ហេដ្ឋា​រចនា​សម្ព័ន្ធ​សំដៅ​លើ​មធ្យោបាយ​ និង​ទំនាក់​ទំនង​​ផលិតកម្មដែលជាមូលដ្ឋាន​នៃ​សង្គម​ដែល​មានជា​ ផ្លូវ (ថ្នល់ ដែក ទឹក អាកាស​)​ កំពង់ផែ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ គមនាគមន៍ អ៊ីនធឺណិត ទូរសព្ទជាដើម។ល។ Newsroom Cambodia បាន​សម្ភាសន៍យុវជន​ចំនួន​៦ អង្គ​នាក់​ទាក់​ទង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។  ​​

លោក​ នុន​ វាសនា​ អាយុ​២៨ឆ្នាំ បច្ចុប្បន្ន​កំពុង​រស់​នៅ​ទីក្រុង​ភ្នំពេញ​​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់ ​Newsroom Cambodia ​ថា ហេដ្ឋារចនា​សម្ព័ន្ធនៅ​កម្ពុជា​មិន​ទាន់​បំពេញ​តម្រូវ​ការ​របស់​ប្រជា​ជន​កម្ពុជា​នៅ​ឡើយ​ទេ។

លោកលើក​ឡើង​ថា៖ «​តាម​អ្វី​ដែលយើង​មើល​ឃើញ​មិន​ថា​ប្រព័ន្ធទឹក​ ភ្លើង ឬក៏​ថ្នល់​ទេ​វា​ល្អ​ប្រសើរ​​​ច្រើន​ ប៉ុន្តែវា​ល្អ​ប៉ុណ្ណឹង​វា​ល្អ​ពេញ​លក្ខណៈ​ជា​រដ្ឋ​មួយ​ដែល​អាច​អាច​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធបាន​ហើយ​ឬនៅ​ដែល​បាន​ដឹក​នាំ​រយៈ​ពេល​៤០​ឆ្នាំ​ចំពោះ​ការយល់​ឃើញ​របស់​ខ្ញុំ​វា​មិន​បាន​ល្អទេ​ ហេតុអ្វី​ជាក់​ស្ដែង​ចំពោះ​ប្រព័ន្ធ​ធារា​សាស្រ្ត​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ដែរ​ គឺ​ប្រជា​ពលរដ្ឋ​នៅ​តែ​ធ្វើ​ស្រែ​ពឹង​ទៅ​លើ​ទឹក​ភ្លៀង​ដដែល​»។

កញ្ញា​ ផល ករុណា​ អាយុ​២១ ជា​និស្សិត​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល​ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​ Newsroom Cambodia ថា​ ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​រីក​ចម្រើន​ដោយ​តំបន់​ និង​មាន​តំបន់​ខ្លះ​មិន​សូវ​មាន​គុណ​ភាព​។

កញ្ញា​លើក​ឡើង​ថា​៖ «សម្រាប់​ខ្ញុំ​ផ្លូវ​គមនា​គមន៍​នៅ​ប្រទេស​កម្ពុជា​ឃើញ​ថា​មាន​ការ​រីក​ចម្រើន​ខ្លាំង​ ប៉ុន្តែ​ខ្ញុំ​សង្គេត​ឃើញ​រីក​ចម្រើន​តែ​តំបន់​ណា​ឬ​ក៏​ផ្លូវ​ណា​ដែល​អនុ​គ្រោះ​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ ឧទាហណ៍​ដូច​ជា​ផ្លូវ​ជាតិ​លេខ​៣​ដោយ​សារ​តែ​មាន​កំពង់​ផែ​​នៅ​ខាង​កំពត​អ៊ី​ចឹង​បាន​ជា​គេ​បាន​ពង្រីក​ផ្លូវ​ហ្នឹង​ ហើយ​ផ្លូវ​ជាតិ​លេខ​២​ខ្ញុំ​ឃើញ​ថា​ដោយ​សារ​តែ​អត់​សូវ​មាន​សក្ដា​នុ​ពល​ទាក់​ទង​នៅ​ខាង​ហ្នឹង​ អ៊ី​ចឹង​គេ​អត់​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ធ្វើ​ទេ​ ប៉ុន្តែ​គេ​នៅ​តែ​ធ្វើ​ដែរ​គ្រាន់​តែ​វា​ចំណាយ​ពេល​យូរ​អ៊ីចឹង​​ ហើយ​ហ្នឹង​ផ្លូវ​ធំៗ​ ហើយ​បើ​ផ្លូវ​មួយ​ចំនួន​ទៀត​ដែល​ពី​មុន​មក​ដូច​ជា​ផ្លូវ​នៅ​ម្ដុំ​ខ្ញុំ​អី​ ឃើញ​ធ្វើ​រហូត​ហើយ​បាន​តែ​ប៉ុន្មាន​ឆ្នាំ​ខូច​ហើយ​ដោយ​សារ​តែ​ខូច​ហ្នឹង​​ ទី​មួយ​ដោយ​សារ​តែ​ឡាន​ដឹក​ដី​​ច្រើន​ ហើយ​មួយ​ទៀត​នៅ​តំបន់​ខ្ញុំ​ហ្នឹង​វា​មាន​ទឹក​លិច​ស្ទើ​តែ​រាល់​ឆ្នាំ​​»។

កញ្ញា​ហ៊ាម ស្រីហ៊ាង អាយុ​២០ឆ្នាំ​ មកពី​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ ​Newsroom Cambodia ថាផ្លូវ​នៅ​តំបន់​ជនបទ​មិន​ទាន់​រីក​ចម្រើន​ និង​ពិបាកធ្វើ​ដំណើរ​។

កញ្ញា​លើក​ឡើងថា៖ ​«​​តំបន់​ខាង​ខ្ញុំ​ ខាង​ទីជន​បទ​នៅ​ស្រុក​ខ្មែរ​ចំការ​យើង​ហ្នឹង​នៅ​ខាងតាម​យើង​ហ្នឹង​ទី​ជន​បទ​គឺ​គាត់​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ ​ឬ​ក៏​ធ្វើ​ចំការ​ដំ​ឡូង​អី​ជា​ដើម​ អ៊ីចឹងនៅ​ពេល​ប្រមូល​ផល​មាន​ឡាន​ដឹក​ទំនិញ​ជាច្រើន​តែ​ប្រសិន​បើយើង​និយាយពីផ្លូវ​វិញ គឺផ្លូវ​មាន​តែ​មួយ​ទេ​ហើយ​ផ្លូវ​នៅ​តាម​ទី​ជន​បទ​វា​អត់​មាន​លក្ខណល្អ​ប្រសើរ​ដូច​នៅ​ភ្នំ​ពេញទេ​ វា​អត់​មាន​ផ្លូវ​គេហៅ​ថាកៅស៊ូ​ ឬ​ផ្លូវចាក់​បេតុង​អីទេ​ មាន​ផ្លូវ​ចាក់បេតុង​តែ​គេ​ចាក់​ដោយ​កន្លែង​ ឃើញ​ថា​នៅពេល​ដែលគាត់​ដឹក​ទំនិញ​ធ្ងន់​ៗលើ​ផ្លូវ​ឆ្លង​កាត់​យើង​តែ​មួយ​ផ្លូវ​ដើរ​ក៏​យើងដើរ​ផ្លូវ​ហ្នឹង​ ហើយផ្លូវ​ម៉ូតូ​ក៏យើងឆ្លង​កាត់​ផ្លូវ​ហ្នឹង​ហើយ​ចំណែក​ឯ​ផ្លូវ​ឡាន​សម្រាប់​ដឹក​ទំនិញ​ក៏យើង​ជិះ​កាត់ផ្លូវហ្នឹង​ អ៊ីចឹង​នៅពេលដែល​គាត់​ដឹក​ទំនិញ​ធ្ងន់ៗវា​ធ្វើ​ឱ្យ​ផ្លូវ​ខូច​ទ្រង់​ទ្រាយច្រើន យើងត្រូវជួស​ជុលផ្លូវហ្នឹង​រហូត អ៊ីចឹងប្រសិន​ជា​មាន​ផ្លូវ​សម្រាប់​ដឹក​ទំនិញ​ធ្ងន់ៗ​ផ្សេង​​ ហើយផ្លូវ​សម្រាប់​ប្រ​ជា​ពលរដ្ឋដើរ ឬ​ក៏ធ្វើដំណើរ​ទៅ​ណា​ផ្សេងៗហ្នឹង​វា​ជាការ​ល្អ»។​​

កញ្ញាសុគន្ធ​ កញ្ញា អាយុ​២៣ឆ្នាំ​ ជា​និស្សិត​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល​ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់ ​Newsroom Cambodia ថា​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​រីក​ចម្រើន​ដោយ​តំបន់។

កញ្ញាលើកឡើងថា៖ «សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​ ខ្ញុំ​យល់​ឃើញ​ថា​មាន​ការ​រីក​ចម្រើន​ល្អប្រសើ​រ​ជាងមុន​ដោយ​សារ​តែ​ផ្លូវ​មាន​ការ​អភិវឌ្ឍន៍​បានច្រើន​ទាំងផ្លូវគោក​ ទាំង​ផ្លូវ​អាកាស​។ យើង​ក្រឡេក​មើល​ផ្លូវគោក​គឺផ្លូវជាតិគឺយើងធ្វើ យើងសង្កេត​ឃើញ​ថា​ធ្វើ​បាន​ច្រើន​អ៊ីចឹង ហើយ​ទាក់​ទង​ហ្នឹង​ផ្លូវ​អាកាស​ក៏​ដូច​គ្នា​ដែរ​គឺកំពុងសាងសង់​ស្ពាន​ជាច្រើន​សម្រាប់​ធ្វើ​ដំណើរ ហើយ​មួយ​ទៀត​ទាក់​ទង​ទៅ​ហ្នឹង​ប្រព័ន្ធ​ធារា​សាស្រ្ត​​គឺមានតំបន់មួយ​ចំនួន​គាត់​មាន​ប្រព័ន្ធ​បង្ហូរ​ចេញ​ចូល​អ៊ីចឹង​ គាត់​អាច​ធ្វើ​ស្រែ​ក្នុង​មួយ​ឆ្នាំ​គឺបាន​បួន​ដង​គឺធ្វើ​ស្រូវ​ស្រាល​ អ៊ីចឹង​គឺពួកគាត់​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ការ​ធ្វើ​កសិកម្ម​របស់​ពួក​គាត់​ហ្នឹង​»​។

ព្រះតេជគុណ​​ហឿន​ ចាន់មករា​ ជាសមណ​សិស្ស​នៃពុទ្ធកវិទ្យា​ល័យ​ព្រះសុរាម្រិត​ ព្រះ​ជន្ម​២០​ព្រះ​វស្សា​ មាន​សង្ឃដីកា​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​ដូច​ជា​ផ្លូវ ​ស្ពាន​ ព្រែក​ រោង​ចក្រ ​អគ្គី​សនី​ មិន​សូវ​បាន​បម្រើដល់​ប្រជា​ជន​ទូ​ទៅ​នោះទេ។

«ចំពោះ​ការ​យល់​ឃើញ​របស់​ខ្ញុំ​ករុណា​ចំពោះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​ដូច​ជា​ផ្លូវ ​ស្ពាន​ ព្រែក​ រោង​ចក្រ ​អគ្គី​សនី​ អីជាដើមហ្នឹង​ ជាការយល់ឃើញរបស់ខ្ញុំ​ករុណា​របស់​ទាំង​អស់នោះ​វា​មិន​សូវ​បាន​បម្រើដល់​ប្រជា​ជន​ទូ​ទៅ​ដូចជា​យើង​មើល​ឃើញ​ទៅ​លើ​អគ្គីសនី​មួយ​ បើថា​យើង​បង្កើត​មក​ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​អគ្គសនី​ច្រើន​មែន​ក៏ប៉ុន្តែ​នៅក្នុងហ្នឹង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏ពួកគាត់​ត្រូវ​បាត់​បង់​ផលប្រយោជន៍​ជាច្រើន​ ហើយ​សំណងផ្សេងៗហ្នឹង​មិន​បាន​តប​ទៅ​ពួកគាត់​ហើយ​អគ្គីសនី​ហ្នឹងទៀត​សោទ​វានៅ​មាន​ការ​ខ្វះ​ខាត​ច្រើន​ ដូចច្នេះ​ជាការ​យល់​ឃើញ​ថា​អគ្គសនី​នេះ​គឺនៅ​ខ្វះ​ខាត​ ប្រលាន​យន្ត​ហោះ​ក៏ដូច​គ្នា​ថ្វិត​ថា​យើង​ឃើញ​មាន​ការ​អភិវឌ្ឍ​ច្រើន​ក៏ប៉ុន្តែហេដ្ឋារចនា​សម្ព័ន្ធហ្នឹងវាល្អ​ តែវាក៏ប៉ះ​ពាល់​ដល់​ប្រជាពល​ជា​ច្រើន​ទាំង​ដែល​រដ្ឋា​ភិបាល​របស់​យើង​គាត់​មិនបាន​​ដោះ​ស្រាយ​បាន​ល្អ​»​។

កញ្ញា​ ឈុន​ ស៊ី​និត មាន​​អាយុ​​២០ឆ្នាំ​ មាន​​ស្រុក​​កំណើត​​នៅ​​ខេត្ត​​ព្រៃ​វែង​​បាន​​ប្រាប់​​ Newsroom Cambodia​ ថាផ្លូវ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​នៅមាន​កន្លែង​ខ្លះ​ហុយ​នៅ​ឡើយ​។

កញ្ញា​បញ្ជាក់​ថា៖ «ទាក់ទងហ្នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធនៅប្រទេស​កម្ពុជា​យើង​កន្លែង​ខ្លះ​ក៏​កំពុង​តែ​អភិវឌ្ឍន៍ រៀប​ចំ​ចាក់កៅ​ស៊ូ​បំបាត់​ការ​ហ៊ុយ​ដី​អ៊ី​ចឹង​ទៅ​ ប៉ុន្តែ​កន្លែង​ខ្លះ​ក៏​បាន​សាង​សង​ហើយ​ធ្វើ​ហើយ​ ប៉ុន្តែ​កន្លែង​ខ្លះ​ទៀត​ក៏យើង​ឃើញ​ថា​មិន​ទាន់​បាន​សាង​សង់​ហើយ​ទេ​វា​នៅ​តែ​មាន​ដី​ហ៊ុយ​លក្ខណៈ​ថា​វា​មិន​មែន​ដី​កៅ​ស៊ូ​អ៊ី​ចឹង​ អ៊ីចឹង​វា​មាន​ច្រើន​ផ្នែក​ដែរ​ អ្វី​ដែល​ជាក់​ស្ដែង​ខ្ញុំ​ឃើញ​គឺ​ឃើញ​តែ​ដី​ហ៊ុយ​មាន​តែ​​ដែល​កន្លែង​ហ្នឹង​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​នៅ​ឡើយ​ ព្រោះ​អី​ខ្ញុំ​បាន​មើល​ទាក់​ទង​ហ្នឹង​ព័ត៌មាន​មួយ​របស់​ចលនា​មាតា​ធម្មជាតិ​ដែល​គេ​ផ្សាយ​​ថ្មី​ៗហ្នឹង​ ផ្លូវមាន​ដី​ហ៊ុយ​ដូច​ព្រិល​អ៊ី​ចឹង​តែមិន​មែន​ព្រិល​ទេ​ជា​កន្លែង​មិនទាន់​មាន​ការ​អភិវឌ្ឍទេ​អ៊ីចឹង​»៕​