សហជីព និងកម្មករនិយោជិត​នៃវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និ​ងផលិតស្បែកជើង អំពាវនាវដល់រដ្ឋាភិបាល ឲ្យមានវិធានការទប់ស្កាត់ការឡើងថ្លៃបន្ទប់ជួល ម្ហូបអាហារ និងទំនិញផ្សេងៗ បន្ទាប់ពីប្រាក់ឈ្នួលកម្មករឡើងបានត្រឹម៨ដុល្លារ ក្នុងឆ្នាំ២០២០។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រជុំសម្រេចចុងក្រោយ កំណត់ប្រាក់ឈ្នួលប្រចាំឆ្នាំ ១៩០ដុល្លារសម្រាប់ឆ្នាំ២០២០។ តួរលេខនេះកើនឡើង៨ដុល្លារ លើប្រាក់ឈ្នួលឆ្នាំ២០១៩ ដែលធ្វើឲ្យកម្មករនិយោជិត សម្តែងការមិនសប្បាយចិត្ត និងមានការព្រួយបារម្ភពីការទទួលផលតិចតួចពីការតម្លើងប្រាក់ឈ្នួលនេះ។

កម្មការិនី​កាត់ដេរ​នៅរោងចក្រ Trax Apparel អ្នកស្រី យក ផានី អាយុ ៣៣ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា នៅឆ្នាំ២០១៩នេះ អ្នកស្រីទទួលបានអត្ថប្រយោជន៍តិចតួចពីការឡើងប្រាក់ឈ្នួល​អប្បបរមា ១៨២ដុល្លារ ក្នុង១ខែ។ អ្នកស្រីថា បន្ទប់ជួលឡើងថ្លៃ៥ដុល្លារ បន្ទាប់ពីប្រាក់ឈ្នួលឡើងបានត្រឹមតែ១០ដុល្លារ។​ ម្យ៉ាងវិញទៀត ម្ហូបអាហារ និងសម្ភារផ្សេងៗ ឡើងថ្លៃបន្តបន្ទាប់​ ដែលតម្រូវឲ្យអ្នកស្រីចំណាយត្បិតត្បៀត។

អ្នកស្រី ផានី និយាយថា៖ «កាល​ដើមឆ្នាំ​២០១៩​ប្រាក់​ឈ្នួល​បាន​កើន​ឡើង​១០​ដុល្លារ ហើយថ្លៃផ្ទះបានកើនឡើង​៥​ដុល្លារ​ដែរ»។  

 កម្មការិនីរូបនេះ ត្រូវធ្វើការបន្ថែម២ម៉ោងរាល់ថ្ងៃ និងធ្វើការបន្ថែមនៅថ្ងៃសៅរ៍ទៀត ទើ​ប​អាចទទួលបាន២៦០ដុល្លារ ក្នុង១ខែ ដែលសល់ប្រាក់ខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ។ អ្នកស្រី មានការព្រួយបារម្ភថានៅឆ្នាំ២០២០ ថ្លៃបន្ទប់ជួលនឹងឡើងដូចឆ្នាំនេះដែរ។ អ្នកស្រីចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ មានវិធានការទប់ស្តាក់ការឡើងថ្លៃបន្ទប់ជួល ព្រមទាំងទំនិញផ្សេងៗផងដែរ។

អ្នកស្រី ផានី បន្ថែមថា៖ «ពេលដែលប្រាក់ឈ្នួលឡើងថ្លៃ សូមភាគីដែលកំណត់ប្រាក់ឈ្នួលអប្បបរមា ជួយទប់ស្កាត់ថ្លៃផ្ទះ និងគ្រឿងឧបភោគបរិភោគ កុំឱ្យឡើងថ្លៃទៅតាមនេះដែរ»។

មិនខុសពីកម្មការិនីខាងលើ កម្មកានីម្នាក់ទៀត អ្នកស្រី សំ ស៊ីថា អាយុ ៣៥ឆ្នាំ បានប្រាប់ថាប្រាក់ឈ្នួលអ្នកស្រីតិចតួចមិនគ្រប់សម្រាប់ការចំណាយប្រចាំខែនោះទេ។ អ្នកស្រីត្រូវធ្វើការបន្ថែមម៉ោង ទើបអាចធ្វើឱ្យប្រាក់ឈ្នួលសរុបក្នុងមួយខែអាចកើនឡើងពីចន្លោះ​ ២០០ ទៅ៣០០ដុល្លារ។

កម្មការិនីរូបនេះ មានការព្រួយបាម្ភផងដែរពីតម្លៃទំនិញនៅលើទីផ្សារឡើងថ្លៃ ខណៈដែលប្រាក់ឈ្នួលឡើងប្រចាំឆ្នាំតិចតួចប៉ុណ្ណោះ។

 អ្នកស្រី ស៊ីថា ត្អូញត្អែរថា៖ «ប្រាក់ឈ្នួល១៩០ដុល្លារនៅឆ្នាំ២០២០ ខ្ញុំគិតថានៅតែមិនសល់ ព្រោះអីយើងគិតទៅលើតម្លៃទំនិញ វាចេះតែឡើងថ្លៃរហូតអញ្ចឹង»។

អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) ប្រាប់អ្នកសារព័ត៌មាន តាមទូរសព្ទថា ប្រាក់ឈ្នួល១៩០ដុល្លារ ដែលទើបចរចាបានក្នុងពេលថ្មីៗនេះ ជាប្រាក់ឈ្នួលមួយដែលនៅមិនទាន់ធានានូវជីវភាពរបស់កម្មករឲ្យបានប្រសើរឡើងនោះទេ។ អ្នកស្រី សង្កេតឃើញថា តម្លៃទំនិញ សម្ភារប្រើប្រាស់ និងថ្លៃបន្ទប់ជួល បន្តឡើងថ្លៃ ដោយគ្មានអ្នកណាមួយគ្រប់គ្រងតម្លៃទាំងនោះបាននៅឡើយទេ។

អ្នកស្រី សោភ័ណ្ឌ មានប្រសាសន៍ថា៖ «ខ្ញុំគិតថាបើសិនណា បើប្រាក់ឈ្នួលកម្មករនៅតែបន្តកើនឡើងទៀត ក៏មិនអាចធានាការរស់នៅរបស់កម្មករបានដែរ។ យើងឃើញថាការដំឡើងក្នុងពេលបច្ចុប្បន្ននេះ នៅកម្រិតមួយតិចតួច»។

អ្នកស្រីបន្ថែមថា ៖ «ដំឡើងរាល់ឆ្នាំ មិនដែលបាន២០-៣០ដុល្លារអីផង បានត្រឹមតែ ១០ដុល្លា ១០ដុល្លារជាង ហើយឆ្នាំនេះទៀតសោតបានត្រឹមតែ៨ដុល្លា។ អញ្ចឹងខ្ញុំនៅតែគិតថាមិនអាចធានានូវជីវភាពរបស់កម្មករបានទេ»។

អ្នកស្រី សោភ័ណ្ឌ ក៏បានរំលឹកដែរថា កំឡុងពេលចរចារប្រាក់ឈ្នួល សហជីពបាន ស្នើទៅរដ្ឋាភិបាលឱ្យត្រួតពិនិត្យមើលឡើងវិញទាក់ទងនឹង តម្លៃទំនិញលើទីផ្សារ ថ្លៃផ្ទះ និងទឹកភ្លើង។ សហជីព ក៏បានស្នើសុំរក្សាតម្លៃទំនិញកុំឱ្យឡើងហួសហេតុទៅតាមអ្នកលក់ និងសុំឱ្យរដ្ឋាភិបាល​ពិនិត្យដើម្បីឱ្យកម្មករ និងប្រជាពលរដ្ឋរស់បាន ​សម្រាប់បច្ចុប្បន្ននេះ ប៉ុន្តែរដ្ឋាភិបាលមិនអាចគ្រប់គ្រងចំនុចហ្នឹងបានទេ។ 

ឆ្លើយតបទៅនឹងកង្វល់របស់កម្មកានី និងសហជីព លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរ បានលើឡើងថា ដោយផ្អែកទៅលើច្បាប់ ការផ្តល់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ គឺដើម្បីឱ្យពួកគេមានជីវភាពសមរម្យ។ ប៉ុន្តែការផ្តល់នេះ អាស្រ័យទៅលើការវិភាគអំពីកត្តាសេដ្ឋកិច្ច និងសង្គម ដែលធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលនេះអាចប្រកួតប្រជែងនៅលើពិភពលោក។ លោកថា គ្មានច្បាប់ណាដែលតម្រូវឲ្យឡើងប្រាក់ឈ្នួលកម្មករម្តង ៤០ ទៅ៥០ដុល្លារនោះទេ។

លោក​​ ម៉ូនីកា បានសួរបកវិញថា៖ «តើផ្អែកទៅលើគោលការណ៍អ្វីដែលតម្រូវឱ្យយើងបន្ថែមប្រាក់ឈ្នួលជូនកម្មករ រហូតដល់២០ទៅ៣០ដុល្លារ ឬ៤០ដុល្លាទៅ៥០ដុល្លារ?»

លោក ម៉ូនីកា​ បានបន្ថែមថា នៅលើទីផ្សារសេរី គឺមានភាពលំបាកក្នុងការកំណត់តម្លៃទំនិញ។​ ទោះជា យ៉ាងណាលោក គាំទ្ររដ្ឋាភិបាលចេញយន្តការទប់ស្តាត់ការឡើងថ្លៃទំនិញផ្សេងៗ។

លោក កាំង ម៉ូនីកា មានប្រសាសន៍ថា៖ «យើងកំពុងរស់ក្នុងសេដ្ឋកិច្ចទីផ្សាសេរី។ អញ្ចឹងហើយយើង​មិនច្បាស់លាស់១០០ភាគរយថាអាចកំណត់តម្លៃទំនិញនៅលើទីផ្សារបានទេ។ ក៏ប៉ុន្តែយើងឃើញថាកន្លងមករាជ រដ្ឋាភិបាលក៏បានចេញយន្តការដើម្បីទប់ស្កាត់ការដំឡើងថ្លៃផ្ទះទឹកភ្លើងដែរ ហើយប្រសិទ្ធិភាពយ៉ាងណានោះ សូមយើងជួយតាមដានទាំងអស់គ្នា»។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រនិស្សិត កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំឲ្យតម្លើងថ្លៃ។ លោកបានបញ្ជាដល់អាជ្ញាធររាជធានីខេត្ត ឲ្យឃ្លាំមើលម្ចាស់ផ្ទះជួលទាំងនោះ ដើម្បីកុំឱ្យឡើងថ្លៃ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «បើសិនជាឡើង កុំលើស២ដុល្លារក្នុងមួយបន្ទប់ ព្រោះប្រាក់ខែគ្នាឡើងតែ៨ដុល្លារ។ អ្នកខ្លះដំឡើងផ្ទះជួល១០ដុល្លារ ២០ដុល្លារ។ វាមិនងាប់គ្នាទៅហើយ»។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននោះទេ។

ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករ និយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០១៩ គឺ​១៨២ដុល្លារ។ ប្រាក់ឈ្នួលនេះ ឡើង១៩០ដុល្លារក្នុងមួយខែ ដែលត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ។