ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល បានសម្ដែងការមិនពេញចិត្តនឹងការដកតែដំណែងលោក អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំ ពីបទប្រព្រឹត្តអំពើបៀតបៀនកេរខ្មាស លើមន្រ្តីនគបាលជាស្រ្តី ហើយបានជំរុញឲ្យបញ្ជូនសំណុំរឿងនេះ ទៅតុលាការ ពីព្រោះករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ។
កាលពីខែសីហា ឆ្នាំ២០២០ មានពាក្យបណ្តឹងមកលើលោក អ៊ុក កុសល ថាបានបំពានកេរ្តិ៍ខ្មាស លើមន្ត្រីជាស្ត្រី ជាច្រើននាក់ ហើយក្រោយការស៊ើបអង្កេតដោយក្រសួងមហាផ្ទៃ គាត់ត្រូវបានគេដកដំណែងជាស្នងការ ហើយក៏ត្រូវបានបន្ថយឋានន្តរសក្តិពីថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) មកជាវរសេនីយ៍ឯក (សក្តិ៥) វិញផងដែរ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៏មាន VoD។
នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត បាននិយាយថា ការដកឋានន្តរសក្តិនេះ មិនទាន់សាកសម នោះទេ ព្រោះនេះគ្រាន់ជាវិធានការរដ្ឋបាលនគរបាលជាតិប៉ុណ្ណោះ។
លោក អំ សំអាត បាននិយាយដូច្នេះថា៖ «ប៉ុន្តែបើយោងទៅតាមបណ្ដឹងរបស់ជនរងគ្រោះ សំណុំរឿងនេះទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌប្រទូស្ដកេរខា្មស ដែលត្រូវបញ្ចូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់បន្តទៀត»។
លោក បានបន្តថាសមត្ថកិច្ចគួរណាអនុវត្តតាមផ្លូវច្បាប់ ដើម្បីជាគំរូដល់អ្នកក្រោយផងដែរ។
នាយិកាអង្គការក្លាហាន កញ្ញា បុណ្យ រចនា បានលើកឡើងថាករណីខាងលើគួរបញ្ជូនសំណុំរឿងទៅតុលាការដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ។
នាយិការូបនេះបានបន្តថា៖ «ជនរងគ្រោះបានរងគ្រោះរួចហើយ កិត្តិយស និងកេរ្តិ៍ឈ្មោះបានខូចខាត ហើយពេលសាធារណជន បានឃើញពាក្យបណ្ដឹងនោះ អ្វីដែលជនរងគ្រោះ ចង់បានគឺយុត្តិធម៌។ ការដែលមិនបញ្ជូនពាក្យបណ្ដឹងទៅតុលាការវិញទេ ដែលធ្វើអោយជនរងគ្រោះខូចកេរ្តិ៍ឈ្មោះ ស្របពេលដែល ជនប្រព្រឹត្តរូចខ្លួនពីសំណាញ់ច្បាប់»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បាននិយាយថា ការខកខាន មិនបន្តនិតីវិធីតទៀតទៅតុលាការ បង្ហាញពីភាពអយុត្តិធម៌នៅក្នុងសង្គម។
លោកស្រី បានបន្ថែមថា៖ «ជាក់ស្ដែងករណីនេះចូលជាបទល្មើសព្រហ្មទណ្ឌ ចែងក្នុងមាត្រា២៤៦ បទប្រទូស្ដកេរខា្មស ដែលមានស្ថានទម្ងន់ទោសរហូតការជាប់ពន្ធធនាគារពី១ ទៅ៣ឆ្នាំ»។
លោកស្រី ចក់ សុភាព បាននិយាយបន្តថា៖ «ប៉ុន្តែពេលទទួលថាក្រសួងបានបញ្ចប់នីតិវិធីត្រឹមការវិន័យផ្នែករដ្ឋបាល បង្ហាញអោយឃើញពីការប្រាសចាក មើលស្រាលទៅលើនីតិវិធីច្បាប់ក្រមព្រហ្មទណ្ឌ និងនីតិវិធីដែលមានជាធរមានក្នុងប្រព័ន្ធយុត្តិធម៌»។
Newsroom Cambodia មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីមន្ត្រីនគរបាលស្ត្រីជាជនរងគ្រោះបានទេ។
ការហៅទូរស័ព្ទទៅលោក អ៊ុក កុសល និងលោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនមានអ្នកលើកទេ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ៕