ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវ: បាន​ចេញ​សេចក្តី​ជូន​ដំណឹង​​ឱ្យ​​​កម្មករ​​ក្នុង​​វិស័យ​​កាត់​​ដេរ​​ និង​ទេសចរណ៍​​ដែល​បាន​ព្យួរ​កិច្ចសន្យា​ការងារ​ ឱ្យ​ប្រញាប់​រួស​រាន់​បើក​ប្រាក់​ឧបត្ថម្ភ​នៅ​តាម​ភ្នាក់​​ងារ​វីង​​ដែល​នៅ​ជិត​បំផុត ​ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់ ក្នុង​រយ:​ពេល​​១០​​ថ្ងៃ ត្រឹម​ថ្ងៃទី​១ ខែ​​កក្កដា​​។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ ចេញ​នៅ​​ព្រឹក​ថ្ងៃពុធ​ ទី​២៣​ ខែ​មិថុនា​​នេះ​ ក្រសួង​រំឮក​ថា ធនាគារ​ឯកទេស​វីង​ នឹង​បង្វិល​​ប្រាក់​ឧបត្ថម្ភ​ទៅ​ឱ្យ​រដ្ឋាភិបាល​​វិញ​ ករណី​កម្មករ​និយោជិត​ចំនួន​​១ម៉ឺន​នាក់​ជាង មក​ពី​រោង​ចក្រ​ សហគ្រាស​​ទាំង​៩១​ នៃវិស័យ​កាត់​ដេរ​ និង​ទេសចរណ៍​ ខក​ខាន​មិន​​បើក​ប្រាក់​ឧបត្ថម្ភ​ក្នុង​រយ:ពេល​១០​​ថ្ងៃ ក្រោយ​ទទួល​បាន​សារ​ទូរស័ព្ទ ធនាគារ​ឯកទេស​វីង​។

ក្រសួង​បាន​បញ្ជាក់​ពី​របៀប​បើក​ប្រាក់​ឧបត្ថម្ភ​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​នោះ​ថា​៖ «​ដើម្បី​បើក​ប្រាក់​ឧបត្ថម្ភ​នេះ​ បង​ប្អូន​ត្រូវ​យក​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​ទូរសព្ទ​ដែល​ទទួល​បាន​សារ​នោះ​ទៅ​កាន់​ផ្នែក​ងារ​វីង​ ដែល​នៅ​ជិត​បំផុត​។ សូម​បញ្ជាក់​ថា បងប្អូន​មិន​តម្រូវ​ឱ្យ​បង់​ថ្លៃ​សេវាទៅ​ភ្នាក់​ងារ​វីង​ឡើយ​ពេល​បើក​ប្រាក់​ឧបត្ថម្ភ​នេះ​»។

ក្រសួង​បន្ថែម​ថា ប្រសិន​បើ​កម្មករនិយោជិត​​ដែល​បម្រើ​ការ​ងារ​នៅ​រោចក្រ​ សហគ្រាសទាំង​៩១ ខាង​លើ​ មិន​ទទួល​បាន​សារ​ទូរសព្ទ​ពី​ធនាគារ​ទេ គប្បី​ទាក់​ទង​ទៅរដ្ឋបាល​រោង​ចក្រ​ សហគ្រាស​របស់​ខ្លួន​។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួ​ងការងារ​បញ្ជាក់​​ថា ប្រាក់​ឧបត្ថម្ភ​នេះ​នឹង​ត្រូវ​បើក​ផ្តល់​ជា​ប្រាក់​រៀល​ និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​ ក្នុង​នោះ​ចំនួន ៦០,៧៥០​រៀល​ (​១៥​ដុល្លារ​អាមេរិក)​ សម្រាប់​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​រយ:ពេល​ ៧​ថ្ងៃ​ ដល់​ ១០​ថ្ងៃ​ ១២១,៥០០ រៀល​ (៣០​ដុល្លារអាមេរិក)​ សម្រាប់​ការ​ព្យួរ​កិច្ចសន្យា​ការងារ​រយ:ពេល​ ១១ថ្ងៃ​ ដល់​ ២០​ថ្ងៃ និង​ ១៦២,០០០រៀល​ (​៤០​ដុល្លារ​អាមេរិក) សម្រាប់​ការ​ព្យួរកិច្ច​សន្យាការងាររយ:ពេល​ចាប់​ពី​ ២១ថ្ងៃ​ ដល់​ ១ខែ​។

ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​​ក្នុង​វិស័យ​វាយនភណ្ឌ និង​ទេសចរណ៍ កើត​ឡើង​ដោយសារ​ការ​រាត​ត្បាត​ជំងឺ កូវីដ​១៩​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រោងចក្រ សហគ្រាស និង​ការ​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍​យ៉ាង​ធ្ងន់ធ្ងរ៕​