កម្ពុជា​នឹង​រៀប​ចំការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​ខាង​មុខ ដោយមិន​​ទាន់​ឃើញ​មាន​​​វត្ត​មាន​របស់​គណបក្ស​ប្រឆាំង​លេច​ធ្លោ​ណាមួយ​ដើម្បី​មក​ប្រកួត​ប្រជែង​គណបក្សកាន់​អំណាច​នៅ​ឡើយ។ ការណ៍​ដែល​​​មិន​មាន​គណបក្ស​ប្រឆាំង​លេច​​ធ្លោ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច គឺ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​ គឺ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​​រំលាយ​កាល​ពី​ចុង​ឆ្នាំ​២០១៧​មក។

​លោក​ កន​ សា​វាង្ស​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៅ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ខុម​ហ្វ្រែល​​ បាន​ផ្តល់​សម្ភាសន៍​ដល់​សិក្ខាកាម​ Newsroom Cambodia ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ឃុំ​-សង្កាត់​ នា​ពេល​ខាង​មុខ​នេះ​។

សំភាស់៖ ជម្រាប​សួរ​លោក កន សាវាង្ស!

សាវាង្ស៖ បាទ! ជម្រាបសួរ។

សំភាស់៖ ជាដំបូ​ង​នាង​ខ្ញុំ​សូម​សួរ​ថា តើ​លោ​ក​យល់​យ៉ាង​ណា​ចំ​ពោះ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ ឃុំ-សង្កាត់​ ឆ្នាំ​២០២២ នា​ពេល​ខាង​មុខ​នេះ​?

សាវាង្ស៖ ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ ឃុំ​-សង្កាត់​ ឆ្នាំ​២០២២​ ហ្នឹងយើង​ពិនិត្យ​មើល​ឥ​ឡូវ​នេះ​មិន​ទាន់​មាន​ការវាយ​តម្លៃ​យ៉ាង​ណា​បាន​នៅ​ឡើយ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ជា​ទូ​ទៅ​យើង​ឃើញ​មាន​ទិដ្ឋ​ភាព​ពីរ​ដែល​​សំខាន់​ជាង​គេ​ក្នុង​ចំ​ណោម​ទិដ្ឋ​ភាព​ផ្សេងៗ​។ ទី​មួយ​ពាក់​ព័ន្ធ​​នឹង​បរិយាកាស​នយោបាយ​ បរិយាកាស​នយោបាយ​នេះ​ជា​រឿង​សំខាន់​ណាស់ បើ​សិន​ជា​បរិយាកាស​នយោបាយ​វា​មិន​បាន​ផ្តល់​​​ភាព​ល្អ​ទេ​វា​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ក្នុង​ការ​បោះ​ឆ្នោត​ដែរ ​ជា​ពិសេស​តាម​​រយៈ​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​។

បរិយាកាស​នយោបាយ​នេះ​យើង​ឃើញ​ថា​ថ្មី​ៗ​នេះ​មាន​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ មាន​ការ​បដិសេធ​ការ​ចុះ​បញ្ជី រួម​ទាំង​ការ​គំរាម​កំហែង​ដល់​សកម្ម​ជន​អតីត​​គណបក្ស​ប្រឆាំង​អី​ថែម​ទៀត​ អ៊ីចឹង​​ចំណុច​ទាំង​អស់​នេះ​ រួម​ទាំង​នៅ​មូលដ្ឋាន​ខ្លះ​ក៏​មិន​ជា​គេ​ហៅ​ថា​សេរី​ក្នុង​ការ​ជួប​ជុំ​អី​ប៉ុន្មាន​ដែរ។​ អ៊ី​ចឹង​កន្លែង​នេះ​គឺ​ជា​បរិយាកាស​មួយ​ដែល​រដ្ឋា​ភិបាល​ត្រូវ​តែ​ពិនិត្យ​ ឬ​ត្រូវ​តែ​មើល។​

ហើយ​រឿង​មួយ​ទៀត​គឺ​ពាក់​ព័ន្ធ​នឹង​ច្បាប់​ដែល​ខ្ញុំ​មើល​​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​ទាន់​មាន​ឃើញ​សញ្ញាណ​ណា​មួយ​សម្រាប់​ការ​ធ្វើ​វិសោធនកម្ម ​​ឬ​ក៏​ការ​កែ​ប្រែ​ច្បាប់​​ដែ​ល​ទាក់​​ទង​នឹង​ច្បាប់​បោះ​ឆ្នោត​​ ឬ​ក៏​ច្បាប់​គណបក្ស​នយោបាយ​ គឺ​ថា​មិន​ទាន់​បាន​មាន​ការ​កែ​សម្រួល​នៅ​ឡើយ​ទេ​​ តែ​ច្បាប់​នេះ​វា​មិន​ទាន់​បាន​គោរព​ទៅ​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទេ​ វា​ជា​រឿង​មួយ​ដែល​សំខាន់​ដែល​ខ្ញុំ​មើល​ឃើញ​ ហេតុ​ផល​ដែល​វា​អាច​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ឃុំ​-សង្កាត់​ ខាង​មុខនេះ​​។

សំភាស់៖ តើរហូត​មក​ដល់​ពេល​នេះ​មាន​ប្រជា​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោតចំនួន​​ប៉ុន្មាន​​ដែរ?

សាវាង្ស៖ ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​មក​ដល់ថ្ងៃ​នេះ​ ​ថ្ងៃ​ទី​​២៦​ [ខែ​វិច្ឆិកា ឆ្នាំ​២០២១] អ្វី​ដែល​ជា​លទ្ធផល​​របស់​ស្ថាប័ន​ គ.ជ.ប​ [គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត] រយៈពេល​៤២​ថ្ងៃ​នេះ​គឺ​មាន​អ្នក​ចុះ​ឈ្មោះ​សរុប​ហ្នឹង​គឺ​ប្រាំ​បួន​លាន​នាក់ជាង​ហើយ ដែល​នៅ​ក្នុង​បញ្ជី​ឈ្មោះ​មាន​ចំ​នួន​ប្រាំ​បួន​លាន​នាក់​ជាង​ស្មើ​នឹង​៩៧%​ បើ​និយាយ​ពី​អ្នក​ថ្មី​វិញ​គឺ​ថា​​មាន​សែ​សិប​មួយ​ម៉ឺន​នាក់​ អ៊ីចឹង​តួរ​លេខ​នេះ​វា​ជា​តួរ​លេខ​មួយ​ដែល​បង្ហាញអំពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​​​​២០២១​នេះ​។

សំភាស់៖ ​នៅ​ពេល​ដែល​មិន​មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ចូល​រួម​ការ​បោះ​ឆ្នោត​ ដោយ​សារ​ត្រូវ​បាន​​រំលាយ​កាល​ពីចុង​ឆ្នាំ​២០១៧​ តើលោក​យល់​ឃើញ​យ៉ាង​ណា​ចំ​ពោះ​​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​?

សាវាង្ស៖ ខ្ញុំ​មើ​ល​ឃើញ​ថា​បញ្ហា​នៅ​ខាង​មុខ​វា​នៅ​តែ​ជៀស​មិន​ផុតអំ​​ពី​វិបត្តិ​នៃ​នយោបាយ​ ការ​ខ្វែង​គំនិត​គ្នា​ ការ​លើក​ឡើង​ពី​បញ្ហា​ផ្សេង​ៗ​ទេ​ មាន​ន័យ​ថា​វិបត្តិ​នៃ​នយោបាយ​ហ្នឹង​ដូច​អាច​ដឹង​ស្រាប់​ហើយ​ថ្នាក់​ដឹក​នាំ​អី​ជា​ដើម​ តែង​តែ​លើក​យក​​ពី​បញ្ហា​ទាក់​ទង​ជា​មួយ​នឹងរឿង​ការ​កម្ទេច​ការ​អី​ហ្នឹង​ ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​វា​មាន​បញ្ហា​មិន​សូវ​ជា​រីក​រាយ​ក្នុង​ការ​ចូល​រួម​ទេ។​​ នេះ​បរិយាកាស​មួយ​ដែល​មិន​ល្អ​សម្រាប់​ដំ​ណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​​តាំង​ពី​ហ្នឹង​មក​ដល់ពេល​នេះ​។

ហើយ​ទី​ពីរ​​យើង​មើល​ឃើញ​ថា​គណ​បក្ស​ហ្នឹង​បាន​រំលាយ​បាត់​ទៅ​ហើយ​ ហើយ​មែន​ទែន​មក​ដល់​ថ្ងៃ​នេះ​មិន​ទាន់​មាន​ឃើញ​សញ្ញាណ​​ណា​មួយ​ដែល​សម្រេច​ការ​ដោះ​ស្រាយ​គ្នា​ ឬ​ក៏​ការ​វិល​ត្រឡប់​មក​វិញ​របស់​គណបក្ស​ប្រឆាំង​ដែរ​ រួម​ទាំង​នៅ​ក្នុង​ដៃ​តុលាការ​ជា​ពិសេស​ទាក់​ទង​ជា​មួយ​នឹង​រឿង​ប្រធាន​គណបក្ស​ប្រឆាំង​ហ្នឹង​គឹ​ថា​មិន​ទាន់​បាន​កាត់​ក្តី​​ ឬ​ក៏​មិន​ទាន់​បាន​យុត្តិធម៌​អី​ទេ​ ជា​រឿង​មួយ​ដែល​យើង​មើល​ឃើញ។​​

ហើយ​ចំណុច​ទាំង​អស់​នេះ​វា​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​កើត​ទៅ​ជា​បញ្ហា​ដែរ​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ គឺថា​​វា​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​អតីត​គណបក្ស​ប្រឆាំង​ហ្នឹង​ ឬ​​ក៏​អ្នក​ដែល​ស្រឡាញ់​លទ្ធិ​ប្រជា​ធិបតេយ្យ​ហ្នឹង​គាត់​អាច​មាន​ការ​នឿយ​ណាយ​នឹង​អាច​ថា​មិន​សូវ​ជា​ខ្វាយ​ខ្វល់​រឿ​ង​បោះ​ឆ្នោត​នោះ​បន្ថែម​​ទៀត​ក៏​ថា​បាន​ ដោយ​សារ​តែ​ការ​ពិនិត្យ​មើល​ទៅ​​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ទទួល​ឆន្ទៈនេះ​គឺថា​​អត់​​បាន​ជំ​នឿ​សម្រាប់​ពួក​គាត់​។

សំភាស់៖ ជា​ទូ​ទៅ​ តើ​លោក​គិត​ថា​​ស្ថាន​ភាព​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​​ជា​រៀង​រាល់​អាណត្តិ​មាន​រូបភាព​ ឬ​ស្ថាន​ភាព​បែប​ណា​ដែរ​?

សាវាង្ស៖ សម្រាប់​ខ្ញុំ​តែង​មើ​ល​ឃើញ​ថា​ស្ថាន​ភាព​មាន​ពីរ​ទាក់​ទងនឹង​ការ​បោះ​ឆ្នោ​ត​គឺ​​មុន​ហើយ​នឹង​ក្រោយ ទាក់​ទង​និង​មុនពេល​បោះ​ឆ្នោត​​ហ្នឹង​អ្នក​នយោបាយ​តែង​តែ​មាន​ជម្លោះ​គ្នា​ ដៀម​ដាមឌឺ​ដង​ដាក់​គ្នា​ចឹង​ទៅ​ ហើយ​ពេល​ខ្លះ​ក៏​មាន​ការ​កើត​​រហូត​ដល់​ការ​គំ​រាម​កំហែង​ទៅ​ដល់​អ្នក​គាំ​ទ្រ​ អាច​នឹង​ពេល​ខ្លះ​ក៏​មាន​ការ​លើក​យក​ហេតុ​ផល​ផ្សេង​ៗ ដើម្បី​​ឲ្យ​មាន​ជា​របួស​ស្នាម​​ដែល​គិត​ថា​មិន​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត។​

ហើយ​រឿង​ដែល​សម្បូរ​ជាង​គេ​ហ្នឹង​គឺ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ ​ឬ​ក៏​​ប្រជា​ពលរដ្ឋ​ដែល​​​ ជួន​កាលវា​ខុស​ពី​ការ​គាំ​ទ្រ​នៃ​​គណបក្ស​ខ្លួន​ហ្នឹង​គឺ​ថា​តែង​តែ​ប្រើ​ពាក្យ​ដៀម​ដាម​ទៅ​ ពាក្យ​បំភ័យ​ទៅ​ ហ្នឹង​គឺ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​រ​បារម្មណ៍​ខ្លាំង​ ហើយ​ក៏​វា​អាច​ជះ​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត​ផង​ដែរ​ ហើយ​សម្រាប់​ស្ថាន​ភាព​ក្រោយ​ពេល​បោះ​ឆ្នោត​​វិញ​តែង​តែ​មាន​ការ​តវ៉ា​ តែង​តែ​មាន​ការ​មិន​សុខ​ចិត្ត​គ្នា​ ដោយ​លើក​ឡើង​ថា​លទ្ធផល​ហ្នឹង​វា​មិន​ត្រឹម​ត្រូវ​ លទ្ធ​ផល​វា​មិន​ស្រប​ច្បាប់​ក៏​មាន​ការ​ចោទ​ប្រកាន់​ថា​លួច​​​បន្លំ​អ៊ី​ចឹង​ទៅ។​

ហ្នឹង​គឺ​ជា​ហេតុ​ផល​មួយ​ដែល​កើត​មុន​ហើយ​នឹង​ក្រោយ​ការ​បោះ​ឆ្នោត​​​ ដែលយើង​តែង​តែ​មាន​ជា​រៀង​រាល់​អាណត្តិ​ លើក​លែង​តែ​អាណត្តិ​នៅ​ក្នុង​ឆ្នាំ​២០១៧​មួយ​ទេ​ដែល​យើង​មើល​ឃើញ​ថា​ស្ថាន​ភាព​នៃ​ការ​តវ៉ា​ក្រោយ​ការ​បោះ​ឆ្នោត​ហាក់​ដូច​ជា​មិន​សូវ​មាន​ការ​តវ៉ា​ទៅ​លើ​លទ្ធផល​ទេ​ ព្រោះ​ថា​លទ្ធផល​ក៏​មិន​មាន​ការ​តវ៉ា​ធំ​ដុំ​ណា​មួយ​ដែល​កើត​ចេញ​ពី​គណបក្ស​នយោបាយ​ទេ​ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​មើល​ឃើញ​។

សំភាស់៖ តើ​លោក​យល់​យ៉ាង​ណា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ការបោះ​ឆ្នោត​ខាង​មុខ​នេះ​នឹង​មាន​ភាព​ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌​ទៅ​តាម​លក្ខ​ខណ្ឌ​ច្បាប់​?

សាវាង្ស៖ ប្រសិន​បើ​មាន​ការ​លើ​ក​ឡើង​បែប​នេះ​ វា​ជា​ការ​លើក​ឡើង​របស់​តែ​​គណបក្ស​នយោបាយ​​ ធម្មតា​ការ​វាយ​តម្លៃ​ទៅ​លើ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ថា​ល្អ​ត្រឹម​ត្រូវ​​ណា​មួយ​ វា​ទាល់​តែ​ពឹង​ផ្អែក​ទៅ​លើ​មូល​ដ្ឋាន​​ឬ​ផ្តោត​លើ​គោល​ការណ៍​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុត្តិ​ធម៌​ហើយ​យក​មក​ធ្វើ​ការ​ពិនិត្យ​អា​ហ្នឹង​បាន​យើង​អាច​ធ្វើ​ការ​វាយ​តម្លៃ​បាន​។

សំភាស់៖ តើ​លោក​គិត​ថា​ការ​បោះ​ឆ្នោត​នេះ​នឹង​មាន​ភាព​សេរី​ និង​យុត្តិ​ធម៌​ទេ? ​ហេតុអ្វី​?​

សាវាង្ស៖ សម្រាប់​ខ្ញុំ​មិន​អាច​នឹង​ធ្វើ​ការ​វាយ​តម្លៃ​អី​បាន​ទេ​។​ ដោយ​សារ​តែ​ទី​មួយ​ ដើម្បី​អាច​និយាយ​ថា​វា​សេរី​ ឬ​យុត្តធម៌​បាន​ទាល់​តែ​ធ្វើ​ការ​វាយ​តម្លៃ​ ហើយ​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​បាន​ធ្វើ​ការ​​វាយ​តម្លៃ​ទៅ​លើ​ដំណើរ​ការ​ហ្នឹង​ទេ​ យើង​នឹង​ធ្វើ​ការ​វាយ​តម្លៃ​រយៈ​ពេល​បី​ខែ​មុន​ការ​បោះ​ឆ្នោត​​មុន​ការ​បោះ​ឆ្នោត​មួយ​សម្រាប់​ទៅ​លើ​ការ​បោះ​ឆ្នោត​ហ្នឹង​ អ៊ីចឹង​ខណៈ​ពេល​នេះ​គឺ​ថា​យើង​មិន​ទាន់​បាន​វាយ​តម្លៃ​ទេ​ ប៉ុន្តែ​យើង​មើល​ឃើ​ញ​ស្ថាន​ភាព​ហាក់​ដូច​ជា​មិន​សូវ​ជា​ល្អ​សម្រាប់​បរិយាកាស​ក្នុង​ការ​ចូល​រួម​ទេ​ ជា​ពិសេស​ទាក់​ទង​រឿង​ការ​ព្រួយ​បារម្ភ​ ឬ​ការ​ភិត​ភ័យ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ទាក់​ទង​ដូច​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ជា​ដើម​ចឹង​។

សំភាស់៖ តើ​លោក​គិត​ថា​ពេល​បោះ​ឆ្នោត​ហើយ​អាច​នឹង​មាន​បញ្ហា​អ្វី​កើត​ឡើង​ដែរ​ទេ?

សាវាង្ស៖ សម្រាប់​ពេល​បោះ​ឆ្នោត​ខាង​មុខ​អាច​នឹង​មាន​បញ្ហា​កើត​ឡើង​ដែរ​ មើល​ស្ថាន​ភាព​នេះ​ខ្ញុំ​យល់ថា​អាច​នឹង​មាន​ការ​គំរាម​កំហែង ​ឬ​ការ​ភិត​ភ័យ​ទៅ​ដល់​អ្នក​បោះ​ឆ្នោត​​អាច​នឹង​មាន​ការ​កើត​ឡើង​ ជា​ពិសេសអតីត​​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង ​ឬ​គណ​បក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​តែ​ម្តង​ អាច​នឹង​មាន​ការ​ភិត​ភ័យ​ឬ​ក៏​អាច​មាន​ការ​​ព្រួយ​បារម្ភ​ដែរ​ រួម​ទាំង​គណបក្ស​ផ្សេងៗ​ទៀត​ដែល​យល់​ឃើញ​ថា​ជា​មែក​ធាង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អី​ជា​ដើម​អញ្ចឹង​ អាច​នឹង​មាន​​​​ការ​ព្រួយ​បារម្ភ​ដែរ​ ឬ​ក៏​អាច​នឹង​កើត​​ការ​តវ៉ា​ផ្សេងៗ​លើក​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត ​​​ទាក់​ទង​ទៅ​នឹង​លទ្ធ​ផល​បោះ​ឆ្នោត​នេះ​។

សំភាស់៖ ចា៎! អរគុណ​លោក កន សាវាង្ស។

សាវាង្ស៖ បាទ! អរគុណ៕​