អ្នករាយការណ៍​ពិសេសរបស់​អង្គការ​សហប្រជាជាតិ​​​​ស្តីពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត នឹង​ត្រូវ​ចប់​អាណត្តិ​​របស់​ខ្លួន​នៅ​កម្ពុជា នា​ខែ​ឧសភា ឆ្នាំ​២០២១​​ខាងមុខ។ នេះ​បើ​តាម​សារ​ដែល​លោក​ស្រី​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ស្រី។

បើតាមទំព័រហ្វេសប៊ុកផ្ទាល់របស់លោកស្រី រ៉ូណា ស្មីត ផ្សាយនៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២១​បង្ហាញថា នៅ​ពេល​ដែល​លោកស្រី រ៉ូណា ស្មីត ​​​បញ្ចប់​អាណត្តិ​ជា​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​​សហប្រជាជាតិ​​ស្តីអំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០២១នេះ នោះ​នឹង​មាន​បេក្ខជន​៣​រូប​ដែល​នឹង​ត្រូវ​ជ្រើស​រើស​ជំនួស។

ទំព័រហ្វេសបុកដដែលបន្ថែមថា សមាសភាពបេជ្ខជន​៣រូបដែលនឹ​ងត្រូ​វ​ជ្រើសរើស​មួយដើ​ម្បី​មក​​ជំនួសដំណែងអ្នកស្រី​រួមមាន លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) (ថៃ)​ លោក​ស្រី អ៊ួរមីឡា ប៊ុលឡា (Urmila BHOOLA) (អាហ្វ្រិកខាងត្បូង) លោកស្រី ខាធឺរីន មួររីស (Catherine MORRIS) (កាណាដា)។

ទំព័រ​ហ្វេសប៊ុក​ដដែល​​បញ្ជាក់ថា៖ «បច្ចុប្បន្នអនុសាសន៍​នេះបាន​ដល់​ដៃ​ប្រធាន​ក្រុម​ប្រឹក្សាសិ​ទ្ធិ​មនុស្ស​ហើយៗ​កំពុង​ពិគ្រោះយោ​បល់​ជាមួយ​​ក្រុម​រដ្ឋ​ក្នុងតំបន់ ដើម្បីស្វែងរកមតិគាំទ្រជាឯកច្ឆន្ទៈ។ នៅចុងខែមីនាខាងមុខនេះ ក្រុម​ប្រឹក្សានឹ​ងសម្រេចប្រកាសឈ្មោះ​​អ្នកដែលត្រូវបានតែងតាំង។ បុគ្គល​នោះនឹង​ត្រូវ​ចូលកាន់​មុខ​តំណែងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១»។

គួរ​បញ្ជាក់ថា លោក វិទិត ម៉ុនតារបន ជាសាស្រ្តាចារ្យ​ច្បាប់​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ចូឡាឡុងកន និងជាអតីតនិស្សិតច្បាប់ពីសាកលវិទ្យាល័យ Oxford University ហើយ​លោ​ក​ក៏​ជា​អតីតអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិដំបូងដែលធ្វើការលើបញ្ហាហិង្សា និង ការរើសអើងនិន្នាការភេទ និងការកំណត់យេនឌ័រនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។

លោកស្រី អ៊ួរមីឡា ប៊ុលឡា ជាមេធាវី​អាហ្រ្វិកខាងត្បូង​ដែល​ធ្វើការ​បង្កើន​ឲ្យ​មាន​សិទ្ធិ​មនុស្ស និង​បញ្ឈប់​ការរៀបការ​ទាំង​វ័យក្មេង ​​និងការលុបបំបាត់ទម្រង់ទាសភាព ហើយ​ក៏​ជា​អតីត​អយ្យការ​ប្រចាំ​តុលាការអាហ្វ្រិកខាងត្បូង​ និង​ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​អាហ្វ្រិកខាងត្បូង។

លោកស្រី ខាធឺរីន មួររីស ជានិស្សិតអនុបណ្ឌិតផ្នែកច្បាប់ពីសាកលវិទ្យាល័យ British Columbia Canada​​ ក្រោមប្រធាន​បទ​សារណា ជម្លោះសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ លោកស្រី​ក៏ជាសាស្រ្តចារ្យបង្រៀនសិទ្ធិមនុស្សអន្តរជាតិនៅសាកលវិទ្យាល័យ Victoria Faculty of Law ពីឆ្នាំ ២០០៤​ដល់២០០៥៕