ប្រជាពលរដ្ឋជាច្រើនបានជួបផលលំបាកទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ រួមមានការចាយវាយផ្សេងៗក្នុងសម័យកាលកូវីដ១៩នេះ ដោយសារតែការរកប្រាក់ចំនូលត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង និងត្រូវរកប្រាក់បង់សងទៅខាងធនាគារវិញ ជាពិសេសពួកគេភ័យ​ខ្លាច​ក្នុងការបាត់បង់​ដីធ្លី ​ឬផ្ទះសម្បែង​ ប្រសិនបើ​ពួកគេ​គ្មានលទ្ធភាព​សងប្រាក់វិញ​ទេនោះ។

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក្រុមសង្គមស៊ីវិលជាង១០០ស្ថាប័ន បានស្នើសុំទៅរាជរដ្ឋាភិបាល
ចេញវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក្នុងការផ្អាកបង់សងប្រាក់កម្ចី​ និងការប្រាក់ទាំងអស់សម្រាប់​រយៈពេល​យ៉ាងតិច ៣ខែ​ ដើម្បី​ឲ្យ​អ្នកខ្ចីប្រាក់​មានឱកាស​ក្នុងការ​ស្នាក់នៅផ្ទះ​ និង​រក្សាសុវត្ថិភាពរបស់ពួកគេ​ក្នុងអំឡុងពេល​ផ្ទុះឡើង​នៃវីរុសកូវីដ១៩នេះ​។

របាយការណ៍ដែលបានចេញផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកអង្គការលីកាដូ បានបង្ហាញថា ​វិស័យកាត់ដេរ​ ទេសចរណ៍ ​សេវាកំសាន្ត​ និងសំណង់​ កំពុង​ត្រូវបាន​រងគ្រោះ​ជាខ្លាំង​ពីការរីករាលដាល​នៃជំងឺនេះ។​ វិស័យទាំងនេះ​ផ្ដល់ការងារ​ដល់ស្រ្តី​រាប់សែននាក់ ខណៈដែល​អត្រា​នៃអ្នក​កម្ចីខ្នាតតូច​គឺមានស្រ្តី​ចំនួន ៧៥%​ មានន័យថា​មានករណី​ជាច្រើន​ដែលវិបត្តិ​ជំងឺរីករាលដាលនេះ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ស្រ្តីជា​អ្នកខ្ចីប្រាក់។

ក្នុងរបាយការណ៍ដដែលបានកត់សម្គាល់ឃើញថា​៖ «ការបន្តរីករាលដាលនៃជំងឺកូវីដ១៩​​​​​​ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ
បានអូសបន្លាយពេលជាងមួយខែមកហើយ និងកំពុងតែបន្តប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន។ របាយការណ៍ពីការធ្វើអត្តឃាតដោយសារបញ្ហាបំណុលកំពុងកើតមានឡើង។ ស្រដៀងគ្នានេះដែររបាយការណ៍ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ រួមមានឃាតកម្មផងដែរនោះ ក៏កំពុងកើតឡើងមានក្នុងបរិបទនៃការតានតឹងផ្លូវចិត្តដោយសារបញ្ហាបំណុល និងបញ្ហាហិរញ្ញវត្ថុ»។

លោកវន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ថ្លែងប្រាប់Newsroom Cambodia តាមរយៈទូរស័ព្ទថា លោកយល់ឃើញថា បញ្ហាប្រឈមចំបងរបស់ប្រជាពលរដ្ឋខ្មែរនៅពេលសម័យកាលកូវីដ១៩នេះ គឺចំណូលប្រជាពលរដ្ឋមានការធ្លាក់ចុះយ៉ាងគំហុក។

«ព្រឹត្តិការណ៍២០កុម្ភៈនេះ មើលឃើញថា ប្រជាពលរដ្ឋធ្លាក់ប្រាក់ចំណូល អ្នកខ្លះដល់កម្រិតសូន្យ
អ្នកខ្លះស្ទើរតែដល់កម្រិតសូន្យ អ៊ីចឹងពួកគាត់មិនអាចមានលទ្ធភាពក្នុងការសងបំណុលទៅធនាគារ មិនថាឡើងការប្រាក់ ឬថ្លៃដើមនោះទេ»។

លោកបន្ថែមទៀតថា៖ «អ្នកលក់ដូរពេលយប់ អាជ្ញាធរបិទចរាចរណ៍ (បម្រាមគោចរ ចាប់ពីម៉ោង៨យប់
ដល់ម៉ោង៥ព្រឹក)លែងឲ្យធ្វើដំណើរ អ៊ីចឹងធ្វើឱ្យអ្នកលក់ដូរបាត់អាជីព និងប្រាក់ចំណូល ហេតុនេះហើយពួកគាត់មិនមានលទ្ធភាពបង់សងទៅធនាគារវិញ»។

លោកហេង សុភក្ត្រា ប្រកបរបររត់កង់បីឥណ្ឌាម្នាក់ បានប្រាប់Newsroom Cambodia តាមរយៈទូរស័ព្ទថា
លោកកំពុងតែជួបបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារយ៉ាងខ្លាំងក្នុងអំឡុងពេលជំងឺកូវីដ១៩ និងការដាក់បម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យគាត់មិនអាចរកចំណូលបាន ក្នុងការផ្គត់ផ្គង់ក្នុងគ្រួសារ
ក៏ដូចជាដោះស្រាយបញ្ហាបង់ប្រាក់សង់ត្រឡប់ទៅខាងធនាគារ។

លោកលើកឡើងថា៖ «ខ្ញុំបង់រំលោះកង់បី និងធនាគារផ្សេងទៀត មួយខែចូលជិត ៤០០ដុល្លារ ហើយនៅពេលនេះមួយខែៗ ខ្ញុំរក ១០០ដុល្លាសឹងតែមិនឃើញផង គ្រាន់តែថ្លៃហូបគឺហូបមិនគ្រាន់ផង។ ហើយមិញៗនេះខ្ញុំរកបានលុយ ១៣៥០០រៀល ហើយថ្ងៃខ្លះលោតដល់ ១៨០០០រៀល ដល់ ២០០០០រៀល ឯថ្ងៃខ្លះទៀតបាន៨០០០រៀលក៏មាន»។

ចំណែកប្រពន្ធរបស់លោកហេង សុភក្ត្រា គឺជាអ្នកដើរលក់នំប៉័ងតាមកញ្ជ្រែង ដែលមួយថ្ងៃៗ អាចរកចំណូលបានត្រឹមតែ១ម៉ឺនរៀលក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ ហើយនៅពេលផ្ទុះកូវីដ១៩បែបនេះទៀត ប្រពន្ធរបស់លោក
គឺមិនសូវជាលក់ដាច់ប៉ុន្មាននោះទេ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណេញ និងសល់នំប៉័ងសឹងរាល់ថ្ងៃ។

«ប្រពន្ធរបស់ខ្ញុំ គាត់ស្ពាយកញ្ជ្រែងមួយដើរលក់នំប៉័ងសាប មួយដើមចំណេញ២០០រៀល អញ្ចឹងទៅ
មួយព្រឹកគាត់លក់អស់៥០ ទៅ៦០នំ ហើយចំណេញបានលុយខ្ទង់ ១ម៉ឺនរៀល»។

ចំណែកឯការផ្គត់ផ្គង់ម្ហូបអាហារ ឬការហូបចុកក្នុងក្រុមគ្រួសាររបស់លោកហេង សុភក្ត្រាវិញ គឺគ្មានអ្វីក្រៅពីនំប៉័ង និងពងទារាល់ថ្ងៃនោះទេ ហើយលោកពិតជាមានអារម្មណ៍អាណិតកូនៗរបស់លោកខ្លាំងមែនទែន
ដែលលោកមិនអាចរកអ្វីដើម្បីឱ្យកូនរបស់គាត់បានហូបឆ្ញាញ់ដូចកូនរបស់គេ។

លោករៀបរាប់ថា៖ «នំប៉័ងដែលនៅសល់គឺយកមកកែឆ្នៃដាក់ស្ករ ឬជៀនហូបឱ្យចេះតែឆ្អែតៗសិនទៅ
ហើយថ្ងៃខ្លះហូបពងទា…..រាល់ថ្ងៃខ្ញុំអាណិតតែកូនៗទេគឺមិនមានអ្វីហូបដូចគេដូចឯង ខ្ញុំធ្លាប់រត់កង់បីបានលុយទិញឱ្យកូនហូបគ្រប់គ្រាន់ តែដល់ពេលឥឡូវនេះរកតែលុយទិញទឹកដោះគោឱ្យកូនហូបតែមួយកំប៉ុងសឹងតែមិនបានផង»​។

ចំណែកបុរសម្នាក់ទៀត ដែលកំពុងអង្គុយរង់ចាំភ្ញៀវក្នុងកង់បីឥណ្ឌារបស់ខ្លួននៅតាមសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ដោយទឹកមុខមានសភាពស្រងួតស្រងាត់ បានប្រាប់Newsroom Cambodiaថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩មក លោកពិបាករកចំណូលមែនទែន សឹងតែថ្ងៃខ្លះគឺរកមិនបានមួយរៀលក៏មាន វាពិតជាធ្វើឱ្យលោកជួបវិបត្តសេដ្ឋកិច្ចក្នុងគ្រួសារ ដោយត្រូវការចំណាយថ្លៃផ្ទះជួល ចំណាយសម្រាប់កូនៗ ជាពិសេសរឿងបង់សងទៅធនាគារវិញតែម្តង។

«ពេលកូវីដអ៊ីចឹង ខ្ញុំមានបញ្ហាច្រើនណាស់ គឺរកលុយអត់បាន អត់មានម៉ូយជិះ ដោយជួនថ្ងៃណាខ្លះរកមិនបានសូម្បីមួយរៀល ថ្ងៃណាខ្លះបាន១ម៉ឺន ថ្ងៃខ្លះ២ម៉ឺនអញ្ចឹងទៅ ប៉ុន្តែភាគច្រើនប៉ុន្មានថ្ងៃនេះគឺរកលុយមិនបានតែម្តង ចេះតែប្រឹងរកទៅ បើមិនប្រឹងកាន់តែពិបាកថែមទៀត ហើយខ្ញុំគ្មានលុយបង់ធនាគារវិញ គឺពិបាកមែនទែន ពេលខ្លះខ្ចីលុយបងប្អូន ហើយយកលុយប្រពន្ធទាំងបង់ថ្លៃផ្ទះជួលផង ផ្គត់ផ្គង់កូនផង ជួនកាលប្រពន្ធខ្ញុំឲ្យលុយខ្ញុំបង់ធនាគារខ្លះថែមទៀត»។

បុរសម្នាក់ទៀតអាយុ ៤៤ឆ្នាំ ប្រកបមុខរបររត់កង់បីឥណ្ឌាដូចគ្នានេះ លោកស៊ឹម កុសល់ បានប្រាប់ Newsroom Cambodia តាមរយៈទូរសព្ទថា ក្នុងសម័យកូវីដ១៩នេះ លោកគឺប៉ះពាល់ចំណូលខ្លាំងលំបាករឿងលុយបង់សង់ធនាគារ និងការចំណាយផ្សេងៗ ដោយពីមុនគ្រាន់រកលុយបានខ្លះ តែដល់ពេលឥឡូវនេះគឺមិនបានសោះតែម្តង បើចេញមួយព្រឹកមកទល់ថ្ងៃត្រង់បានលុយត្រឹមតែ៤០០០ទៅ៥០០០រៀលតែប៉ុណ្ណោះ។

លោករៀបរាប់ថា៖ «តាំងពីកូវីដផ្ទុះនេះចប់តែម្តង រកតែលុយទិញអង្ករហូបមិនបានផង ពេលបាយសឹងតែហូបពងទា១គ្រាប់ក្នុងមួយពេល ដល់ចឹងមិនដឹងគិតយ៉ាងម៉េចទេ។ ខាងធនាគារក៏ទារលុយថ្លៃខ្ចីទិញកង់បីឥណ្ឌារត់ ដល់ពេលនេះរកមិនបានអ៊ីចឹងពិបាកដែរ។ នៅពេលផ្ទុះកូវីដនេះខ្ញុំខានបង់ធនាគារ២ទៅ៣ខែហើយ ខ្ញុំមិនដឹងថាគេនឹងរឹបអូសរបស់អ្វីនោះទេ​ តែគេឲ្យយើងរកបង់គេបណ្តើរៗទៅ អញ្ចឹងគេ(ធនាគារ)ក៏សម្រួលយើងដែរ ដោយឲ្យយើងទៅដាក់ពាក្យពន្យា»។

«ហើយសម្រាប់ខ្ញុំពន្យាចេះតែពន្យាបានហើយ តែការប្រាក់បូកៗទៅ លើសដើមៗលើសការទៀត វាពិបាកគិតដែរដល់អ៊ីចឹង ខ្ញុំមិនដឹងគិតបែបណានោះទេ ដោះស្រាយមិនចេញ ហើយក្នុងបន្ទុកខ្ញុំមានកូនតូចមួយដែរ និងកូនៗផ្សេងទៀតគេធ្វើការ ដល់សម័យកូវីដនេះមកនៅជុំគ្នាទាំងអស់»។

នៅថ្ងៃពុធនេះ សមាគមន៍ធនាគារនៅកម្ពុជា(ABC) និងសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយលើទំព័រហ្វេសប៊ុកសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជាស្តីអំពី«អន្តរាគមន៍បន្ថែមរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីគាំពារដល់អតិថិជនក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩» ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលបន្ថែមទៀត ដល់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងគ្រាដ៏លំបាកនេះ។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងនោះ បានលើកឡើងថា៖« សមាគមទាំងពីរសូមដាក់ចេញនូវគោលការណ៍បន្ថែមដូចជា សម្រាប់អតិថិជនដែលឆ្លងកូវីដ១៩ មានការលើកលែងសម្រាប់ការបង់ប្រាក់និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានថ្មីដោយស្វ័យប្រវត្តិ(ប្រសិនបើអតិថិជនយល់ព្រម)រួមទាំងការពន្យាការបង់ប្រាក់ដើមរយៈពេលបីខែ។

រាល់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ហើយសម្រាប់អតិថិជនធ្វើចត្តាឡីស័ក​ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ(ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យាការបង់ប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ​ និងលើកលែងការផាកពិន័យទាំងអស់។ នេះយោងតាមសេចក្តីថ្លែងការណ៌ដដែល។

សេចក្តីថ្លែងការណ៌នោះបានបន្តថានឹងបន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យឆាប់រហ័ស និងបង្ករលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងបញ្ចេញឥណទានសង្គ្រោះបន្ទាន់ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអាត្រាការប្រាក់ ដើម្បីជួយបន្តនិងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយមានវិបត្តិ។

ពួកគេបាននិយាយបន្តថានឹងធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងការផាកពិន័យទាំងអស់ សម្រាប់អតិថិជនទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ និងផ្តល់ការអនុគ្រោះសម្រាប់អតិថិជនដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង ​និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ លោក​កាំង តុងងី បានថ្លែងប្រាប់ Newsroom Cambodia ថា ធនាគារជាតិក៏បានដាក់ចេញគោលនយោបាយនៃការរៀបចំឥណទានឡើងវិញសម្រាបអតិថិជន មានបញ្ហាក្នុងការបង់សង់ត្រឡប់ដែរ។

លោកបានបញ្ជាក់ថា៖ «វិស័យហិរញ្ញវត្ថុមានតួនាទីសំខាន់ណាស់នៅក្នុងចរន្តសេដ្ឋកិច្ចរបស់យើង ដូចជាសរសៃឈាមអ៊ីចឹង ប្រសិនបើយើងធ្វើអ្វីមិនប្រយ័ត្ន ធ្វើឲ្យវិស័យហិរញ្ញវត្ថុជួបបញ្ហានោះវានឹងមានហានិភ័យខ្ពស់ណាស់ ក្នុងការបង្ករឱ្យមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសទាំងមូល ដូច្នេះយើងមិនអាចធ្វើអ្វីផ្តេសផ្តាសតាមតែការនឹកឃើញនោះទេ។

លោក​កាំង តុងងី បានជឿជាក់ថាសមាជិកស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងមិនមានការរឹបអូសផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងគ្រាលំបាកនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះទេ។

«សមាគមន៍មីក្រូហិរញ្ញវត្ថុគឺយើងអាចធានាបានថាសមាជិកទាំង ១១៤ នឹងមិនមានការរឹបអូសដីធ្លីផ្ទះសម្បែងរបស់អតិថិជនក្នុងពេលដ៏លំបាកនេះទេ ហើយមែនទែនទៅវាជាផ្នែកមួយ នៃយុទ្ធសាស្រ្តទីផ្សាររបស់គ្រឹះស្ថានទាំងអស់នោះដែរ ប្រសិនបើគាត់ព្យាយាមជួយអតិថិជនរបស់គាត់ក្នុងពេលលំបាកនេះបាន អញ្ចឹងថ្ងៃក្រោយអតិថិជន នឹងបន្តសេវាកម្មរបស់គាត់ទៀត នៅពេលដែលគាត់ឆ្លងកាត់ការលំបាកនេះ»។

គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៤,០៨១នាក់ អ្នកជាសះស្បើយសរុបចំនួន ២,០៨០ នាក់ អ្នកកំពុងសម្រាកព្យាបាល ១,៩៧០នាក់ និងអ្នកស្លាប់ចំនួន ២៦នាក់៕​