ក្រសួង​សុខាភិបាល​បាន​ទទូច​ដល់​សាធារណជន​ទូទាំង​ប្រទេស​ ឱ្យ​បន្ត​ការពារ​ខ្លួន​កុំ​​ធ្វេស​ប្រហែស​ ដោ​យ​​​ត្រូវ​​ចេះ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​ដោយ​ធម្មតា​នឹង​គន្លង​ថ្មី​ ក្នុង​បរិបទ​នៃ​កូវីដ​-១៩​នេះ​ ខណ:ការរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ជាពិសេស​វីរុស​បម្លែង​ថ្មី​ ដែល​តា​ (​Delta) ​កំពុង​ឆ្លង​រាល​ដាល​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​​ចេញ​ផ្សាយ​នា​រសៀល​ ថ្ងៃ​ច័ន្ទ ទី​២៨​ ខែ​មិថុនា​​នេះ​ បាន​ឱ្យ​ដឹង​ថា​ លោក​សាស្រ្តាចារ្យ​ ម៉ម ប៊ុន​ហេង​​ រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​​បាន​ក្រើន​រំឮក​ និង​អំពាវនាវ​​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ បន្ត​ការពារ​ខ្លួន​ កុំ​បី​ភ្លេច​ខ្លួន​ឡើយ​ ទន្ទឹម​នឹង​ការ​ចេះ​សម្រប​ខ្លួន​តាម​ពាក្យ​ស្លោក​ថា៖ «រៀន​រស់​នៅ​ធម្មតា​ជាមួយ​វីរុស​កូវីដ​-១៩ តាម​បែប​គន្លង​ថ្មី​ ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩» សំដៅ​បង្ការ​ គ្រប់​គ្រង​ និង​កាត់​ផ្តាច់​ខ្សែ​ចម្លង​នៃ​រី​រុស​កូវីដ-១៩ ជាពិសេស​ពពួក​បំប្លែង​ថ្មី​ ដែលតា​ (​Delta) ក្នុង​ប្រទេស​កម្ពុជា​។​

ក្នុង​សេចក្តី​ប្រកាស​ដដែល​ បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​បាន​រក​ឃើញ​ជំងឺ​កូវីដ​-១៩ បំប្លែង​ថ្មី​ប្រភេទ ដែល​តា (Delta) ច្រើន​ករណី​លើ​ពលករ​ចំណាក​ស្រុក​ត្រឡប់​ពី​ប្រទេស​ថៃ ដែល​វីរុស​ថ្មី​នេះ​មានភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូវីដ-១៩ ខ្លាំង​ជាង​១៥​ដង​ ដោយ​បច្ចុប្បន្ន​នេះ​​មិនទាន់​ដឹង​ថា​តើ​បុគ្គល​ណា​ខ្លះ​​បាន​ឆ្លង​វីរុស​នេះ​ហើយ​ឬ​នៅ​ទេ​។

ក្រសួង​​នៅ​តែ​បន្ត​ណែនាំឱ្យ​ប្រជាពល​រដ្ឋ​ទាំង​អស់​ បន្ត​អនុវត្ត​វិធាន​៣ការពារ​ មាន​ត្រូវ​ពាក់​ម៉ាស់​ឱ្យ​បាន​ត្រឹម​ត្រូវ សំអាត​ដៃ​ឱ្យ​បាន​ញឹក​ញាប់​ជាមួយ​អាកុល​ ឬ​ជែល​ រៀង​រាល់​២០វិនាទី រក្សា​គម្លាត​សុវត្ថិភាព​១,៥ ម៉ែត្រ​ និង​៣កុំ​ រួម​មាន​ កុំ​នៅ​កន្លែង​មាន​មនុស្ស​កុះ​ករ​ច្រើន​ កុំ​នៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​ចូល​ កុំ​ប៉ះ​ពាល់​គ្នា​ សូម្បី​សមាជិក​គ្រួសារ​ ឬ​មិត្ត​ភ័ក្រ្ត​ ជាដើម​។

​ «​ការ​ចូល​រួម​របស់​បង​ប្អូន​ប្រជាពល​រដ្ឋ​ទាំង​អស់​ ដើរ​តួនាទី​សំខាន់​ណាស់​ គឺ​ដើម្បី​ការពារ​បុគ្គល​ខ្លួន​ឯង​ ក្រុម​គ្រួសារ​ខ្លួន​ និង​សហគមន៍​របស់​ខ្លួន​ និង​អ្នក​ដទៃ​ ឱ្យ​បាន​រស់​នៅ​ប្រកប​ដោយ​សុវត្ថិភាព​ និង​អាច​រក្សា​ជីវភាព​រស់​នៅ​ ដោយ​អាច​ប្រព្រឹត្ត​ការ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​បាន​​»។ ​ នេះជា​ការ​បញ្ជាក់​​របស់​ក្រសួង​សុខាភិបាល​​ក្នុង​​សេចក្តី​ប្រកាស​​៕