(ភ្នំពេញ)៖ ក្រុមមេធាវីកាពារក្ដីលោក កឹម សុខា នៅថ្ងៃចន្ទនេះ បានដាក់លិខិតស្នើសុំឱ្យតុលាការដំបូងរាជធានីភ្នំពេញដំណើរការជំនុំជម្រះសំណុំរឿងកូនក្ដីរបស់ពួកគេឡើងវិញ ក្រោយមានការពន្យាពេលសវនាការអស់រយៈពេលជាង៦ខែ ដោយសារជំងឺកូវីដ១៩។
យោងតាមលិខិតចុះកាលបរិច្ឆេទថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ដែល Newsroom Cambodia បានទទួល សហមេធាវីការពារក្តីរបស់លោក កឹម សុខា បានស្នើទៅសាលាដំបូងរាជធានីភ្នំពេញសុំបន្តសវនាការអតីតគណបក្សប្រឆាំងមួយនេះ ឡើងវិញ។
ក្នុងលិខិតនោះបានបញ្ជាក់តាមន័យដើមថា៖ «បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុងហើយ ចំណែកឯតុលាការក៏បានដំណើរការនីតិវិធីជំនុំជម្រះក្ដីជាប្រក្រតីរាល់ថ្ងៃដែរ»។
លោក ចាន់ ចេន មេធាវីមួយរូបដែលការពារក្តីលោក កឹម សុខា ប្រាប់ Newsroom Cambodia តាមរយៈបណ្តាញសង្គមតេលេក្រាមថា លោកបានដាក់លិខិតនេះជូនទៅតុលាការនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីស្នើឱ្យមានការសម្រេចបន្តដំណើរការជំនុំជម្រះរឿងក្ដីនេះឡើងវិញ ដោយមូលហេតុនៃស្ថានភាពជំងឺកូវីដ១៩។
លោកបញ្ជាក់ថា៖ «តាមច្បាប់កូនក្តីត្រូវបានទទួលការជំនុំជម្រះប្រកបដោយយុត្តិធម៌ និងឆាប់រហ័ស ហើយការបន្តពន្យារពេលមិនកំណត់បែបនេះ វាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ឯកឧត្តម កឹម សុខា យ៉ាងធ្ងន់ធ្ងរ»។
លោក ចាន់ ចេន បន្ថែមថា កាលថ្ងៃទី១៧ ខែមិថុនា កន្លងទៅ លោកក៏បានដាក់លិខិតស្នើសុំបន្តសវនាការទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ម្ដងរួចមកហើយ បន្ទាប់ពីមានការផ្អាកមួយរយៈ និងក្រោយការមើលឃើញពីភាពធូរស្រាលឡើងវិញនៃជំងឺកូវីដ១៩ ដើម្បីឱ្យធានាបាននូវការគោរពសិទ្ធិ និងយុត្តិធម៌ជូនលោក កឹម សុខា។
សវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ឬបទក្បត់ជាតិ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ជារៀងរាល់ថ្ងៃពុធ និងព្រហស្បតិ៍។ ប៉ុន្តែនៅថ្ងៃទី២៣ ខែមីនា ក្រុមមេធាវីរបស់លោក កឹម សុខា និងមេធាវីតំណាងរដ្ឋាភិបាល បានដាក់លិខិតស្នើសុំលើកពេលសវនាការក្រោមហេតុផលថា មានការព្រួយបារម្ភអំពីការឆ្លងវីរុសកូរ៉ូណា នៅពេលមានការប្រជុំមនុស្សច្រើន។
តំណាងមេធាវីរាជរដ្ឋាភិបាល លោក គី តិច មិនមានការឆ្លើយតបយ៉ាងណានោះទេ ចំពោះសំណើមួយនេះ តែលោកបានប្រាប់ Newsroom Cambodia តាមបណ្ដាញសង្គមតេលេក្រាមថា៖ «ករណីនេះជាសមត្ថកិច្ចរបស់តុលាការ ហើយមេធាវីដើមបណ្តឹងរដ្ឋប្បវេណី តំណាងរាជរដ្ឋាភិបាលគោរពតាមការសម្រេចរបស់តុលាការជានិច្ច»។
អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានប្រាប់ Newsrom Cambodia ថា សាលាដំបូងបានទទួលលិខិតពីមេធាវីរបស់លោក កឹម សុខា នៅព្រឹកមិញនវ ប៉ុន្តែលោកថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះមិនទាន់មានការសេចក្ដីសម្រេចយ៉ាងណានៅឡើយទេ។ លោកបន្ថែមថា សេចក្ដីសម្រេចយ៉ាងណានោះ អាស្រ័យលើប្រធានក្រុមប្រឹក្សាជំនុំជម្រះពិនិត្យទៅលើស្ថានភាពជាក់ស្ដែង។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូល រំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ដើម្បីផ្ដូលរំលំរដ្ឋាភិបាល ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ក៏ប៉ុន្តែទាំងលោក កឹម សុខា និងរដ្ឋាភិបាលសហរដ្ឋអាមេរិច បានច្រានចោលទៅលើការចោទប្រកាន់នេះ។