(ភ្នំពេញ)៖ ឆ្នាំនេះត្រូវនឹងខួបលើកទី២៧ នៃការប្រកាសឱ្យប្រើនូវរដ្ឋធម្មនុញ្ញ ដែលកម្ពុជាបានប្រកាសក្នុងរដ្ឋធម្មនុញ្ញថាជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស អនុលោមចេញពីសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។
មាត្រាដំបូងនៃរដ្ឋធម្មនុញ្ញកម្ពុជាដែលបានប្រកាសឱ្យប្រើជាលើកដំបូងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ចែងថា កម្ពុជាគឺជាព្រះរាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញ ដោយផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាធម្មនុញ្ញផ្សាយលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានស្រង់សម្តីរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាថា រដ្ឋធម្មនុញ្ញដែលមានអាយុ២៧ឆ្នាំនេះ គឺជាសមិទ្ធផលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរ សម្តែងឡើងតាមរយៈការបោះឆ្នោតជាសាកលកាលពីឆ្នាំ១៩៩៣។
ក្នុងសេចក្តីថ្លែងការណ៍សរសេរស្រង់សម្តីរបស់លោក អ៊ឹម ឈុនលឹម តាមន័យដើមថា៖ «រដ្ឋធម្មនុញ្ញនេះបានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបបនយោបាយ ក្របខណ្ឌច្បាប់ និងក្របខណ្ឌស្ថាប័ន នៅលើខឿនប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មកដល់បច្ចុប្បន្ននេះ មានសុខសន្តិភាពពេញលេញ ជារដ្ឋមានស្ថិរភាព ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក»។
លោក អ៊ឹម ឈុនលឹម បន្ថែមថា ការអនុវត្តគុណតម្លៃធម្មនុញ្ញនិយមនៅព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក មានការយល់ខុសគ្នាក្នុងចំណោមតួអង្គពាក់ព័ន្ធខ្លះ រវាងទ្រឹស្តីវិទូ និងប្រតិបត្តិករនៅលើទីលានសង្គមកម្ពុជាជាក់ស្តែង រវាងអ្នកនៅក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទាក់ទងអំពីដំណើរអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស អំពីការលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន អំពីទិដ្ឋភាពនៃដំណើរប្រព្រឹត្តទៅនៃអំណាចរដ្ឋទាំងបី អំពីការអនុវត្តនីតិរដ្ឋជាដើម។
លោកថា៖ «ការវាយតម្លៃការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលផ្អែកតែលើ លក្ខណៈវិនិច្ឆ័យមួយជ្រុងនៃការអនុវត្តគុណតម្លៃទំនើប នឹងនាំឲ្យមានភាពអយុត្តិធម៌ ចំពោះអ្នកអនុវត្តដែលបានខិតខំសម្រេចសមិទ្ធផលធំៗជាច្រើនរបស់ជាតិ»។
បើទោះបីជាមានការចែងក្នុងរដ្ឋធម្មនុញ្ញ និងការប្រកាសរបស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាធម្មនុញ្ញក្តី ប៉ុន្តែក៏មានមតិមួយចំនួនយល់ឃើញពីស្មារតីនៃរដ្ឋធម្មនុញ្ញថា មានការធ្លាក់ចុះ និងមានភាពខ្វះខាតនូវការអនុវត្តច្បាប់នៅកម្ពុជា។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញកម្ពុជាមានការឆ្លុះបញ្ចាំងស្របទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្តែលោកថា ក្រោយមកមានការធ្វើវិសោធនកម្មច្រើនដោយខ្វះដំណើរការប្រជាធិបតេយ្យក្នុងការអនុម័តច្បាប់។
លោកបញ្ជាក់ថា៖ «កាលណារដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មច្រើនលើកច្រើនសារពេក វានឹងអាចធ្វើឱ្យច្បាប់បាត់បង់នូវភាពប្រាកដប្រជា និងភាពជាគំរូណាមួយ ហើយនេះគ្រាន់តែជាការកែច្នៃធ្វើម៉េចឱ្យក្បាលត្រូវនឹងមួកតែប៉ុណ្ណោះ»។
សម្រាប់លោក មិនបដិសេធនូវអ្វីដែលរដ្ឋាភិបាលបានអះអាងក្នុងការអនុវត្តច្បាប់កន្លងមកទេ ក៏ប៉ុន្តែលោកថា៖ «សម្រាប់យើងជាពលរដ្ឋយើងមើលឃើញខុសរដ្ឋាភិបាលនៅត្រង់ថា ដោយសារយើងឃើញមានសកម្មភាពនៃការអនុវត្តជាក់ស្ដែងមួយចំនួនបានបង្ហាញឱ្យឃើញពីការអនុវត្តនូវរដ្ឋធម្មនុញ្ញគឺមិនទាន់ធ្វើទៅបានពេញលេញដូចដែលបានចែងទេ ហើយកន្លែងខ្លះយើងហាក់ដូចជាកំពុងដើរឃ្លាតកាន់តែឆ្ងាយទៅៗ ពីលក្ខខណ្ឌដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ពិសេសគឺបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ»។
លោកបណ្ឌិត មាស នី បន្ថែមថា ការដណ្ដើមអំណាចគ្នារវាងគូភាគីនៃគណបក្សនយោបាយខ្មែរ និងការព្យាយាមរក្សានូវស្ថិរភាពអំណាចឯកបក្ស ពេលខ្លះហាក់ដូចជាបានធ្វើឱ្យរដ្ឋធម្មនុញ្ញដែលបានចែង ឈានទៅរកឱនភាពនៃការអនុវត្ត ហើយនីតិរដ្ឋប្រែក្លាយទៅជានីតិមាត់ទៅវិញ។
លោកមានប្រសាសន៍ថា៖ «រដ្ឋធម្មនុញ្ញមានតួនាទីដើម្បីរក្សានូវសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅដល់ពលរដ្ឋគ្រប់រូប ក៏ប៉ុន្តែបើច្បាប់រដ្ឋធម្មនុញ្ញត្រូវបានគេយកមកកែច្នៃ ដើម្បីបំប៉នអំណាចទៅក្រុមណាមួយនោះ ហើយធ្វើឱ្យក្រុមមួយទៀតទទួលរងគ្រោះ នោះប្រទេសនោះនឹងអាចឈានចូលបន្តិចម្ដងៗទៅរកអស្ថិរភាពសង្គម ហើយទាំងរដ្ឋាភិបាលទាំងពលរដ្ឋ គឺរស់នៅក្នុងស្ថានភាពភ័យខ្លាចគ្នាទៅវិញទៅមក»។
ចំណែកលោកបណ្ឌិត ប៉ា ចន្ទ័រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ ធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួនមានការបារម្ភចំពោះការអនុវត្តច្បាប់នៅកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីឱនភាពនៃការគោរព និងការអនុវត្តតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។
លោកបន្តថា ការណ៍នេះដោយសារតែលទ្ធិប្រជាធិបតេយ្យទើបតែនាំចូល និងកកើតឡើងវិញក្រោយការបោះឆ្នោតនៅឆ្នាំ១៩៩៣ ហើយក្នុងរយៈពេល២៧ឆ្នាំនេះ ដំណើរការប្រជាធិបតេយ្យមានឡើងមានចុះ និងការវិវត្តប្រជាធិបតេយ្យនៅខ្វះគ្រឹះជាមូលដ្ឋាន ខ្វះយន្តការក្នុងការបែងចែកអំណាច យន្តការក្នុងការធានាបាននូវឯករាជ្យភាពតុលាការ និងយន្តការដែលអ្នកនយោបាយមិនអាចធ្វើអ្វីបានស្រេចតែចិត្ត គឺយើងខ្វះប្រព័ន្ធការត្រួតពិនិត្យ និងមានតុល្យភាព។
ចាប់ពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២០នេះ រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្មចំនួន៩លើកមកហើយ គឺនៅឆ្នាំ ១៩៩៤, ១៩៩៩, ២០០១, ២០០៤, ២០០៥, ២០០៦, ២០០៨, ២០១៤, និងលើកចុង ក្រោយនៅឆ្នាំ២០១៨។
លោកបណ្ឌិត ប៉ា ច័ន្ទរឿង បន្ថែមថា៖ «កាលណារដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មច្រើនដង វាបង្ហាញពីភាពកម្សោយពីការអនុវត្តច្បាប់ក្នុងនៅប្រទេសហ្នឹងផងដែរ»។
រដ្ឋធម្មនុញ្ញ គឹជាច្បាប់កំពូលរបស់កម្ពុជាដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយច្បាប់នេះគឺជាបន្ទាត់ក្រិត្យមួយដែលត្រូវបានអនុវត្តដោយប្រជាពលរដ្ឋកម្ពុជាឱ្យរស់នៅតាមក្របខណ្ឌនៃច្បាប់រដ្ឋមួយនេះ។ ជាពិសេសនោះ ការគ្រប់គ្រងបញ្ហាអធិបតេយ្យភាព តួនាទី និងឋានៈរបស់ព្រះមហាក្សត្រ សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ និងស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗ ក៏ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញផងដែរ៕