ជំនន់ទឹកភ្លៀងបានបង្កការខូចខាតដល់ដំណាំកសិកម្មជាច្រើនហិចតា ប៉ះពាល់លំនៅដ្ឋាន និងរចនាសម្ព័នមួយចំនួន ខណៈដែល​ប្រជាជន​រាប់រយ​គ្រួសារ ក៏ត្រូវបាន​ជម្លៀសចេញ​ដើម្បីរក​ទី​ទួល​សុវត្តិភាពផងដែរ នៅក្នុងខេត្តពោធិ៍សាត់។នេះបើយោងតាមរបាយការណ៏ទឹកជំនន់ ចេញដោយអាជ្ញាធរខេត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ។

របាយការណ៍ដដែលបាន​បង្ហាញបន្ថែមថា ​រយៈពេលត្រឹម២ថ្ងៃចុងក្រោយនេះ​ ផល​ដំណាំប្រមាណ ៦០០​ហិចតា ​ក្នុង​ខេត្ត​ពោធិ៍​សាត់ ត្រូវបានលិច​លង់ ហើយផលដំណាំទាំង​នោះ មាន​ចំនួន៣១៨,៥ហិកតា នៅស្រុកវាលវែង ក្នុងឃុំប្រម៉ោយ ឃុំអន្លង់រាប ឃុំក្រពើពីរ និងឃុំអូរសោម។

នៅក្នុង​​ពោធិ៍សាត់ មានការ​លិច​ផល​ដំណាំ​ស្រូវ​​ចំនួន​៨២៤ហិកតា និង​នៅក្នុងស្រុកកណ្ដៀង មានការប៉ះ​ពាល់​ស្រូវ​ស្រាល​ ចំនួន​២៨៣​ហិកតា។នេះបើយោងតាមរបាយដដែល។

ស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់ រូបភាពដោយ៖ ក្រសួងធនធានទឹក និងឧតុនិយម

ក្រុង​​ចំនួន៤ ​នៅខេត្តពោធិ៍សាត់ រួមមាន​ ក្រុង​ពោធិ៍សាត់ ស្រុក​វាលវែង ស្រុកកណ្ដៀង ស្រុក​ភ្នំក្រវាញ ក៏បាន​រង​ការ​ប៉ះពាល់​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ ​ដែល​បង្ខំ​ឲ្យ​អោយ​ប្រជាជន​ចំនួន​១៨០​គ្រួសារ​ ត្រូវ​ជម្លៀស​ដើម្បីរក​ទី​ទួល​សុវត្តិភាព។

សរុប​មក​ត្រឹម​ថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២០ ទឹក​ជំនន់​បាន​បំផ្លាញ​ស្ពានចំនួន​៤ និង​ផ្លូវចំនួន​២០ខ្សែ នៅក្នុង​ក្រុង និង​ស្រុក​ចំនួន​៤ ​​នៃ​ខេត្តពោធិ៍សាត់។

លោក កែវ​​​ វ័យ ប្រធានធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានផ្តល់បទសម្ភាសដល់ Newsroom Cambodia កាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ថា ​ស្ថានភាពទឹកនៅខេត្តពោធិ៍សាត់ មានលក្ខណៈធូរស្បើយច្រើន បើទោះកម្រិតទឹកនៅក្នុងក្រុង ជិតដល់កំរិតនឹងប្រកាសអាសន្នក្តី។​

លោកបានបន្តថា៖ «កម្ពស់ទឹកស្ទឹងនៅភ្នំក្រវាញស្រកជាង២ម៉ែត្រ បើធៀបនឹងពេលមុនមានរយៈកម្ពស់៦,១២សង់ទីម៉ែត្រ ដែលបច្ចុប្បន្ននៅសល់៣,៥៦សង់ទីម៉ែត្រ​ រី​ឯ​ក្រុង​ពោធិ៍សាត់​មាន​រយៈកម្ពស់៥,៤៥​សង់ទី​ម៉ែត្រ ​បច្ចុប្បន្នស្រក៥​ហ៊ុន ​នៅ​ត្រឹម​៥,៤០​សង់ទីម៉ែត្រ»។

គួរ​បញ្ជាក់ផង​ដែរថា ​ស្ថានភាព​កម្ពស់ទឹកខេត្ត​ពោធិ៍សាត់ក្នុង​ឆ្នាំនេះ គឺមាន​សភាព​ទឹកធំជាងបើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំមុន​ ​ដោយ​សារ​តែ​ជន់​ស្ទឹង​ទាំង​បីផ្នែកខាង​លើ​ជា​ហេតុ​បណ្ដាលឲ្យ​ជន់លិចមក​ក្រុង​ពោធិ៍សាត់​ខ្លាំង។ ​នេះ​បើយោង​តាម​ការ​​រៀបរាប់​របស់​លោក​ កែវ វ័យ៕