អ្នក​លក់​បន្លែ​តាម​ចិញ្ចើម​ផ្លូវ​ជាប់​របង​សាលា​បឋម​សិក្សា​ជម្ពូវ័ន ត្អូញ​ត្អែរ​​ចំពោះ​ការ​ចំណាយ​ទៅ​លើ​ភាស៊ី​ផ្សារ​ ថ្លៃ​សន្តិ​សុខ និង​ទី​កន្លែង​សម្រាប់​ការ​ដាក់​​លក់​ទំនិញ​​​ ​ថា​មាន​តម្លៃ​ខ្ពស់​ ត្បិត​តំបន់​នោះ​ជា​ទី​តាំង​សាធារណៈ​។

លោក​ស្រី​ ឈឹម ចាន់លក្ខិណា ជា​អាជីវករ​ម្នាក់​លក់​បន្លែ​នៅ​ជាប់​របង​សាលា​បឋម​សិក្សា​ជម្ពូវ័ន​ បាន​ប្រាប់​ Newsroom Cambodia កាលពិ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា លោក​ស្រី​បាន​ប្រកបរបរ​នេះ​អស់​រយៈ​ពេល​ប្រមាណ​ជាជាង​៣ឆ្នាំ​មក​ហើយ​ និង​បាន​ប្ដូរ​មក​លក់​នៅ​តំបន់​ជម្ពូវ័ន​ក្រោយ​ពី​ផ្សារ​ដើម​គរ​ដែល​ជា​ទី​តាំង​ចាស់​ត្រូវ​បាន​បិទ​ដោយ​សារ​តែ​មាន​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវី​ដ​១៩​។ លោក​ស្រី​បន្ត​ថា​ នៅ​ទី​តាំង​ជម្ពូវ័ន្ត​នេះ​ ខាង​អ្នក​គ្រប់​គ្រង​ទីតាំង​លក់​ថ្មី​ហាក់​មាន​ការ​កេង​ប្រវ័ញ្ច​ទៅ​លើ​ក្រុម​អាជីវករ​ ដោយ​អាជីវករ​ម្នាក់ៗ​ត្រូវ​ចំណាយ​ច្រើន​ជាង​នៅ​ផ្សារ​ដើម​គរ​​អំឡុង​ពេល​​​​មិន​ទាន់​ត្រូវ​បាន​បិទ។

លោក​ស្រី​លើក​ឡើង​ថា​៖ «ខាង​ជម្ពូវ័ន្ត​​នេះ​គាត់​ដូច​ជា​គៀប​សង្កត់​ខាង​ខ្ញុំ​ពេក​ ដោយ​សារ​ភាស៊ី​ថ្លៃ​លើស​លប់​ពី​ផ្សារ​ដើម​គរ​ពេក​ នៅ​នេះ​[ ជម្ពូវន្ត ] ខ្ញុំ​ចំណាយ​អស់​មួយ​ម៉ឺន​រៀល​ជាង​ ហើយ​បើ​នៅ​ផ្សារ​ដើម​គរ​វិញ​ខ្ញុំ​ចំណាយ​អស់​តែ​បួន​ពាន់​ទៅ​ប្រាំ​ពាន់​រៀល​ទេ​ ថ្លៃ​ស៊ិន​ទ្រី​ សណ្ដាប់​ធ្នាប់​ ហើយ​កន្លែង​ដែល​ខ្ញុំ​ជួល​គឺ​មួយ​ម៉ែត្រ​ក្នុងមួយ​ម៉ឺន​រៀល។ ១០,០០០​គឺ​ពេញ​ថ្លៃ​»។

ស្រដៀង​គ្នា​នេះ​ដែ​រ អាជីវករ​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ គាត់​បាន​មក​លក់ដូរ​នៅ​ទី​តាំង​នេះ​ហើយ​ជួល​កន្លែង​គេ​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិ​ត​ ដោយ​បាន​ចំណាយ​ប្រាក់​ច្រើន​ក្នុង​មួយ​យប់​ប្រមាណ​ជា​បី​ម៉ឺន​ ទៅ​បួន​ម៉ឺន​រៀល​ នេះ​មិន​គិត​ថ្លៃ​ចំណាយ​ខាង​ក្រៅ​ដូច​ជាភាស៊ី​ ថ្លៃ​សំរាម​ ថ្លៃ​សណ្ដាប់​ធ្នាប់​ផង​ទេ​។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «បើ​តាម​ខ្ញុំ​គិត ថ្លៃ​ភាស៊ី​ថ្លៃ​សំរាម​អី​ គឺ​ត្រូវ​តែ​យក​ហើយ​អាហ្នឹង​ព្រោះ​អី​កន្លែង​គេ​កាន់​កាប់​ ចំណែក​ថ្លៃ​កន្លែង​យើង​ពិបាក​ថា​ដែរ​ ព្រោះ​ដី​នេះ​ដី​របស់​រដ្ឋ​ តាម​ពិត​របង​នេះ​របង​វត្ត​ទេ​ ណា​មួយ​យើង​ពិបាក​និយាយ​ផង​ កន្លែង​នេះ​គេ​កាន់​កាប់​ គេ​និយាយ​ម៉េច​ថាចឹ​ង​ហើយ​ យើង​អត់​អាច​តវ៉ា​គេ​បាន​ យើង​អ្នក​លក់​ដូរ​ចិញ្ចឹមគ្រួ​សារ​កូន​តូច​អ៊ីចឹង​»។

ចំណែក​ឯ​​អ្នក​​ប្រមូល​​លុយ​​ពី​​អាជី​វ​ករ​​​​​ដែល​​​​​អះ​​អាង​​ថា​​ប្រជា​​ការ​​ពារ​​ភូមិ​​បាន​​ប្រាប់​​ Newsrooom  Cambodia ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ​ថា លោក​មិន​​សូវ​​ដឹង​​អំពី​​បញ្ហា​​នេះ​​ទេ​​។

លោក​​លើក​​ឡើង​​ថា​​៖ «បើ​​បង​​ឯង​​ជា​​អ្នក​​កា​សែត​​បង​​មក​​យក​​នៅ​​នេះ​​មក​​ បង​​ឯង​​សួរ​​ខ្ញុំ​​ក៏​​ខ្ញុំ​​អត់​​ដឹង​​ដែរ​​ ព្រោះ​​ជា​​ការ​ងារ​​របស់​​គេ​​ ខ្ញុំ​​គ្រាន់​​តែ​​ធ្វើ​​ចរាចណ៍​​តែ​​ប៉ុណ្នឹង​​ទេ​​»។

​​រដ្ឋ​​បាល​​ខណ្ឌ​​ពោ​ធិ៍​សែន​​​ជ័យ​​​​​ដែលបាន​​បង្ហោះ​លេខ​ទូរស័ព្ទ​លើ​ទំព័រ​ហ្វេសប៊ុក បាន​ប្រាប់​​ Newsroom Cambodia តាម​បណ្តាញ​សង្គមតេឡេក្រាម​ដោយ​មិនប្រាប់​ឈ្មោះ​ និង​តួនាទី​ថា៖ ​«សាលា​​ខណ្ឌ​​នឹង​​យក​​បញ្ហា​​​​នេះ​​ដាក់​​ជូន​​លោក​​អភិ​បាល​​ខណ្ឌ»​​។

Newsroom Cambodia បាន​​ព្យាយាម​​ទាក់​​ទង​​សុំ​​ការ​​បំភ្លឺ​​ពី​​អ្នក​​នាំ​​ពាក្យ​​សាលា​​រាជ​ធានី​​ភ្នំ​ពេញ ​លោក ​​ម៉េត​ មាសភក្ដី​ ​​​​​តែ​​មិនមានការ​​​ឆ្លើយ​​តប​​ ។​​

​ប្រធាន​​អង្គ​ការ​​សម្ព័ន្ធ​​គណ​នេយ្យ​​ភាព​​សង្គម​​កម្ពុជា​​លោក ​​សន​​ ជ័យ​ បាន​​ប្រាប់​​ Newsrooms​ Cambodia ថា​​នេះ​​មិន​​មែន​​ជា​​លើក​​ទី​​មួយ​​ទេ​​ដែល​​មាន​​ការយក​ថ្លៃ​ហួស​កំណត់​​​ ហើយ​​រដ្ឋា​​ភិបា​ល​​គួរ​​តែ​​មាន​​វិធាន​​ការ​​ក្នុង​​ការ​​ដោះ​​ស្រាយ​​លើ​​បញ្ហា​​អាជី​វ​ករ​ទាំង​​នេះ​​។

លោក​​លើក​​ឡើង​​ថា៖ ​​«ខ្ញុំ​​គិត​​ថា​​រឿង​​បែប​​នេះ​​រដ្ឋា​​ភិបាល​​គួរ​​មាន​​វិធាន​​ការ​​ហើយ​​វា​​មិន​​មែន​​ជា​​ កុំ​​ឱ្យ​​គេ​ហៅ​​ថា​​ទុក្ខ​​លំ​បាក​​របស់​​អាជី​វករ​​ទៅ​​ជា​​ឱកាស​​របស់​​មនុស្ស​​ខិល​​ខូច​​ មនុស្ស​​លោភ​​លន់​​​​»។

គួរ​បញ្ជាក់​ថា អាជីវករ​ផ្សារ​ដើមគរបាន​ប្តូរ​ទីតាំង​ទៅ​លក់​នៅ​តំបន់​ផ្សេងៗ​​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​តំបន់​ជម្ពូរ​វ័ន្ត ​និង​តំបន់​គួរ​ស្រូវ​ជា​​ដើម បន្ទាប់​ពី​ផ្សារ​ដើម​គរ​ត្រូវ​បាន​បិទ​បណ្តោះ​អាសន្ន​ដោយសារ​មានការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩៕