ភ្នំពេញ៖ លោក ម៉ែន លី បានឡើងកាន់តំណែងស្នងការខេត្តកំពង់ធំជាផ្លូវការ កាលពីថ្ងៃទី​​២១ ខែកញ្ញា ឆ្នាំ២០២០នេះ ជំនួសលោក អ៊ុក កុសល ដែលបានអស់តំណែងនេះ ក្រោយត្រូវបានគេរកឃើញថា បានប្រព្រឹត្តអំពើប្រទូស្តកេរខ្មាស​លើមន្រ្តីជាស្រ្តីនគរបាលរបស់ខ្លួន។

កាលពី​ខែសីហា ឆ្នាំ២០២០ មាន​ពាក្យ​បណ្តឹង​មកលើលោក អ៊ុ​ក កុសល ថា​បាន​បំពាន​កេរ្តិ៍​ខ្មាស​ លើ​មន្ត្រី​ជា​ស្ត្រី​ ​​ជាច្រើន​នាក់ ហើយក្រោយការស៊ើបអង្កេតដោយក្រសួងមហាផ្ទៃ គាត់ត្រូវបានគេដកដំណែងជាស្នងការ ហើយក៏ត្រូវបាន​បន្ថយ​ឋានន្តរស​ក្តិពី​ថ្នាក់​ឧត្តមសេនីយ៍​ទោ​ (ផ្កាយ២​) មក​ជា​វរសេ​នីយ៍​ឯក ​(សក្តិ៥​) វិញ​ផងដែរ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៏មាន VoD។

គួររំលឹកថា ក្រុម​អង្គការសង្គម​ស៊ីវិល ក៏បាន​សម្ដែងការមិន​ពេញ​ចិត្ត​នឹង​ការដកតែដំណែងលោក អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំ ហើយបានជំរុញឲ្យបញ្ជូនសំណុំរឿងនេះ ទៅតុលាការ ពីព្រោះករណីនេះ ជាបទ​ល្មើស​ព្រហ្ម​ទណ្ឌ​។

នៅក្នុងពិធីប្រកាសផ្ទេរផ្លួវការក្នុងខេត្តកំពង់ធំ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្នើឱ្យស្នងការថ្មី គឺលោក ម៉ែន លី អតីតស្នងការឧត្តរមានជ័យ អនុវត្តតាមសំដីរបស់លោកអភិបាលខេត្ត គឺត្រូវសហការ និងគោរព ឲ្យបានម៉ឺងម៉ាត់បំផុត។នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការក្រសួងមហាផ្ទៃ។

ដោយយោងតាមទំព័រហ្វេសប៊ុកដដែល លោក នេត សាវឿន បាននិយាយដូច្នេះថា «ជម្រុញឲ្យ​ស្នង​ការ​​ថ្មី ត្រូវរួម​គ្នាគិត រួមសហការគ្នា គិត​ពី​បញ្ហា​ប្រយោជន៍​ជាតិ​ជាធំ ដើម្បី​ស្ដារ​កិត្តិយស​និង​បំរើ​ប្រជាពលរដ្ឋជាធំ​។»

លោក ម៉ែន លី​ ​បាន​បដិសេធ​ធ្វើអត្ថាធិប្បាយពេល​​​ Newsroom Cambodia ទូរស័ព្ទទៅកាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០ ហើយ ​លោក​ អ៊ុក​ កុសល ក៏​មិន​អាច​ទាក់​ទងបានដែរ​៕