ភ្នំពេញ៖ ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ បានបញ្ជាក់​ក្នុងរបាយការណ៍កាលពីពេលថ្មីៗនេះថា ថវិ​កា​៤០​ភាគរយ​ពី​ការ​លក់​លេខ​យានយន្ដ​ពិសេស​​ផ្ទាល់​ខ្លូន នឹងត្រូវយកមក​ចូលមូលនិធិកាត់បន្ថយភាពក្រីក្ររបស់កាកបាទក្រហមកម្ពុជា ដែលជាផ្នែកមួយនៃ​វិធាន​ការ​ពង្រឹង​កៀរ​គរ​ចំណូល​មិន​មែន​សារ​ពើ​ពន្ធ​ក្នុង​អំ​ឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩។ ​

​យោងតាម​រយៈ​របាយ​ការណ៍​ស្ដី​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ថវិកា​ឆមាស​ទី១ និង​លទ្ធ​ផល​ប៉ាន់​ស្មាន​នៃ​ការ​អនុវត្ត​ថវិកា​ឆ្នាំ២០២០ របស់​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុបញ្ជាក់ថា នេះ​គឺជា​គោល​ការណ៍ពីលោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន សែន ចុះ​ថ្ងៃ​ទី៣​ ខែ​មេ​សា ឆ្នាំ២០២០។

របាយការណ៍នោះបានបន្ថែមថា៖ «រីឯ​ប្រាក់​ដែល​នៅ​សេស​សល់​ប​ង់ចូល​ថវិកា​រដ្ឋ និង​ដក​មួយ​ចំនួន​សម្រាប់​ការ​ពង្រឹង​យន្ត​ការ​នៃ​ការ​ប្រ​មូល​ចំណូល។​ ការ​ប៉ាន់​ស្មាន​ចំណូល​ថ្មី​នេះ ​អាច​បង់​ចូល​ថវិកា​រដ្ឋ​ប្រ​មាណ​៩,០០០ លាន​រៀល ហើយចំណូលនេះមិនមានគ្រោងក្នុងច្បាប់​ហិរញ្ញវត្ថុទេ»។

គួរ​រំលឹក​ផង​ដែរ​ថា​ ចាប់​ពី​ដើម​​ឆ្នាំ​២០២០ រហូត​មក​ដល់​បច្ចុ​ប្បន្ន​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​បាន​ប្រ​កាស​ថា​ រក​បាន​ចំណូល​​ប្រមាណ​៦លាន​ដុល្លារ ចូល​ជា​ថវិកា​រដ្ឋ​ក្នុង​រយៈ​ពេល​៩ខែ តាម​រយៈ​ការ​លក់​ស្លាក​លេខ​យាន​យន្ដ​ពិសេស​ផ្ទាល់​ខ្លួន​៕