អ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជានៅតែ​ប្រឈម​នឹង​ការ​​រើស​អើង បើទោះបីជា​អ្នក​ស្រលាញ់ភេទដូចគ្នា​ត្រូវបានទទួលស្គាល់ដោយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា​ ថា​មាន​សិទ្ធិ​ស្មើ​គ្នា​ដូច​ប្រជាពលរដ្ឋ​​ជាទូទៅ​ក្តី​។ ​

ក្នុងឆ្នាំ២០០៤​សម្តេចព្រះ​បរមរតនកោដ្ឋ​នរោត្តមសីហនុ​ក៏​បាន​គាំទ្រចំពោះ​អ្នកស្រលាញ់ភេទ​ដូចគ្នា បន្ទាប់ពី​ទ្រង់​ទត​ទូរទស្សន៍ចុះផ្សាយ​អំពី​ការរៀប​អាពាហ៍​ពិពា​ហ៍ក្នុ​ង​រដ្ឋកាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាមេរិក។​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ឆ្នាំ២០១២​ក៏​បាន​ស្នើកុំ​ឲ្យ​មានការរើសអើង​ចំពោះ​សហគមន៍​អ្នកស្រលាញ់ភេទដូចគ្នា បន្ទាប់​ពី​ដឹងថា កូនស្រី​ចិញ្ចឹម​របស់លោកក៏ជាអ្នកស្រលាញ់ភេទ​ដូចគ្នា។

មិនតែ​ប៉ុណ្ណោះ​ការ​ផ្តល់​សិទ្ធិ​​រៀបអាពាហ៍ពិពាហ៍ស្របច្បាប់​សម្រាប់​​អ្នកស្រលាញ់ភេទដូចគ្នា ក៏ត្រូវបាន​ថ្នាក់ដឹកនាំ​នយោ​បាយ​លើក​យក​មក​ពិភាក្សា​ផង​ដែរ។​

ខាង​​ក្រោ​ម​​នេះ ​​​គឺ​​ជា​កា​​រ​យ​ល់​ឃើ​​ញ​​រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋមួយចំនួន លើ​ការ​រៀប​អាពាហ៍​ពិពាហ៍​ស្រប​ច្បាប់​របស់​អ្នកស្រលាញ់​ភេទ​ដូច៖

លោក រឹទ្ធិ បូរីស វ័យ​១៨ឆ្នាំ​ និស្សិតដែលត្រៀមប្រឡងចូលរៀន​​នៅ​សាកល​វិទ្យាល័យ​នីតិ​សាស្រ្ត និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច  ប្រាប់Newsroom Cambodia ថា ការស្រលាញ់​ភេទ​ដូចគ្នា​មាន​ការកើន​ឡើងច្រើនជារៀងរាល់ឆ្នាំនៅកម្ពុជា ហើយ​ថា លោក​គាំទ្រ​​ឲ្យ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ​អាច​រៀប​ការ​បាន​ដោយ​ស្រប​ច្បាប់។

«ខ្ញុំគិតថាវាគួរ​តែមានច្បាប់ ហើយមិនគួរឲ្យមានការរើសអើង​គ្នាទេ ហើយក្តីស្រលាញ់រវាង ស្រី និង​ស្រី ប្រុស និង​ប្រុស ក៏ជាការស្រលាញ់មួយដែរ។នៅលោក​​ខាង​លិច និងអឺរ៉ុប​ឃើញ​មាន​ការអនុញ្ញាត និង​គាំទ្រ​ឲ្យ​មាន​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ហើយ​អាច​រៀបការ​នឹងគ្នា​បាន ចឹង​មិន​ខុស​ពី​កម្ពុជា ក៏គួរតែអនុញ្ញាត​ដើម្បី​ឲ្យ​មាន​ការឃើញ​ពី​សិទ្ធិ​ពួកគេ»។​

លោក រឹទ្ធិ បូរីស

ចំណែកលោក សូ វាសនា​ ហៅដេវិត វ័យ២៥ឆ្នាំ កំពុង​ធ្វើការងារនៅស្ថានប័នឯកជន​មួ​យ​​ប្រាប់ Newsroom Cambodia ថា កម្ពុជាគួរតែបង្កើតនិងគួរតែឲ្យមានច្បាប់​សម្រាប់​អ្នកស្រលាញ់​ភេទ​ដូចគ្នា។

«អ្វីដែលពួកគាត់ធ្វើមិនបានធ្វើឲ្យអាប់​ឱនអ្វីទាំងអស់។ វាគឺជា​ធម្មជាតិ​របស់ពួកគាត់ គាត់​ត្រូវ​តែ​ស្រលាញ់​អីចឹង។ ខ្ញុំគិតថាវាមិនបានផ្ទុយពីធម្មជាតិនោះទេដែលពួកគាត់ស្រលាញ់គ្នា ​ហើយ​​វាជាចំណង់ចំណូលចិត្តមួយដែលកើតពីធម្មជាតិ»។​

កញ្ញា​ កែ ​ស្រីអូន វ័យ២៦ឆ្នាំដែលកំពុងធ្វើការក្នុងស្ថានប័នឯកជន​​មួយ​ប្រាប់ថា៖ «យើង​​ត្រូវ​​តែ​មាន​សិទ្ធិ​ឲ្យ​ពួកគេ មិនថានរណានោះទេ។ និយាយរួមគឺត្រូវឲ្យសិទ្ធិ​គាត់​ទាំង​អស់​គ្នា មិនថា​ជាសិទ្ធិ​ក្នុងរូបភាព​បែបណា​នោះ​ទេ គ្រាន់តែថាត្រូវបែង​ចែក​ឲ្យ​ដាច់​រវាង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា និងផ្ទុយគ្នា។​ បើសិនជាយើងមានសិទ្ធិ អាហ្នឹង​យើង​ដូចជា​លើក​ទឹកចិត្ត និង​ឲ្យ​តម្លៃ​គាត់»។

លោក ខៀវ​ សម្បត្តិ​ ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា អាយុ៣៧ឆ្នាំ កំពុងដើរលេងជាមួយភរិយា​នៅលើសួនច្បារព្រះ​បរម​រាជវាំង​លើកឡើង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​​មាន​​ការ​បង្កើត​​ច្បាប់​អាពាហ៍ពិពាហ៍​​ដល់​អ្នក​​ស្រឡាញ់​ភេទ​ដូច​គ្នា ដូច​នៅ​ប្រទេស​គេ​ គេ​មាន​​ច្បាប់​ បើ​ខ្មែរ​មាន​ដឹង​តែ​ល្អ»។

ឆ្លើយតបទៅនឹងការបង្កើតច្បាប់នេះអាចជះឥទ្ធិពលដល់កំណើនប្រជាជននិងការបន្តពូជនោះលោក អឿន ស៊ាងហេង ដែល​ជា​និស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យ PPIU យល់​ថា៖ «វា​គួរ​តែ​ជះ​ឥទ្ធិពល​ទៅលើការបន្តពូជព្រោះប្រទេសរបស់យើងកំពុងតែត្រូវការធនធានមនុស្ស ក៏ដូច​ជា​ការបន្តពូជឲ្យបានកាន់តែច្រើន ព្រោះថាបើប្រជាជនបង្កបង្កើនកាន់តែច្រើន សេដ្ឋកិច្ច​អាច​នឹង​លឿន។ បើប្រជាជនច្រើនការងារក៏មានច្រើន កម្លាំងអ្នកជួយការងារក៏មានច្រើន កន្លែង​ការងារ​ក៏​មាន​ច្រើន ក៏ដូចជាមានអ្នកចេះដឹងច្រើន»។

លោក អឿន ស៊ាងហេង

ចំណែកលោក ខៀវ សម្បត្តិ លើកឡើង​ថា៖ «វា​មិន​អី​ទេ​ ដោយ​សារ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ភាគ​ច្រើន​គឺ​វា​តិច​ជាង​អ្នក​ស្រឡាញ់​ភេទ​ផ្ទុយគ្នា»។

យុវជន បូរីស លើកឡើង​ថា៖ «ជាការពិត​ការស្រលាញ់ភេទ​ដូចគ្នារវាង​ប្រុស និង​ប្រុស​វា​មិន​អាច​បន្ត​ពូជ​បានទេ។ ប៉ុន្តែ​ប្រសិនបើវិស័យសុខាភិបាល​យើងមានបច្ចេកទេសដើរលឿន នោះ​ផ្នែក​ការបន្តពូជ​ខ្ញុំគិតថានៅតែអាច។ យើងមើលឃើញថា​​គេ​អាច​ចាក់​អរម៉ូន​ចិញ្ចឹម​កូន​ក្នុង​កែវ​បាន​ដោយ​មិនចាំបាច់មានការរួមភេទនោះទេ។»

ពួកគេ​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​ថា ប្រសិន​បើ​​កម្ពុជា​មាន​​​​ច្បាប់​រៀប​​អាពាហ៍​ពិពាហ៍​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា នោះ​ការរើសអើងនឹង​មានការ​កាត់​បន្ថយ។​

លោក អឿន ស៊ាងហេង លើកឡើង​​​ថា៖ «ចំពោះការកាត់បន្ថយគឺបានកើតឡើងហើយព្រោះយើង​បាន​ប្រកាសទទួលស្គាល់ហើយថាគាត់មានសិទ្ធិពេញលេញ​»​។​

ចំណែក​លោក បូរីស យល់​ថា៖ « ប្រសិនបើយើង​មាន​ច្បាប់​អាពាហ៍​ពិពាហ៍​សម្រាប់ពួកគាត់ នោះ​ខ្ញុំ​គិតថា វា​នឹង​លែង​មាន​ពាក្យ​អ្នកនេះស្រលាញ់ភេទដូចគ្នា​ទៀត​ហើយ។ ហើយ​ខ្ញុំ​គិតថា ការរើសអើង​​ក៏បាត់ ព្រោះបើពួកគេមានសមមាត្រ​ក្នុងការ​ទទួលបានសិទ្ធិស្មើគ្នា»៕