ក្រ​សួង​សុ​ខា​ភិ​បាល​​​ប្រកាស​ចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២​ដល់កុមារអាយុ​៥ឆ្នាំ​ នៅទូទាំង​ប្រទេស ខណៈ​អាណាព្យាបាល​មួយ​ចំនួន​​ស្វាគមន៍​ឲ្យ​កូន​ចាក់ និង​មួយ​ចំនួន​នៅ​ស្ទាក់ស្ទើរ។

ក្នុង​​សេច​ក្តី​​ជូន​​ព័ត៌​មាន​​របស់​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​​ប្រទេស (គ.វ.ក-១៩) ចេញកាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២១​បញ្ជាក់​​​ថា​ គ.វ.ក-១៩ នឹង​ផ្តល់​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ដូស​ទី១ និង​ដូ​ស​ទី២ ដោយ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ស៊ី​ណូ​វ៉ាក់ ជូន​ដល់​កុមារ​​​​អាយុ​៥ឆ្នាំ នៅ​រាជ​ធានី-ខេត្ត​ទាំង​២៥។  យុទ្ធនាការ​នេះ​នឹង​​ចាប់​ផ្តើម​​​ពីថ្ងៃ​ទី​០១ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ដែល​គម្លាត​រវាង​ដូសទី១ និងដូស​ទី២ គឺ២៨ថ្ងៃ។

ចំពោះគ្រប់​កុមារ​ដែល​មាន​អាយុ​៥ឆ្នាំ​ដែល​ត្រូវ​ទៅ​ចាក់​វ៉ា​ក់សាំង​កូវីដ-១៩ ត្រូវភ្ជាប់​មក​ជាមួយ​ ឯកសារ​​មួយ​​ចំនួន​​ដូចជា សំបុត្រ​កំណើត ឬសំបុត្រ​បញ្ជាក់​កំណើត​​​ ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​​ស្នាក់​​នៅ​ ឬ​លិខិត​​ឆ្លង​ដែន និង​បណ្ណ​​សំគាល់​​ខ្លួន​មន្ត្រី​​រាជ​ការ ឬ​ប​ណ្ណ​​សំគាល់​​មន្ត្រី​ជាប់​កិច្ច​សន្យា​របស់​​ឪពុក​​ម្តាយ (ចំពោះ​​កូន​ចៅ​​មន្ត្រី​​រាជការ​​ថ្នាក់​ជាតិ)​។

ក្រោយ​​​ពី​ការបើក​យុទ្ធ​ការ​ចាក់​វ៉ាក់​សាំងកូវីដ-១៩ ដល់កុមារដែលមានអាយុ៥ឆ្នាំ ក្នុង​ថ្ងៃ​ដំបូង​គេ​ឃើញ​មាន​​ឪពុកម្តាយមួយចំនួន​បាន​នាំ​កូន​ៗរបស់​​ទៅ​ទទួល​ការ​ចាក់​វ៉ាក់​សាំងកូវីដ-១៩​ ហើយ​ក៏​មានការបញ្ចេញមតិ​របស់ឪពុកម្តាយកុមារដែលមានអាយុ៥ឆ្នាំ ទៅលើការ​​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ នេះផងដែរ។

លោក ធឹប វិបុល បាននាំកូនទៅទទួល​ការ​ចាក់​វ៉ាក់​សាំងកូវីដ-១៩ រួចរាល់ហើយ​កាល​ពី​ព្រឹ​កថ្ងៃ​ច័ន្ទនេះបាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្ត​ដែលកូនបាន​​ចាក់​វ៉ាក់​សាំងរួចព្រោះ​ក្មេងៗ​ត្រូវ​ទៅ​សាលា​រៀន ហើយ​ពួកគេនៅតូចមិនសូវជាអនុវត្តវិធានការសុខា​ភិបាល​បានពេញលេញទេ ពេលបាន​​ចាក់​វ៉ាក់​សាំងហើយខ្ញុំមានទំនុក​ចិត្ត​ឲ្យ​កូន​ទៅរៀននៅសាលាវិញ»។​​​​

អ្នកស្រី ស៊ឹម ចាន់ដាវី បានលើកឡើងថា៖ «ខ្ញុំមានគម្រោងយកកូនទៅចាក់វ៉ាក់សាំងដែរ ក៏​ប៉ុន្តែ​ប្រហែល​ជា​ចាំដល់ជុំទីពីរសិន ព្រោះឥឡូវគាត់នៅខ្វះ២-៣ខែទៀត ទើបគ្រប់អាយុ ៥ឆ្នាំគត់»។ ទន្ទឹមនឹងនេះ អ្នកស្រីបានបញ្ជាក់ថា អ្នកស្រី និង​ក្រុមគ្រួសារ​សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំ​ង​ការពារ​ជំងឺកូវីដ-១៩​រួចមកហើយ ដូចនេះអ្នកស្រីចង់​ឲ្យ​កូន​អ្នកស្រីបានចាក់ដើម្បី​ការពារសុខភាព​ខ្លួន​គាត់​​ ​និង​អ្នកនៅជុំវិញខ្លួន។

សម្រាប់​អ្នកស្រី ផល្លា បាន​​បង្ហាញ​ការ​ស្ទាក់​ស្ទើ​ដោយសារ​កូន​ត្រូវ​ចាក់​វ៉ាក់​សាំង​ស៊ីណូវ៉ាក់។

អ្នកស្រី​និយាយ​ថា៖ «មិនចង់ឲ្យកូនចាក់​វ៉ាក់សាំងស៊ីណូវ៉ាក់ទេ បើសិនជា​នៅ​មន្ទីរពេទ្យ​ឯកជន​មាន​វ៉ាក់សាំង​សម្រាប់ក្មេង ខ្ញុំយកទៅចាក់នៅខាងឯកជនវិញ តែប្រសិនបើអត់មាន​ទេ​មាន​តែនាំកូន​ចាក់​របស់​រដ្ឋនឹងហើយ» ។

អ្នកស្រី​​បន្ថែម​ថា កូន​របស់​អ្នកស្រី​ត្រូវចូលរៀននៅសាលានា​ថ្ងៃអង្គារនេះ ដូច្នេះ​អ្នកស្រី​​​បារម្ភ​ ដោយសារ​​មិន​​ទាន់​បាន​ចាក់​វ៉ាក់​សាំង។

អ្នកស្រី​បញ្ជាក់ថា៖​ «តែទោះបីជា​ចាក់​ហើយ​ក៏​មិន​សូវ​មាន​ទំនុក​ចិត្ត​ដែរ ដោយសារ​ទើបតែ​ចាក់​ភ្លាមៗ​អ៊ីចឹង វ៉ាក់សាំងមិនទាន់ដុះ​អង់ទីគ័រដែរ»។

គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១  ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង​ក្របខណ្ឌស​រុប​ទូទាំង​ប្រទេស​ ​ចំពោះ​កុមារ​អាយុ ៦ ឆ្នាំដល់ ១១ ឆ្នាំសរុបចំនួន ១,៩២០,៥៩៩ និង​ការចាក់វ៉ាក់​សាំង​ជូន​យុវវ័យ​អាយុ ១២ឆ្នាំដល់ ១៧ឆ្នាំសរុបចំនួន ១,៧៨៨,៨០២៕