មនុស្សភាគច្រើនតែងតែគិតថា ការស្តាប់ធម៌លុះត្រាតែដល់វ័យចាស់បានល្អ ប៉ុន្តែសម័យកាលនេះការស្តាប់ធម៌ពីក្មេងគឺជួយបានច្រើន ពិសេសទទួលបានការគ្រប់គ្រង់ផ្លូវចិត្តក្នុងការរស់នៅល្អ និងប្រកបរបររកស៊ីមានការរីកចម្រើន។

ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោក លាស់ លីបលីប និងអ្នកស្រី ស៊ីន ធារី ដែលជាអ្នកលក់កាហ្វេ និងនំប៉័ងមួយកន្លែងនៅជិតវត្តស្វាយជុំ្រ ខេត្តកណ្តាល ដែលជាស្ត្រីម្នាក់ដែលបានស្តាប់ និងស្វែងយល់ធម៌តាំងពីក្មេង។

Q: សួស្តីបង ក្នុងនាមបងជាស្ត្រី ហើយនៅក្មេងទៀត មូលហេតុអ្វីបានជាបងបានចាប់អារម្មណ៍ស្តាប់ធម៌តាំងពីក្មេងបែបនេះ?

A: សម្រាប់បង ធម៌ស្តាប់ដំបូង ដូចជាបុរាណណាស់ ប៉ុន្តែស្តាប់បាន១ខែ ទៅ២ខែ បងមានអារម្មណ៍ថាធម៌និយាយពីជីវិតប្រចាំថ្ងៃ ឧទាហរណ៍ថា ថ្ងៃនឹងលក់អត់ដាច់សោះ ប្រសិនបើអត់បានស្តាប់ធម៌ឬអត់យល់ពីធម៌ប្រហែលជាគិតថាគេធ្វើអំពើរឬជាអ្វីផ្សេងទៅវិញ ប៉ុន្តែនៅពេលបានយល់សច្ចធម៌ យើងយល់ផ្សេងវិញថា ប្រហែលថ្ងៃនឹងភ្ញៀវខ្លះអត់លុយ ភ្លៀវខ្លះក៏មក ឬក៏មកពីអាកាសធាតុមិនអំណោយផលអីចឹងទៅ ហើយនិយាយទៅគឺគិតឃើញតែផ្លូវវិជ្ជមាន វាអត់ធ្វើឱ្យយើងកើតទុក្ខតែម្តង។

Q: តើបងដែលធ្លាប់មានញ្ហាផ្លូវចិត្តដែរឬទេ?

A: ចំពោះបងគឺធ្លាប់មានបន្តិចបន្ទួចដែរ ដូចជាការសិក្សា ដោយបងចង់ចូលធ្វើជាគ្រូបង្រៀននៅសាលារដ្ឋ ប៉ុន្តែវាអត់បានសម្រេចដូចបំណង បងបានត្រឹមតែជាគ្រូបង្រៀនឯកជន ពេលនឹងបងមានអារម្មណ៍ថាតូចចិត្តដែរ ប៉ុន្តែបងយកផ្លូវធម៌មកដាក់ក្នុងចិត្តវិញ បងគិតថាការងារអ្វីវាមិនសំខាន់នោះទេ អ្វីដែលសំខាន់លើយើងខ្លួនឯង លើសមត្ថភាពរបស់យើង ប្រសិនបើយើងធ្វើអ្វីមួយឱ្យច្បាស់​លាស់​ទៅបងគិតថាវាអាចជំនួសនូវការងារដែលយើងចង់ខ្លាំងនោះបានហើយ។

Q: តើយុវជនគួរសា្តប់ធម៌ និងស្វែងយល់ធម៌តាំងពីក្មេងដែរឬទេ ព្រោះទស្សនៈមួយចំនួនទាល់តែចាស់បានស្តាប់ធម៌ល្អ។ តើបងយល់យ៉ាងដូចម្តេចដែរ ចំពោះការលើកឡើងបែបនេះ?

A: ចំពោះបង សូមលើកទឹកចិត្តយុវជន ឱ្យគាត់ស្តាប់ធម៌ពីក្មេង ព្រោះបច្ចុប្បន្នអ្នកដែលចងករសម្លាប់ខ្លួន អ្នកលោតទឹក អ្នកមានវិបត្តិផ្លូវចិត្ត គឺសុទ្ធតែជាយុវវ័យទាំងអស់ ចឹងធម៌ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយដោះស្រាយបញ្ហាទាំងអស់នេះ តាមរយះផ្លូវចិត្តរបស់ពួកគាត់ ហើយម្យ៉ាងទៀតបើសិនជាចាំដល់អាយុច្រើនបន្តិច ភ្នែកមើលលែងសូវច្បាស់ ត្រចៀកស្តាប់ក៏លែងសូវលឺ ចឹងធ្វើឱ្យការរៀននឹងក៏ចាប់យកធម៌ដាក់ក្នុងខ្លួនអត់សូវបាន។

Q: ទាក់ទងទៅការរកស៊ី គ្រួសារ ការអប់រំកូនជាដើម តើធម៌អាចជួយបងបានដូចម្តេចខ្លះ?

A: ចំពោះការរកស៊ី ដោយសារតែបងជួបភ្ញៀវច្រើន ហើយអត្តចរិកក៏ផ្សេងៗគ្នាទៅតាមនឹង ភ្លៀវខ្លះកម្មងបែបនេះ ភ្លៀវខ្លះកម្មងបែបនោះ ពិតជាទើសចិត្តបើសិនជាបងអត់យល់ធម៌ទេ ប្រហែលជាបងមួរម៉ៅ តែនៅពេលដែលបងយល់ធម៌ វាធ្វើឱ្យចិត្តបងស្ងប់ ចិត្តត្រជាក់ ដោយយើងអត់តវ៉ាជាមួយភ្លៀវទេ។ ចំពោះរឿងគ្រួសារវិញ គឺធម៌អាចជួយឱ្យយើង ចេះបត់បែនចេះសម្របខ្លួនជាមួយគ្រួសារ ធ្វើឱ្យគ្រួសារមានក្តីសុខសុភមង្គលមែនទែន ហើយចំពោះកូនវិញ នៅពេលកូនយំ យើងមានវិធីសាស្រ្តអង្អែលខ្នងគាត់ លួងលោមគាត់ និយាយពាក្យផ្អែមល្ហែមដាក់គាត់ អត់វាយដំ អត់ស្រែក អត់ជេរ ព្រោះពាក្យទាំងអស់នឹងក្នុងចិត្ត គឺប្រើអត់ចេញ ព្រោះចិត្តរបស់យើងគឺត្រជាក់តែម្តង។

Q: តើបងចូលចិត្តស្តាប់ធម៌ លោកបងអង្គដែរ? ហេតុអ្វីបានជាបងចូលចិត្តស្តាប់លោកបងអង្គនោះ?

A: បងស្តាប់លោកម្ចាស់គ្រូ សាន សុជា (San Sochea)មកជាប់រហូត ដោយសារតែលោកម្ចាស់គ្រូ បានពន្យល់ពីរបៀបរស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃច្បាស់ៗ បើថាដាក់អំបិលគឺអំបិល ប៊ីចេងគឺប៊ីចេង គឺដាក់ចំៗនូវរបៀបរស់នៅប្រចាំថ្ងៃប្រកបដោយក្តីសុខ ហើយមិនពិបាកយល់ មិនពិបាកស្តាប់ងាយងាយស្រួលពិចារណា នឹងមិនខាត់ពេលក្នុងការស្តាប់នោះទេ។  

Q: ជាចុងក្រោយ តើបងមានអ្វីចង់ផ្តាំដល់យុវជន តើពួកគាត់គួរស្វែងយល់ធម៌តាំងពីក្មេងដែរឬទេ?

A: បងសូមឱ្យយុវជនកុំចំណាយពេលអូសទូរស័ព្ទលេងហ្វេសប៊ុកអត់ប្រយោជន៍ច្រើនពេក ដោយងាកមកស្តាប់ធម៍អប់រំផ្លូវចិត្តវិញ ស្តាប់លោកម្ចាស់គ្រូ សាន សុជា ព្រោះលោកម្ចាស់គ្រូបានយកធម៌ពិតមកអប់រំចែករំលែក និងឱ្យយើងម្នាក់ៗស្វែងយល់ពីជីវិតរស់នៅប្រចាំថ្ងៃពិតៗ ប្រកបដោយក្តីសុខ រៀងៗខ្លួន។

Q: បាទ អរគុណបងសម្រាប់ការចំណាយពេលដ៏មានតម្លៃរបស់បងក្នុងការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនពាក់ព័ន្ធជាមួយនឹងស្តាប់ធម៌ នឹងស្វែងយល់ធម៍នេះ។

អរគុណច្រើនបង ខ្ញុំសូមជំរាបលា៕