កម្ពុជាប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ បម្លែងខ្លួនថ្មី «អូមីក្រុង» លើកដំបូងបង្អស់លើអ្នកដំណើរជនជាតិខ្មែរម្នាក់ដែលទើបធ្វើដំណើរមកពីប្រទេសហ្គាណា នៅប៉ែកទ្វីបអាហ្វ្រិកខាងលិច កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ១៩ បម្លែងខ្លួនថ្មីឈ្មោះ «អូមីក្រុង» លើអ្នកដំណើរជនជាតិខ្មែរម្នាក់ដែលជាស្ត្រីមានវ័យ ២៣ឆ្នាំ ដែលទើបធ្វើដំណើរចាកចេញពីប្រទេសហ្គាណា ហើយមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០២១ ដោយលទ្ធផលវិជ្ជមានកូវីដ១៩ ប្រភេទ «អូមីក្រុង» លើអ្នកដំណើររូបនេះ គឺបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅក្នុងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា៖ «ស្ត្រីរូបនេះមានផ្ទៃពោះចំនួន១៥សប្តាហ៍ រួចបានធ្វើដំណើរតាមជើងហោះហើរពីប្រទេសហ្គាណា(អាហ្វ្រិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ(ដោយរងចាំជើងហោះហើរចំនួន ១៤ម៉ោង) ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១» ។
ក្រសួងសុខាភិបាលបន្ថែមថា អ្នកជំងឺខាងលើមានអាសយដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង ដែលនៅពេលបច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅរាជធានីភ្នំពេញ ។
ក្រសួងសុខាភិបាលតាមរយៈសេចក្តីប្រកាសព័ត៌មានដដែល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមចាក់វ៉ាក់សាំង (ថ្នាំបង្ការ) កូវីដ១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ ។
នេះជាករណីលើកដំបូងបង្អស់ដែលកម្ពុជាបានរកឃើញ កូវីដ១៩ បម្លែងខ្លួនថ្មីអូមីក្រុង ហើយមកដល់សព្វថ្ងៃ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ១២០,៣៨២ករណី ដែលក្នុងនោះ មានករណីស្លាប់ចំនួន ២,៩៩២ករណី និងមានអ្នកជាសះស្បើយចំនួន ១១៦,៧៣៤ករណី។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
គួររំលឹកផងដែរថា កម្ពុជាធ្លាប់បានប្រកាសហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិកកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយសម្រេចលុបចោលការហាមឃាត់នេះវិញនៅថ្ងៃទី០៥ ធ្នូ ឆ្នាំ២០២១ ប៉ុន្តែក្នុងចំណោមប្រទេសទាំង១០ នោះ មិនមានប្រទេសហ្គាណាឡើយ៕