នាវា​ចម្បាំង​អូស្ត្រាលី​ HMAS​ Anzac​ បានចូល​សំ​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​រយៈពេល​ ៣ថ្ងៃ​ កាលពីថ្ងៃទី​១៨​​ ខែតុលា​ ឆ្នាំ២០២១​ ជាទស្សនកិច្ច​លើក​ដំបូង​ក្នុងរយៈពេល ៥ឆ្នាំ ហើយក៏ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ Indo-Pacific​ Endeavour​ 2021 ​(IPE 2021)​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​កង​ទ័ព​ជើង​ទឹ​កនៃប្រទេសទាំងពីរ។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​ បានបញ្ជាក់​នៅថ្ងៃទី​១៨​ ខែតុលា​ ឆ្នាំ២០២១​ ​ថា​នាវា​ចម្បាំង​ HMAS​ Anzac​ គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ចូល​រួម​ក្នុង​តំបន់​នៃ​នាវា​បញ្ជា​ការ​របស់​អូស្ត្រាលី​ ដែល​ហៅ​ថា​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ឬ Indo​ Pacific​ Endeavor​ នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មានបានបន្ថែម​ថា៖ «យើង​ឃើញ​មាន​កម្លាំង​ប្រតិបត្តិ​ការ​តូច​មួយ​របស់​នាវា​កង​ទ័ព​ជើង​ទឹក​អូស្ត្រាលី​​ចូល​សំចត​តាម​កំពង់ផែ​ ធ្វើ​លំហាត់​ហ្វឹកហ្វឺន​យោធា​ ផ្តល់​ជំនួយ​វេជ្ជសាស្រ្ត ​និង​មនុស្សធម៌​ ព្រម​ទាំង​ផ្លាស់​ប្តូរ​គំនិត​ថ្មីៗ​ និង​ទស្សន​​វិស័យ​នានា​ ស្តី​ពី​បញ្ហា​សន្តិសុខ​ជាមួយ​បណ្តា​ប្រទេស​ជាដៃ​គូ​របស់​អូស្ត្រាលី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​»។

យោង​តាម​ការផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ព័ត៌មាន​កង​ទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​នៅ​ថ្ងៃទី​១៨​ ខែតុលា​ ​ឧត្តមនាវីទោ ​រស់ វាសនា​ មេ​បញ្ជា​ការរង​កងទ័ព​ជើង​ទឹក​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​បានទៅ​ទទួល​ស្វាគមន៍​ភាគី​អូស្ត្រាលី​ ដែលមាននាវា​ចម្បាំង​ HMAS ​Anzac បាន​មក​សំចត​នាវេលាម៉ោង​ ៩ និង៤០នាទីព្រឹក។​

ហ្វេសប៊ុក​នៃ​ព័ត៌មាន​កងទ័ពជើងទឹក​ដដែល​ បាន​បន្ត​ថា​៖ «ឧត្តម​នាវីឯក​ អ៊ុក សីហា​ មេបញ្ជាការរង​កងទ័ពជើងទឹក​ មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​ ដឹកនាំ​នាយក​នាវី​ អញ្ជើញ​ទៅ​ចូ​លរួម​ពិធី​ប្រគល់ទទួលសម្ភារៈ​វេជ្ជសាស្រ្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩​ ដែល​ជា​អំណោយ​របស់កង​ទ័ព​ជើង​ទឹក​អូស្ត្រាលី​ តាមរយៈ​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​លោក​ឧត្តមនាវីត្រី​ Mal​ Wise ​មេ​បញ្ជាការ​នាវា​ HMAS​ Anzac​»។

គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នេះ​ នាវិក​របស់​អូស្ត្រាលី​គ្រោង​នឹង​រៀប​ចំ​​សិក្ខា​សាលា​អនឡាញ​មួ​យ​អំពី​បញ្ហាស្ត្រី​ សន្តិភាព​ និងសន្តិសុខ​ ជា​មួយ​អ្នក​តំ​ណាង​ខាង​យោធពល​ខេមរភូមិន្ទ​ផងដែរ​ ។

ជុំវិញ​ការទស្សនកិច្ចរបស់នាវាចំបាំងអូស្រ្តាលីនេះ​ លោក ​ឱក​ សេរី​សោភក្តិ៍​ អ្នក​ឯកទេស​ផ្នែក​អភិបាលកិច្ចល្អ​ បានយល់​ឃើញ​ថា​ការ​ចូលសំចត​នេះ​ជា​ការ​សាកល្បង​យុទ្ធសាស្រ្ត​នៃ​លំហ​ភូមិសាស្រ្ត​នយោបាយ​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ក្រោយ​ពេល​មាន​ការ​ចោទ​ប្រកាន់​​ថា​កងទ័ពប្រទេសចិន​លួច​សាង​សង់​មូលដ្ឋាន​ទ័ព​ខ្លួន​នៅ​មូលដ្ឋានទ័ព​រាម​។

លោក ឱក​ សេរីសោភក្តិ៍​ បានអះអាងថា​៖ «ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​ប្រទេស​លោក​ខាង​លិច​ ថា​មាន​ការ​ឱ្យ​កម្លាំង​យោធា​ចិន​ មាន​វត្តមាន​នៅ​កំពង់សោម​ នៅ​រាម​អី​ជា​ដើម​ ដូច្នេះ​ ដំណើរ​ទស្សនកិច្ច​នេះ​ អាច​នឹង​បន្ថែម​បេសកកម្ម​ដើម្បី​ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម​ ថា​ការ​ចោ​ទ​ប្រកាន់​ហ្នឹង​ វា​ពិត​ដែរ​ ឬ​ទេ?»

លោក ឱក​ សេរីសោភក្តិ៍ បាន​បន្ថែមថា​ អូស្ត្រាលី​ប្រាកដ​ជា​ប្រើ​ទស្សនកិច្ច​នេះ​ដើម្បី​ផល​ប្រយោជន៍​សម្ព័ន្ធមិត្ត​ខ្លួន​ ដែលមានភាព «ចាក់​ស្រេះ​ បេះ​មិន​ដាច់» ជាមួយ​សហរដ្ឋអាមេរិ​ក ហើយ​ចំណែក​វិស័យយោធា​វិញ​ ទីក្រុងកង់បេរ៉ាក៏​មាន​កិច្ច​ព្រម​ព្រៀង​​ធំៗ​ពីរ​ ទីមួយ​គឺ​សម្ព័ន្ធភាព​អូស្រ្តាលី​-ជប៉ុន​-អាមេរិក​-ឥណ្ឌា​ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​ចិនខា​ង​ត្បូង​ សមុទ្រ​ចិន​ខាងកើត​ និងឥណ្ឌូប៉ាស៊ីហ្វិក​។

ទីពីរនោះ​ គឺ​ការ​អូស្រ្តាលីមាន​សម្ព័ន្ធ​ភាព​យោធា​ជា​មួយ​សហរដ្ឋ​អាមេរិក ​និ​ង​ចក្រភព​អង់គ្លេស​ ដែលហៅ​កាត់​ថា​ AUKUS​។

ដោយឡែក​ លោកយង់ ពៅ​ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភាកម្ពុជា​វិញ​ បាន​លើក​ទ្បើង​ថា​ ដំណើរ​ទស្សនកិច្ច​របស់កង​នាវា​អូស្ត្រាលី​នេះ​ មិន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជុំវិញ​ការ​សង្ស័យ​មាន​ការ​សាង​សង់​មូលដ្ឋាន​ទ័ព​ចិន​នៅ​តំបន់​រាម​ឡើយ​ ផ្ទុយទៅវិញ​ ​នេះជាការ​បើក​ទូ​លាយ​ឱ្យ​មាន​ការ​ធ្វើ​ទស្សន​កិច្ច​បែប​នេះ​ ដោយ​ផ្តល់​ដំណឹង​ដល់រដ្ឋាភិបាល​កម្ពុជាជាមុន​។

លោកបាន​បន្ត​ថា​ រដ្ឋាភិបាល​​តែង​គោរព​លើ​អធិបតេយ្យ​ភាព​លើ​បណ្តា​ប្រទេស​ដទៃ ​និង​មិ​ន​ចូល​បក្សសម្ព័ន្ធ​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​កម្ពុជា​មិន​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​សាង​សង់​មូល​ដ្ឋាន​ទ័ពបរទេសណា​មួ​យ​ឡើយ​ តែ​កម្ពុជា​មាន​សិទ្ធិ​ទទួល​ជំនួយ​យោធា​ ឬ​ជំនួយ​សាង​សង់​​។

លោក យង់ ពៅ​ បញ្ជាក់​ថា​៖ «ខ្ញុំ​សាទ​រនូវ​សកម្មភាព​បែប​នេះ​ គឺ​រវាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ក៏​ដូច​ជា​ខាង​កងទ័ព​ជើង​ទឹក​របស់​កម្ពុជា​ដែល​យក​ពេល​វេលា​ ដើម្បី​ជួប​គ្នា​ ពិភាក្សា​គ្នា​ ធ្វើ​ការ​ជា​មួយ​គ្នា​ និង​បង្ហាញ​ពី​ភា​ព​ស្មោះ​ត្រង់​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំងពីរ​ និយាយ​ដោយឡែក​»។

លោកបាន​បន្ថែម​ថា៖ «និយាយ​ជារួម​ យើង​បាន​បង្ហាញ​ទៅ​កាន់​ទស្សនៈ​បស្ចឹម​ប្រទេស​ដែល​តែង​តែ​ចោទ​កម្ពុជា​ ថា​មាន​លាក់​បាំង​កង​ទ័ព​ចិន​អី​ជា​ដើម​នៅ​ទីនោះ​ ដូច្នេះ​តាម​រយៈ​ស្ថាន​ទូត​អូស្ត្រាលី​ តាម​រយៈ​នាវា​ជើង​ទឹក​របស់​អូស្ត្រាលី​ដែល​បាន​ចូល​ចត​នៅ​កំពង់​ផែ​នោះ​ បាន​បញ្ជាក់​ច្បាស់​ហើយ​ នេះ​ជា​បំណង​ល្អ​មួយ​ដែល​ខ្ញុំ​សា​ទរ​»៕