ជម្ងឺរីករាលដាលកូវីត ១៩ បានធ្វើឲ្យមានការប្រែប្រួល រួមមានលើការសិក្សា។ ការបង្រៀនអនឡាញបានចូលមកជំនួសការបង្រៀនជាប្រពៃណី ចាប់តាំងពីមានការឆ្លងកូវីដ១៩នាដើមឆ្នាំនេះ ហើយក៏មានគុណសម្បត្តិ និងគុណវិបត្តិផងដែរ។
តាមតថភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន ការរៀនតាមអនឡាញ មានគុណវិបត្តិច្រើនជាង គុណសម្បត្ដិ ពីព្រោះថា ប្រទេសកំពុងអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យា មានការលំបាកក្នុងការប្រើប្រាស់នៅឡើយ ក្នុងចំណោមសិស្ស និស្សិតសិក្សាអនឡាញ។
តើការរៀនអនឡាញ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? ខាងក្រោមនេះជាយោបល់របស់យុវជនមួយចំនួន ដែលសិក្ខាកាមសារព័ត៏មាន Newsroom Cambodia បានធ្វើការសាកសួរ។
សំណួរទាំងនេះត្រូវបានសួរក្នុងកិច្ចសម្ភាសន៏៖
១. តើយល់ឃើញយ៉ាងណាដែរពីការរៀនអនឡាញក្នុងពេលមានការឆ្លងកូវីដ១៩?
២. តើការរៀនបែបពីចម្ងាយ មានប្រសិទ្ធភាពចំពោៈអ្នកដែររឺទេ? ហេតុអ្វី?
៣. តើអាចចែករំលែកនូវគន្លឹៈអ្វីខ្លះ ដែលជម្រុញការរៀនពីចម្ងាយឲ្យមានប្រសិទ្ធិភាព?
៤. តើមានទស្សនៈបែបណាបើសិនជាការបិទសាលានៅតែបន្តរហូតដល់ដើមខែ ឆ្នាំក្រោយ?
….
![](https://newsroomcambodia.com/wp-content/uploads/2020/09/rsz_១.jpg)
លោកពក សុខឿយ អាយុ២៣ បាននិយាយថាការរៀនអនឡាញធ្វើឲ្យសិស្ស និស្សិតមានបំណិនជីវិត និងយល់ច្បាស់អំពី អ្វីទៅជាកាតព្វកិច្ចដែលពួកគាត់ត្រូវទទួលខុសត្រូវ។
លោកបានបន្តថា ប្រសិនបើក្រសួងនៅតែបន្តឲ្យមានការបង្រៀនអនឡាញ អាចនឹងធ្វើឲ្យមានបញ្ហាប្រសិទ្ធភាព ដោយសារតែសិស្ស និស្សិតមួយចំនួនហាក់បីដូចជា មិនសូវយកចិត្តទុកដាក់ក្នុងការសិក្សានោះទេ។
សិស្សខ្លះវិញ ចូលរៀនគ្រាន់តែយកវត្តមានតែប៉ុណ្ណោះ កុំឲ្យគ្រូថា គាត់មិនបានចូលរៀន អញ្ចឹងប្រសិទ្ធិភាពមានការថយចុះ គួរអោយកត់សំគាល់។ នេះបើយោងតាមការយល់ឃើញរបស់លោកពក សុខឿយ។
….
![](https://newsroomcambodia.com/wp-content/uploads/2020/09/rsz_២-1.jpg)
និស្សិតឈ្មោះតាង ផានិត អាយុ ១៨ ឆ្នាំ និស្សិតឆ្នាំទីមួយ ផ្នែកអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថាការរៀនអនឡាញ គឺជាបទពិសោធន៍ថ្មីមួយសម្រាប់គាត់ ហើយមានភាពលំបាកមួយចំនួន។
យុវជនតាង ផានិត បាននិយាយថាការលំបាករួមមានការសាកសួរសំណួរទៅកាន់លោកគ្រូ និងអ្នកគ្រូ ហើយប្រសិនបើ រៀនផ្ទាល់ គឺសិស្ស និស្សិតមានការងាយស្រួលក្នុងការសួរសំណួរ។
ប្រសិនបើនៅតែបន្តធ្វើការសិក្សាអនឡាញ យុវជនតាង ផានិត បានបន្តថា ប្រហែលជាគាត់មិនអាចទទួលចំណេះដឹងបានភ្លាមៗ ហើយធ្វើឲ្យគាត់មានការអផ្សុកក្នុងការសិក្ សាហើយថាក៏គ្មានប្រសិទ្ធភាពដែរ។
….
![](https://newsroomcambodia.com/wp-content/uploads/2020/09/rsz_23.jpg)
និស្សិតជុន មណីជោតិ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី៣នៅសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ជំនាញវិស្វកម្មសំណង់
ស៊ីវិល បានយល់ឃើញថាការរៀនពីចម្ងាយបែបនេៈមានគុណវិបត្តជាច្រើនសម្រាប់គាត់។
គាត់បានអះអាងថា បញ្ហាទីមួយគឺដោយសារជំនាញរបស់គាត់ជាផ្នែកវិទ្យាសាស្រ្ត ដែលតម្រូវឲ្យធ្វើការពិភាក្សាជាមួយគ្រូផ្ទាល់។
និស្សិតជុន មណីជោតិ បាននិយាយដូច្នេះថា៖ «បើរៀនតាមអនឡាញភាគច្រើនគ្រូផ្ញើរសារតាម message និងemail អត់បានជួបគ្រូផ្ទាល់ ការយល់ដឹងក៏ថយនូវប្រសិទ្ធភាពតាមហ្នឹងដែរ»។
គាត់បានបន្តថាក៏ត្រូវរងសម្ពាធដោយសារស្នាក់នៅតែក្នុងផ្ទះ មិនសូវបានចេញក្រៅ ស្រូបយកខ្យល់អាកាសដូចនៅសាលាដែលមានទីធ្លាធំ ហើយម្យ៉ាងវិញទៀត គឺមិនអាចជួបមិត្តភក្រ្តដូចការរៀនក្នុងថ្នាក់។
ចំពោះផលប្រយោជន៍វិញ គាត់បាននិយាយថាមិនចាំបាច់ត្រូវចំណាយពេលទៅលើការធ្វើដំណើរ ពីផ្ទះគាត់ទៅសាលា ដែលមានចម្ងាយជាង១០គីឡូម៉ែត្រ ហើយក៏អាចចូលរួមទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះផងដែរ។
និស្សិតជុន មណីជោតិ បានសំណូរមពរដូច្នេះថា៖ «បើអាចចង់ឲ្យការរៀនអនឡាញ អាចបញ្ឈប់នៅឆាប់ៗហ្នឹង ហើយយើងអាចត្រឡប់ទៅសាលាវិញ»។
….
![](https://newsroomcambodia.com/wp-content/uploads/2020/09/rsz_៤-1.jpg)
យុវជនឈួន វណ្ណដាសម្បត្តិ អាយុ២០ឆ្នាំ និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យផារ៉ាហ្គនបានិយាយថា ការរៀនអនឡាញមានផលវិបាកជាខ្លាំង ធ្វើឲ្យគាត់មានផលលំបាកក្នុងការទំនាក់ទំនងជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្រ្ត ហើយបញ្ហានោះ គឺត្រូវចំណាយពេលពី៤ ទៅ៥ម៉ោងនៅមុខកុំព្យូទ័រ។
គាត់បានបន្តថា សំរាប់គុណសម្បត្តិវិញ គឺអាចជួយកាត់បន្ថយពេលវេលាពីការស្ទះចរាចរណ៍ និងការចំណាយថវិការលើការធ្វើដំណើរ។
យុវជនឈួន វណ្ណដាសម្បត្តិ បានលើកឡើងថាគន្លឹះខ្លះទាក់ទងនឹងការរៀនអនឡាយប្រសិទ្ធិភាព គួរតែធ្វើនៅកន្លែងណាស្រស់ស្រាយ និងស្ងាត់ដែលអាចផ្តោតអារម្មណ៍លើការរៀនសូត្របាន។
គាត់ក៏យល់ថាសិស្សានុសិស្ស គួរតែបង្កើតក្រុមតូចមួយតាមហ្វេសប៊ុកដើម្បីផ្តល់ភាពងាយស្រួលក្នុងការពន្យល់គ្នាទៅវិញទៅមក ទាក់ទងនឹងមេរៀនកន្លែងណា ដែលមិនទាន់យល់ច្បាស់៕