ភ្នំពេញ​៖​ អ្នកដំណើរ​ទៅស្រុកកំណើតមួយចំនួន បាន​ត្អូញ​ត្អែរ ​និង​រិះ​គន់​ម្ចាស់ឡាន​ឈ្នួល ​ដែល​បានតំ​ឡើង​ថ្លៃ​រថ​យន្ត​ក្នុង​រដូវបុណ្យភ្ជុំបិណ្ឌ ខណៈដែល​ប្រ​ជាពល​រដ្ឋ​មួយចំ​នួន ត្រូវបានរងផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយវីរុសកូវីដ ១៩។

អ្នកដំណើរនៅបេនឡាន​ រូបភាពដោយ៖ ភិន រតនា

សម្លេងកញ្ចែរលាន់លឺមិនឈប់ ស្ទើរតែនិយាយស្តាប់គ្នាមិនលឺ​ សន្តិសុខសម្រួលចរាចរណ៍ខ្វាត់ខ្វែង ឲ្យឡានចេញដំណើរ ខណៈដែលព្រូឡានមួយក្រុម រត់ដេញតាមកង់បី ​តាមម៉ូតូ ដើម្បីចាប់ម៉ូយយ៉ាងរញេញ៉ៃ។ សម្លេងតថ្លៃតម្លៃឡានឈ្នួលបានលឺរំពងពាសពេញបេនឡានផ្សារធំថ្មី។

អង្គុយនៅលើកៅអី ព្រមទាំងមានឥវ៉ាន់សំពីងសំពោងផងនោះ​ លោក ​ធារ៉ា ​អាយុ ​២៧ឆ្នាំ ​មកពីស្រុកអូររាំងឪ ​បានរ៉ាយរ៉ាប់ប្រាប់ Newsroom Cambodia នៅថ្ងៃទី១៥ ​ខែកញ្ញា​ ឆ្នាំ២០២០​ថា តម្លៃឡានបានឡើងខុសពីថ្ងៃធម្មតាហើយ រថយន្តឈ្នួលតែងតែឡើងថ្លៃ​បែប​នេះ​។

លោក បានបន្តថា​ថ្ងៃធម្មតាតម្លៃត្រឹមតែ១ម៉ឺនរៀលទេ ខណៈដែលកៀកភ្ជុំបិណ្ឌ ក៏បានឡើងដល់ ២ម៉ឺនរៀល។

លោកធារ៉ា បាននិយាយថា​៖ ​«ខ្ញុំ​ទៅ​អូរ​រាំង​ឪ​រាល់​ដង កាលយើងមិនទាន់ភ្ជុំអញ្ចឹង អាឡាន​សាំង​យ៉ុង​ហ្នឹង ​​តែ​១ម៉ឺន​រៀល​អី​អស់ហើយ។ ដល់ពេលវាភ្ជុំអញ្ចឹង វាឡើង១ម៉ឺនរៀលទៀត អញ្ចឹងវា២ម៉ឺនរៀល។ ខ្ញុំក៏គិតថាវាថ្លៃដែរ​ តែធ្វើម៉េច បើត្រូវទៅស្រុកអញ្ចឹង»។

អ្នកដំណើរម្នាក់ទៀតដែលកំពុងឈរចាំឲ្យឡានពេញមុនចេញដំណើរ រួមមានសម្ភារៈក្បែរខ្លួនមួយចំនួនផងនោះ​ កញ្ញា​ ស្រី​ពៅ ​អាយុ២៣ឆ្នាំ បាននិយាយថា ការតម្លើងថ្លៃ​រថ​យន្តស្ទើរជាទំលាប់ទៅហើយ។

ស្រីពៅ បានបន្តថានេះអាចនឹងប៉ះពាល់ខ្លះដែរ ដល់អ្នកដែលមានបញ្ហាលុយកាក់ ពីព្រោះថាមានម្ចាស់ឡានឈ្នួលផ្សេងទៀត បានតម្លើងតម្លៃលើសនេះ ២ដងទៀត។

កញ្ញា បានបន្ថែមថា​៖ ​«វាពិបាកដែរ បើឡើងថ្លៃអញ្ចឹង ​ព្រោះបើយើងអត់ជិះ ក៏គេអត់បង្ខំយើងដែរ»។

កំពុងឈររងចាំឡានដោយបានកក់សំបុត្ររួចហើយ ​អ្នកស្រី​ សាវ៉េត​ គ្រោងឡើងឡានពីភ្នំពេញ ទៅខេត្តសៀមរាប។ គាត់​​បានប្រាប់ថា ​ជាធម្មតាតម្លៃឡានសមរម្យអាចទទួលយក​បាន​ ត្រឹម​៨ដុល្លារ​ ទៅ​៩ដុ​ល្លារ​ ​ប៉ុន្តែ​រ​ដូវ​កាល​ភ្ជុំ​បិណ្ឌ​នេះ​តម្លៃ​សំ​បុត្របាន​ឡើង​ដល់​១១,៥ដុល្លារ។

លោកស្រី បានបន្តថា​ឆ្នាំនេះមានវិបត្តិកូវីដ១៩ផង គួរណាស់តែកុំតម្លើងថ្លៃ ពី​ព្រោះអ្នក​ខ្លះខំ សន្សំប្រាក់ដើម្បីទៅលេងស្រុកកំណើត ធ្វើបុណ្យទាន​ ជូនលុយ ទៅឪពុកម្តាយផង។

លោកស្រី បានបញ្ជាក់ថា​៖​ «​គិត​ថា​វា​យ៉ាប់​ដែរ​ ​​តែ​យើង​ត្រូវ​ធ្វើ​ដំណើរ​ហើយ ​បើមិនទៅ​ វា​មិន​កើត​»។

លោកម្នាក់ដែលកំពុងអង្គុយបង្ហុយបារីមួយដើម​ ខណៈកំពុងរង់ចាំអ្នកដំណើរទិញនំបុ័ង ព្រមទាំងឥវ៉ាន់ផ្សេងទៀត ដើម្បីផ្ញើរបងប្អូននៅស្រុកកំណើត គាត់ជាជាម្ចាស់ឡានឈ្នួល ហើយសុំមិនបញ្ចេញឈ្មោះ។ គាត់បាននិយាយថា គាត់បានតម្លើង ថ្លៃត្រឹមតែ៤ពាន់រៀល ទៅ៥០០០រៀលទេ។

លោក បានបញ្ជាក់ថា៖​ «ឥឡូវអ្នកជិះគាត់តថ្លៃណាស់ ហើយណាមួយ​ឡាន​ឈ្នួលផ្សេងទៀតក៏មានច្រើន ​គេដណ្តើមម៉ូយផង អីផង វាកូវីដអញ្ចឹងទៀត មិនសូវមានអ្នកជិះ​ច្រើន»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ លោក​ វ៉ន​ ពៅ​ បាននិយាយថា ទោះបីជាមានសេចក្តីអំពាវនាវ ក៏មានការឡើងថ្លៃជារៀងរាល់ឆ្នាំដដែល ហើយក៏គ្មានយន្តការជួយប្រជាពលរដ្ឋស្ងប់ចិត្ត ធ្វើដំណើរក្នុងពេលបុណ្យទាននោះទេ។

លោក​ វ៉ន​ ពៅ​ បាននិយាយដូច្នេះថា៖ ‌‌«ជារឿង​មួយ​គួរឲ្យសោក​ស្តាយមែនទែន​ អ្នករកស៊ីស្រុកខ្មែរយើង មើលទៅដូចគ្មានក្រមសីលធម៌ក្នុងការប្រកបរបរវិជ្ជាជីវៈទាល់តែសោះ»៕