លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២០នេះ ថាតាមការសន្និដ្ឋានបថមពីក្រុមគ្រូពេទ្យ លើ​ព្រះសង្ឃ៤៦អង្គ ដែលប្រឈួនព្រមៗគ្នានៅខេត្តបាត់ដំបង គឺជាជំងឺគ្រុនផ្តាសាយធំ។​

ក្រសួងសុខាភិបាលបានទទួលរបាយការណ៌ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា ព្រះសង្ឍចំនួន  ៤៦នាក់  ដែលគង់នៅវត្ត ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង  ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ  មានព្រះអាការ:រោគដូចជា ក្តៅខ្លួន  លើសពី៣៧,៥ អង្សារសេ  ក្អក  និងហៀរសំបោរ។ នេះបើយោងតាមលោកស្រី ឱ វណ្ណឌីន ដែលបានប្រាប់អ្នកសារព័ត៏មានតាមតេលេក្រាម។

លោកស្រី ឱ វណ្ណឌីនបាននិយាយថា ហេតុការណ៌នេះ បានកើតមានឡើងចំនួន  ៥-៦ថ្ងៃមកហើយ  ដែលមានព្រះសង្ឍប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលើ បានជាសះស្បើយ។ 

លោកស្រី ឱ វណ្ណឌីន បានបន្តថា ក្រុមគ្រូពេទ្យខេត្តបាត់ដំបង  បានយកវត្ថុសំណាកព្រះសង្ឍចំនួន  ២១អង្គនាក់  ផ្ញើរទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីព្រឹកថ្ងៃទី១៤  ខែកញ្ញា  ឆ្នាំ២០២០  រួចហើយដែរ  កំពុងតែរងចាំលទ្ធផល។

លោកស្រី ឱ វណ្ណឌីន បាននិយាយដូច្នេះថា៖ «បច្ចុប្បន្ននេះ  ស្ថានភាពសុខភាពព្រះសង្ឍដែលឈឺនោះ  មានការវិវត្តទៅរកភាពល្អប្រសើរហើយ  ដោយការសន្និដ្ឋានបថមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ»៕