លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​ផ្ញើរសារ​ព្រមាន​ទុក​មុន​ទៅ​កាន់​ក្រុម​បក្ស​ប្រឆាំង​ដែល​គ្រោង​ឡើង​មក​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន​ នាថ្ងៃទី២៣ ខែ​តុលា ខាងមុខនេះ ថា​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន ​ដោយ​លោក​ថា មុខ​សញ្ញា​ជន​ដែល​ចង់​ឡើង​ម​កធ្វើ​បាតុកម្ម​ទាំង​នោះ អាជ្ញាធរ​គ្រប់គ្រង​បាន​អស់​ហើយ។

ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី ​ធ្វើឡើង​នៅក្នុង​​​​ពេល​​ដែល​​លោក​​ចុះ​​ជួប​​សួរ​សុខ​ទុក្ខ និង​​ឧបត្ថម្ភ​​ដ​ល់​​ប្រជាពលរដ្ឋ​​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​នៅ​​ខេត្ត​​បន្ទាយ​មានជ័យ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ផ្ដាំផ្ញើ​ទៅ​កាន់​ក្រុម​បក្ស​ប្រឆាំង​ដែល​ប៉ង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​២៣ ខែ​តុលា ខាងមុខនេះថា ឲ្យ​ប្រុង​ប្រយ័ត្ន ​កុំ​ចង់​​​ធ្វើបាតុកម្ម  ស្របពេ​ល​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​ជំនន់ទឹកភ្លៀង​ និង​​វិបត្តិ​ជំងឺ​កូវីដ​​១៩។​

លោកមានប្រសាសន៍​ថា៖ «ខ្ញុំគ្រាន់តែផ្ដាំផ្ញើ កំពុងតែទឹកជំនន់ផង​ កូវីដផង កុំមករញ៉េរញ៉ៃ»។

ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន ធ្វើ​ឡើង​​​បន្ទាប់​ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​មួយ​ដ៏​ធំ​នៅ​កម្ពុជា បង្ហោះ​​សារ​លើ​ទំព័រ​ហ្វេសប៊ុក​​របស់លោក ​កាលពីថ្ងៃទី​​១៩ ខែ​តុលា ឆ្នាំ​២០២០ អំពាវ​​ឲ្យពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក ​ចូលរួម​ធ្វើ​មហាបាតុកម្ម​អហិង្សារ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​កម្ពុជា​គោរពបូរណភាព​ទឹកដី​ និង​អធិបតេយ្យ​ភាព​ប្រទេស​កម្ពុជា ពោល​គឺ​ប្រឆាំងវត្តមាន​យោធាចិន លើទឹកដីប្រទេសកម្ពុជា៕​