ភ្នំពេញ៖ លោក ម៉ែន លី បានឡើងកាន់តំណែងស្នងការខេត្តកំពង់ធំជាផ្លូវការ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ជំនួសលោក អ៊ុក កុសល ដែលបានអស់តំណែងនេះ ក្រោយត្រូវបានគេរកឃើញថា បានប្រព្រឹត្តអំពើប្រទូស្តកេរខ្មាសលើមន្រ្តីជាស្រ្តីនគរបាលរបស់ខ្លួន។
កាលពីខែសីហា ឆ្នាំ២០២០ មានពាក្យបណ្តឹងមកលើលោក អ៊ុក កុសល ថាបានបំពានកេរ្តិ៍ខ្មាស លើមន្ត្រីជាស្ត្រី ជាច្រើននាក់ ហើយក្រោយការស៊ើបអង្កេតដោយក្រសួងមហាផ្ទៃ គាត់ត្រូវបានគេដកដំណែងជាស្នងការ ហើយក៏ត្រូវបានបន្ថយឋានន្តរសក្តិពីថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) មកជាវរសេនីយ៍ឯក (សក្តិ៥) វិញផងដែរ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៏មាន VoD។
គួររំលឹកថា ក្រុមអង្គការសង្គមស៊ីវិល ក៏បានសម្ដែងការមិនពេញចិត្តនឹងការដកតែដំណែងលោក អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំ ហើយបានជំរុញឲ្យបញ្ជូនសំណុំរឿងនេះ ទៅតុលាការ ពីព្រោះករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ។
នៅក្នុងពិធីប្រកាសផ្ទេរផ្លួវការក្នុងខេត្តកំពង់ធំ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្នើឱ្យស្នងការថ្មី គឺលោក ម៉ែន លី អតីតស្នងការឧត្តរមានជ័យ អនុវត្តតាមសំដីរបស់លោកអភិបាលខេត្ត គឺត្រូវសហការ និងគោរព ឲ្យបានម៉ឺងម៉ាត់បំផុត។នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការក្រសួងមហាផ្ទៃ។
ដោយយោងតាមទំព័រហ្វេសប៊ុកដដែល លោក នេត សាវឿន បាននិយាយដូច្នេះថា «ជម្រុញឲ្យស្នងការថ្មី ត្រូវរួមគ្នាគិត រួមសហការគ្នា គិតពីបញ្ហាប្រយោជន៍ជាតិជាធំ ដើម្បីស្ដារកិត្តិយសនិងបំរើប្រជាពលរដ្ឋជាធំ។»
លោក ម៉ែន លី បានបដិសេធធ្វើអត្ថាធិប្បាយពេល Newsroom Cambodia ទូរស័ព្ទទៅកាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០ ហើយ លោក អ៊ុក កុសល ក៏មិនអាចទាក់ទងបានដែរ៕