ជំងឺកូវីដ​១៩ ​បានរាំង​ស្ទះ​ដំណើរ​ការ​​អភិវឌ្ឍសេដ្ឋ​កិច្ច​របស់ប្រទេស និងប្រជាជនកម្ពុជា​ ​ចាប់​តាំង​ពីបានផ្ទុះឡើងដំបូងនាដើមឆ្នាំ២០២០​​។​ ដោយឡែក ពលរដ្ឋ​ដែល​ប្រ​កប​របប​ក្នុង​វិ​ស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រ​ព័ន្ធ ​ក៏​បាន​រង​ផល​ប៉ះ​ពាល់​ពីជំងឺកូវីដ១៩ នេះ​ដែរ។

ពល​រដ្ឋ​មួយ​ចំនួន​ប្រកបរបរ​​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​​នៅ​រាជធានី​​ភ្នំ​ពេញ បានបញ្ជាក់​ប្រាប់សិក្ខា​កាមរបស់​ Newsroom Cambodia ពី​ទស្សនៈរបស់ពួក​គាត់ ​ចំពោះផលប៉ះពាល់ដោយសារ​កូ​វីដ​១៩ ដូចខាងក្រោមនេះ។

….

អ្នកស្រីហេង (អង្គុយកណ្តាល)

អ្នក​ស្រី​ហេង​ អាយុ៥០ឆ្នាំ ​​អ្នក​លក់​សៀវភៅ​ និង​កាសែត​នៅ​ជាប់​របង​​វិទ្យាល័យ​បឹង​កេង​កង ​បាននិយាយថា ​​​អ្នក​ស្រី​ផ្ទាល់បាន​ទទួល​រង​ផល​ប៉ះ​ពាល់ធ្ងន់​​ធ្ងរ​ណាស់ពីការរីករាលដាលនៃជំងឺកូវីដ១៩​។

​​អ្នក​ស្រី​និយាយ​ថា​៖ «តាំង​ពី​កូវីដ​ចូល​មក ​ខ្ញុំ​លក់​ធ្លាក់​ចុះ​ទាំង​ស្រុង​ គឺ​លក់​មិន​ដាច់​​​ទេ​ដោយ​សារ​តែ​គេ​បិទ​សាលា​ និង​កន្លែង​ធ្វើ​ការ»។

អ្នក​ស្រី​បន្ត​ថា​៖ «ពេល​កូវីដ​នេះ​ ​មួយ​ថ្ងៃខ្ញុំ​អាច​រក​ចំណូល​បាន ​ជួន​កាល​ថ្ងៃ​ខ្លះ​ ពីរ ​​ទៅ​បី​ម៉ឺន ​ជួនកាលបានតែ​បួន​ ប្រាំ​ពាន់ ​ក៏​មាន​ដែរ»​។  

អ្នកស្រី​បាន​និយាយថា ​​អ្នកស្រីពុំដែលបានទទួលប្រាក់ឧបត្ថម្ភអ្វីនោះទេពីរដ្ឋាភិបាល។

អ្នកស្រីថា៖ «ខ្ញុំ​​អត់​​ដែល​បាន​​​អី​នឹង​គេ​ទេ​​​​ប័ណ្ណ​​ក្រី​​ក្រអីក៏អត់ដែលបានដែរ»។ ជា​ចុង​ក្រោយ ​អ្នក​ស្រី​បាន ​សំណូម​ពរ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​​ឲ្យ​​បើក​ដំ​​ណើរ​​ការ​សា​លា​ឡើង​​វិញ​ ​ព្រោះ​អតិ​ថិ​ជន​របស់​អ្នក​ស្រី​ភាគច្រើន​​​ គឺ​ជាសិស្សា​នុសិស្ស​។

….

អ្នក​ស្រី​ ចាន់ណា​

អ្នក​ស្រី​ ចាន់ណា​ វ័យ​៣០​ឆ្នាំ មុខ​របរ​ជា​អ្នក​លក់​សៀវភៅ​នៅជាប់​របង​​សាលា​​បឋម​​សិក្សា​​ដូនពេញ បាននិយាយថា ​ផល​ប៉ះ​ពាល់​ចំពោះ​ខ្លួន​អ្នកស្រី​ គឺមិន​​មាន​អ្វី​​​ធ្ងន់​ធ្ងរ​នោះ​ទេ ​គ្រាន់តែប៉ះ​ពាល់​ចំ​ណូល​​មួ​​យ​​ភាគ​​តូច​​ប៉ុណ្ណោះ​​​។​ ចំពោះ​ការ​ចុះ​ជួយ​អន្ត​រាគមន៍​របស់​រដ្ឋា​​ភិបាល ​អ្នក​ស្រីបាននិយាយថាគាត់ពុំ​សូវ​​​ដឹង​នោះ​​ទេ ​ដោយ​ហេតុ​ថា ​ពេលព្រឹក​ចេញ​មកលក់ដូរ ​យប់​ទើបបាន​ត្រលប់​មក​​ផ្ទះ​វិញ​។

​អ្នក​ស្រី ចាន់ណា ​​មិនមានជាសំណូមពរច្រើនទេ​ ប៉ុន្តែសុំ​ត្រឹម​ឲ្យ​ពង្រឹង​វិធានការណ៍​អនា​ម័យ​នៅ​ពេល​បើក​ដំណើរ​ការ

​សា​លា​រៀន​ឡើង​វិញ​។​

….

លោក ជួន​ វិចិត្រ

បុរស​​ស្ថិត​​ក្នុង​​វ័យ​​៣៣​​ឆ្នាំ​​កំពុង​​សម្រាក​​នៅ​​លើ​​កង់​​​បី​​​ឥណ្ឌា ​​រង់​​ចាំ​​ភ្ញៀវ​​នៅ​ក្បែរ​​សួន​វត្ត​​បុទុម ​លោក ជួន​ វិចិត្រ ​មក​ពី​ព្រែក​ឯង ​​បាននិយាយ​ថា កូវីដ១៩ បានផ្តល់ផល​វិបាក​បំផុត​ទៅដល់​​អ្នកក្រ។​

ចំពោះ​រូប​គាត់​ផ្ទាល់​ កូវីដ​១៩ បានធ្វើឲ្យ​ធ្លាក់ចំណូល​របស់គាត់រហូតដល់​៨០​ភាគរយ ប៉ះ​ពាល់​ដល់​ចំណូល​គ្រួសារ​ផ្ទាល់​ នេះ​​បើ​ប្រៀប​ទៅ​នឹង​ស្ថាន​ភាព​មុន​ការ​ផ្ទុះ​​រីក​រាល​ដាល​ជម្ងឺ។

លោក​បាន​បន្ថែម​ថា មក​ទល់​ពេល​នេះ​មិន​មាន​វត្ត​មាន​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ចុះ​សាក​សួរ ​និងផ្តល់ការ​​ឧបត្ថម្ភ​នៅ​ឡើយ​ទេ។​ ស្រប​គ្នា​នោះ​ដែរ លោក ជួន វិចិត្រ បាន​​មាន​សេចក្ដី​ត្រេក​អរ​នៅ​ពេល​ក្រសួង​អប់​រំ​ប្រកាស​បើក​សាលា​វិញសម្រាប់កម្រិត​មធ្យម​សិក្សា​​បឋម​​ភូមិ ​និងទុ​តិយ​ភូមិ​នាខែ​កញ្ញា ព្រោះ​មួយ​ផ្នែក​នៃ​ភ្ញៀវ​របស់លោក ​គឺជា​សិស្សានុសិស្ស។​

លោកបាននិយាយដូច្នេះថា​​​៖ «ចង់​ឲ្យមាន​ការ​បើក​​ជើង​ហោះ​ហើរ​វិញ​ដែរ ដើម្បី​មាន​ភ្ញៀវ​ទេសចរណ៍​តែក៏បារម្មណ៍​ពីសុវត្ថិ​ភាព ​ព្រោះ​មិន​ទាន់​មាន​វ៉ាក់​សាំងទេ​ ខ្ញុំ​ចង់​ឲ្យប្រជាជន​​ទាំង​អស់​​មាន​សុវត្ថិភាព​ជា​ជាងបាន​តែ​ប្រយោជន៍​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​ខ្ញុំ»។

….​

លោក ​​សុជាតិ

នៅ​ក្រោម​​កម្ដៅ​ព្រះ​​អាទិត្យ​​នា​​​រសៀល​​ម៉ោង​​៣ លោក ​​សុជាតិ ​​មាន​​វ័យ​​ ៣៦​​ឆ្នាំ ​​មក​​ពី​​ខេត្ត​​ព្រៃ​វែង​​មាន​មុខ​​របរ​​ជា​​អ្នក​​រត់​​កង់​​បី​ខ្មែរ​​​កំពុង​​ឈរ​​រង់​​ចាំ​​ភ្ញៀវ​ចេញ​​ពី​សណ្ឋា​​គារ ​​ហើយបាន​​និយាយថា​ ផល​ប៉ះ​ពាល់​ពី​កូវីដ១៩​​ទៅ​លើ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​​គឺ​​ធ្វើ​​ឲ្យ​​ការ​​រក​​​ស៊ី​​ពិបាក​​នៅ​​ពេល​​បិទ​ជើងហោះហើរ​​ចេញ​​ចូល​​ភ្ញៀវ​​បរទេស​។​

ថ្វីត្បិតតែស្ថាន​ភាព​ឥឡូវ​​​មាន​ភាព​ប្រសើរ​ជាង​មុនក៏ដោយ លោក​បាននិយាយថា ​​​ផល​ប៉ះ​ពាល់​​​លើចំណូល គឺមាន​ការ​​ថយ​ចុះ​ពី​មួយ​ថ្ងៃ​២០ ​ទៅ​ ៣០​ដុល្លារ ​នៅ​ត្រឹម​១០​ដុល្លារ ​ក្នុង​មួយ​​ថ្ងៃ។​

លោកសុជាតិបាននិយាយថាគាត់​មិនមាន ប័ណ្ណក្រីក្រនោះ​​ទេ ហើយ​ក៏អត់បាន​ទទួល​ជំនួយ​អ្វីដែរ។

….

អ្នកស្រីស្រស់

អ្នកស្រី ឈ្មោះ​ស្រស់ ​ក្នុង​វ័យ​ ៤០​ឆ្នាំ ជាអ្នកលក់កាហ្វេនៅជាប់របងសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈក្នុងរាជ​ធានី​ភ្នំ​ពេញ​ ក៏បាន​បង្ហាញ​ទស្សនៈ​មិន​ខុស​គ្នា​ពី​ប្រ​ជា​ពល​រដ្ឋ​ដទៃ​ទៀតដែរ​។

អ្នក​ស្រីបាននិយាយថា ជំងឺកូ​វីដ១៩​នៅ​កម្ពុ​ជាប្រ​សើរ​ជាង​នៅ​បរទេស​ ព្រោះ​ពុំ​​​មាន​​ការ​​ឆ្លង​​ច្រើន ​​​និងពុំមានអ្នក​ស្លាប់​​ឡើយ។

អ្នកស្រីបាននិយាយថា ការ​លក់​ដូរ​មានការធ្លាក់ចុះ ​ក្នុង​រង្វង់​៣០​ភាគ​រយ ​ដោយហេតុថាអតិថិជនរបស់អ្នកស្រីភាគច្រើនជាសិស្ស​​​​​ និស្សិ​​​​​ត។​

អ្នក​ស្រី ស្រស់ បាននិយាយ​ថា​៖ «ដោយ​សារ​ឥលូ​វ​សិស្ស​ឈប់​អស់​ហើយ​លក់​មិន​ទាន់​បាន​ដូច​មុន​ទេ ​​សំខាន់គឺសិស្ស ពេល​ណា​សិស្ស​ចូល​ចឹង​ទៅ ​ការលក់​វាឡើង​វិញ​»។

….

អ្នក​ស្រី​​ ​ធឿន

មិនខុសគ្នាពីអ្នកស្រីស្រស់ប៉ុន្មានទេ អ្នក​ស្រី​​ ​ធឿន ​ក្នុង​វ័យ​៣៤​ឆ្នាំ​ម​​​​ក​ពី​ស្រុក​កោះ​ធំ​ខេត្ត​​​​​កណ្តាល​ ប្រកប​របរ​លក់​ចេក​អាំង​នៅ​ម្តុំ​ផ្សារ​រា​ត្រី​រាជ​ធានី​ភ្នំ​ពេញ ​បាន​​បង្ហាញ​​​ថា​​ ជំងឺ​កូ​​វីដ​១៩​​នៅ​​កម្ពុ​​ជា​​ មាន​​លក្ខណៈល្អ​​ប្រ​​សើរ​ច្រើនក្នុងរយៈពេល២សប្តាហ៍​ចុង​ក្រោយ​​នេះដែល​​អាច​​ឲ្យ​​គាត់​​​លក់​​ដូរ​​បាន​ដូច​ធម្ម​តា។​

អ្នកស្រី ហាក់មិនមានការព្រួយបារម្ភទេព្រោះនៅមានម៉ូយមកជួយទិញជាប្រចាំដែរ គ្រាន់តែមិនបានចំណូលច្រើនដូចមុនទាំងស្រុងនោះទេ។

អ្នកស្រី​បញ្ជាក់​ថា​៖ «ខ្ញុំ​នៅ​លក់​បាន​គួរ​សម​ គ្រាន់​តែ​វា​មិន​បាន​ច្រើន​ដូច​មុន​ទេ ​ព្រោះ​មាន​ម៉ូយ​ៗគេធ្លាប់ហូបខ្ញុំឆ្ងាញ់គេនៅមកជួយទិញ»។​ អ្នក​ស្រី​ក៏​បាន​ប្រាប់​ឲ្យ ដឹង​ដែរ​ថា​ កន្លង​មក​គាត់មិន​ដែល​បាន​ទទួល​ជំនួយ​ពី​រដ្ឋា​ភិ​បាល​ទេ​ ​ប៉ុន្តែ​​ធ្លាប់​មាន​សប្បុ​រស​ជន​នា​នា​បា​ន​ចុះ​មក​ចែក​ជា​អង្ក​រ​ ទឹក​ត្រី ​ទឹក​ស៊ី​អ៊ីវ ​​អោយ​​គាត់ ​​និង​​អា​ជីវ​​ករ​​ដទៃ​​ទៀត។

….

លោក​ ឡៃ

ក្រ​ឡេក​មក​មើលលោក ​ឡៃ​ ក្នុងវ័យ៤៩ឆ្នាំ ជាអ្នកធាក់​ស៊ីក្លូមួយរូបនៅមុខសារមន្ទីរជាតិ មក​ពី​ខេត្ត​ព្រៃ​វែង​ បច្ចុប្បន្នស្នាក់​នៅសមាគមស៊ីក្លូវត្តកោះ។ លោក​បាន​ត្អូញ​ត្អែរ​ពី​ភាព​ខ្វះ​ខាត​យ៉ាង​ខ្លាំង​ក្នុង​ជីវ​ភាព​ ព្រោះ​មុខ​របរ​​របស់​លោក​​ពឹង​អា​ស្រ័យ​ទាំង​ស្រុង​លើ​ភ្ញៀវ​ទេស​ចរ​បរទេស​ដែល​មក​លេង​នៅ​កម្ពុជា​។​

មាន​ថ្ងៃ​ខ្លះ លោក​រក​មិន​បានសូម្បី​តែមួយ​រយរៀល ហើយ​ការ​រស់​នៅ​​រាល់​ថ្ងៃ ​ពឹង​ផ្អែក​លើ​ជំនួញពីសប្បុរស​ជន ហើយដោយសារជើង​ហោះ​ហើរ​ត្រូវ​បាន​ផ្អាក​ដំ​ណើរ​ការ​អស់ ​ពុំ​មានភ្ញៀវ​ទេសចរ​មកកំសាន្តទៀត​នោះ​ទេ​។

ដូចនេះ​លោក​​បាន​សំណូមពរ​ឲ្យរដ្ឋា​ភិ​បាល​កម្ពុជា ​ដំណើរ​ការ​ជើង​ហោះ​ហើរ​ឡើង​វិញ​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ឲ្យ​លោក​​អាច​រក​ចំណូល​បានខ្លះ ​ក្នុងការផ្គត់ផ្គង់ជីវភាព៕