លោក​ លី ច័ន្ទតុលា ដែលជាមេធាវីរដ្ឋាភិបាល បាន​ឈ្នះឆ្នោត ជាប់​ជា​ប្រធាន​គណៈ​មេធាវី​សម្រាប់អាណត្តិ​ទី១៣ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

លោក លី ច័ន្ទតុលា ទទួល​បានការ​គាំទ្រ ​១,៤៤៤​សំឡេង  ស្មើនឹងជាង៧៨ភាគរយនៃសំឡេងឆ្នោតទាំងអស់ នៅក្នុងការបោះឆ្នោត ដែល​មាន​បេក្ខជនសរុប៥នាក់ រួម​មានលោក​ សំ សុខគង់ផងដែរ ដែលទទួលបាន ៥៥សំឡេង ឬស្មើនឹងជាង៣ភាគរយ។ លោកសំ សុខគង់ គឺជាមេធាវីការពារក្តី ឲ្យអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា។

លោក លី ច័ន្ទតុលា បានថ្លែង​ក្រោយ​ប្រកាស​លទ្ធផលថា ការ​ប្រកួត​ប្រជែង​គ្នា​នេះ​មិន​មាន​ការ​វាយ​ប្រហារ​គ្នា បើ​ទោះ​ជាបេក្ខជន​​មាន​គោល​នយោបាយ​ខុសគ្នា​​ក្ដី។

លោក​បាននិយាយ​ថាការ​ប្រកួត​ប្រជែង​ជ្រើសរើស​ប្រធាន​គណៈ​មេធាវី​ពេល​នេះ​គឺជា​គំរូ​សម្រាប់​ការ​ប្រកួត​ប្រជែង​ពេល​ក្រោយ​ទៀត​ ហើយ​ប្ដេជ្ញា​ចិត្ត​អនុវត្តន៍​គោល​នយោបាយ​ទាំង៨ចំណុច​របស់​លោក ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម​នៃ​វិជ្ជាជីវៈ​មេធាវី​គណៈ​មេធាវី និង​ផល​ប្រយោជន៍​របស់​មេធាវី។

លោក លី ច័ន្ទតុលា បាននិយាយថា៖ «ថ្វីដ្បិត​ពេល​ខ្លះ​យើង​មាន​គោល​នយោបាយ​ខុស​គ្នា​ខ្លះ ត្រូវ​គ្នា​ខ្លះ ​ប៉ុន្តែ​យើង​ទាំង​៥​នាក់ ​មិន​មាន​គេ​ហៅ​ថា ការ​ជជែក​វែក​ញែក​ស្វិតស្វាញ​ខ្លាំង​ពេក​ទេ​រហូត​ដល់​ថា ឈ្មោះ​គ្នា​អី​ទេ​គឺ​យើង​បាន​សហការ​គ្នា​ខ្ញុំ​គិត​ថា នេះ​គឺ​គំរូ​មួយ»។

លោក លី ច័ន្ទ​តុលា ​ជា​មេធាវីដ៏​មាន​ឥទ្ធិពល​ម្នាក់ ​ក្នុងចំណោម​ក្រុម​មេធាវី​ដឹកនាំដោយ​លោក គី តិច ដែល​ជា​មេធាវី​រដ្ឋាភិបាល​និង​អតីតប្រធាន​គណៈ​មេធាវី។

​លោក លី ច័ន្ទតុលា ក៏​ជា​មេធាវី​ក្នុងរឿងក្តីប្រឆាំង លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​នៅ​តុលាការ​ផង​ដែរ។

លោក លី ចន្ទតុលា ក៏ស្ថិតក្នុងចំណោមមេធាវីរបស់ក្រសួងមហាផ្ទៃក្នុង​ពាក្យបណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) របស់លោក កឹម សុខា កាលពីឆ្នាំ២០១៧។

តាមបណ្តាញសង្គម លោក លី ច័ន្ទតុលា ក៏បានបង្ហោះរូបថត​លោក​ជាមួយនាយករដ្ឋមន្រ្តី ​លោក ហ៊ុន សែន និងកូនៗ លោក ហ៊ុន សែន ផងដែរ។

ប្រធាន​គណៈ​មេធាវី​ចប់​អាណត្តិ​លោក សួន វិសាល បាននិយាយ​ថា លោក លី ច័ន្ទតុលា ជា​បេក្ខជន​ដែល​លោក​គាំទ្រ ហើយ​រំពឹង​ថាប្រធាន​គណៈ​មេធាវី​រូប​នេះ​នឹង​បំពេញ​ការងារ​បន្ត​ពី​លោក​បាន​ជោគជ័យ។

លោក សួន វិសាល បាននិយាយថា «នេះ​ជា​ក្ដី​សង្ឃឹម​របស់​ខ្ញុំ​ដែរ ព្រោះ​ថា​ជា​បេក្ខជន​មួយ ដែល​ខ្ញុំ​គាំទ្រ ខ្ញុំ​សង្ឃឹម​គិត​ថា គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដឹក​នាំ​គណៈ​មេធាវី​បន្ត ប៉ុន្តែ​ទោះ​បី​មិន​បាន​គាត់​ជាប់​ អ្នក​ផ្សេង​ជាប់​ក៏​ខ្ញុំ​នៅតែ​គាំទ្រ ព្រោះ​ជា​លទ្ធផល​បោះ​ឆ្នោត ដែល​យើង​គោរព​តែ​ឥឡូវ​ចំ​សណ្ដា​ន​ចិត្ត​របស់​យើង ដែល​យើង​ចង់​បាន»៕