អតីតបុគ្គលិក​បម្រើការ​នៅសណ្ឋាគារ​ The Great Duke ដែលប្តូរឈ្មោះពី InterContinental នៅតែបន្តធ្វើការតវ៉ា នៅមុខសណ្ឋាគារ ដោយសារ​ពុំទាន់ទទួលបាន ដំណោះស្រាយ ហើយការពន្យារ​ពេលនេះ វាធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគេយ៉ាងខ្លាំង។

អតីតបុគ្គលិកជាង ១០០នាក់ នៃសណ្ឋាគារផ្កាយប្រាំនេះ បានក្រោកពីព្រលឹមមកប្រមូលផ្តុំគ្នានៅមុខសណ្ឋាគារ បួនថ្ងៃជាប់គ្នាហើយ ដោយអ្នកខ្លះ បានដឹកកូនមកជាមួយ ដើម្បីទាមទារសំណង។

លោក ​​អ៊ុំ​ វណ្ណា​ អាយុ៣៩ឆ្នាំ បានបម្រើការ១០ឆ្នាំ​ នៅសណ្ឋាគារនេះ បានមានប្រសាសន៍ថា​ លោកកំពុងជួបបញ្ហាយ៉ាងខ្លាំង ដោយលោកត្រូវការ ថវិកាសម្រាប់បង់ធនាគារ និងផ្គត់ផ្គង់គ្រួសារ ជាដើម។

លោក អ៊ុំ​ វណ្ណា​ និយាយថា៖ «​ការចាយវាយ ប្រចាំថ្ងៃ ប្រចាំខែ​ដូចបង់ថ្លៃផ្ទះ​ ធនាគារ​​ ឬការចំណាយលើបន្ទុកគ្រួសារ ព្រោះការបាត់បង់ការងារ ដូចការបាត់បង់ឆ្នាំងបាយ»

អតីតបុគ្គលិកម្នាក់ទៀត លោក វ៉ន សុធ័ន បាននិយាយថា លោកបានបម្រើការ​ផ្នែកទទួលភ្ញៀវអស់រយៈពេល២០ឆ្នាំ​មកហើយ។ លោកបារម្ភ ពីការបាត់បង់អត្ថប្រយោន៍ច្រើន នៅពេលសណ្ឋាគារ​ប្រកាសបិទទ្វារ។

នៅក្នុងសប្តាហ៍នេះ លោក វ៉ន សុធ័ន បានក្រោកពីម៉ោង៥ព្រឹក ជាមួយកូនប្រុស អាយុ៧ឆ្នាំ របស់គាត់ មកប្រមូលផ្តុំ​មុខសណ្ឋាគារ​ ដើម្បីទាមទារ​ប្រាក់សំណង និងអត្ថប្រយោជន៍ផ្សេងៗ។ លោកថា អតីតបុគ្គលិក និងគ្រួសារលោក នឹងជួបការលំបាក​កាន់តែខ្លាំង ប្រសិនបើការចចារមិនត្រូវគ្នា។

លោក វ៉ន សុធ័ន​ លើកឡើងថា៖ «យើងមិនមែន​ជាអ្នកមានដែរ។ យើងខ្វះខាត ទើបយើងមកធ្វើការរកលុយ ដើម្បីប្រាក់ខែ​​បន្តិចបន្តួចហ្នឹង ហើយដើម្បី​យកទៅផ្គត់ផ្គង់គ្រួសារ។ ដល់ពេលជួបឧបសគ្គ​អញ្ចឹង យើងមាន​បញ្ហាខ្លះ​ដែរ មិនមែន​អត់ទេ»

លោក​ ទូច​ កុសល​ ប្រធាន​សហព័ន្ធ​សហជីពកម្មករ​ និយោជិក​វិស័យ​​ទេសចរណ៍​កម្ពុជា ​ប្រចាំ​នៅ​សណ្ឋាគារ​ ​ The Great Duke បានមានប្រសាសន៍ នៅក្នុងសន្និសិទសាព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ពួកគេ​នៅតែរក្សាជំហរ​ទាមទារ បួនចំណុច រួមមាន ប្រាក់អតីតភាព​ការងារ សំណងជំងឺចិត្ត ទូទាត់ប្រាក់​ជូនដំណឹង និង ទូទាត់ថ្ងៃឈប់សម្រាក​ដែលនៅសល់ទៅជាថវិកា។ លោកថា ភាគីសណ្ឋាគារ ស្នើបង់សំណង ជាបីដំណាក់កាល ប៉ុន្តែអតីតបុគ្គលិក មិនយល់ព្រមនោះទេ។

លោក ទូច កុសល បន្ថែមថា​ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ តំណាងអតីតបុគ្គលិក នឹងទៅជួបមន្រ្តីនាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ ដើម្បីធ្វើការដោះស្រាយ។

តំណាងបុគ្គលិកសណ្ឋាគារ នឹងជួប តំណាងក្រសួងការងារ ដើម្បីធ្វើការដោះស្រាយ នៅរសៀលថ្ងៃ។

អ្នកនាំពាក្យក្រសួងការងារ លោក​​​ ហេង​ សួ​រ បានប្រាប់ Newsroom Cambodia កាលពីថ្ងៃអង្គារ ថាករណីបិទទ្វារសណ្ឋាគារ The Great Duke មិនមែនជាករណីក្ស័យធននោះទេ។ ក្រសួង នឹងបញ្ជូនករណីនេះ ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីដោះស្រាយ។

សណ្ឋាគារ The Great Duke បានប្រកាសបិទដំណើរការ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយមូលហេតុសេដ្ឋកិច្ច។ បន្ទាប់ពីប្រកាសបិទទ្វារ សណ្ឋាគារនេះ បានចាត់តាំងការិយាល័យមេធាវី អេចប៊ីអេស (HBS) ធ្វើការដោះស្រាយ។

មេធាវី​តំណាងសណ្ឋាគារ ​លោក ​​នៅ​​​​ ពិសិដ្ឋ​ មិនអាចទាក់ទងដើម្បីធ្វើអត្ថាធិប្បាយបាននោះទេ។