Newsroom Cambodia

Vox Pop: ពលរដ្ឋនិយាយថាពួកគេកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីជួយទប់ស្កាត់ការបំពុល

កែវកាហ្វេផ្លាស្ទិចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០។ រូបភាព៖ Nhean Vipheavy

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនកម្ពុជា​ចាប់​ផ្ដើម​ងាកមកចាប់​អារម្មណ៍​ពីបញ្ហា​បរិស្ថានដែលបង្កដោយ​សារសំរាម​ប្លា​ស្ទិក ជាពិសេសប្លាស្ទិកដែលប្រើ​ប្រាស់​បាន​តែ​ម្ដង​ដូចជាប្រអប់​ស្នោ ទុយោជ័រ​ជា​ដើម​។ បើតាម​​តួរលេខ​របស់​ក្រសួង​បរិស្ថាន ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ

កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ២០២០​ Newsroom Cambodia បានសម្ភាសន៍យុវជនមួយចំនួនក្នុងរាជធានី​ភ្នំពេញពី​ការយល់​ឃើញ​របស់​ពួក​គេ​ជុំ​វិញ​ការ​ប្រើ​ប្រាស់​ផលិតផល​ធ្វើ​ពី​ប្លា​ស្ទិក​។

យុវជន​ដែលត្រូវបានសម្ភាសន៍​ដោយ Newsroom Cambodia បាននិយាយកាលពីពេលថ្មីនេះថា ពួកគេកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីជួយទប់ស្កាត់ការបំពុល ពីព្រោះប្លាស្ទិច​ជា​មូល​ហេតុ​ធំ​មួយ​​បង្ក​ឲ្យ​មាន​ការប៉ះពាល់ដល់​បរិស្ថាន។​​ ក្នុង​នោះ យុវជនមួយចំនួនបានផ្លាស់ប្ដូរមក​ប្រើប្រាស់ផលិតផល​ដែលមិន​ប៉ះ​ពាល់​បរិស្ថាន ​(Eco-friendly)។

លោក​ហៃ រដ្ឋរិទ្ធិយា

លោក​ហៃ រដ្ឋរិទ្ធិយា វ័យ២០ឆ្នាំ ជានិស្សិតឆ្នាំទី​៤​ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​យល់ឃើញថា ផលិតផលធ្វើពីប្លា​ស្ទិក​មាន​ផលិត​ផល​ខ្លះដែល​ចាំ​បាច់​ហើយ​ផលិតផលខ្លះទៀតដូចជាទុយោជ័រ ឬកែវជ័រ គឺពុំ​ចាំបាច់នោះទេ។

លោក​បានថ្លែង​ថា ​ការ​ប្រើ​ប្លា​​ស្ទិក​​​​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​​បរិស្ថាន​​គួរ​​សម​​ ដោយ​សារ​​​ផ្ទះ​​របស់​​​លោក​​​នៅ​ជិត​​ទន្លេ​ ដូច្នេះ​​លោក​​តែង​​ឃើញ​​សំរាម​​អណ្ដែត​តាមទឹកជាញឹកញាប់។

លោក​បន្តថា៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ដោយ​សារ​យើង​ជា​​មនុស្ស​​ធម្មតា​ ​មិនមែន​ជា​បុគ្គលល្បីអីទេ ចឹងយើងអត់​អាច​ផ្សព្វ​ផ្សាយ​អីកើត​ទេ ប៉ុន្តែយើង​អាចកាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក ប្រើកំប៉ុងទឹក​ដែក​ដែលប្រើ​ប្រាស់ឡើងវិញបាន សម្រាប់ទុយោ​យើង​ឧស្សាហ៍ប្រើអាដដែលៗគ្រាន់តែលាងទឹកចេញឲ្យស្អាត។»

លោក ណាំង ខេ​វីន

​លោក ណាំង ខេ​វីន វ័យ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំទី៤នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញនិយាយ​ថា​ផលិតផល​ប្លា​ស្ទិក​ប៉ះពាល់បរិស្ថានខ្លាំងព្រោះប្លាស្ទិកត្រូវការរយៈពេលយូរដើម្បីវារលាយ។

លោកថ្លែងថា៖​ «ក្នុង​នាម​ខ្ញុំ​ជា​និស្សិត​មួយ​រូប ខ្ញុំ​អាច​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើ​​ប្រាស់​ប្លាស្ទិក ​ខ្ញុំអាចប្រើខ្លួនឯង​ដើម្បីជាឧទាហរណ៍ឲ្យគេ ហើយ​ណែនាំ​មិត្តភក្ដិក៏ដូចជាអ្នកនៅជុំវិញខ្លួនឲ្យកាត់បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក។ ទោះបីជា​ខ្ញុំ​ប្រាប់ទៅអត់បាន​ទាំងអស់តែ​យ៉ាង​ហោច​ណាស់​ក៏​បាន​ខ្លះដែរ។»

និស្សិត​រូប​នេះ​បន្ថែមថាបើគិតមកដល់ឥលូវ​ ខ្លួន​​កាត់​បន្ថយ​ការ​ប្រើ​​ប្លាស្ទិក​បាន​ច្រើន​។ ​បច្ចុប្បន្ន​នេះ​លោក​កាត់បន្ថយអត់ប្រើកែវជ័រ​នោះ​ទេ ភាគច្រើនលោក​ប្រើកំប៉ុងទឹកដែលប្រើបានរហូតដូចជាប្រើជាដបកែវជា​ដើម​​។

ព្រះតេជគុណ ឆែម វីដ

ព្រះតេជគុណ ឆែម វីដ និស្សិតឆ្នាំទី២​ ផ្នែកអក្សរសាស្ត្រខ្មែរនៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងអំពីគុណវិបត្តិនៃការប្រើប្រាស់ប្លាស្ទិកនៅលើបរិស្ថាន។ ដោយឡែកព្រះអង្គក៏បានលើកឡើងអំពីគុណសម្បត្តិនៃការប្រើប្រាស់ប្លាស្ទិកដើម្បីរក្សាសុខមាលភាព អ្នកប្រើប្រាស់។

ព្រះសង្ឃមានសង្ឃដីកាថា៖​ «បើយើងប្រើម្ដងហើយម្ដងទៀត វាអាចបង្កទៅជាមេរោគ ឬក៏ផលវិបាកដល់ប្រជាជន ឬក៏អ្នកគេប្រើក្រោយអត់មានបញ្ហាដូចជាឆ្លងជំងឺផ្សេងៗដូចជាបញ្ហាពេលបច្ចុប្បន្ននេះគឺជំងឺកូវីដអញ្ចឹង»។

សម្រាប់ការចោលសំរាមមិនត្រឹមត្រូវ ព្រះអង្គបានលើកឡើងថា វាអាចបង្កជាបញ្ហាជាច្រើនដូចជាធ្វើឲ្យដីនោះខូចជីជាតិ បំពុលបរិស្ថាន នឹងធ្វើឱ្យកខ្វក់នៅក្នុងមជ្ឈដ្ឋាននោះដែលនាំផលប៉ះពាល់ដល់ជីវិតដែលរស់នៅលើគោកផង និងក្នុងទឹកផង។

ព្រះអង្គបានបន្តថា សព្វថ្ងៃព្រះអង្គក៏បានប្រើដបទឹកជំនួសឱ្យការទិញទឹកសុទ្ធផងដែរព្រោះថាក្រៅពីជួយដល់បរិស្ថានវាក៏អាចជួយកាត់បន្ថយការចំណាយរបស់យើងផងដែរ។

កញ្ញា ម៉ៅ​ ស្រីពេជ្

ដូចគ្នានឹងយុវជនដទៃដែរ កញ្ញា ម៉ៅ​ ស្រីពេជ្រ និស្សិតឆ្នាំទី ២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងពីបញ្ហានៃការប្រើប្រាស់ប្លាស្ទិកមកលើបរិស្ថាន។ កញ្ញាបានលើកឡើងថា ជារៀងរាល់ថ្ងៃ ពេលដែលទៅផ្សារកញ្ញាតែងតែប្រើប្រាស់ថង់ក្រណាត់ជំនួសឱ្យថង់ប្លាស្ទិក និង ដបដែលអាចច្រកទឹកបានជំនួសឲ្យការទិញទឹកសុទ្ធ។

កញ្ញាបានបន្តថា៖​ «វាគឺផ្ដើមចេញពីខ្លួនយើងផងដែរ នៅពេលដែលយើងប្រើចឹងទៅអ្នកផ្សេងទៀតពេលឃើញគឺអាចប្រើតាមយើង ដូចសព្វថ្ងៃឃើញមានហាងកាហ្វេជាច្រើនបានប្រើប្រាស់បំពង់បឺតផលិតពីបំពង់ឫស្សីក៏ដូចជាក្រដាសជំនួសឱ្យការប្រើប្រាស់​ប្លាស្ទិក។»

លោក ប៊ូ ញ៉ឹប

លោក ប៊ូ ញ៉ឹប អាយុ២៨ឆ្នាំ សព្វថ្ងៃជានិស្សិតផ្នែកច្បាប់នៅសាកលវិទ្យាល័យវេស្ទើន បានប្រាប់អំពីការយល់ឃើញរបស់លោកចំពោះការប្រើប្រាស់ប្លាស្ទិកជាពិសេសប្លាស្ទិកដែលប្រើបានតែម្ដងថា៖ «យើងត្រូវយកវាទៅទុកក្នុងធុងសម្រាមជាដើម ឬយកទៅដុតចោល ព្រោះរបស់ប្លាស្ទិកហ្នឹង នៅពេលដែលយើងបោះចោលវាពាស់កាលអាចប៉ះពាល់ដល់បរិស្ថានហើយនៅពេលភ្លៀងមកវាអត់រលួយទៅតាមទឹកភ្លៀងនិងទេ ដូចជាកែវទឹកជ័រ ប្លាស្ទិក ឬថង់អីជាដើម ពេលដែលមានភ្លៀងធ្វើឱ្យមានទឹកដក់បង្កើតបាន​ជាដង្កូវទឹក និងមានមេរោគធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋទូទៅ។»

ក្នុងពេលបច្ចុប្បន្ននេះលោកតែងតែប្រើរបស់បែប Eco-Friendly ដូចជាកន្រ្ដក បំពង់ដបជាដើម​ ព្រោះបើយើងចង់កាត់បន្ថយ ត្រូវចាប់ផ្ដើមពីបុគ្គលផ្ទាល់ខ្លួនតែម្ដងគឺយើងទាំងអស់គ្នា។​ លោកលើកឧទាហរណ៍មួយមកបញ្ជាក់ថា៖ «នៅពេលដែលយើងទិញបាយហូប​ ឬដាក់បាយហូបពីផ្ទះទៅយើងត្រូវមានប្រអប់បាយសម្រាប់ខ្លួនឯង នេះទី១។ ទី២ នៅពេលដែលទៅផ្សារ យើងត្រូវមានកន្ដ្រកយូរដៃសម្រាប់ប្រើជាជាងប្រើថង់ប្លាស្ទិក។​ ទី៣ ប្រសិនបើជាអាចពេលទៅណាមកណា យើងគួរមានដបទឹកក្ដៅមួយដាក់តាមខ្លួនហើយហូបទឹកក្ដៅនេះទៀតសោតធ្វើឱ្យយើងមានសុខភាពល្អ។»

ព្រះតេជគុណ ម៉ា វិឆាយ

ព្រះតេជគុណ ម៉ា វិឆាយ និស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្ដរជាតិ​នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជាមានទស្សនៈថា ការប្រើប្រាស់ថង់ផ្លាស្ទិកធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ខូចសោភ័ណ្ឌភាព និងសុខភាពរបស់មនុស្ស។

«ចំពោះការផ្លាស់ប្ដូរទម្លាប់ការប្រើប្រាស់ប្លាស្ទិកមកជាប្រើដបទឹក កន្ដ្រក ក្រណាត់យូរដៃជាដើមដែលយើងអាចប្រើបានរាល់ពេលជារឿងល្អ ប៉ុន្ដែពលរដ្ឋយើងពេញនិយមប្រើប្លាស្ទិចតាំងពីដើមមក ហេតុដូច្នេះមានការលំបាកក្នុងការផ្លាស់ប្ដូរទម្លាប់»។

ព្រះអង្គបានបន្ដទៀតថា​ ព្រះ​អង្គ​ចង់ឃើញពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅគ្រប់តំបន់ដើម្បីបរិស្ថានស្អាតដោយឱ្យពួកគាត់យល់ពីតម្លៃនៃបរិស្ថាន មួយវិញទៀតព្រះអង្គជំរុញនិងលើកទឹកចិត្តដល់ពួកគាត់ក្នុងការប្រើ​ដប​បំពង់ទឹក កន្រ្ដក ឬរបស់ណាដែលប្រើប្រាស់​បានយូរដោយជៀសវាងប្រើប្លាស្ទិក៕

Exit mobile version