ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​អង្គារនេះ​បាន​សម្រេច​យល់​ព្រម​ឱ្យ​​ក្រសួង​មហាផ្ទៃ​​អាច​ប្រើ​ប្រាស់​ថវិកា​ដើម្បី​សាង​សង់​អាគារ​ទី​ស្តី​ការ​ថ្មី​នៅ​លើ​ទីតាំង​ចាស់ ​ក្នុង​ទឹក​ប្រាក់​ចាប់​ផ្តើម​ប្រមាណជា​ជាង​២០លាន​៥សែន​ដុល្លារ​អាមេរិក ​ដែល​ជា​ទឹក​ប្រាក់​មាន​ស្រាប់​របស់​ក្រសួង។

យោង​តាម​លិខិត​ផ្លូវ​ការ​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រីកាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មិថុនា ​ឆ្នាំ​២០២១​ម្សិលមិញនេះ​​ លោក កែន​ សត្ថា​ ដែល​ជា​រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​បាន​យល់ព្រម​ជា​​គោល​ការណ៍​ឱ្យក្រសួង​មហា​ផ្ទៃ​សាង​សង់​អគារ​ទីស្តីការ​ថ្មីលើ​ទី​តាំង​ចាស់​របស់​ខ្លួន​ តាម​ការ​ស្នើសុំ។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ដដែល​នោះ​ថា​៖ ​«រដ្ឋា​ភិបាល​យល់ព្រម​ជា​គោលការណ៍​ឱ្យ​ក្រសួង​មហា​ផ្ទៃ​សាង​សង់​អាគារ​ទី​ស្តី​ការ​ថ្មី​លើ​ទី​តាំង​ចាស់ ស្ថិត​នៅ​លើ​វិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញដោយ​ប្រើ​ប្រាស់​ថវិកា​របស់​ក្រសួង​ដែល​មាន​ស្រាប់»។

លោក​បាន​បញ្ជាក់​ទៀត​ថា ថវិការ​បស់​ក្រសួង​មហាផ្ទៃដែល​មាន​ស្រាប់ចំនួន​២០,៤៥០,០០០ ដុល្លារអាមេរិក នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ចាប់​ផ្តើម​សាង​សង់ ចំណែក​ឯថវិការ​ដែល​ខ្វះខាត​នឹងត្រូវ​ប្រើ​ប្រាស់​ថវិកាជាតិ​បន្ថែម​។

លោកបន្តនៅ​ក្នុង​លិខិត​ដដែល​នោះ​ថា៖ «ថវិកាដែល​ខ្វះ​សម្រាប់​សាងសង់​អាគារនេះ ក្រសួង​មហាផ្ទៃ​ត្រូវ​ស្នើសុំគោលការណ៍​ដោះស្រាយ​ជាជំហានៗតាមវិធី​ស្របច្បាប់ជាធរមាន ដោយខិតខំ​បន្ថយ​ឱ្យ​បាន​ជាអតិបរមានូវការ​ប្រើ​ប្រាស់​ថវិការជាតិ​ដែល​កំពុង​មាន​បន្ទុក​ធ្ងន់ធ្ងរ​លើ​ចំណាយ​ប្រឆាំង​ជំងឺ​កូវីដ-១៩»។

នាយកប្រតិបត្តិអង្គការតម្លាភាព​អន្តរជាតិ​កម្ពុជា លោក ពេជ្រ ពិសី បាន​ថ្លែង​ប្រាប់​ Newsroom Cambodia តាម​ទូរស័ព្ទនៅ​ថ្ងៃ​ពុធ​​ថា​​ ការ​​ស្នើសុំ​ និង​​ការ​អនុម័ត​ថវិកា​ដែល​ក្រសួង​ធ្វើ​​​ឡើង​​​ជា​យូរ​មក​​ហើយ ដើម្បី​​ស្រូបយក​កម្លាំង​របស់​មន្ត្រីរាជការ​ដែល​ធ្វើ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ​ដែល​មាន​ចំនួន​ច្រើន​ទៅៗ។

លោកបញ្ជាក់​ថា៖ «ខ្ញុំយល់​ថាការវិនិយោគ​ហ្នឹង​មាន​រយៈពេល​វែង ហើយ​វាជា​ការ​វិនិយោគមួយ​ដែល​សម្លឹងមើលទៅ​មុខ ហើយ​បច្ចុប្បន្នយើង​ដឹង​ហើយ​ខាង​ក្រសួង​មហាផ្ទៃ​គាត់​ ខ្វះ​នូវទីតាំង ខ្វះបន្ទប់ដើម្បី​ផ្គត់ផ្គង់ដល់ចំនួន​មន្ត្រីដែល​មាន​ការ​កើនឡើង»។

លោក​ ពេជ្រ ពិសី បន្ថែម​ថា ​ក្រសួង​មហា​ផ្ទៃ​​ធ្វើ​ការ​ធានា​សន្តិសុខសង្គម​ផង​ និង​ជំរុញ​ការ​ផ្តល់​សេវា​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ថ្នាក់ជាតិថ្នាក់​ក្រោម​ជាតិ​ផង ដូច្នេះ​​ ​មន្ត្រីរបស់ក្រសួង​​មាន​ការកើនឡើង។

«ខ្ញុំយល់ថា​​នៅ​ក្នុង​បរិបទ​នេះ ថវិកា​២០លានជាងហ្នឹង​មិន​ជា​ប៉ះពាល់អី​ធ្ងន់​ធ្ងរដល់​បញ្ហា​កូវីដទេ ព្រោះបញ្ហាកូវីដយើង​មាន​ថវិការកញ្ចប់ផ្សេង ណាមួយ​ទៀត​ការវិនិយោគ​ក្នុង​ការបង្កើន​ហេដ្ឋារចនាសម្ព័ន្ធ ឬក៏​សមត្ថភាព​ស្រូបយក​ការងារ​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃគឺ​ជា​ការ​វិនិយោគ​វែង​ឆ្ងាយ​ ដូច្នេះ​មិនមានបញ្ហា​អ្វី​ទេ តាមមើលទៅ»។​

ក្រសួង​មហាផ្ទៃ ​គឺ​ជា​ក្រសួង​ដ៏ធំមួយ​ដែល​ជា​សេនា​ធិការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​សេវា​សន្តិសុខសណ្តាប់ធ្នាប់ទាំងកងកម្លាំង​ប្រដាប់​អាវុធ មាន​នគរបាល និង​ផ្តល់​សេវា​សាធារណៈ​ទាំង​ផ្នែក​ស៊ីវិលមាន​ការ​គ្រប់​គ្រង​ថ្នាក់​រាជធានីខេត្ត ស្រុក​ខណ្ឌ​ ឃុំសង្កាត់​ និង​ភូមិផងដែរ៕