កាសែតរស្មីកម្ពុជា ដែលមានអាយុជាង២៧ឆ្នាំមកហើយ បានបញ្ឈប់ការបោះពុម្ពផ្សាយរបស់ខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយសារមានបញ្ហាវិបត្តិហិរញ្ញវត្ថុ។​ នេះយោងតាមលោក ទាវ សារមុន្នី និពន្ធនាយកនៃកាសែតមួយនេះ។

លោកទាវ សារមុន្នី ដែលជានាយកនិពន្ធ​តាំងពីឆ្នាំ២០១៥មក បានមានប្រសាសន៏ប្រាប់ Newsroom Cambodia ថា គេហទំព័ររស្មីកម្ពុជានឹងបន្តដំណើរការ ជាមួយនឹងការពង្រឹងគុណភាពព័ត៌មានរបស់ខ្លួន។

លោកបាននិយាយថា៖ «បញ្ហាហិរញ្ញវត្ថុ ខាងនាយកគ្រប់គ្រង គាត់ប្រាប់មកថាមកពីបញ្ហាហ្នឹងទី១ ហើយទី២យើងត្រូវកែទម្រង់ផ្ទៃក្នុងយើងតិចសិន …ប៉ុន្តែយើងនៅរក្សាគេហទំព័រអនឡាញនៅដដែល តែយើងត្រូវពង្រឹងថែមទៀតលើវិស័យអនឡាញហ្នឹង»។

បច្ចេកវិទ្យាទំនើបទាន់សម័យ បណ្តាញសារព័ត៌មានមានគ្រប់ទិសទី ដែលអាចស្វែងរកបានងាយស្រួល បានធ្វើឲ្យកាសែតមិនអាចប្រកួតប្រជែងទាក់ទាញមនុស្សមកអានដូចមុនឡើយនេះ។ បើតាមការបញ្ជាក់ពីលោកទាវ សារមន្នី។

លោក ទាវ សារមុន្នីបាននិយាយថា ជាមួយនឹងការឈប់ចេញផ្សាយនេះ បុគ្គលិកមួយចំនួន ត្រូវបានរំសាយការងារ ប៉ុន្តែលោកមិនបាននិយាយថាបុគ្គលិកចំនួនប៉ុន្មានទេដែលបានបាត់បង់ការងារនោះ។

បុគ្គលិកពេញសិទ្ធិសព្វថ្ងៃ មានប្រមាណជាង១០០នាក់ ដែលបម្រើកាងារផ្នែកបោះពុម្ពផ្សាយ ផ្នែករដ្ឋបាល និងផ្នែកផលិតព័ត៌មាន។ នេះយោងតាមលោក ទាវ សារមុន្នី។

លោក ទាវ សារមុន្នី បានបន្ថែមថា៖ «អត់ទាន់សម្រេចយ៉ាងណាទេ តែគណៈគ្រប់គ្រងបានបញ្ជាក់រួចហើយថាបុគ្គលិកដែលត្រូវបាត់បង់ការងារ  ក្រុមហ៊ុននឹងទូទាត់តាមច្បាប់ការងារកំណត់»។

គួរបញ្ជាក់ផងដែរថា កាសែតរស្មីកម្ពុជា បានបោះពុម្ពក្នុងមួយសប្តាហ៏៥លេខ ក្នុងមួយលេខៗ បោះពុម្ពប្រមាណជាង១ម៉ឺនច្បាប់ ហើយកាលពីដើមឆ្នាំ កាសែតបានបោះពុម្ពក្នុងមួយលេខ២៤ទំព័រ ប៉ុន្តែមកដល់ខែកក្កដាកន្លងទៅ កាសែតនេះ កាត់បន្ថយចំនួនទំព័រមកនៅត្រឹម១៦ទំព័រវិញ។

ពេលចូលមើលក្នុងគេហទំព័ររស្មីកម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ទំព័រមួយនេះបាននិយាយជាភាសាអង់គ្លេសថា “Coming Soon under construction.”