(ភ្នំពេញ)៖ ក្រុម​មេធាវីកាពារក្ដីលោក កឹម សុខា ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ដាក់លិខិត​ស្នើសុំ​ឱ្យ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ដំណើរការ​ជំនុំ​ជម្រះសំណុំ​​រឿងកូនក្ដី​របស់​​ពួកគេ​ឡើងវិញ ក្រោយ​​មាន​ការពន្យា​ពេលសវនាការ​អស់​រយៈពេល​ជាង​៦​ខែ ដោយសារជំងឺកូវីដ១៩។ 

យោងតាម​លិខិត​​ចុះកាលបរិច្ឆេទថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ដែល Newsroom Cambodia បានទទួល សហមេធាវីការពារ​ក្តី​របស់លោក កឹម សុខា បាន​ស្នើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​សុំ​បន្ត​សវនាការ​​អតីត​​គណបក្ស​​ប្រឆាំង​មួយ​នេះ ឡើងវិញ​។

ក្នុងលិខិតនោះបាន​បញ្ជាក់តាម​ន័យ​ដើម​ថា៖ «បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូវីដ​១៩ គឺ​រាជ​រដ្ឋាភិបាល​គ្រប់គ្រង​បាន​ទាំង​ស្រុង​ហើយ ចំណែក​ឯ​តុលាការ​ក៏​បាន​ដំណើរការ​នីតិវិធី​ជំនុំ​ជម្រះ​ក្ដី​ជា​ប្រក្រតី​រាល់ថ្ងៃ​ដែរ»។

លោក ចាន់ ចេន មេធាវី​មួយ​រូប​ដែល​ការពារ​ក្តី​​លោក កឹម សុខា ​ប្រាប់​ Newsroom Cambodia តាមរយៈ​បណ្តាញ​សង្គម​​តេលេក្រាម​​ថា លោក​បាន​ដាក់​លិខិត​នេះ​ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បីស្នើ​ឱ្យ​មាន​ការសម្រេច​បន្ត​ដំណើរការ​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះឡើ​ង​វិញ ដោយ​មូលហេ​តុ​នៃ​ស្ថានភាព​ជំងឺកូវីដ​១៩។

លោកបញ្ជាក់​ថា៖ «តាម​ច្បាប់​កូន​ក្តី​ត្រូវ​បាន​ទទួល​ការជំនុំ​ជម្រះ​ប្រកប​ដោយ​យុត្តិធម៌ និង​ឆាប់​រហ័ស ហើយ​ការបន្ត​ពន្យារ​ពេល​មិន​កំណត់​បែប​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ឯកឧត្តម កឹម សុខា យ៉ាងធ្ង​​ន់ធ្ងរ»។

លោក ចាន់ ចេន បន្ថែម​​ថា កាល​ថ្ងៃទី១៧ ខែមិថុនា កន្លង​ទៅ លោក​ក៏​បាន​ដាក់​លិខិត​ស្នើ​សុំ​បន្ត​សវនាការ​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ម្ដង​រួច​មក​ហើយ បន្ទាប់ពី​មាន​ការផ្អាក​មួយរយៈ និង​ក្រោយ​ការមើល​ឃើញ​ពី​ភាព​ធូរស្រាល​ឡើងវិញ​នៃ​ជំងឺ​កូវីដ​១៩ ដើម្បី​ឱ្យ​ធានា​បាន​នូវ​ការគោរព​សិទ្ធិ និ​ងយុត្តិធម៌​ជូន​លោក កឹម​ សុខា។

សវនាការ​ជំនុំ​ជម្រះ​លើ​​សំណុំ​រឿង​របស់​លោក កឹម សុខា ពី​បទ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» ឬបទ​ក្បត់​ជាតិ បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០ ជារៀងរាល់​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍។ ប៉ុន្តែ​នៅ​ថ្ងៃ​​ទី​២៣ ខែ​មីនា ក្រុម​មេធាវី​របស់​លោក កឹម សុខា និង​មេធាវី​​តំណាង​រដ្ឋាភិបាល បាន​ដាក់​លិខិត​​ស្នើ​សុំ​លើក​ពេល​សវនាការ​ក្រោម​ហេតុផល​ថា ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា នៅ​ពេល​មាន​ការ​ប្រជុំ​មនុស្ស​ច្រើន។

តំណាង​មេធាវី​រាជរដ្ឋាភិបាល លោក គី តិច មិនមាន​ការឆ្លើយតប​យ៉ាងណា​នោះ​ទេ ចំពោះ​សំណើ​មួយ​នេះ តែលោ​ក​បានប្រាប់ Newsroom Cambodia តាមបណ្ដាញសង្គម​តេលេក្រាម​ថា៖ «ករណីនេះ​ជា​សមត្ថកិច្ច​របស់​តុលាការ ហើយ​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី តំណាង​​រាជ​រដ្ឋា​ភិបាល​គោរព​តាម​ការសម្រេច​របស់​តុលាការ​ជានិច្ច»។

អ្នកនាំពាក្យអយ្យការសាលា​ដំបូងរា​ជធានី​ភ្នំពេញ លោក គុជ គឹមឡុង បាន​ប្រាប់ Newsrom Cambodia ថា សាលាដំបូង​បាន​ទទួល​លិខិត​ពី​មេធាវី​របស់​លោក​ កឹម សុខា នៅ​ព្រឹក​មិញ​នវ ប៉ុន្តែ​លោក​ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះមិន​ទាន់​មាន​ការ​សេចក្ដី​សម្រេច​យ៉ាង​ណានៅ​ឡើយ​ទេ។​ លោក​បន្ថែម​ថា សេចក្ដី​សម្រេច​យ៉ាងណា​នោះ អាស្រ័​យ​​លើ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​​ពិនិត្យ​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង។

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល រំលាយ​កាលពីខែវិច្ឆិកា ឆ្នាំ២០១៧​កន្ល​ង​ទៅ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួមគំនិត​ជាមួយ​បរទេស ដើម្បី​ផ្ដូល​រំ​លំរដ្ឋាភិបាល ដោយ​មាន​សហរដ្ឋអាមេរិ​ក​នៅពីក្រោយ។ ក៏ប៉ុន្តែទាំង​​លោក កឹម សុខា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិច បានច្រានចោល​ទៅលើការចោទប្រកាន់​នេះ។