នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌាប្រចាំកម្ពុជា បានស្នើសុំនាយករដ្ឋមន្ត្រីឥណ្ឌា លោកNarendra Damodardas Modi ឱ្យជួយផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់កម្ពុជាដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងដែលជាជំនួយពីចិនអាចនឹងមិនគ្រប់គ្រាន់នោះទេ។

លោកហ៊ុន សែន បានធ្វើសំណើនេះក្នុងជំនួបពិភាក្សារជាមួយនឹងលោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា។ នេះយោងតាមហ្វេសប៊ុកលោកហ៊ុន សែន។

«នៅក្នុងជំនួបពិភាក្សាកាលពីព្រឹកមិញនេះផងដែរ តាមរយៈលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឥណ្ឌាឧបត្ថម្ភវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជាយើង ដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងដែលជាជំនួយពីមិត្តចិនអាចនឹងមិនគ្រប់គ្រាន់»។

សំណើនេះបានកើតមានបន្ទាប់ពីលោកហ៊ុន សែន បានប្រកាសថាប្រទេសចិនបានបរិច្ចាគវ៉ាក់សាំង ១លានដូសសម្រាប់ចាក់មនុស្ស ៥០ម៉ឺននាក់ដល់កម្ពុជាហើយលោកបានព្រមទទួលយកដោយសារភាពចាំបាច់ទៅនឹងតម្រូវការការពារជាតិ និងការពារប្រជាជន  កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏សាហាវនេះ ហើយប្រទេសដទៃទៀតក៏បានប្រើប្រាស់វ៉ាក់សាំងនេះ​ រួចហើយដែរ។

លោកហ៊ុន សែនក៏បានអះអាងថាលោកនឹងចាក់វ៉ាក់សាំងពីប្រទេសចិនមុនគេផងដែរ។ «សូមព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិស្ងប់អារម្មណ៍ ហើយខ្ញុំព្រះករុ​ណាទទួលវ៉ាក់សាំងមុនគេ ដែលជាទម្លាប់នៃការឈរជួរជើងខ្សែមុខទៅហើយ។»

លើសពីនេះលោកបន្តថា អ្នកដែលមានអាទិភាពចាក់វ៉ាក់សាំងមុនគេ  ប្រហែលជាបណ្តាអ្នកដែលនៅជុំវិញលោក ​អ្នកនៅជុំវិញព្រះមហាក្សត្រ អ្នកនៅជុំវិញប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ឬក្រុមគ្រូពេទ្យ ឬប្រជាជនដែលស្ម័គ្រចិត្ត ក៏ត្រូវបានទទួលនូវវ៉ាក់សាំងនោះផងដែរ។

លោកហ៊ុន សែនក៏ធ្លាប់បាននិយាយថា ប្រទេសកម្ពុជា​មិនទាត់ចោលនូវការទទួលយកនូវជំនួយផ្សេងៗពីប្រទេសដទៃ ដែលមានបំណងចង់ផ្តល់វ៉ាក់សាំងផងដែរ ក្រោមលក្ខខណ្ឌដែលអាចប្រើប្រាស់មានប្រសិទ្ធភាព ការដឹកជញ្ជូន ក៏ដូចជាការស្តុកទុក ហើយដែលស្ថិតនៅក្នុងសមត្ថភាពគ្រប់គ្រង៕