កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​លើកឡើង​អំពី​គម្រោង​នៃ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​៤ ដោយ​អះអាងថា ការចាក់វ៉ាក់សាំងដូសទី៤ គឺ​​អាស្រ័យ​​លើ​ការវិវត្ត​របស់​ពិភព​លោក និងការវិវត្តនៃមេរោគកូវីដ-១៩ ហើយ​គូប​ផ្សំ​ជាមួយ​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ផងដែរ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ស្ថានភាព​តម្រូវ គឺ​ត្រូវ​តែ​ចាក់ខាន​មិន​បាន​។

Newsroom Cambodia នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកានេះ បាន​​សម្ភាសន៍​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៦រូប​​ ដែល​ជា​អ្ន​ក​បាន​ចាក់​វ៉ាក់​ការពារ​ជំងឺ​កូវី​ដ១៩ដូសទី៣ ឬដូសជំរុញរួចរាល់ ពី​ទស្សន:យល់​ឃើញ​​​​របស់​ពួកគេ​​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី៤ និង​​ការ​យល់​ឃើញ​លើ​ករណី​​​តម្រូវ​ឲ្យ​បង់​លុយ​​សម្រាប់​​ការ​ចាក់​​ដូស​​ទី​៤​ ​ដែល​​អាច​នឹង​កើ​តមាន​ឡើង​នា​ពេល​អនាគត​។

លោក លីវ លីម៉ីង អ្នក​ផលិត​ព័ត៌មាន​យុវជន​ក្នុងស្ថាប័ន​ឯកជន​មួយ បាននិយាយថា៖ «មែនទែន​ទៅ​​បើមាន​ដូស​ទី៤​មែន​គឺល្អ ដូចយើងឃើញអ៊ីចឹងថាលទ្ធផលពិសោធន៍ FDA (Food and Drug Administration) របស់អាមេរិកក៏បានបង្ហាញដែរថា វ៉ាក់សាំងហ្នឹងវាមានប្រសិទ្ធភាព និងសុពលភាពរបស់វា អ៊ីចឹងហើយបើសិនជាយើងចាក់តាមកាលបរិច្ឆេទដែលបានកំណត់ ឧទាហរណ៍ថា ៦-៧ខែចាក់ម្ដង នោះវានឹងអាចបន្តបង្កើតអង្គបដិប្រាណការពារយើងបានល្អ ជាងដែរយើងអត់ចាក់»។

ក្នុង​ករណី​ដែល​ការ​ចាក់​ដូស​ទី​៤​នោះ​តម្រូវ​ឲ្យ​មានការ​បង់​លុយ​ដោយ​ខ្លួនឯង អ្នក​ផលិត​ព័ត៌មាន​រូបនេះ​​បាន​ឆ្លើយ​​ថា៖ «ប្រសិនបើ​វ៉ាក់សាំង​នោះ​តម្រូវ​ឲ្យ​ចំណាយ​ផ្ទាល់​ខ្លួន​ហើយ​មាន​តម្លៃ​ចាប់ពី ១០-១៥ ដុល្លារ ខ្ញុំគិតថាប្រជាជនយើងអាចនឹងមានលទ្ធភាពចាក់ច្រើន ហើយ​ខ្ញុំ​ផ្ទាល់​ប្រសិន​បើ​វ៉ាក់សាំង​នោះមា​ន​​តម្លៃ​ក្រោម ៥០ដុល្លារ ខ្ញុំគិត​ថា​វា​សមរម្យ​អាច​ទទួល​យក​បាន​ហើយ សម្រាប់ការចំណាយទៅលើវ៉ាក់សាំងហ្នឹង»។

អ្នកនាង កង សុជាតា អាយុ​២៩​ឆ្នាំ​ ​ជាគ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា នៅ​វិទ្យាល័យ​ជាស៊ីម​ចម្រើន​​រដ្ឋ លើកឡើង​ថា អ្នកនាង​នឹង​ចាក់​វ៉ាក់សាំងដូស​ទី​៤ ប្រសិន​បើ​មាន​ផល​រំខាន​តិច​តួច។

អ្នកនាង​និយាយ​​ថា៖ «សម្រាប់ខ្ញុំចាំមើលសិន ថាតើ​ដូស​ទី៤​នោះជា​ប្រភេទ​វ៉ាក់សាំង​អ្វី​មក​ពី​ប្រទេស​ណា ហើយថ្នាំមានការធ្វើទុក្ខដែរឬទេ។ បើវ៉ាក់សាំង​នោះមាន​ផល​រំខាន​តិចតួច​ដែល​អាច​ទទួល​យក​បាន គឺខ្ញុំនឹងចាក់ដែរ។​ កាលចាក់​លើកដំបូងពេទ្យពិនិត្យសម្ពាធឈាម  និ​ង​សួរអំពី​ស្ថានភា​ព​សុខ​ភាព តែសង្កេត​ឃើញថាចា​ក់លើ​ក​ទី២ និង​ទី៣​ក្រោយ​នេះ ហាក់បី​ដូចជា​មិន​សូវ​មាន​ការយក​ចិត្ត​ទុក​ដាក់​ពីសំណាក់​ក្រុម​គ្រូពេទ្យ​ឡើយ ទៅដល់​ចាក់​តែ​ម្តង​មិន​សួរ​អី​ច្រើន​ទេ»។

អ្នកនាង​បង្ហាញ​ការ​យល់​ឃើញ​​ក្នុង​ករណី​តម្រូវ​ឲ្យ​មានការ​បង់​លុយ​សម្រាប់​ការ​ចាក់​​​វ៉ាក់​សាំង​ដូស​ទី​៤​នោះ​ថា៖ «សម្រាប់​ខ្ញុំ​មិនមែន​ជា​បញ្ហា​ទេ ព្រោះវាអាចការពារសុខភាពរបស់យើង។ ប៉ុន្តែ​​ការចំណាយ​នោះនឹ​ង​ប្រៀប​ធៀប​ជាមួយ​នឹង​ប្រសិទ្ធភាព​នៃថ្នាំ និង​ព័ត៌មាន​ជាក់លាក់​អំពី​ការចាក់ដូស​ទីបួន​សិន ថា​វា​នឹង​អាច​ប៉ះពាល់​ប្រការ​ណាទេ ប្រសិនបើ​ហេតុផល​សមស្រប​អាច​ទទួល​យក​បាន ខ្ញុំនឹងចំណាយ»។

លោក​ ម៉ែន​ វេហាស៍​ អាយុ​ ២១​ ឆ្នាំ​ ជាអ្នក​រចនា​ក្រាហ្វិក​ នៅ​ក្រុមហ៊ុន​ឯកជនមួយ បាន​បង្ហាញ​​ការស្វាគមន៍​របស់​ខ្លួន​ចំពោះ​ការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៤ ឬដូសរំឭក។

លោក វេហាស៍ បាននិយាយថា «ចំពោះខ្ញុំ ខ្ញុំគិតថាបើមានដូសទី៤មែន ល្អតើ! ព្រោះ​ដូច​យើង​ដឹង​អ៊ីចឹង​ថា ប្រសិទ្ធភាពវ៉ាក់សាំងមិនអាចស្ថិតស្ថេរគង់វង្សយូរអង្វែងទេ គឺ​វា​មាន​សុពល​ភាព​របស់​វា។ ហើយ​តាម​ដែលខ្ញុំធ្លាប់ឮ គឺប្រហែលជាយើងត្រូវចាក់រហូតហ្នឹង ព្រោះ​ដើម្បី​ឲ្យ​រាង​កាយ​​យើង​មានអង់ទីគ័រ​ការពារ»។  

អ្នក​រចនា​ក្រាហ្វិករូបនេះ​ក៏បាន​បញ្ជាក់​លើ​ករណី​ដែល​អាច​តម្រូវ​ឲ្យ​មានការ​បង់​លុយ​ថា៖ «ទោះ​បី​វា [វ៉ាក់សាំង] មានតម្លៃប៉ុនណាក៏ដោយក៏ខ្ញុំចាក់ដែរ ដើម្បីសុខភាព និងសុវត្ថិភាព»។

កញ្ញា ម៉ៅ ស្រីពេជ្រ អាយុ​២០​ឆ្នាំ ជា​អ្នក​ហាត់​ការ​សារព័ត៌មាន​នៅវិទ្យុ​វីអូឌី (VOD) យល់​ថា ​វ៉ាក់​សាំង​​​៣​ដូស គឺគ្រប់គ្រាន់ហើយ ព្រោះកញ្ញាក៏មានការប្រុងប្រយ័ត្នខ្ពស់ណាស់ដែរ។

អ្នក​ហាត់​ការរូប​នេះ​បាន​និយាយ​ថា៖ «តែប្រសិនបើការចាក់វ៉ាក់សាំងដូសទី៤ គឺជាកាតព្វកិច្ច ខ្ញុំ​នឹង​បំពេញ​កាតព្វកិច្ច​នោះ»។

កញ្ញា ស្រីពេជ្រ បានបន្ថែមទៀតថា៖ «ប្រសិនបើ​រដ្ឋាភិបាល​តម្រូ​វ​ឱ្យ​ប្រើប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចាក់ ខ្ញុំប្រហែលជាមិនចំណាយទេ ណាមួយ​ប្រជាជន​យើង​មាន​ភាព​សាំ​ក្នុង​សហគមន៍​ច្រើន​ដែរ​ហើយ។ ម្យ៉ាងវិញទៀត ឥលូវប្រទេសយើងក៏បើកដំណើរការគ្រប់វិស័យដែរ ហើយ​សម្រាប់​អ្នក​កើត​ជំងឺ​កូវី​ដ​១៩ ក៏អាចស្នើរសុំព្យាបាលនៅតាមផ្ទះបានផងដែរ ជំងឺ​នេះមិ​ន​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​ពី​មុន​ទេ»។

លោក ម៉េង គីមសួគ៌ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ មកពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បាននិយាយប្រាប់ Newsroom Cambodia ថា៖ «ខ្ញុំនឹងចាក់វ៉ាក់សាំងដូចគេដូចឯងដែរ ព្រោះ​វា​ល្អ​តើ អាចការពារសុខភាពយើង និងមនុស្សនៅជុំវិញខ្លួនផងដែរ។ ទោះបី​វ៉ាក់សាំង​នោះមាន​តម្លៃ​ប៉ុន្មាន​ក៏ដោយ ក៏ខ្ញុំនឹងចាក់ដែរ ព្រោះ​សុខភាព និង​អាយុ​ជីវិត​សំខាន់​ណាស់»។

កញ្ញា វង្ស លីលី ជានិស្សិតឆ្នាំទីមួយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់មកកាន់ Newsroom Cambodia ថាកញ្ញានឹងមិនចាក់ដូសទីបួនទេ ប្រសិនបើស្ថានការណ៍ល្អប្រសើរ ឬមានករណីឆ្លងតិចតួចដូចសព្វថ្ងៃនេះ។

កញ្ញា លីលី បាននិយាយថា៖ «ចំពោះខ្ញុំ ដូសទី៣គឺគ្រប់គ្រាន់ហើយ ណាមួយខ្ញុំ និង​ក្រុមគ្រួសារ​មិនមា​ន​នរណាធ្លាប់​កើត​ជំងឺ​កូវីដ​១៩​នេះ​ទេ។ មួយវិញទៀត អ្នកផ្ទះ​របស់​ខ្ញុំ​ក៏​មិន​សូវ​ជា​ជួប​មនុស្ស​ប្លែក​មុខដែរ ដូចនេះវាមិនមែនជាបញ្ហាប្រឈមប៉ុន្មានទេសម្រាប់គ្រួសារខ្ញុំ។ តែបើ​ថ្ងៃ​អនាគ​ត​ជំងឺ​នេះមិនបាត់ ហើយកាន់តែកាចសាហាវខ្លាំងជាងមុនទៀត គឺយើង​ត្រូវ​តែ​ចាំបាច់​ចាក់​ដូស​ទីបួន​ហើយ។ ចូលស្ទឹងតាមបត់ហើយ»៕