គិត​ត្រឹម​ថ្ងៃ​ទិ​១៥ ខែ​តុលា ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្ស១៣នាក់ហើយនៅកម្ពុជា ខណៈប្រជាជនរាប់ពាន់គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព សាលារៀនបានខូចខាត និងដំណាំត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តជាច្រើនទៀត។

របាយការណ៍របស់​គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០នេះ បង្ហាញថា ទឹកភ្លៀងនៅតែបន្តធ្លាក់ មានខ្យល់ព្យុះបណ្ដាលឱ្យទឹកជន់លិចគ្របដណ្តប់ទូទាំង១៩ រាជធានី ខេត្ត រួមមានខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង​ កំពង់ធំ និងរាជធានីភ្នំពេញ។

របាយការណ៍ដដែល​បញ្ជាក់ថា គិតមកដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២០នេះ​ យ៉ាងហោចណាស់មានប្រជាជន១៣នាក់​បានបាត់បង់ជីវិតដោយសារគ្រោះមហន្តរាយទឹកជំនន់ ក្នុងនោះមាន​ក្មេង៥នាក់។

ចំនួនស្លាប់ទាំងនោះ មាននៅបន្ទាយមានជ័យ៥នាក់ ពោធិ៍សាត់៣នាក់ ព្រះសីហនុ ២នាក់ ប៉ៃលិន១នាក់ កំពង់ធំ១នាក់ និង​​ខេត្តកណ្ដាល១នាក់។

ប្រជាជនរងផលប៉ះពាល់មានប្រមាណ៤៨,៣១៧ គ្រួសារ ស្មើនឹងប្រមាណ ១៩៣,២៦៨នាក់ និងមានប្រជាជនជម្លៀសប្រមាណ ៣,០៩៤គ្រួសារ ស្មើរនឹងប្រមាណ ១២,៣៧៦នាក់

ផ្ទះដែលរងផលប៉ះពាល់ ប្រមាណ៤៧,៩២៣ខ្នង (ខូចខាត៥០ខ្នង) សាលារៀនលិចទឹក ៤២៥កន្លែង។ នេះយោងតាមទិន្នន័យនៃរបាយការណ៍ដដែល។

លើសពីនេះ ដំណាំកសិកម្មរួមមានស្រូវលិចទឹក មានប្រមាណ​ ១៣១,៣២៩ហិកតា ត្រូវបានប៉ះពាល់ ដែលក្នុងនោះខូចខាតប្រមាណ ៦,៦៥៧ហិកតា ចំណែកចម្ការដំណាំរួមផ្សំ លិចទឹក ៥៥,៣៦០ហិចតា ក្នុងនោះប្រមាណ ៦,៣០១ហិកតា រងការខូចខាត។

ការខូចខាតដល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវគ្រួសក្រហម មានប្រមាណ ២០២គីឡូម៉ែត្រ ស្ពានចំនួន២៤កន្លែង និងបានប៉ះពាល់ដល់ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រព ប្រមាណ៣៥២.៤ គីឡូម៉ែត្រ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

គិតត្រឹមថ្ងៃ១៥ តុលា ឆ្នាំ២០២០នេះ រដ្ឋាភិបាលទទួលបានថវិកាបរិច្ចាគចំនួន ៦,០៨៧,០០០ដុល្លា និង២០៤លានរៀន ពីសម្បុរសជនទូទាំងប្រទេសកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង នេះបើតាមរយៈទំព័ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ Newsroom Cambodia ថា វិធានការមួយចំនួនដែលជាចំណាត់ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិរួមមានការចុះទៅផ្ដល់ស្បៀងអាហារ ទឹកស្អាត និងទីជម្រក សម្ភារៈចាំបាច់ផ្សេងៗ ដល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងប្រជាពលរដ្ឋដែលកំពុងប្រឈមដោយសារទឹកភ្លៀងជន់លិច៕