ក្រុមអ្នកច្បាប់យល់ឃើញថាការបង្កើតគណៈកម្មាធិការដើម្បីកែទម្រង់ច្បាប់នេះគឺជាផ្នែក​​មួយនឹងជួយឱ្យការប្រព្រឹ​ត្ត​​​ទៅនៃ​ដំ​ណើ​​​​រការច្បា​ប់មានភាពកាន់តែប្រសើរនៅកម្ពុជា ស្របពេលគណៈកម្មាធិការមួយនេះ ត្រូវបានបង្កើត​​ចេ​​ញ​​ជារូបរាង ក្នុងន័យជំរុញឱ្យវិស័យច្បាប់ អាចបម្រើសេចក្តីត្រូវការចាំបាច់សម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ។

លោកមេធាវី សុក​ សំអឿន ប្រធានក្រុមអ្នកច្បាប់ នៃការិយាល័យក្រុមមេធាវី ក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យ​​ល់​​ឃើ​​​ញថា​ការបង្កើត​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់នេះឡើង ដើម្បីពិនិត្យឡើងវិ​ញនូវច្បាប់ដែ​​ល​អ​​នុ​​​​​​វត្ត​​​​​ក្នុង​ពេលបច្ចុប្បន្នថាស្រប​តាម​សង្គមជាក់ស្តែងដែរឬទេ និងមានប្រសិទ្ធិភាពកម្រិតណា ហើយប្រ​​សិន​​រក​​ឃើ​​ញ​​ប​ញ្ហាត្រង់ចំណុចណានៃច្បាប់ ទើបនាំឱ្យ​មាន​ការស្នើសុំ​កែទម្រង់​ច្បាប់នោះទៅរដ្ឋសភា។

លោកបន្តថា៖ «គណៈកម្មាធិការហ្នឹងយើងពិនិត្យ[ច្បាប]ឡើងវិញក្រោយពីពិនិត្យហើយយើងត្រូវការកែច្បាប វិ​​សោធនកម្មច្បាប ឬធ្វើច្បាប់ថ្មី ហើយពេលព្រាងច្បាប់ហើយដាក់ជូនសភា សភាអ្នកអនុម័ត »

បើតាមលោក សុក សំអឿន គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ពុំមានសមត្ថកិច្ចជាន់គ្នាទៅនឹងស្ថាប័ន​រដ្ឋ​​ស​ភា​ទេ​ ព្រោះគណៈកម្មាធិការនេះមានសិទ្ធិត្រឹមស្នើសុំកែច្បាប់​ ហើយពេលរៀបចំកែរួចត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​ពិនិ​​ត្យ​​។​ ប៉ុន្តែ​លោក​ថា ប្រសិនបើរដ្ឋសភាមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ការកែទម្រង់ច្បាប់គឺជាការល្អប្រសើរ។

លោកបន្តថា៖ «រដ្ឋសភាពប្រសិនគាត់មានស្ថាប័ន មានបុគ្គលិកសម្រាបជួយសិក្សា[ការកែទម្រង់ច្បាប]​ទាំងអស​​ហ្នឹងគឺល្អ សព្វថ្ងៃខ្ញុំគិតថាដូចជាមិនទានមានគ្រប់គ្រាននៅឡើ​​ ព្រោះថវិកាសភានៅមានកម្រិត »

គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នេះ​ គេសង្កេតឃើញថា​ ទើប​ត្រូវ​បាន​បង្កើតឡើងក្នុង​គោល​បំណងលើ​​ក​​ម្ព​​​​ស់គោលការណ៍​នី​តិ​រដ្ឋ និងប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់។ហើយគណៈកម្មាធិការ​ដឹកនាំការកែទម្រង់ច្បាប​​នេះ​ មានស​មាសភា​ពសមាជិក​ចំនួន ៣៤រូប ដែល​ក្នុង​នោះ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​​រដ្ឋ​​ម​ន្ត្រី​ ជាប្រធាន សមាជិកភា​​​គ​​​​ច្រើ​​​នជារដ្ឋលេខាធិការ និងអគ្គលេខាធិការមួយ។អគ្គលេខាធិការដ្ឋាន​ បង្កើត​​ឡើ​ង​​ដើ​ម្បី​​ជួយសម្រួលកិច្ចការរដ្ឋ​​បាល និង​កិច្ចការ​ផ្សេងៗរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

ព្រះរាជក្រឹត្យដែលបើកផ្លូវឱ្យ​បង្កើត​គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ដែលចេញ​កាលពី​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២​​០២៤ ​បញ្ជាក់​ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់​នេះ បង្កើតឡើងដើម្បីលើកកម្ពស់គោលការណ៍នីតិរដ្ឋសន្តិ​​​​​​សុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។គណៈកម្មាធិការនេះមានតួនាទី ដឹកនាំ ជំ​​រុ​ញ​​​​កា​​រ​​អនុវត្ត​កែទម្រង់​ច្បា​ប់ រៀបចំ​ផែនការ​កែទម្រង់ច្បាប់ សហការនឹងក្រសួង ស្ថាប័នជំរុញការកែទម្រង់ច្បាប់និ​​ង​​​ការផ្សព្វផ្សាយ​​ច្បាប់។

ក្នុងនាមជាប្រធានក្រុមអ្នកច្បាប់ នៃការិយាល័យមេធាវីអមរិន្ទលោក សុក សំអឿន យល់ឃើញថា វាពិបាកកំណត់​​អំ​​ពី​​​ប្រសិទ្ធិភាពនៃការបង្កើតគណៈកម្មាធិការ​ដឹកនាំ​ការកែ​ទម្រ​ង់​​ច្បាប់ ដោយសារមិនទាន់ឃើញពីសកម្មភាព។ ប៉ុ​​ន្តែ​​​​បើគណៈកម្មាធិការនេះ បើក​​ទទួល​យកមតិយោបល់​ពី​ស​​ង្គ​មស៊ីវិល នាំឱ្យមានការពិភាក្សាច្រើនទើបជា​ការ​​ប្រ​​សើ​​​​រ ព្រោះ​ការកែទម្រង់​ច្បាប់​ត្រូវគិត​ពី​សិទ្ធិសេរីភាព​ពលរដ្ឋ​ឱ្យ​​បា​​ន​​ច្រើន។

ហាក់ផ្ទុយពីការយល់ឃើញនេះបន្តិច អ្នកជំនាញ​វិទ្យាសាស្ត្រ​​នយោបាយ​ និងច្បាប់ ​លោក កែវ ពន្លឺចន្ទ លើក​​ឡើង​​ថា​​ការកែទម្រង់ច្បាប់នៅ​កម្ពុជា មិន​ចាំ​បាច់​​បង្កើតគណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់នោះទេ ព្រោះគណៈ​​ក​​ម្មា​​ធិការនេះស្ថិតនៅ​ក្រោមការ​គ្រ​​ប់​គ្រ​​​ងរបស់​​​​​រដ្ឋាភិបាល​រួចទៅហើយ។ម្យ៉ាងវិញទៀត ការអនុវត្តបែបនេះវានឹង​នាំ​​ឱ្យ​​​​​មាន​ការ​ឃើញ​ថា អាចនឹងប៉ះពាល់ដល់សមត្ថកិច្ច​​របស់​រដ្ឋស​​ភា​​ដែល​ជា​អ្នក​បង្កើត​ច្បាប់ និង​​កែ​​​ប្រែ​ច្បា​​ប់។

លោកបន្តថា៖«នៅពេលដែលច្បាបមិនឆ្លើយតបទៅនឹងស្ថានភាពសង្គមជាកស្តែ​​​ តាមរយៈរដ្ឋាភិបាលស្នើទៅ​​រដ្ឋ​​​សភាគាត[រដ្ឋាភិបាល]មានតែសេចក្តីស្នើ និងសេចក្តីព្រាងច្បាប់ទេ ​អតមានសិទ្ធិអំណាចកែប្រែច្បាប់ អត់មា​​អី​​កែទម្រង់ច្បាប់ទេ »

បើតាមលោក កែវ ពន្លឺចន្ទ ​រដ្ឋសភាគួរតែជាអ្នកមាន​សមត្ថកិច្ច​ក្នុង​ការកែទម្រង់ច្បាប់ ដោយត្រូវ​ពិនិត្យ​ ច្បា​ប់​ណា​ដែ​​ល​បម្រើ​ ឬមិនបម្រើប្រយោជន៍ពលរដ្ឋ ​និង​ច្បាប់​ណាមាន ឬគ្មាន​ប្រសិទ្ធភាព​ក្នុងអនុវត្ត ដើម្បីលុប​ចោល ឬកែ​​ប្រែ​​ឱ្យស្របទៅតាមឆន្ទៈរបស់​ប្រជាពលរដ្ឋ និងស្ថានភាពសង្គម​។

លោកបន្តថា៖ «គួរតែជំរុញ លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋសភា ដែធ្វើកំណែទម្រង់ច្បាប់ »

លោក កែវ ពន្លឺចន្ទ បន្ថែមជាចុងក្រោយថា ការបង្កើតគណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់នេះឡើងនឹងនាំ​ឱ្យ​មានប្រសិទ្ធិភាពនៃការអនុវត្តច្បាប់បានកម្រិតណានោះ គឺពុំទាន់អាចកំណត់​បានឡើយ ក៏ប៉ុន្តែ​ដើម្បីឱ្យ​មាន​ប្រ​​សិ​ទ្ធិ​​ភាព​​នៃការអនុវត្តច្បាប់ លុះត្រារដ្ឋាភិបាល​មានឆន្ទៈខ្ពស់ចំពោះការ​អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​​គ្នា​គ្រប់​ព​ល​​រដ្ឋ​​ទាំង​​អ​​ស់ អនុវត្តមិនប្រកាន់តួនាទីឋានៈ និងជាពិសេសការ​ផ្សព្វផ្សាយ​ច្បាប់​ឱ្យ​កាន់តែ​ច្រើន។

រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បញ្ញត្តិមាត្រា ៩០ថ្មី(ពីរ) បានកំណត់អំពីរដ្ឋសភាជាអង្គការដែលមានអំ​​ណា​​​​ច​នីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ដោយឡែក សម្រាប់អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា វិញលើកឡើង​ថាការកែទម្រង់ច្បាប់នេះ ដើម្បី​ឱ្យ​ស្រ​​ប​​តាម​​​កាលៈទេ​​សៈ​​​ជា​ក់​ស្តែងច្បាប់ត្រូវ​មាន​ប្រសិទ្ធិភាព និងមិនអាចយកច្បាប់មួយមកអនុ​វត្តរហូតឡើយ។​​លោ​​កបន្តថា តាមពិតទៅគណៈកម្មាធិការដែលទើបបង្កើតឡើងនេះ គឺមិនដូចគ្នាទៅនឹងកិច្ចការរបស់រដ្ឋសភាទេ។

លោកបន្តថា៖ «រដ្ឋសភាស្ថាប័នអនុម័តច្បាប់ គណកម្មាធិកាគេកែទម្រង​ យកច្បាប់ហ្នឹងមកស្នើកែទម្រង់ វិសោធ​​​​កម្ម ដើម្បីតាមនីតិវិធីមិនមានអីដូចគ្នា »

បន្ថែមពីលើនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ​លោក ទិត សុធាលើកឡើងថា​​គោលបំ​​ណ​​ងបង្កើ​តគ​​ណៈ​កម្មា​ធិការ​ដឹកនាំ​ការកែទម្រង់ច្បាប់នេះ គឺមានចែងរួចរាល់ហើយនៅក្នុងបញ្ញត្តិមាត្រា១ នៃ​ព្រះរាជក្រឹត្យដែល​បង្កើត​​ឱ្យ​​មា​ន​គណៈកម្មាធិការ​​ដឹកនាំ​​ការ​កែទ​ម្រ​​​​ង់ច្បា​​ប់នេះ។លោក ទិត សុធាបដិសេធក្នុងការផ្តល់យោ​​បល់ពិស្តារទៅ​​​លើ​​នី​​តិវិធីថ្មីនេះ ដោយលោកចាត់ទុកថា អ្វីៗត្រូវបានកំណត់ពីទិសដៅរួចអស់ទៅហើយ។

លោកបញ្ជាក់ថា៖ «នៅក្នុងមាត្រា​១ នៅហ្នឹងគេបានបញ្ជាក់ហើយ ខ្ញុំថាដូចជាមិនគួរមាន​​សួរអ្វីលើសពីហ្នឹង​​ទៀត​​ទេ​​ »

បញ្ញត្តិមាត្រា១ នៃព្រះរាជក្រឹត្យដែលបើកផ្លូវឱ្យ​បង្កើត​គណៈកម្មាធិការ​​ដឹកនាំ​ការ​កែទម្រង់ច្បាប់នេះបាន​កំណត់ថា​​គណៈ​កម្មាធិការនេះ ត្រូវបានបង្កើតដើម្បីដឹកនាំការកែទម្រង់ច្បាប់ ហើយជាយន្តការដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងដើម្បីពង្រឹងនិង​​លើកកម្ពស់គោលការណ៍នីតិរដ្ឋសន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ 

​​​​​​​មិនតែប៉ុណ្ណោះបញ្ញត្តិមាត្រា ៩ នៃព្រះរាជក្រឹត្យដដែលនេះ ក៏បានលើឡើងអំពីការបង្កើត​ក្រុមការងារ​កែទម្រង់​ច្បា​​ប់​នៅតាមស្ថាប័នរដ្ឋដែរថា ក្រសួង ស្ថាប័នរបស់រដ្ឋាភិបាល ត្រូវបង្កើតក្រុមការងារកែទម្រង់ច្បាប់នៅក្នុងក្រ​​សួ​​ង ស្ថា​​ប័នរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាព នៃការងារកែទម្រង់ច្បាប់ស្របតាមបទប្បញ្ញត្តិនៃព្រះរា​ជ​​ក្រឹត្យនេះ ។

កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលបានបង្កើតគណកម្មការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌​ នេះម្តងរួចហើយ​​ដែរ​​ ប៉ុន្តែប្រព័ន្ធមួយនេះ គេសង្កេតឃើញហាក់មិនដំណើរការ។លុះដល់ឆ្នាំ២០២៤ រដ្ឋាភិបាលនីតិកាលទី៧នេះ ក៏បានផ្តួចផ្តើមជាថ្មីម្តងទៀត ប៉ុន្តែយន្តការថ្មីនេះបានបំបែកគណៈកម្មាធិការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធ​​យុ​​ត្តិ​ធម៌​​នេះជាពីរ គឺ​ គណៈកម្មាធិការកែទម្រង់ប្រព័ន្ធច្បាប់ ត្រូវដាក់ឱ្យស្ថិតក្រោមឆ័ត្ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី និង​គណៈកម្មាធិការ​កែ​ទម្រង់​ប្រព័ន្ធយុត្តិធម៌ ត្រូវចាត់ចែងដោយក្រសួងយុត្តិធម៌វិញ៕