(ភ្នំពេញ)៖​     ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​តាម​បណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ រាជធា​នីភ្នំពេញ លើកឡើង​ថា ពួកគេ​ចង់​ឲ្យ​អាជ្ញាធរ​រៀប​ចំ​ដាក់​ធុង​សំរាម​តា​ផ្លូវ​នោះ ដើម្បី​កាត់​បន្ថយ​​អ្នក​ដំណើរ​បោះសំ​រាម​ចោល​​ដោយ​គ្មាន​​របៀប​រៀបរយ​​។

លោក សាំង ហុន ហៅតាម៉ាប់ ជាអ្នកលក់មីឆានៅលើ​ផ្លូវ៦០ម៉ែត្របានប្រាប់ Newsroom Cambodia ថា សំរាមគឺមាននៅទីនេះតាំងពីយូរយាណាស់ហើយ ដោយ​លោក​ថា មូលហេតុ​ដែល​នាំ​ឲ្យ​សំរាម​កើត​មាន​ គឺ​ដោយសារ​​​អ្នក​ដំណើរ​មក​ពី​​កន្លែង​ផ្សេងៗ​​​គ្នា​ដែល​បាន​ឆ្លង​កាត់​ទីនោះ​​បោះចោល។

លោកថា៖     «ភាគច្រើនអ្នកដំណើរអ្នកដែលធ្វើដំណើរតាមផ្លូវមកពីផ្សាដើមគរដើមអី​ចឹង  ឬ​ក៏​អ្នក​​មាន​​របស់​ហូប​អីចឹង គាត់​យក​មក​គាត់​ហូ​បគាត់បោះចោល និងផ្លូវហ្នឹងទៅ»។

លោកបន្ថែម​ថា អាជ្ញាធរ​តែងតែ​ចុះពិនិត្យ​ដែរ​ប៉ុន្តែមិន​ដែល​មក​ទាន់​អ្នក​ធ្វើ​ដំណើរ​ដែល​បោះ​សំរាម​​ចោល​នោះ​ទេ។ លោក​បាន​សំណូមពរ​ទៅ​កាន់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​​សូម​​ទុក​ដាក់​សំរា​មឲ្យបានត្រឹមត្រូវ ។

លោកថា៖ «បើបងប្អូនគាត់ហូបអីក៏ដោយតាមផ្លូវ បើគាត់ដាក់ជាម្តុំឬមួយក៏នេះ កុំ​ឲ្យ​គាត់​ចេះ​តែ​បោះតែពីតែ​​ពាស​ចឹង​។​ ដាក់​ជាម្តុំទៅក៏ចេះតែ​មានគេជួយប្រមែប្រមូល​ហើយ ដល់​ពេល​គាត់​ចេះ​តែ​បោះតែ​ពីតែ​ពាស ហេងស៊យបោះលើអ្នកដើរហ្នឹងទៀត អ្នកអង្គុយហ្នឹងទៀត»។

លោកបន្តថា បើសិនជាអាជ្ញាធរមានលទ្ធភាពដាក់ធុងសំរាមម្តុំហ្នឹងក៏ជាការល្អម្យ៉ាងដែរ។

លោក ស៊ាន ស្រ៊ាង ជាអ្នកបើកឡានដឹកអីវ៉ាន់នៅម្តុំផ្លូវ៦០ម៉ែត្រ បានប្រាប់ Newsroom Cambodia ថា តាមអ្វីដែល​លោកបានឃើញ ភាគច្រើន​អ្នក​ដែល​ចោល​សំរាម​គឺ​អ្នក​ធ្វើ​ដំណើរ មិនមែន​ជា​អ្នក​នៅ​ជិតៗ​ហ្នឹង ឬ​ក៏​ម្តុំហ្នឹ​ង​ជា​អ្នក​បោះ​នោះទេ​។ លោកបន្ថែមថា អ្នក​នៅ​ជិតៗ​ទីនេះ​មិន​ហ៊ាន​បោះ​ចោល​​ផ្តេសផ្តាស​នោះទេ ព្រោះខ្លាចគេចាប់។

លោកថា៖ «អាហ្នឹង​អ្នកធ្វើដំណើរវាបោះមក បើសិនឡានថ្មដូចពួកខ្ញុំប្រយ័ត្នណាស់ខ្លាចគេចាប់ អាហ្នឹង​អ្នកដំណើរវាផឹកស៊ីៗបោះមកក៏ប៉ើង​ចូលម្តុំហ្នឹងហ្មង»។

លោកបន្តថា សូមឲ្យអ្នកដំណើរ​ទាំងអស់​កុំ​បោះសំ​រាម​ផ្តេសផ្តាស​បែប​នេះ​អី ព្រោះ​វា​ប៉ះពាល់​ដល់​អ្នក​បើកឡាន​ដឹកថ្ម​ ដូច​ពួក​លោក​ព្រោះនៅ​ពេ​ល​ដែល​អាជ្ញាធរ​គេ​ចុះ​មក​ឃើញ​ឡាន​ពួក​ខ្ញុំ​នៅ​ហ្នឹង​គេ​ចាប់​ពួក​ខ្ញុំ។

លោកនិយាយថា«សំណូមពរទៅដល់អ្នកបោះតាមផ្លូវកុំឲ្យបោះតែពីតែពាស​អី បោះ​ទៅ​វា​ប៉ះ​ពាល់​ដល់​ឡាន​ថ្ម​រប​ស់ខ្ញុំ គេថាឡានថ្ម​ខ្ញុំ​វាពុករលួយ សំណូមពរតែប៉ុណ្ណឹងទេ ដល់​ពេល​គេ​ធ្វើ​ទៅ​ឡាន​ថ្ម​ខ្ញុំ​ឈប់​ហ្នឹង​គេម​កចាប់ឡានថ្មខ្ញុំ ថា​ឡានថ្មខ្ញុំមាន​ស៊ីផឹក មានសំរាមមាន​អី»។

លោកបន្តថា សូម​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ជាង​នេះ​ដើម្បី​ឲ្យអ្នក​ដំណើរ​មាន​វិន័យ​ក្នុងការ​បោះ និង​ទុក​ដាក់​សំរាម​ឲ្យ​បាន​គ្រាន់​ជាងនេះ។ លោកបន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​គួរ​តែ​ដាក់​ធុង​សំរាម ១រយម៉ែ​ត្រ​មាន​មួយ​អី​ជាដើម ដើម្បី​កុំ​ឲ្យ​ពួកគាត់​បោះគ្មាន​របៀប​បែប​នេះ​ទៀត។

លោកបន្ថែមថា​ កន្លង​មក​អាជ្ញាធរ​តែងតែ​មក​ដេញ និង​ចាប់​អ្នក​ចតឡាន និង​អ្នក​លក់ម្តុំ​ហ្នឹង​ ប៉ុន្តែ​លោក​មិន​​ដែល​ឃើញ​មាន​ចាប់​អ្នក​ដំណើរ ឬ​ក៏​អ្នក​បោះសំរាម​នោះទេ។​

ចំណែក​លោក សុន សុម៉េត ដែលជាអ្នករត់កង់បីនៅម្តុំផ្លូវ៦០ក៏បានប្រាប់ Newsroom Cambodia ដែរ​ថា សំរាម​គឺ​ត្រូវ​បាន​បោះចោល​ដោយ​អ្នក​ដំណើរ ព្រោះយើ​ង​អាចឃើញជាក់ស្តែងថា អគារ​ធំៗ​នៅ​ទីនេះ​គឺ​មិនទាន់​ធ្វើ​រួច​នៅឡើយ ដូច្នេះ​មិនទាន់​​មា​ន​មនុស្ស​មក​រស់នៅ​ច្រើន​នោះដែរ។  

លោកថា៖ «កាលពីមុនទីនេះមិនទាន់ក្លាយជាតំបន់អភិវឌ្ឍន៍គឺអត់មានសំរាមទេ ប៉ុន្តែ​បន្ទាប់​ពី​វា​ក្លាយ​ជា​កន្លែង​អភិវឌ្ឍន៍ កន្លែង​នេះ​ក៏​បាន​ក្លាយ​ជា​កន្លែង​ដែល​សម្បូរ និង​ផ្ទុក​ទៅ​ដោយ​សំរាម។

លោកបន្ថែមថា ប្រសិនបើ​អាជ្ញាធរ​ដាក់​ធុងសំរាម​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើ នោះ​​នឹង​កាត់​បន្ថយ​ការ​បោះ​ចោល​ផ្តេស​ផ្តាស។​​

លោកបញ្ជាក់​ថា៖ «ខ្ញុំស្នើរដល់ថ្នាក់ដឹកនាំ ឬ​ក៏​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​អាច​ដាក់​ជា​ធុង​សំរាម​តាម​ចិញ្ចើម​​ថ្នល់ ឬ​ក៏យើង​អាច​ដាក់​ជា​ប៉ាយ​អី​មួយ​ដើម្បី​ផ្តល់​សញ្ញា​ឲ្យ​យើង​ដឹងថា ត្រូវ​តែ​ដាក់​សំរាម​ក្នុង​ធុង​សំរាម​​»។

លោកហួ ឆៃងន់ គណៈកម្មការគម្រោងបរិស្ថានស្អាតក្រៀលកម្ពុជា បានប្រាប់ Newsroom Cambodia ថា បញ្ហាសំរាមជាបញ្ហាទូទៅដែលកើតមានឡើងយូរហើយដែល​ចាំ​បាច់​ត្រូ​វ​មាន​ការ​ចូលរួម​ដោះស្រាយទាំងអស់គ្នា។

លោកបញ្ជាក់​ថា៖ «វាពិបាកក្នុងការទទួលយកដែរ បើទោះបីជា​គេ​មិន​ដាក់​ធុង​សំរាម​ឱ្យ​ ក៏​យើង​ត្រូវ​ទទួល​ខុសត្រូវ​ដែរ ព្រោះវា​ជា​សំរាម​របស់យើង»។

Newsroom Cambodia បានសុំទាក់ទងទៅកាន់ោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ប៉ុន្តែ​លោក​ប្រាប់​ថារ​វល់​ និង​ជាប់ប្រជុំ​ ហើយ លោក ពេជ្យ កែវមុនី អភិបាលខណ្ឌមានជ័យ​មិន​លើក​ទូរស័ព្ទ។

លោក នេត្រ ភ​ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថានបានប្រាប់​ Newsroom Cambodia ថា៖ «ការគ្រប់គ្រង​សម្អាតហ្នឹងគឹយើងបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិហើយ អី​ចឹង​ចំពោះវិធានការ​ផាកពិន័យ ឬ​មួយ​វិធានការ​អី​មួយ ឬ​ក៏​វិធានការ​អី គឺជា​តួនាទី​ភារកិច្ច​របស់​ថ្នាក់​ក្រោម​ជាតិ»៕​