើញពីសិទ្ធិពួកគេ»។
ចំណែកលោក សូ វាសនា ហៅដេវិត វ័យ២៥ឆ្នាំ កំពុងធ្វើការងារនៅស្ថានប័នឯកជនមួយប្រាប់ Newsroom Cambodia ថា កម្ពុជាគួរតែបង្កើតនិងគួរតែឲ្យមានច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។
«អ្វីដែលពួកគាត់ធ្វើមិនបានធ្វើឲ្យអាប់ឱនអ្វីទាំងអស់។ វាគឺជាធម្មជាតិរបស់ពួកគាត់ គាត់ត្រូវតែស្រលាញ់អីចឹង។ ខ្ញុំគិតថាវាមិនបានផ្ទុយពីធម្មជាតិនោះទេដែលពួកគាត់ស្រលាញ់គ្នា ហើយវាជាចំណង់ចំណូលចិត្តមួយដែលកើតពីធម្មជាតិ»។
កញ្ញា កែ ស្រីអូន វ័យ២៦ឆ្នាំដែលកំពុងធ្វើការក្នុងស្ថានប័នឯកជនមួយប្រាប់ថា៖ «យើងត្រូវតែមានសិទ្ធិឲ្យពួកគេ មិនថានរណានោះទេ។ និយាយរួមគឺត្រូវឲ្យសិទ្ធិគាត់ទាំងអស់គ្នា មិនថាជាសិទ្ធិក្នុងរូបភាពបែបណានោះទេ គ្រាន់តែថាត្រូវបែងចែកឲ្យដាច់រវាងអ្នកស្រលាញ់ភេទដូចគ្នា និងផ្ទុយគ្នា។ បើសិនជាយើងមានសិទ្ធិ អាហ្នឹងយើងដូចជាលើកទឹកចិត្ត និងឲ្យតម្លៃគាត់»។
លោក ខៀវ សម្បត្តិ អ្នកស្រលាញ់ភេទដូចគ្នា អាយុ៣៧ឆ្នាំ កំពុងដើរលេងជាមួយភរិយានៅលើសួនច្បារព្រះបរមរាជវាំងលើកឡើងថា៖ «ខ្ញុំចង់ឲ្យមានការបង្កើតច្បាប់អាពាហ៍ពិពាហ៍ដល់អ្នកស្រឡាញ់ភេទដូចគ្នា ដូចនៅប្រទេសគេ គេមានច្បាប់ បើខ្មែរមានដឹងតែល្អ»។
ឆ្លើយតបទៅនឹងការបង្កើតច្បាប់នេះអាចជះឥទ្ធិពលដល់កំណើនប្រជាជននិងការបន្តពូជនោះលោក អឿន ស៊ាងហេង ដែលជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យ PPIU យល់ថា៖ «វាគួរតែជះឥទ្ធិពលទៅលើការបន្តពូជព្រោះប្រទេសរបស់យើងកំពុងតែត្រូវការធនធានមនុស្ស ក៏ដូចជាការបន្តពូជឲ្យបានកាន់តែច្រើន ព្រោះថាបើប្រជាជនបង្កបង្កើនកាន់តែច្រើន សេដ្ឋកិច្ចអាចនឹងលឿន។ បើប្រជាជនច្រើនការងារក៏មានច្រើន កម្លាំងអ្នកជួយការងារក៏មានច្រើន កន្លែងការងារក៏មានច្រើន ក៏ដូចជាមានអ្នកចេះដឹងច្រើន»។
ចំណែកលោក ខៀវ សម្បត្តិ លើកឡើងថា៖ «វាមិនអីទេ ដោយសារការស្រឡាញ់ភេទដូចគ្នាភាគច្រើនគឺវាតិចជាងអ្នកស្រឡាញ់ភេទផ្ទុយគ្នា»។
យុវជន បូរីស លើកឡើងថា៖ «ជាការពិតការស្រលាញ់ភេទដូចគ្នារវាងប្រុស និងប្រុសវាមិនអាចបន្តពូជបានទេ។ ប៉ុន្តែប្រសិនបើវិស័យសុខាភិបាលយើងមានបច្ចេកទេសដើរលឿន នោះផ្នែកការបន្តពូជខ្ញុំគិតថានៅតែអាច។ យើងមើលឃើញថាគេអាចចាក់អរម៉ូនចិញ្ចឹមកូនក្នុងកែវបានដោយមិនចាំបាច់មានការរួមភេទនោះទេ។»
ពួកគេមួយចំនួនក៏បានបង្ហាញពីការយល់ឃើញថា ប្រសិនបើកម្ពុជាមានច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា នោះការរើសអើងនឹងមានការកាត់បន្ថយ។
លោក អឿន ស៊ាងហេង លើកឡើងថា៖ «ចំពោះការកាត់បន្ថយគឺបានកើតឡើងហើយព្រោះយើងបានប្រកាសទទួលស្គាល់ហើយថាគាត់មានសិទ្ធិពេញលេញ»។
ចំណែកលោក បូរីស យល់ថា៖ « ប្រសិនបើយើងមានច្បាប់អាពាហ៍ពិពាហ៍សម្រាប់ពួកគាត់ នោះខ្ញុំគិតថា វានឹងលែងមានពាក្យអ្នកនេះស្រលាញ់ភេទដូចគ្នាទៀតហើយ។ ហើយខ្ញុំគិតថា ការរើសអើងក៏បាត់ ព្រោះបើពួកគេមានសមមាត្រក្នុងការទទួលបានសិទ្ធិស្មើគ្នា»៕