លោក លី ច័ន្ទតុលា ដែលជាមេធាវីរដ្ឋាភិបាល បានឈ្នះឆ្នោត ជាប់ជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៣ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
លោក លី ច័ន្ទតុលា ទទួលបានការគាំទ្រ ១,៤៤៤សំឡេង ស្មើនឹងជាង៧៨ភាគរយនៃសំឡេងឆ្នោតទាំងអស់ នៅក្នុងការបោះឆ្នោត ដែលមានបេក្ខជនសរុប៥នាក់ រួមមានលោក សំ សុខគង់ផងដែរ ដែលទទួលបាន ៥៥សំឡេង ឬស្មើនឹងជាង៣ភាគរយ។ លោកសំ សុខគង់ គឺជាមេធាវីការពារក្តី ឲ្យអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា។
លោក លី ច័ន្ទតុលា បានថ្លែងក្រោយប្រកាសលទ្ធផលថា ការប្រកួតប្រជែងគ្នានេះមិនមានការវាយប្រហារគ្នា បើទោះជាបេក្ខជនមានគោលនយោបាយខុសគ្នាក្ដី។
លោកបាននិយាយថាការប្រកួតប្រជែងជ្រើសរើសប្រធានគណៈមេធាវីពេលនេះគឺជាគំរូសម្រាប់ការប្រកួតប្រជែងពេលក្រោយទៀត ហើយប្ដេជ្ញាចិត្តអនុវត្តន៍គោលនយោបាយទាំង៨ចំណុចរបស់លោក ដើម្បីការពារផលប្រយោជន៍រួមនៃវិជ្ជាជីវៈមេធាវីគណៈមេធាវី និងផលប្រយោជន៍របស់មេធាវី។
លោក លី ច័ន្ទតុលា បាននិយាយថា៖ «ថ្វីដ្បិតពេលខ្លះយើងមានគោលនយោបាយខុសគ្នាខ្លះ ត្រូវគ្នាខ្លះ ប៉ុន្តែយើងទាំង៥នាក់ មិនមានគេហៅថា ការជជែកវែកញែកស្វិតស្វាញខ្លាំងពេកទេរហូតដល់ថា ឈ្មោះគ្នាអីទេគឺយើងបានសហការគ្នាខ្ញុំគិតថា នេះគឺគំរូមួយ»។
លោក លី ច័ន្ទតុលា ជាមេធាវីដ៏មានឥទ្ធិពលម្នាក់ ក្នុងចំណោមក្រុមមេធាវីដឹកនាំដោយលោក គី តិច ដែលជាមេធាវីរដ្ឋាភិបាលនិងអតីតប្រធានគណៈមេធាវី។
លោក លី ច័ន្ទតុលា ក៏ជាមេធាវីក្នុងរឿងក្តីប្រឆាំង លោក កឹម សុខា ពីបទក្បត់ជាតិនៅតុលាការផងដែរ។
លោក លី ចន្ទតុលា ក៏ស្ថិតក្នុងចំណោមមេធាវីរបស់ក្រសួងមហាផ្ទៃក្នុងពាក្យបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ (CNRP) របស់លោក កឹម សុខា កាលពីឆ្នាំ២០១៧។
តាមបណ្តាញសង្គម លោក លី ច័ន្ទតុលា ក៏បានបង្ហោះរូបថតលោកជាមួយនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន និងកូនៗ លោក ហ៊ុន សែន ផងដែរ។
ប្រធានគណៈមេធាវីចប់អាណត្តិលោក សួន វិសាល បាននិយាយថា លោក លី ច័ន្ទតុលា ជាបេក្ខជនដែលលោកគាំទ្រ ហើយរំពឹងថាប្រធានគណៈមេធាវីរូបនេះនឹងបំពេញការងារបន្តពីលោកបានជោគជ័យ។
លោក សួន វិសាល បាននិយាយថា «នេះជាក្ដីសង្ឃឹមរបស់ខ្ញុំដែរ ព្រោះថាជាបេក្ខជនមួយ ដែលខ្ញុំគាំទ្រ ខ្ញុំសង្ឃឹមគិតថា គាត់មានសមត្ថភាពគ្រប់គ្រាន់ដឹកនាំគណៈមេធាវីបន្ត ប៉ុន្តែទោះបីមិនបានគាត់ជាប់ អ្នកផ្សេងជាប់ក៏ខ្ញុំនៅតែគាំទ្រ ព្រោះជាលទ្ធផលបោះឆ្នោត ដែលយើងគោរពតែឥឡូវចំសណ្ដានចិត្តរបស់យើង ដែលយើងចង់បាន»៕