ជំនន់ទឹកភ្លៀងបានបង្កការខូចខាតដល់ដំណាំកសិកម្មជាច្រើនហិចតា ប៉ះពាល់លំនៅដ្ឋាន និងរចនាសម្ព័នមួយចំនួន ខណៈដែលប្រជាជនរាប់រយគ្រួសារ ក៏ត្រូវបានជម្លៀសចេញដើម្បីរកទីទួលសុវត្តិភាពផងដែរ នៅក្នុងខេត្តពោធិ៍សាត់។នេះបើយោងតាមរបាយការណ៏ទឹកជំនន់ ចេញដោយអាជ្ញាធរខេត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ។
របាយការណ៍ដដែលបានបង្ហាញបន្ថែមថា រយៈពេលត្រឹម២ថ្ងៃចុងក្រោយនេះ ផលដំណាំប្រមាណ ៦០០ហិចតា ក្នុងខេត្តពោធិ៍សាត់ ត្រូវបានលិចលង់ ហើយផលដំណាំទាំងនោះ មានចំនួន៣១៨,៥ហិកតា នៅស្រុកវាលវែង ក្នុងឃុំប្រម៉ោយ ឃុំអន្លង់រាប ឃុំក្រពើពីរ និងឃុំអូរសោម។
នៅក្នុងពោធិ៍សាត់ មានការលិចផលដំណាំស្រូវចំនួន៨២៤ហិកតា និងនៅក្នុងស្រុកកណ្ដៀង មានការប៉ះពាល់ស្រូវស្រាល ចំនួន២៨៣ហិកតា។នេះបើយោងតាមរបាយដដែល។
ក្រុងចំនួន៤ នៅខេត្តពោធិ៍សាត់ រួមមាន ក្រុងពោធិ៍សាត់ ស្រុកវាលវែង ស្រុកកណ្ដៀង ស្រុកភ្នំក្រវាញ ក៏បានរងការប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលបង្ខំឲ្យអោយប្រជាជនចំនួន១៨០គ្រួសារ ត្រូវជម្លៀសដើម្បីរកទីទួលសុវត្តិភាព។
សរុបមកត្រឹមថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២០ ទឹកជំនន់បានបំផ្លាញស្ពានចំនួន៤ និងផ្លូវចំនួន២០ខ្សែ នៅក្នុងក្រុង និងស្រុកចំនួន៤ នៃខេត្តពោធិ៍សាត់។
លោក កែវ វ័យ ប្រធានធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានផ្តល់បទសម្ភាសដល់ Newsroom Cambodia កាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ថា ស្ថានភាពទឹកនៅខេត្តពោធិ៍សាត់ មានលក្ខណៈធូរស្បើយច្រើន បើទោះកម្រិតទឹកនៅក្នុងក្រុង ជិតដល់កំរិតនឹងប្រកាសអាសន្នក្តី។
លោកបានបន្តថា៖ «កម្ពស់ទឹកស្ទឹងនៅភ្នំក្រវាញស្រកជាង២ម៉ែត្រ បើធៀបនឹងពេលមុនមានរយៈកម្ពស់៦,១២សង់ទីម៉ែត្រ ដែលបច្ចុប្បន្ននៅសល់៣,៥៦សង់ទីម៉ែត្រ រីឯក្រុងពោធិ៍សាត់មានរយៈកម្ពស់៥,៤៥សង់ទីម៉ែត្រ បច្ចុប្បន្នស្រក៥ហ៊ុន នៅត្រឹម៥,៤០សង់ទីម៉ែត្រ»។
គួរបញ្ជាក់ផងដែរថា ស្ថានភាពកម្ពស់ទឹកខេត្តពោធិ៍សាត់ក្នុងឆ្នាំនេះ គឺមានសភាពទឹកធំជាងបើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយសារតែជន់ស្ទឹងទាំងបីផ្នែកខាងលើជាហេតុបណ្ដាលឲ្យជន់លិចមកក្រុងពោធិ៍សាត់ខ្លាំង។ នេះបើយោងតាមការរៀបរាប់របស់លោក កែវ វ័យ៕