គិតត្រឹមថ្ងៃទិ១៥ ខែតុលា ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្ស១៣នាក់ហើយនៅកម្ពុជា ខណៈប្រជាជនរាប់ពាន់គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព សាលារៀនបានខូចខាត និងដំណាំត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តជាច្រើនទៀត។
របាយការណ៍របស់គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០នេះ បង្ហាញថា ទឹកភ្លៀងនៅតែបន្តធ្លាក់ មានខ្យល់ព្យុះបណ្ដាលឱ្យទឹកជន់លិចគ្របដណ្តប់ទូទាំង១៩ រាជធានី ខេត្ត រួមមានខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ និងរាជធានីភ្នំពេញ។
របាយការណ៍ដដែលបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានប្រជាជន១៣នាក់បានបាត់បង់ជីវិតដោយសារគ្រោះមហន្តរាយទឹកជំនន់ ក្នុងនោះមានក្មេង៥នាក់។
ចំនួនស្លាប់ទាំងនោះ មាននៅបន្ទាយមានជ័យ៥នាក់ ពោធិ៍សាត់៣នាក់ ព្រះសីហនុ ២នាក់ ប៉ៃលិន១នាក់ កំពង់ធំ១នាក់ និងខេត្តកណ្ដាល១នាក់។
ប្រជាជនរងផលប៉ះពាល់មានប្រមាណ៤៨,៣១៧ គ្រួសារ ស្មើនឹងប្រមាណ ១៩៣,២៦៨នាក់ និងមានប្រជាជនជម្លៀសប្រមាណ ៣,០៩៤គ្រួសារ ស្មើរនឹងប្រមាណ ១២,៣៧៦នាក់
ផ្ទះដែលរងផលប៉ះពាល់ ប្រមាណ៤៧,៩២៣ខ្នង (ខូចខាត៥០ខ្នង) សាលារៀនលិចទឹក ៤២៥កន្លែង។ នេះយោងតាមទិន្នន័យនៃរបាយការណ៍ដដែល។
លើសពីនេះ ដំណាំកសិកម្មរួមមានស្រូវលិចទឹក មានប្រមាណ ១៣១,៣២៩ហិកតា ត្រូវបានប៉ះពាល់ ដែលក្នុងនោះខូចខាតប្រមាណ ៦,៦៥៧ហិកតា ចំណែកចម្ការដំណាំរួមផ្សំ លិចទឹក ៥៥,៣៦០ហិចតា ក្នុងនោះប្រមាណ ៦,៣០១ហិកតា រងការខូចខាត។
ការខូចខាតដល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវគ្រួសក្រហម មានប្រមាណ ២០២គីឡូម៉ែត្រ ស្ពានចំនួន២៤កន្លែង និងបានប៉ះពាល់ដល់ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រព ប្រមាណ៣៥២.៤ គីឡូម៉ែត្រ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
គិតត្រឹមថ្ងៃ១៥ តុលា ឆ្នាំ២០២០នេះ រដ្ឋាភិបាលទទួលបានថវិកាបរិច្ចាគចំនួន ៦,០៨៧,០០០ដុល្លា និង២០៤លានរៀន ពីសម្បុរសជនទូទាំងប្រទេសកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង នេះបើតាមរយៈទំព័ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ Newsroom Cambodia ថា វិធានការមួយចំនួនដែលជាចំណាត់ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិរួមមានការចុះទៅផ្ដល់ស្បៀងអាហារ ទឹកស្អាត និងទីជម្រក សម្ភារៈចាំបាច់ផ្សេងៗ ដល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងប្រជាពលរដ្ឋដែលកំពុងប្រឈមដោយសារទឹកភ្លៀងជន់លិច៕