ភ្នំពេញ​៖ ​​ក្រុម​អង្គការសង្គម​ស៊ីវិល បាន​សម្ដែងការមិន​ពេញ​ចិត្ត​នឹង​ការដកតែដំណែងលោក អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំ ពីបទប្រព្រឹត្តអំពើបៀតបៀនកេរខ្មាស លើមន្រ្តីនគបាលជាស្រ្តី ហើយបានជំរុញឲ្យបញ្ជូនសំណុំរឿងនេះ ទៅតុលាការ ពីព្រោះករណីនេះ ជាបទ​ល្មើស​ព្រហ្ម​ទណ្ឌ​។

កាលពី​ខែសីហា ឆ្នាំ២០២០ មាន​ពាក្យ​បណ្តឹង​មកលើលោក អ៊ុ​ក កុសល ថា​បាន​បំពាន​កេរ្តិ៍​ខ្មាស​ លើ​មន្ត្រី​ជា​ស្ត្រី​ ​​ជាច្រើន​នាក់ ហើយក្រោយការស៊ើបអង្កេតដោយក្រសួងមហាផ្ទៃ គាត់ត្រូវបានគេដកដំណែងជាស្នងការ ហើយក៏ត្រូវបាន​បន្ថយ​ឋានន្តរស​ក្តិពី​ថ្នាក់​ឧត្តមសេនីយ៍​ទោ​ (ផ្កាយ២​) មក​ជា​វរសេ​នីយ៍​ឯក ​(សក្តិ៥​) វិញ​ផងដែរ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៏មាន VoD។

នាយក​​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​អង្គការលីកាដូ លោក អំ​ សំអាត​ បាននិយាយថា ការដកឋានន្តរសក្តិនេះ មិន​ទាន់សាកសម ​នោះ​ទេ​ ព្រោះនេះ​គ្រាន់​ជា​​វិធាន​ការ​រដ្ឋបាលនគរ​បាល​ជាតិប៉ុណ្ណោះ​។​

លោក អំ​ សំអាត​ បាននិយាយដូច្នេះថា៖ «ប៉ុន្តែ​បើ​យោង​ទៅ​​តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ ​សំណុំ​រឿង​នេះ​ទាក់​ទង​នឹង​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​​ប្រ​ទូស្ដ​កេ​រ​ខា្ម​ស​ ​ដែល​ត្រូវ​បញ្ចូន​ទៅ​តុលាការ​ដើម្បីអនុវត្ត​តាម​ផ្លូវ​ច្បាប់​បន្ត​ទៀត​»។

លោក​ បានបន្តថាស​មត្ថកិច្ច​​គួរ​ណា​អនុវត្ត​​តាមផ្លូវ​​ច្បាប់ ​ដើម្បី​ជា​គំ​រូ​ដល់​អ្នក​ក្រោយ​ផង​ដែរ។

នាយិកា​​អង្គការក្លាហាន​ កញ្ញា បុណ្យ រចនា បាន​​លើក​ឡើង​ថា​ករណី​ខាង​លើ​គួរបញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​​ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​។

នាយិកា​រូប​នេះបាន​បន្ត​ថា​៖ «ជន​រង​គ្រោះ​បានរង​គ្រោះ​រួច​​ហើយ​ កិត្តិយស​ និង​កេរ្តិ៍​ឈ្មោះបាន​ខូចខាត​ ហើយ​​ពេលសាធារណជន​ បានឃើញ​ពាក្យ​បណ្ដឹង​នោះ ​អ្វី​ដែល​ជន​រង​គ្រោះ​ ចង់​បាន​គឺ​យុត្តិធម៌។​ ការ​ដែល​មិន​បញ្ជូន​ពាក្យ​បណ្ដឹងទៅ​តុលា​ការវិញ​ទេ ដែល​ធ្វើ​អោយ​ជន​រង​គ្រោះ​​ខូច​កេរ្តិ៍​ឈ្មោះ ​ស្រប​ពេល​ដែល ​ជន​ប្រព្រឹត្ត​រូច​ខ្លួនពី​សំណាញ់​ច្បាប់»។

​​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ស្រី​ ចក់ សុភាព បាននិយាយថា ការខក​ខាន ​មិន​បន្ត​និតី​វិ​ធី​ត​ទៀតទៅតុលាការ ​ ​បង្ហាញ​ពី​ភាព​អយុត្តិ​ធម៌​នៅ​ក្នុង​សង្គម។

លោក​ស្រី​ បាន​បន្ថែម​ថា​៖ «ជាក់​ស្ដែង​ករណី​នេះ​ចូល​ជា​បទល្មើស​ព្រហ្ម​ទណ្ឌ​ ចែង​ក្នុង​មាត្រា​២៤៦​ បទ​​ប្រ​ទូស្ដ​កេ​រ​ខា្ម​ស​​ ដែលមាន​ស្ថាន​ទម្ងន់​​ទោស​រហូត​ការ​ជាប់​ពន្ធ​ធនា​គារ​ពី​១ ទៅ​៣ឆ្នាំ​»។

លោក​ស្រី​ ចក់ សុភាព បាននិយាយបន្តថា៖ «ប៉ុន្តែ​ពេល​ទទួល​​ថា​ក្រសួង​បាន​បញ្ចប់​នីតិវិធី​ត្រឹមការ​​វិន័យ​ផ្នែក​រដ្ឋបាល​ បង្ហាញ​អោយ​ឃើញ​ពី​ការ​​ប្រាសចាក ​មើល​ស្រាល​ទៅ​លើ​នីតិ​វិធី​ច្បាប់​​ក្រមព្រហ្ម​ទណ្ឌ​ និង​នី​តិ​វិធី​ដែលមាន​ជា​​ធរមាន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌»។

Newsroom​ Cambodia មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​នគរបាល​​ស្ត្រី​ជា​ជន​រងគ្រោះបាន​ទេ។

ការហៅទូរស័ព្ទទៅលោក អ៊ុ​ក កុសល និងលោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនមានអ្នកលើកទេ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ៕