(ភ្នំពេញ)៖ ឆ្នាំ​នេះ​ត្រូវ​នឹង​ខួប​លើក​ទី​២៧ នៃ​​ការប្រកាស​ឱ្យ​ប្រើ​នូវ​រដ្ឋ​ធម្មនុញ្ញ​ ដែល​កម្ពុជា​បាន​ប្រកាស​ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ជា​​ប្រទេស​​ប្រកាន់​​យក​​​របប​​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស ​អនុលោម​ចេញ​​​ពី​​សន្ធិសញ្ញា​​ទីក្រុង​​ប៉ារីស ថ្ងៃ២៣ ខែ​តុលា ឆ្នាំ១៩៩១។

មាត្រា​ដំបូង​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​បាន​ប្រកាស​ឱ្យ​ប្រើជាលើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​​១៩៩៣​​ចែង​​ថា កម្ពុជា​​គឺជា​​ព្រះ​រាជាណាចក្រ​​​អាស្រ័យ​​​រ​ដ្ឋ​ធម្មនុញ្ញ ដោយ​​ផ្អែក​លើ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០ ​បាន​​ស្រង់​សម្តី​របស់​លោក​ អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា រដ្ឋធម្មនុញ្ញ​ដែល​មាន​អាយុ​២៧​ឆ្នាំ​នេះ ​គឺជា​​សមិទ្ធផល​​កើត​​ចេញ​​ពី​ឆន្ទៈ​រួម​​​របស់​​ប្រជារាស្ត្រ​​ខ្មែរ ​សម្តែង​ឡើង​តាមរយៈ​ការបោះឆ្នោត​ជា​សាកល​កាល​ពីឆ្នាំ​១៩៩៣។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​សរសេរស្រង់​សម្តី​របស់​​លោក អ៊ឹម ឈុនលឹម ​តាម​ន័យ​ដើម​ថា៖ «រដ្ឋ​ធម្មនុញ្ញ​នេះ​​បាន​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្ថិរភាព​របប​នយោបាយ ក្រប​ខណ្ឌ​ច្បាប់ និង​ក្រប​ខណ្ឌ​​ស្ថាប័ន នៅ​លើ​ខឿន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ ធ្វើ​ឱ្យ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា មក​ដល់​បច្ចុប្បន្ន​នេះ មាន​សុខ​សន្តិភាព​ពេញលេញ ជា​រដ្ឋ​មាន​ស្ថិរភាព ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្ល​ង​មក»។

លោក អ៊ឹម ឈុនលឹម បន្ថែម​ថា ការអនុវត្ត​គុណ​តម្លៃ​ធម្មនុញ្ញ​និយម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​កន្លង​មក មាន​ការយល់​ខុសគ្នា​ក្នុង​ចំណោម​តួអង្គ​ពាក់ព័ន្ធ​ខ្លះ រវាង​ទ្រឹស្តី​វិទូ និង​ប្រតិបត្តិករ​នៅ​លើទី​លាន​សង្គម​កម្ពុជា​ជាក់ស្តែង រវាង​អ្នក​នៅ​ក្នុង​មជ្ឈដ្ឋាន​ជាតិ និង​​អន្តរជាតិ ទាក់ទង​អំពី​ដំណើរ​អនុវ​ត្ត​ប្រជាធិបតេយ្យ​សេ​រី​ពហុបក្ស អំពី​ការលើក​កម្ពស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន អំពី​ទិដ្ឋភាព​នៃ​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​រដ្ឋ​ទាំង​បី អំពី​ការអនុវត្ត​នីតិរដ្ឋ​ជាដើម​។​

លោក​ថា៖ «ការវាយ​តម្លៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ផ្អែក​តែ​លើ លក្ខណៈ​វិនិច្ឆ័យ​មួយ​ជ្រុង​នៃ​ការអនុវត្ត​គុណ​តម្លៃ​ទំនើប នឹង​នាំ​ឲ្យមានភាពអយុត្តិធម៌ ចំពោះ​អ្នក​អនុវត្ត​ដែល​បាន​ខិតខំ​សម្រេច​សមិទ្ធផល​ធំៗ​ជាច្រើន​របស់​ជាតិ»។

បើទោះបីជាមានការ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ការ​ប្រកាស​របស់​ថ្នាក់​ដឹកនាំ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្តី ប៉ុន្តែ​ក៏​មាន​​មតិ​​មួយ​​ចំនួន​យល់​ឃើញ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ថា មាន​​ការ​ធ្លាក់​​ចុះ និង​​មា​​ន​ភាព​​ខ្វះខាត​​នូវ​​ការអនុវត្ត​ច្បាប់​​នៅ​​កម្ពុជា។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម​មានប្រសាសន៍ថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មា​ន​​ការឆ្លុះ​បញ្ចាំង​ស្រប​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ប៉ុន្តែ​លោក​ថា ​ក្រោយ​មក​មាន​ការធ្វើវិសោធនកម្ម​ច្រើន​ដោយខ្វះដំណើរការប្រជាធិបតេយ្យក្នុងការអនុម័តច្បាប់​។

លោក​បញ្ជាក់​ថា៖ «កាលណា​រដ្ឋធម្មនុញ្ញ​ធ្វើ​វិសោធនកម្ម​ច្រើន​លើក​ច្រើន​សារ​ពេក វា​នឹង​អាច​ធ្វើ​ឱ្យ​ច្បាប់​បាត់បង់​នូវ​ភាព​ប្រាកដ​ប្រជា និង​ភាព​ជា​គំរូ​ណាមួយ ហើយ​នេះ​គ្រាន់តែ​ជា​ការកែច្នៃ​ធ្វើ​ម៉េច​​ឱ្យ​ក្បាល​ត្រូវ​នឹង​មួក​តែប៉ុណ្ណោះ»។

សម្រាប់លោក មិនបដិសេធនូវអ្វីដែលរដ្ឋាភិបាលបានអះអាងក្នុងការអនុវត្តច្បាប់កន្លងមកទេ ក៏ប៉ុន្តែលោកថា៖ «សម្រាប់យើងជាពលរដ្ឋយើងមើលឃើញខុសរដ្ឋាភិបាលនៅត្រង់ថា ដោយសារ​យើង​ឃើញ​មាន​សកម្មភាព​នៃ​ការអនុវត្ត​ជាក់ស្ដែង​មួយ​ចំនួន​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការអនុវត្ត​នូវ​រដ្ឋធម្មនុញ្ញ​គឺ​មិន​ទាន់​ធ្វើ​ទៅ​បាន​ពេញលេញ​ដូច​ដែល​បាន​ចែង​ទេ ហើយ​កន្លែង​ខ្លះ​យើង​ហាក់​ដូចជា​កំពុង​ដើរ​ឃ្លាតកា​ន់​តែ​ឆ្ងាយ​ទៅៗ ពី​លក្ខខណ្ឌ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ពិសេស​គឺ​បញ្ហា​សិទ្ធិ​មនុស្ស និងលទ្ធិប្រជាធិបតេយ្យ​ផងដែរ»។

លោក​បណ្ឌិត​ មាស នី ​បន្ថែម​ថា ការដណ្ដើម​អំណាច​គ្នា​រវាង​គូ​ភាគី​នៃ​គណបក្ស​នយោបាយ​ខ្មែរ និង​ការព្យាយាម​រក្សា​នូវ​ស្ថិរភាព​អំណាច​ឯកបក្ស ពេលខ្លះ​ហាក់​ដូចជា​បា​ន​ធ្វើ​ឱ្យ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង ឈា​ន​ទៅ​រក​ឱនភាព​នៃ​ការអនុវត្ត ហើយ​នីតិរដ្ឋ​ប្រែ​ក្លាយ​ទៅ​ជា​នីតិមាត់​ទៅ​វិញ។

លោក​មានប្រសាសន៍​ថា៖ «រដ្ឋធម្មនុញ្ញមានតួនាទីដើម្បីរក្សានូវសុវត្ថិភាព និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ពលរដ្ឋ​គ្រប់រូប ក៏ប៉ុន្តែ​បើច្បាប់រដ្ឋធម្មនុញ្ញ​ត្រូវបានគេយកមកកែច្នៃ ដើម្បី​បំប៉ន​អំណាច​ទៅ​ក្រុម​ណាមួយ​នោះ ហើយ​ធ្វើ​ឱ្យ​ក្រុម​មួយ​ទៀត​ទទួល​រងគ្រោះ​ នោះ​ប្រទេស​នោះ​នឹង​អាច​ឈាន​ចូល​បន្តិចម្ដងៗ​ទៅរក​អស្ថិរភាព​សង្គម ហើយ​ទាំង​រដ្ឋាភិបាល​ទាំង​ពលរដ្ឋ​ គឺ​រស់នៅ​ក្នុង​ស្ថាន​ភាព​ភ័យ​ខ្លាច​គ្នា​ទៅ​វិញទៅមក»។

ចំណែក​លោកបណ្ឌិត ប៉ា ចន្ទ័រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លើកឡើង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ជាពិសេស​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ចុង​ឆ្នាំ២០១៧ ​ធ្វើ​ឱ្យ​​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​មាន​ការ​បារម្ភ​ចំពោះ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឱនភាព​នៃ​ការគោរព និង​ការអនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល។

លោកបន្តថា ការណ៍​នេះ​ដោយសារ​តែ​លទ្ធិប្រជាធិបតេយ្យ​ទើប​តែ​នាំ​ចូល និង​កកើត​ឡើងវិញ​ក្រោយ​ការបោះឆ្នោត​នៅ​ឆ្នាំ១​៩៩៣ ហើយ​ក្នុង​រយៈពេល​២៧​ឆ្នាំ​នេះ ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​មាន​ឡើង​មាន​ចុះ និង​ការវិវត្ត​ប្រជាធិបតេយ្យ​នៅ​ខ្វះ​គ្រឹះ​ជា​មូលដ្ឋាន​ ខ្វះ​យន្តការ​ក្នុង​ការបែង​ចែក​អំណាច យន្តការ​ក្នុង​ការធានា​បាន​នូវ​ឯករាជ្យ​ភាព​តុលាការ និង​យន្តការ​ដែល​អ្នក​នយោបាយ​មិន​អាច​ធ្វើអ្វី​បាន​ស្រេច​តែ​ចិត្ត គឺ​យើង​ខ្វះ​ប្រព័ន្ធ​ការត្រួត​ពិនិត្យ និង​មាន​តុល្យភាព​។

​ចាប់​ពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០២០នេះ​ រដ្ឋធម្មនុញ្ញ​កម្ពុជា​​​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន៩​លើក​មក​ហើយ គឺ​នៅឆ្នាំ ១៩៩៤, ១៩៩៩, ២០០១, ២០០៤, ២០០៥, ២០០៦, ២០០៨, ២០១៤, និងលើកចុង ក្រោយនៅឆ្នាំ២០១៨។​

លោក​បណ្ឌិត ប៉ា ច័ន្ទរឿង​ បន្ថែម​ថា៖ «កាលណា​​រដ្ឋធម្មនុញ្ញ​ធ្វើ​វិសោធនកម្ម​ច្រើន​ដង វា​បង្ហាញ​​ពី​​ភាព​​កម្សោយ​​​​ពី​​​ការអនុវត្ត​ច្បាប់​ក្នុង​នៅ​ប្រទេស​ហ្នឹង​ផង​ដែរ»។

រដ្ឋធម្មនុញ្ញ គឹជា​ច្បាប់​កំពូល​របស់​កម្ពុជា​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ ហើយ​ច្បាប់​នេះ​គឺជា​បន្ទាត់​ក្រិត្យ​មួយ​ដែល​​ត្រូវ​​បា​ន​​អនុវត្ត​​ដោយ​​ប្រជាពលរដ្ឋ​​កម្ពុជា​ឱ្យ​​រស់​នៅ​​តាម​​ក្របខណ្ឌ​​នៃ​​ច្បាប់​​រដ្ឋ​​មួយ​​នេះ។ ជាពិសេស​​នោះ ការគ្រប់គ្រង​​បញ្ហា​​អធិប​តេយ្យ​​ភាព តួនាទី និង​​ឋានៈ​​របស់​​ព្រះ​មហាក្សត្រ សិទ្ធិ​ជា​មូលដ្ឋាន​​របស់​​ប្រជាពលរដ្ឋ​​ខ្មែរ និង​​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​​ផ្សេងៗ ក៏​​ត្រូវ​​បាន​​កំណត់​​ដោយ​​រដ្ឋធម្មនុញ្ញ​​ផង​​ដែរ៕